មេធាវីអន្តរជាតិ ថាលោក ហ៊ុន សែន និង មន្រ្តីរបបនេះ នឹងជាប់ចោទពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលអាចផ្តន្ទាទោសបាន នៅចំពោះតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បើហ៊ានបង្ក្រាបជនស៊ីវិល ដែលអមដំណើរមន្រ្តីប្រឆាំង ធ្វើដំណើរមាតុភូមិនិវត្តន៍ទៅកម្ពុជា ដោយអហិង្សា។
សូមលោកអ្នកនាង ស្តាប់បទសម្ភាសន៍របស់លោក មួង ណារ៉េត ជាមួយលោក រីឆាត រ៉យជើស៍ ( Richard Rogers) ដែលជាមេធាវីអន្តរជាតិ និង ជាជនជាតិអង់គ្លេស ជុំវិញរឿងនេះដូច្នេះតទៅ៖
មួង ណារ៉េត៖ អាជ្ញាធររបបលោក ហ៊ុន សែន កំពុងបង្ហាញសាច់ដុំ ដោយបញ្ជូនកងកម្លាំងប្រដាប់អាវុធចម្រុះ ទៅតំបន់ព្រំដែន ដើម្បីបង្ក្រាបក្រុមអ្នកអមដំណើរមន្រ្តីបក្សប្រឆាំង វិលចូលស្រុកខ្មែរវិញ។ ទាំងលោក ហ៊ុន សែន និង មន្រ្តីយោធាសុទ្ធតែ គម្រាមកម្ទេច ឬ សម្លាប់ជនស៊ីវិលទាំងនោះ។ តើការសម្លាប់ជនស៊ីវិល ដែលគ្មានអាវុធក្នុងដៃ និង តវ៉ាដោយសន្តិវិធី ជាការប្រព្រឹត្តផ្ទុយនឹងច្បាប់ជាតិ និង អន្តរជាតិដែរឬទេ?
ឆាត រ៉យជើស៍៖ ពិតណាស់! ការបង្ក្រាបបែបនេះ មិនត្រឹមតែខុសច្បាប់ជាតិ និងអន្តរជាតិប៉ុណ្ណោះទេ វាជាចំណាត់ការមិនសមទំនងទាល់តែសោះ ព្រោះមន្រ្តីបក្សប្រឆាំង ដែលប្រកាសវិលចូលស្រុកវិញនោះ សុទ្ធតែជាតំណាងរាស្រ្តជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ដែលជាជនស៊ីវិល និងគ្មានអាវុធក្នុងដៃ។ ម្យ៉ាងទៀត ពួកគាត់បានប្រកាសហើយថា ការធ្វើមាតុភូមិនិវត្តន៍នេះ គឺដើម្បីបុព្វហេតុស្តារប្រជាធិបតេយ្យឡើងវិញ។ ជាងនេះទៅទៀត ពួកគាត់មិនដែលប្រកាសថា នឹងធ្វើដំណើរទៅកម្ពុជា ដោយស្ពាយ ឬកាន់កាំភ្លើងនោះឡើយ។ ទង្វើរបស់ពួកគាត់ មិនមែនជាអំពើឈ្លានពានរបស់ទ័ពបរទេស ដែលលុកលុយចូលដីខ្មែរនោះដែរ។
មួង ណារ៉េត៖ ចុះបើចំណាត់ការរបស់របបលោក ហ៊ុន សែន ខុសច្បាប់ ហេតុអ្វីបានជារបបនេះ នៅតែបង្ហាញចេតនាឧក្រិដ្ឋនេះ?
រីឆាត រ៉យជើស៍៖ អ្វីដែលរបបសព្វថ្ងៃកំពុងធ្វើនេះ គឺបង្ហាញឲ្យឃើញច្បាស់ អំពីការភ័យខ្លាចរបស់លោក ហ៊ុន សែន និង ភាពខ្វះភាពទុកចិត្តលើប្រជាប្រិយភាពខ្លួនឯង។ បើលោក ហ៊ុន សែន ទុកចិត្តថារបបនេះ មានប្រជាប្រិយភាព និងមានការគាំទ្រពីពលរដ្ឋខ្មែរទូទៅ ម៉្លេះសមពួកគាត់ មិនត្រូវរារាំងតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ក្នុងការវិលត្រឡប់ទៅស្រុកខ្មែរវិញនោះទេ។ ហើយបើទុកចិត្តលើប្រជាប្រិយភាពខ្លួនឯង ម៉្លេះសមគណបក្សកាន់អំណាច អនុញ្ញាតឲ្យមានការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ដែលប្រកួតប្រជែង ដែលបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរទូទៅ។ តែនេះ បង្ហាញថា គណបក្សកាន់អំណាច កំពុងតែអស់សង្ឃឹម ក្នុងការបន្តក្រាញអំណាច ទើបធ្វើអ្វីគ្រប់យ៉ាង ដើម្បីរារាំងមន្រ្តីបក្សប្រឆាំង មិនឲ្យចូលស្រុកវិញបាន។
មួង ណារ៉េត៖ តើមានករណីពិសេសណាមួយទេ ដែលកងកម្លាំងប្រដាប់អាវុធ អាចសម្លាប់ជនស៊ីវិលស្លូតត្រង់បាន?
រីឆាត រ៉យជើស៍៖ អាចមានដែរ! ប៉ុន្តែ ទាល់តែកាលៈទេសៈនោះ វាជាកាលៈទេសៈផុយស្រួយបំផុតប៉ុណ្ណោះ ដែលកងកម្លាំងប្រដាប់អាវុធ អាចបង្ក្រាបជនស៊ីវិល ដែលគ្មានអាវុធក្នុងដៃបាន។ ទោះជាក្នុងកាលៈទេសផុយស្រួយបំផុតនេះក៏ដោយ ក៏ការប្រើកម្លាំងប្រដាប់អាវុធបែបនេះ គឺជារឿងកម្របំផុត ហើយអាចធ្វើទៅបាន ទាល់តែច្បាប់អនុញ្ញាត និង ត្រូវតែថ្លឹងថ្លែង ឲ្យសមស្របបំផុតរវាងការប្រើកម្លាំង និង ហានីភ័យដែលអាចកើតមាន។ ប៉ុន្តែ ករណីបែបនេះ គឺជាករណីកម្រខ្លាំងណាស់ ដែលខ្ញុំមិនដែលធ្លាប់ឮផង។ រឹតតែមិនដែលទៀតនោះ គឺមិនដែលមានកងកម្លាំងប្រដាប់អាវុធឯណា ទៅបង្ក្រាបជនស៊ីវិល ដែលជាតំណាងរាស្រ្តជាប់ឆ្នោត គ្មានអាវុធ ហើយដែលគ្រាន់តែមានបំណងវិលត្រឡប់ទៅមាតុភូមិកំណើតរបស់ខ្លួននោះ។ ខ្ញុំពិតជាមិនដែលឮ ថាប្រទេសណា គេប្រើវិធានការចម្លែកខុសគេដូច្នេះនោះទេ។
មួង ណារ៉េត៖ចុះមានករណីខ្លះ មេដឹកនាំផ្តាច់ការ បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ បាញ់សម្លាប់បាតុករ ដែលជាជនស៊ីវិលដែរ។ តើរឿងនោះ យ៉ាងម៉េចទៅវិញ?
ឆាត រ៉យជើស៍៖ ករណីបាញ់សម្លាប់ពលរដ្ឋស្លូតត្រង់ ពីកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលនេះ គឺមានតែប្រទេសកុម្មុនីស្តផ្តាច់ការប៉ុណ្ណោះ។ ប៉ុន្តែ មិនទទួលជោគជ័យទេ។ ខ្ញុំលើកឧទាហរណ៍មួយ ដូចករណីនៅប្រទេសអឺរ៉ុបខាងកើត ដែលជាប្រទេសកុម្មុនីស្ត គឺក្រោយឆ្នាំ ១៩៨៩ ក្រោយការដួលរំលំជញ្ជាំងទីក្រុងប៊ែរឡាំង មានប្រទេសខ្លះក្រោមការបញ្ជារបស់មេដឹកនាំប្រទេសរ៉ូម៉ានី នៅពេលនោះ បញ្ជាឲ្យកងទ័ពបាញ់ប្រហារលើហ្វូងបាតុករជាជនស៊ីវិល ដោយបាញ់គ្រាប់ពិត។ ប៉ុន្តែ ការបញ្ជានោះ ជាកាំបិតចិតដងឯង ដោយកងទ័ពមិនធ្វើតាម ព្រោះពួកគេមិនអាចលើកដៃសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់របស់ខ្លួនឯងបាន។
មួង ណារ៉េត៖ ចុះករណីនៃដំណើរមាតុភូមិនិវិត្តន៍របស់លោក សម រង្ស៊ី និង មន្រ្តីបក្សប្រឆាំងវិញ តើការប្រើកម្លាំងពីសំណាក់របបក្រុងភ្នំពេញ ដើម្បីបង្ក្រាប និងទប់ទល់នឹងកម្លាំងពលរដ្ឋដែលអមដំណើរពួកគាត់ តើជារឿងសមស្រប ទៅតាមគោលការណ៍ នៃសមាមាត្រនៃកម្លាំងទ័ព និងហានីភ័យដែលអាចកើតមានដែរឬទេ?
រីឆាត រ៉យជើស៍៖ ពិតណាស់! ចំណាត់ការនេះ គឺមិនសមស្របទាល់តែសោះ។ មិនត្រឹមតែមិនសមស្របទេ គឺការប្រើកម្លាំងនេះ វាជ្រុលហួសហេតុទៅទៀត។ ការប្រើកម្លាំងជ្រុលហួសហេតុបែបនេះ ជារឿងខុសច្បាប់។ ការសម្លាប់ជនស្លូតត្រង់ និងជនស៊ីវិល ដែលធ្វើដំណើរវិលទៅប្រទេសកម្ពុជាវិញ គឺក៏ខុសច្បាប់ដែរ និង ជាបទឧក្រិដ្ឋធ្ងន់ធ្ងរថែមទៀតផង។ រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវចាំថា សារគម្រាមកំហែងកម្ទេច ឬសម្លាប់ជនស៊ីវិលស្លូតត្រង់នេះ គឺជាអង្គហេតុនៃធាតុផ្សំបទល្មើស ដែលជាភ័ស្តុតាងទៅថ្ងៃក្រោយនៃចេតនាឧក្រិដ្ឋ ដើម្បីផ្តន្ទាទោសលោក ហ៊ុន សែន និង មន្រ្តីរបបនេះ កាលណាជនស៊ីវិលណាម្នាក់ ត្រូវគេសម្លាប់ដោយសារ ការប្រើកម្លាំងប្រដាប់អាវុធជ្រុលហួសហេតុ លើជនស៊ីវិលគ្មានអាវុធក្នុងដៃនេះ។
មួង ណារ៉េត៖ តើបទឧក្រិដ្ឋនោះ ក្នុងការប្រើកម្លាំងប្រដាប់អាវុធជ្រុលហួសហេតុ លើជនស៊ីវិលដែលគ្មានអាវុធក្នុងដៃនេះ ជាបទឧក្រិដ្ឋធ្ងន់ធ្ងរកម្រិតណា?
រីឆាត រ៉យជើស៍៖ ភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មនេះ គឺមានចែងទាំងក្នុងច្បាប់ជាតិរបស់កម្ពុជា និងច្បាប់អន្តរជាតិ។ យើងដឹងហើយថា អ្នកដែលប្រព្រឹត្តិបទឧក្រិដ្ឋ គឺសុទ្ធតែត្រួតត្រាប្រព័ន្ធតុលាការដែរ ដូច្នេះយើងមិនសង្ឃឹមថា ជនរងគ្រោះអាចទទួលបានយុត្តិធម៌ តាមប្រព័ន្ធតុលាការជាតិទេ។ ក្នុងន័យនេះ គឺមានតែច្បាប់អន្តរជាតិប៉ុណ្ណោះ ដែលមានប្រសិទ្ធភាព ក្នុងការផ្តន្ទាទោសអ្នកប្រព្រឹត្តទាំងនោះ។ បើកងកម្លាំងប្រដាប់អាវុធនៃរបបលោក ហ៊ុន សែន ហ៊ានបាញ់បង្ក្រាបជនស៊ីវិល ដែលអមដំណើរមន្រ្តីគណបក្សប្រឆាំងមែន បទឧក្រិដ្ឋនេះ នឹងស្ថិតក្នុងចំណាត់ថ្នាក់នៃធាតុផ្សំនៃបទល្មើសរួម នៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ពេលនោះ យើងនឹងដាក់បណ្តឹងបន្ថែមមួយទៀត ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដើម្បីផ្តន្ទាទោសមន្រ្តីដែលពាក់ព័ន្ធទាំងអស់នោះ។ មិនតែប៉ុណ្ណោះ ករណីនេះ នឹងរឹតតែបន្ថែមភ័ស្តុតាងដាក់បន្ទុក សម្រាប់ជួយដល់សំណុំរឿង ដែលយើងបានដាក់ប្តឹងមន្រ្តីរបបនេះខ្លះរួចទៅហើយ។
មួង ណារ៉េត៖ សូមអរគុណលោក Richard Rogers ដែលផ្តល់ឱកាសឲ្យខ្ញុំបានសម្ភាសនៅពេលនេះ។
រីឆាត រ៉យជើស៍៖ បាទ! សូមអរគុណ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។