ស្នងការ​ខេត្ត​ព្រះសីហនុ​ប្រកាស​តាម​ចាប់​ខ្លួន​អតីត​នគរបាល​ជាប់​ចោទ​រំលោភ​អនីតិជន

0:00 / 0:00

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ពង្រាយ​កម្លាំង​ឃ្លាំ​មើល​ជនល្មើស​ជា​អតីត​មន្ត្រី​នគរបាល ដែល​បាន​ចាប់​រំលោភ​កុមារី​រងគ្រោះ​អាយុ ១១​ឆ្នាំ​កាល​ពី ៧​ឆ្នាំ​មុន ដើម្បី​យក​មក​អនុវត្ត​ទោស​តាម​អំណាច​របស់​សាលក្រម​តុលាការ​កំពូល។ ឪពុក​កុមារី​រងគ្រោះ ទន្ទឹង​រង់ចាំ​យុត្តិធម៌​អស់​រយៈពេល ៧​ឆ្នាំ​ហើយ ប៉ុន្តែ​ពេល​នេះ ជនល្មើស​ឈ្មោះ កង សុផាត មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​នៅ​ឡើយ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ មាន​ប្រសាសន៍​ថា កម្លាំង​ជំនាញ​របស់​លោក បាន​តាមដាន​រក​ចាប់​ខ្លួន​ជនល្មើស​ឈ្មោះ កង សុផាត ជា​ប្រចាំ តាម​សាលក្រម​តុលាការ​កំពូល ដែល​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤០​លាន​រៀល។

លោក​ថា រាល់​ថ្ងៃ​នេះ ជនល្មើស​ឈ្មោះ កង សុផាត ដែល​អតីត​ជា​មន្ត្រី​នគរបាល​ខេត្ត​នេះ មិន​មាន​វត្តមាន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ទេ ហើយ​កម្លាំង​ជំនាញ​ស្ថាប័ន​លោក​ក៏​កំពុង​ស្រាវជ្រាវ​មុខ​សញ្ញា​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​មាន​ដីកា​ឲ្យ​នាំ​ខ្លួន​ជនល្មើស​ឈ្មោះ កង សុផាត ពី​តុលាការ​រួច​ហើយ​ដែរ៖ « ទោះ​បី​ជា​យើង​មិន​ទាន់​បាន​អនុវត្ត​ទោស​ព្រហ្មទណ្ឌ​ទៅ​លើ​ជន​ប្រព្រឹត្តិ​បទល្មើស​ក៏ដោយ ក៏ប៉ុន្តែ​សំណង​ព្រហ្មទណ្ឌ​នេះ ជន​រងគ្រោះ​មាន​សិទ្ធិ​ក្នុង​ការ​ដាក់​ពាក្យ​ស្នើសុំ​ឲ្យ​មាន​ការ​អនុវត្ត​ទៅ​តាម​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល។ សំណុំ​រឿង​នេះ ខ្ញុំ​ក៏​ស្នើសុំ​ដល់​កម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ស្នើ​ឲ្យ​រួម​សហការ​គ្នា​តាម​ចាប់​ជនល្មើស​ឈ្មោះ កង សុផាត យក​មក​ដាក់​ពន្ធនាគារ ព្រោះ​ជនល្មើស​រូប​នេះ​កំពុង​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា នៅ​ឡើយ »

ឪពុក​កុមារី​រងគ្រោះ លោក យ៉ង ប៊ុនលី មាន​ទីលំនៅ​ខេត្ត​ព្រះសីហនុ ផ្តល់​សម្ភាស​ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​អង្គារ ទី​៣០ ខែ​ឧសភា ដោយ​បាន​ទទូច​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ជួយ​អន្តរាគមន៍​ផ្តល់​យុត្តិធម៌​ជូន​កូនស្រី​ដែល​ត្រូវ​ជនល្មើស​ឈ្មោះ កង សុផាត ចាប់​រំលោភ។ លោក​ថា រូប​លោក​បាន​ទន្ទឹង​រង់ចាំ​យុត្តិធម៌។

ឪពុក​កុមារី​រងគ្រោះ​បាន​រៀបរាប់​ថា កូនស្រី​គាត់​ទើប​មាន​អាយុ ១១​ឆ្នាំ ត្រូវ​ជនល្មើស​ឈ្មោះ កង សុផាត អតីត​មន្ត្រី​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​រំលោភ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១០។ លោក​ថា គិត​មក​ដល់​ខែ​ឧសភា ឆ្នាំ​២០១៧ ជនល្មើស​នៅ​មាន​សេរីភាព​ក្រៅ​មន្ទីរ​ឃុំឃាំង​នៅ​ឡើយ។ លោក​បាន​លើក​ដៃ​សំពះ​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​តាមដាន​សំណុំ​រឿង​ព្រហ្មទណ្ឌ​រំលោភ​ផ្លូវ​ភេទ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​កូនស្រី​ដែល​ត្រូវ​ជនល្មើស​ឈ្មោះ កង សុផាត ល្បួង​រំលោភ​បាន​សម្រេច។

លោក​ក៏​ស្នើ​ដល់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​បើក​ការ​ស៊ើប​អង្កេត​វែក​រក​មុខ​បុគ្គល​ជាប់​ពាក់ព័ន្ធ ឬ​អ្នក​ជួយ​រត់ការ​ឲ្យ​ជនល្មើស​ឈ្មោះ កង សុផាត រួច​ផុត​ពី​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​អំឡុង​ពេល​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចាប់​បញ្ជូន​ខ្លួន​ជនល្មើស​រូប​នេះ​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ តែ​ត្រូវ​បាន​ដោះលែង​វិញ៖ « ខ្ញុំ​មិន​ដឹង​ថា អ្នក​ណា​ខ្លះ​ទេ​កាង​ការពារ​ជនល្មើស​ឈ្មោះ កង សុផាត ដែល​ចាប់​រំលោភ​កូនស្រី​ខ្ញុំ។ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា ពេល​សមត្ថកិច្ច​ចាប់​ខ្លួន​ជនល្មើស​រូប​នេះ​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ត្រូវ​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង។ ហើយ​ឥឡូវ​នេះ តុលាការ​កំពូល បាន​កាត់​ទោស​ឲ្យ​ឈ្មោះ កង សុផាត ជាប់​ទោស​ជាប់​ពន្ធនាគារ ៥​ឆ្នាំ និង​ពិន័យ​ប្រាក់ ៤០​លាន​រៀល ប៉ុន្តែ​ឥឡូវ​នេះ​លុយ​ក៏​មិន​ទាន់​ទទួល​បាន រីឯ​ជនល្មើស​ឈ្មោះ កង សុផាត ក៏​មិន​ទាន់​ជាប់​គុក​ដែរ »

ឯកសារ​ច្បាប់​បង្ហាញ​ថា សំណុំ​រឿង​ព្រហ្មទណ្ឌ​រំលោភ​សេពសន្ថវៈ​អនីតិជន ប្រព្រឹត្ត​នៅ​ក្រុង​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១០។ តុលាការ​កំពូល បាន​ប្រកាស​សាលក្រម​កាត់​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ កង សុផាត ជា​អតីត​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ មាន​ទោស​ជាប់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ និង​ពិន័យ​ប្រាក់ ៤០​លាន​រៀល ទៅ​ឲ្យ​កុមារី​រងគ្រោះ។

អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (AHDOC) ប្រចាំ​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ មាន​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ​ខេត្ត​នេះ​ជាដើម រួម​សហការ​គ្នា​ចុះ​ស្រាវជ្រាវ​ចាប់​ខ្លួន​ឈ្មោះ កង សុផាត បញ្ជូន​ទៅ​ឃុំ​ខ្លួន​ឲ្យ​បាន​ឆាប់។ អ្នកស្រី សុធារី បន្ត​ថា សំណុំ​រឿង​ព្រហ្មទណ្ឌ​មួយ​នេះ គឺ​មាន​ភាព​អយុត្តិធម៌​ចំពោះ​កុមារី​រងគ្រោះ​ជា​ទីបំផុត ព្រោះ​ទាំង​សំណង​ដែល​តុលាការ​កំពូល​ប្រកាស​សាលក្រម​ឲ្យ​ជនល្មើស​បង់​ប្រាក់​ពិន័យ ៤០​លាន​រៀល គឺ​គ្រួសារ​ជន​រងគ្រោះ​មិន​ទាន់​ទទួល​បាន​ទេ ហើយ​ជនល្មើស​ឈ្មោះ កង សុផាត សមត្ថកិច្ច​មិន​ទាន់​ចាប់​ឃុំ​ខ្លួន​បាន​នៅ​ឡើយ​ដែរ។

តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ លោក ហួត វិចិត្រ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ បាន​ចេញ​ដីកា​បង្គាប់​មន្ត្រី​នគរបាល​យុត្តិធម៌​ឲ្យ​ចាប់​ខ្លួន​ឈ្មោះ កង សុផាត យក​មក​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ពី​បទ​រំលោភ​សេពសន្ថវៈ​ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៥ នៃ​ច្បាប់​ស្ដីពី​ស្ថាន​ទម្ងន់​ទោស​នៃ​បទឧក្រិដ្ឋ។

ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ឈ្មោះ កង សុផាត បាន​បង្ហាញ​ថា សាល​ដីកា​ព្រហ្មទណ្ឌ​លេខ​៣៦៤ ចុះ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៦ របស់​តុលាការ​កំពូល បាន​ចូល​ជា​ស្ថាពរ​រួច​ហើយ ក៏ប៉ុន្តែ​មក​ទល់​ពេល​នេះ ជនល្មើស​រស់នៅ​សុខ​ស្រួល​ធម្មតា ដែល​បញ្ហា​នេះ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា វប្បធម៌​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​តែ​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា។ រីឯ​ស្នងការ​នគរបាល​ខេត្ត​អះអាង​ថា សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន​ជនល្មើស ដើម្បី​យក​មក​អនុវត្ត​ទោស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។