តុលាការ​ខេត្ត​ព្រះវិហារ​សាកសួរ​មនុស្ស​៤​នាក់​ទាក់ទង​នឹង​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​ចិន

0:00 / 0:00

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ និង​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល សរុប​ចំនួន ៤​នាក់ ចូល​បំភ្លឺ​នៅ​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា តាម​ដីកា​កោះ​របស់​ព្រះរាជ​អាជ្ញា​រង​ខេត្ត​ព្រះវិហារ។ ពួក​គេ​ទាំង ៤​នាក់​នោះ ត្រូវ​បាន​ក្រុមហ៊ុន​ចិន រូយ ហ្វេង ប្ដឹង​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា។

អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​រឿង​នេះ រិះគន់​ថា ក្រុមហ៊ុន​បាន​យក​ប្រព័ន្ធ​តុលាការ ដើម្បី​គំរាម​កំហែង​បំបាក់​ស្មារតី មិន​ឲ្យ​ពលរដ្ឋ​តវ៉ា​រឿង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ទៀត។

ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​ខេត្ត​ព្រះវិហារ លោក ឡុង ស៊ីថា សម្រេច​ឲ្យ​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច និង​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ៤​នាក់ ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយ​បញ្ចប់​ការ​សួរ​ដេញ​ដោល​ជុំវិញ​ការ​ដក​អំពៅ​របស់​ក្រុមហ៊ុន​ចិន រូយ ហ្វេង។

ក្រុមហ៊ុន​ចិន រូយ ហ្វេង បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ប្ដឹង​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ៣​នាក់ រួម​មាន លោកស្រី ស៊ឹង សាំ លោកស្រី នួន ម៉ុន លោកស្រី រឿង ខាន់ និង​បុគ្គលិក​អង្គការ​ពន្លក​ខ្មែរ​ម្នាក់​ទៀត គឺ​លោក លូត សាំង ពី​បទ​បង្ក​ឲ្យ​ខូចខាត​ដោយ​ចេតនា។

អ្នក​ភូមិ​ជាង ១០០​នាក់ ដែល​ភាគ​ច្រើន​ជា​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​កួយ បាន​ជិះ​គោយន្ត​អម​ដំណើរ​ពួក​គេ​មក​តុលាការ និង​បាន​ឈរ​នៅ​ហាល​ភ្លៀង​រង់ចាំ​រហូត​ទាល់​តែ​ព្រះរាជ​អាជ្ញា​រង​សួរ​អ្នក​ទាំង ៤​នាក់​នោះ​ចប់ ដោយ​ព្រួយ​បារម្ភ​ថា​ខ្លាច​មាន​ការ​ចាប់​ខ្លួន​តំណាង​សហគមន៍​របស់​ពួក​គេ។

អនុប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ លោកស្រី រឿង ខាន់ បញ្ជាក់​ថា ខាង​ព្រះរាជ​អាជ្ញា បាន​សួរ​ច្រើន​ជុំវិញ​ពី​មូលហេតុ​ដែល​ពលរដ្ឋ​ដក​ដើម​អំពៅ​របស់​ក្រុមហ៊ុន។ លោកស្រី​អះអាង​ថា មូលហេតុ​ដែល​ដក​អំពៅ​ក្រុមហ៊ុន​នោះ ព្រោះ​ក្រុមហ៊ុន​បាន​យក​អំពៅ​ទៅ​ដាំ​លើ​ដី​ស្រែ​របស់​ពួក​គាត់ ដែល​ទើប​តែ​ព្រោះ​រួច៖ «ក្រុមហ៊ុន​ត្រូវ​តែ​ដឹង​ដែរ​ថា កន្លែង​ស្រែ​កន្លែង​ទួល កន្លែង​ណា​ប៉ះពាល់ កន្លែង​ណា​មិន​ប៉ះពាល់ នេះ​មក​យក​តែ​ដី​ស្រែ កន្លែង​ទួល​អត់​មក​យក​ផង»

កាល​ពី​ថ្ងៃ​ទី​១ មេសា ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ប្រមាណ​ជាង ៣០០​នាក់ បាន​ទៅ​រារាំង​សកម្មភាព​គ្រឿងចក្រ​របស់​ក្រុមហ៊ុន រូយ ហ្វេង ដែល​ឈូស​ដី​ពង្រោះ​របស់​ពួក​គាត់​ជាង ១​ហិកតារ ទៅ​ដាំ​អំពៅ និង​បាន​ដក​អំពៅ​របស់​ក្រុមហ៊ុន​យក​ទៅ​ដាក់​លើ​ចិញ្ចើម​ថ្នល់។ រីឯ​ក្រុមហ៊ុន​ចិន បាន​ប្ដឹង​តំណាង​សហគមន៍ និង​បុគ្គលិក​អង្គការ​ពន្លក​ខ្មែរ ថា​បង្ក​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន។

អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក (adhoc) ប្រចាំ​ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ គិត​ថា ក្រុមហ៊ុន​ចិន រូយ ហ្វេង បាន​យក​ប្រព័ន្ធ​តុលាការ​មក​គាប​សង្កត់ និង​បំបាក់​ស្មារតី​របស់​ពលរដ្ឋ មិន​ឲ្យ​ហ៊ាន​ងើប​តវ៉ា​ជាមួយ​ក្រុមហ៊ុន​ទៀត បន្ទាប់​ពី​ភាគី​ទាំង​ពីរ​ជា​គូ​ទំនាស់​ដីធ្លី​តាំង​ពី​ឆ្នាំ​២០១១ ក្រោយ​ពេល​ដែល​រាជ​រដ្ឋាភិបាល បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជិត ៩​ពាន់​ហិកតារ (៨.៨៤១) ឲ្យ​វិនិយោគ​ដាំ​អំពៅ​លើ​ដី​សហគមន៍ ដោយ​ពុំ​មាន​ការ​ឯកភាព​ពី​ពលរដ្ឋ​ជា​មុន៖ «គាត់ (អ្នក​ភូមិ) តែង​ប្រាប់​ថា​គាត់​សុខ​ចិត្ត​ស្លាប់​លើ​ដី​កំណើត​ពី​ដូនតា​របស់​ពួក​គាត់ គឺ​គាត់​មិន​ចាក​ចេញ​ទៅ​ទីណា​ទេ។ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​បន្ត​ប្ដឹង​ផ្តល់​ពួក​គាត់​រហូត»

លោក​កត់​សម្គាល់​ថា ស្ថាប័ន​តុលាការ​បាន​កោះ​ហៅ​ពលរដ្ឋ​មក​សាកសួរ​ភ្លាមៗ ពេល​មាន​បណ្ដឹង​ក្រុមហ៊ុន ប៉ុន្តែ​ចំពោះ​បណ្ដឹង​របស់​ពលរដ្ឋ​ដែល​ដាក់​ទៅ​តុលាការ ជុំវិញ​ការ​ឈូស​ឆាយ​ដី​សហគមន៍​យូរ​ហើយ​នោះ បែរ​ជា​តុលាការ​តម្កល់​ទុក​ឥត​ចាត់​ការ​ទៅ​វិញ។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​រូប​នេះ មិន​ទាន់​ច្បាស់​ទេ​ថា ក្រោយ​ពី​សាកសួរ​ចប់ តើ​តំណាង​អយ្យការ​សាលា​ដំបូង​ខេត្ត​ព្រះវិហារ តម្កល់​ទុក​រឿង​នេះ​ឥត​ចាត់​ការ ឬ​បញ្ជូន​បន្ត​ទៅ​ចៅក្រម​ស៊ើប​អង្កេត​នោះ​ទេ។ តែ​ព្រះរាជ​អាជ្ញា​រង លោក ឡុង ស៊ីថា បាន​អនុញ្ញាត​ឲ្យ​ចុង​ចោទ​ទាំង ៤​នាក់​នោះ ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្រោយ​ការ​សាកសួរ​រួច។

អនុប្រធាន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ លោកស្រី រឿង ខាន់ បាន​ស្នើសុំ​នៅ​មុខ​តំណាង​អយ្យការ ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​ទៅ​លើ​តំណាង​សហគមន៍ និង​បុគ្គលិក​អង្គការ​ពន្លក​ខ្មែរ ដោយ​ប្រាប់​ព្រះរាជ​អាជ្ញា​ថា ខាង​សហគមន៍​នឹង​មិន​ធ្វើ​អ្វី​ទៅ​ដល់​ក្រុមហ៊ុន​ទេ ប្រសិន​បើ​មិន​មាន​ការ​បៀតបៀន​ពី​ក្រុមហ៊ុន​មុន។

ព្រះរាជ​អាជ្ញា​រង លោក ឡុង ស៊ីថា មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ឃុំ​ប្រមេរ ធ្លាប់​ស្នើសុំ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​លុប​ចោល​កិច្ច​សន្យា​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន ឡាន ហ្វេង និង​ក្រុមហ៊ុន រូយ ហ្វេង និង​ចេញ​វិធានការ​ការពារ​បណ្ដោះអាសន្ន​ដី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ ព្រម​ទាំង​ពន្លឿន​ការ​ចុះ​បញ្ជី​ដី​សមូហភាព​របស់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កួយ។ ប៉ុន្តែ​ខាង​រាជ​រដ្ឋាភិបាល​នៅ​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​ពួក​គាត់​នៅ​ឡើយ ខណៈ​ដែល​រាជ​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ចិន វិនិយោគ​នៅ​ឃុំ​ប្រមេរ រយៈពេល ៩៩​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។