មេ​បញ្ជាការ​ទ័ព​២​នាក់​នៅ​បន្ទាយមានជ័យ​រង​ការ​ប្ដឹង​ចោទ​ថា​ជួញ​ដូរ​ឈើ​គ្រញូង​និង​ពុក​រលួយ

មេ​បញ្ជាការ​ពីរ​រូប​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវ​ជា​បង​ប្អូន​ថ្លៃ​នឹង​គ្នា ទទួល​រង​នូវ​ការ​ប្ដឹង​ពី​បទ​កេង​ប្រវ័ញ្ច​ទ្រព្យ​សម្បត្តិ​អង្គភាព ការ​កាត់​ប្រាក់​បៀវត្ស​កូន​ទាហាន និង​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។
ដោយ ជុន ច័ន្ទបុត្រ
2014-01-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រង្វង់​មូល​នៅ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ។ រូប​ឯកសារ
រង្វង់​មូល​នៅ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ។ រូប​ឯកសារ
Photo: RFA

នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​នាយ​ទាហាន នាយ​ទាហាន​រង និង​ពល​ទាហាន​ជាច្រើន​នាក់​ដែល​នៅ​ក្រោម​ឱវាទ​របស់​មេបញ្ជាការ​ពីរ​រូប​នោះ ក៏​បាន​លើក​ឡើង​ដែរ​ថា មេបញ្ជាការ​ទាំង​ពីរ​នាក់​នោះ​បាន​ប្រព្រឹត្ត​នូវ​បទ​ល្មើស​ជួញ​ដូរ​ឈើ​គ្រញូង​នៅ​ជួរ​ព្រំដែន​ខ្មែរ​ថៃ តាម​រយៈ​ការ​យក​រថយន្ត​អង្គភាព​ទ័ព​ធ្វើ​អាជីវកម្ម រួម​ទាំង​ការ​ប្រើ​អំណាច​យក​ដី​នៅ​ក្នុង​អង្គភាព​ទ័ព លក់​យក​ប្រយោជន៍​ផ្ទាល់​ខ្លួន។

នៅ​ក្នុង​សំណុំ​ឯកសារ​ពាក្យ​បណ្ដឹង​កម្រាស់ ១៦​ទំហំ ដែល​រៀប​ចំ​ឡើង​ដោយ​នាយ​ទាហាន​នាយ​ទាហាន​រង និង​ពល​ទាហាន​ជិត ៤០​នាក់ បាន​បង្ហាញ​ថា មេ​បញ្ជាការ​មេ​បញ្ជាការ​រង​ពីរ​នាក់ បាន​រក​ស៊ី​ជួញ​ដូរ​ឈើ​គ្រញូង​ខុស​ច្បាប់ នៅ​តំបន់​ជាយ​ដែន​ខ្មែរ​ថៃ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​អង្គភាព​ទ័ព​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​ចោទ​ថា លោក​ឧត្ដមសេនីយ៍ ភ្លន់ តារា និង​លោក​វរសេនីយ៍​ឯក កែវ សេងលន មាន​ឋានៈ​ជា​មេ​បញ្ជាការ និង​ជា​មេ​បញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ បាន​រួម​គំនិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​អង្គភាព និង​ទៅ​លើ​កង​កម្លាំង​ក្រោម​ឱវាទ​ជា​ច្រើន​ករណី។

ប្រភព​ពី​កូន​ទាហាន​ទាំង​នោះ​បញ្ជាក់​ថា រយៈពេល​កន្លង​ទៅ ពួក​គាត់​បាន​ដាក់​ពាក្យ​បណ្ដឹង​នោះ​ទៅ​ខុទ្ទកាល័យ លោក ហ៊ុន សែន ប្ដឹង​ទៅ​ក្រសួង​ការពារ​ជាតិ ប្ដឹង​ទៅ​អគ្គ​មេ​បញ្ជាការ ប្ដឹង​ទៅ​យោធភូមិ​ភាគ​៥ ប្ដឹង​ទៅ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​បន្ទាយមានជ័យ និង​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល ដើម្បី​ឲ្យ​ស្ថាប័ន​កំពូលៗ​ទាំង​នេះ​អន្តរាគមន៍​ដោះស្រាយ ប៉ុន្តែ​ពួក​គាត់​ពុំ​ទទួល​បាន​ភាព​យុត្តិធម៌​នោះ​ឡើយ។

ពួក​គាត់​បន្ត​ថា ក្នុង​រយៈពេល​កន្លង​មក មាន​ក្រុម​អធិការកិច្ច​របស់​ក្រសួង​ការពារ​ជាតិ បាន​ចុះ​ទៅ​ស្រាវជ្រាវ​ក្នុង​ករណី​នេះ ហើយ​នាយ​ទាហាន​នាយ​ទាហាន​រង និង​ពល​ទាហាន​ដែល​រងគ្រោះ​ទាំង​នោះ ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​សម្រុះ​សម្រួល​ជាមួយ លោក ភ្លន់ តារា និង​លោក កែវ សេងលន ប៉ុន្តែ​ទាហាន​ជា​អ្នក​រងគ្រោះ​ទាំង​នោះ​បាន​បដិសេធ។ លទ្ធផល​ចុង​ក្រោយ គឺ​មាន​ទាហាន​ក្រោម​ឱវាទ​ជិត ២០​នាក់ ត្រូវ​បាន​គេ​ដក​ចេញ​ពី​អង្គភាព​ទាំង​អយុត្តិធម៌៖ «កាល​ហ្នឹង​អំណាច​លុយ​ស្រស់​តែ​ម្ដង លុយ​ហ្នឹង​គេ​សូកប៉ាន់​មន្ត្រី​ថ្នាក់​លើ អធិការ​កិច្ច​ក្រសួង​ការពារ​ជាតិ តាម​ដែល​ដឹង គឺ​លោក នាង ផាត ជា​អ្នក​រត់​ការ​ជួយ​មេ​ស៊ុប​ហ្នឹង ដើម្បី​ដក​អ្នក​ដែល​ប្ដឹង​នោះ គឺ​លោក នាង ផាត ជា​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​បួន និង​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ គាត់​ហ្នឹង​ជា​អ្នក​ចាត់​ចែង​ឲ្យ​ដក​នាយ​ទាហាន​បំបែក​រូបភាព​ចោល​តែ​ម្ដង»

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​សុំ​ប្រតិកម្ម​ពី លោក ភ្លន់ តារា ជា​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត​បន្ទាយមានជ័យ ជុំវិញ​បញ្ហា​នេះ ប៉ុន្តែ​លោក​បាន​ចុច​ទូរស័ព្ទ​បិទ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​នោះ​ឡើយ។

យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​ពាក្យ​បណ្ដឹង​ដែល​មាន​ភ្ជាប់​ជាមួយ​ឯកសារ​តារាង​ប្រាក់​បៀវត្ស​ប្រចាំ​ខែ ចាប់​តាំង​ពី​ឆ្នាំ​២០០៥ រហូត​ដល់​ឆ្នាំ​២០១០ រួម​និង​ស្នាម​មេដៃ​ទាហាន​ចំនួន ៣៩​នាក់ ធ្វើ​ជា​ភស្តុតាង​ផង​នោះ បញ្ជាក់​ថា ការ​កាត់​ប្រាក់​បៀវត្ស​កូន​ទាហាន គឺ​ថ្នាក់​ដឹក​នាំ​អង្គភាព​ទ័ព​មួយ​នេះ​ពុំ​បាន​បញ្ជាក់​ពី​មូលហេតុ​នោះ​ឡើង។

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា យល់​ថា ករណី​ទាំង​នេះ​ជា​កំហុស​ធ្ងន់ធ្ងរ និង​ជា​អំពើ​ផ្ទុយ​ពី​ច្បាប់។ ការ​កាត់​ប្រាក់​ខែ​កូន​ទាហាន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ និង​ប៉ះពាល់​ដល់​ស្មារតី​របស់​កងទ័ព​ដែល​មាន​កាតព្វកិច្ច​បម្រើ​ជាតិ​មាតុភូមិ។

ទន្ទឹម​គ្នា​នេះ លោក​បាន​ជំរុញ​ឲ្យ​ក្រសួង​ការពារ​ជាតិ គួរ​ពិនិត្យ​ស្រាវជ្រាវ​បញ្ហា និង​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត​មាន​ឡើង​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ នោះ​ឡើយ​វិញ ដើម្បី​រក​យុត្តិធម៌​ជូន​ដល់​កង​ទាហាន​ទាំង​នោះ​ដែល​ជា​អ្នក​រងគ្រោះ៖ «បើ​សិន​មាន​កើត​ឡើង​ត​ទៅ​ទៀត ឬ​កន្លែង​ផ្សេង​កើត​មាន​ដូច​គ្នា​អី យើង​ឃើញ​ថា បាន​ប៉ះពាល់​អារម្មណ៍​គាត់​យ៉ាង​ខ្លាំង ទី​១។ ទី​២ យើង​ឃើញ​ថា ទាហាន​ជា​អ្នក​ការពារ​ជាតិ​ប្ដូរ​សាច់​ប្ដូរ​ឈាម ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ អ៊ីចឹង​កុំ​ឲ្យ​គាត់​ខ្វះខាត​ថវិកា​របស់​គាត់ គួរ​តែ​បើក»

នៅ​មាន​រឿង​អាស្រូវ​ផ្សេង​ទៀត ដូច​ជា​ការ​លួច​លាក់​ចំនួន​ទ័ព​ខ្មោច និង​ការ​ប្រមូល​បង​ប្អូន​សាច់ញាតិ​បក្ខពួក​របស់​ខ្លួន ចូល​បម្រើ​ទ័ព រួច​ផ្ញើ​តាម​អង្គភាព​ចំណុះ និង​នៅ​ក្នុង​បញ្ជាការដ្ឋាន។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មេ​បញ្ជាការ​អង្គភាព​ផ្ទាល់​ជួប​ការ​លំបាក ក្នុង​ការ​ប្រើប្រាស់​កម្លាំង​នៅ​ពេល​ថ្នាក់​លើ​ត្រូវ​ការ។ ក្រៅ​ពី​នេះ នៅ​មាន​រឿង​កាត់​ប្រាក់​របប​គោល​នយោបាយ​ជំហាន​ដំបូង​របស់​យោធិន​ពលី គ្រួសារ​យោធិន​ពលី យោធិន​គ្រប់​អាយុ​ចូល​និវត្តន៍ និង​យោធិន​បាត់​បង់​សមត្ថភាព ដែល​ត្រូវ​ផ្ទេរ​ទៅ​សង្គម​កិច្ច​ចំនួន​ពីរ​លើក។

ក្នុង​នោះ លើក​ទី​១ នៅ​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០០៩ មាន​យោធិន​ពិការ និង​គ្រួសារ​យោធិន​ពលី​ចំនួន ៧៣៤​នាក់ ដែល​ត្រូវ​ផ្ទេរ​ចេញ​នោះ ត្រូវ​បាន​កាត់​ប្រាក់​ម្នាក់ៗ​ចំនួន ២៥​ម៉ឺន​រៀល និង​លើក​ទី​២ នៅ​ខែ​តុលា ឆ្នាំ​២០១០ យោធិន​គ្រប់​អាយុ​ចូល​និវត្តន៍ និង​យោធិន​បាត់​បង់​សមត្ថភាព​ចំនួន ១៥៩​នាក់ ដែល​ត្រូវ​ផ្ទេរ​ចេញ​នោះ ត្រូវ​បាន​គេ​កាត់​ប្រាក់ ១២​ម៉ឺន​រៀល​ក្នុង​មនុស្ស​ម្នាក់ និង​កិបកេង​របប​អង្ករ​សរុប​អស់​ចំនួន ១៥៩​ការុង​ថែម​ទៀត។

ក្រុម​ទាហាន​រងគ្រោះ​ទាំង​នោះ​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ចំពោះ​រឿង​អយុត្តិធម៌​ដែល​បាន​កើត​មាន​ឡើង​ចំពោះ​ពួក​គាត់​ជា​កូន​ទាហាន នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ។ រហូត​មក​ពេល​នេះ ពួក​គាត់​នៅ​តែ​ទទូច​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​នៅ​ឡើយ៖ «ចង់​ឲ្យ​ស្ថាប័ន​ណា​ដែល​មាន​ប្រសិទ្ធភាព​ចុះ​ស៊ើប​អង្កេត​ស្រាវជ្រាវ​ឲ្យ​ជាក់​លាក់ ហើយ​មុន​នឹង​ការ​ស្រាវជ្រាវ​ត្រូវ​ដក​មនុស្ស​នេះ​ទៅ​បញ្ឈរ​ជើង​សិន បាន​ព័ត៌មាន​ច្រើន គាប​សង្កត់ ពាក់ព័ន្ធ​ច្រើន​ទៅ​បទ​ឧក្រិដ្ឋ​យក​កម្លាំង​ទៅ​កាប់​គ្រញូង​នៅ​ថៃ។ ថៃ បាញ់​ងាប់ ហើយ​មនុស្ស​នេះ​អ្នក​ដែល​ការពារ​នៅ​ពី​ក្រោយ​ខ្នង​មួយ គឺ​ផ្កាយ​បី ប៊ុន សេង មេ​ភូមិ​ភាគ​នៅ​រាល់​ថ្ងៃ​តាម​ការពារ​ជាប់ ហើយ​រាល់​ថ្ងៃ បើ​មេ​ភូមិ​ភាគ​គេ​នៅ​ការពារ មិន​អាច​ដោះដូរ​បាន​ទេ ហើយ​នៅ​លើ​ក្រសួង​ការពារ​ជាតិ គឺ​លោក នាង ផាត ជា​អ្នក​នៅ​ការពារ​ពី​ក្រោយ»

នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ​បន្ត​ថា មេ​បញ្ជាការ​ទាំង​ពីរ​រូប​នេះ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ជា​ច្រើន​ផ្សេង​ទៀត នៅ​តាម​ច្រក​របៀង​ខ្មែរ​ថៃ។ ក្នុង​នោះ​ដូច​ជា ការ​យក​គ្រឿងចក្រ​ក្នុង​អង្គភាព​ជា​ច្រើន​គ្រឿង ទៅ​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន​ផ្ដាច់​មុខ​របស់​ខ្លួន ការ​ដឹក​ឈើ​គ្រញូង​ពី​តំបន់​ព្រំដែន​ចូល​មក​ផ្ទៃ​ក្នុង​ជា​ញឹកញាប់។ ក្នុង​ពាក្យ​បណ្ដឹង​នោះ​ចោទ​ថា ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០១០ លោក​វរសេនីយ៍ឯក កែវ សេងលន បាន​យក​រថយន្ត​អង្គភាព​ចំនួន ២​គ្រឿង ទៅ​ដឹក​ឈើ​គ្រញូង​ពី​កងវរសេនាតូច​៥០៥ ឈរ​ជើង​នៅ​ភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ចូល​ទៅ​ក្រុង​ស្រីសោភ័ណ តែ​ត្រូវ​សមត្ថកិច្ច​ស្រុក​ថ្មពួក ចាប់​បាន។

នៅ​ថ្ងៃ​ទី​៤ និង​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១០ លោក​ឧត្ដមសេនីយ៍ត្រី ភ្លន់ តារា បាន​បញ្ជា​ឲ្យ​កង​កម្លាំង​កងវរសេនាតូច​៥០៥ នាំ​គ្នា​ដឹក​ឈើ​គ្រញូង​ចេញ​ពី​ទឹក​ដី​ថៃ ចំនួន ៦​រថយន្ត ចូល​ទៅ​ក្រុង​សិរីសោភ័ណ ដើម្បី​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន។ ក្នុង​ពាក្យ​បណ្ដឹង​នោះ​បន្ត​ការ​ចោទ​ប្រកាន់​ថា លោក​ឧត្ដមសេនីយ៍ត្រី ភ្លន់ តារា ប្រើ​អំណាច​រឹបអូស​យក​ដី​ធ្លី​អង្គភាព​ទ័ព​ជា​ច្រើន​កន្លែង​ទៅ​លក់ ដោយ​ពុំ​បាន​យក​ប្រាក់​ពី​ការ​លក់​ដី​នោះ​ទៅ​កសាង​អ្វី​សោះ​ឡើយ​នៅ​ក្នុង​អង្គភាព។

ទន្ទឹម​គ្នា​នេះ នៅ​ក្នុង​ពាក្យ​បណ្ដឹង​ក៏​ចោទ​ដែរ​ថា មេ​បញ្ជាការ​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ បាន​កិបកេង​អំណោយ​របស់​កង​កម្លាំង​ទ័ព​គ្រប់​អង្គភាព ក្នុង​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត​បន្ទាយមានជ័យ យក​ទៅ​ចែក​ជូន​បង​ប្អូន​នៅ​ឯ​ស្រុក​កំណើត​របស់​ខ្លួន។ អតីត​ទាហាន​ក្រោម​ឱវាទ​ទាំង​នោះ លើក​ឡើង​ថា អំពើ​ពុក​រលួយ និង​ការ​ប្រព្រឹត្ត​ល្មើស​ច្បាប់​ដែល​ប្រព្រឹត្ត​ដោយ​មេ​បញ្ជាការ​របស់​ពួក​គេ​នេះ បាន​បង្ក​ឲ្យ​មាន​ភាព​ស្មុគស្មាញ ការ​ប្រកាន់​បក្ខពួក ការ​បែក​បាក់​សាមគ្គី​ផ្ទៃ​ក្នុង ការ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​បំពេញ​ភារកិច្ច។ បញ្ហា​នេះ ក៏​បាន​ធ្វើ​ឲ្យ​កង​កម្លាំង​ទ័ព​ធ្លាក់​ទឹក​ចិត្ត​ក្នុង​ពេល​បំពេញ​ភារកិច្ច​ការពារ​បូរណភាព​ទឹក​ដី​ជូន​ជាតិ​មាតុភូមិ​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

អ្នក​អាន​អនាមិក

Corruptions are structures that keep one eye dictator hun xen in power. It is a two ways street, it is a "give and take" structures, ah xen lets his corrupted generals to do whatever criminal activities as they please, in return they will support their dictator to be prime Minister of Cambodia until he die. If Cambodians dare to challenge them, they will unleash their brainless caved animals to tear people to pieces just like on Jan 2-4, 2014.

Jan 12, 2014 02:10 AM

អ្នក​អាន​អនាមិក

ជយោ! សម្តាចម៍អាចម៍គោសែន។ រឿងរ៉ាវនេះ គឺគ្រាន់តែជាជ្រុងមួយនៃរបបហ៊ុន សែនប៉ុណ្ណោះ។ រឿងបែបនេះ កើតមាននៅគ្រប់ទីកន្លែងទាំងអស់ ក្នុងស្រុកខ្មែរ ទាំងក្នុងជួរកងប្រដាប់អាវុធ ទាំងក្នុងសង្គមស៊ីវិល។ នេះជាលទ្ធពលនៃការដឹកនាំរបស់មនុស្សអវិជ្ជា។

Jan 10, 2014 11:21 PM

Anonimous

ពី Phnom Penh

This is the reasons why all CPP high ranking officers tried to maintain their power from democratic protests as well as Mr. Hun Sen in order to avoid punishment by using all criminal measures. I appeal all police officers and Khmer soldiers think carefully before acting any illegal action against protesters.

Jan 10, 2014 09:11 PM

អ្នក​អាន​អនាមិក

របបចោរគឺមិនអាចចាប់ចោរបានទេលុះត្រាណាចាប់មេវាមុន
ទើបមានប្រសិទ្ធិភាព!បើកើតស្ទើពេញផ្ទៃប្រទសទៅហើយ
នោះ!បើថ្នាក់ដឹកនាំទាំងអស់នៅតែបន្តរការគាំទ្រទៀតបុគ្គ
លទៀតកូនចៅៗយើងនឹងគ្មានទីជម្រកឡើយ!របបពាល
នេះនឹងបន្តបំផ្លាញប្រទេសគ្មានទីបញ្ចប់ទេ!!!!!

Jan 10, 2014 05:12 PM

អ្នក​អាន​អនាមិក

Hun Sen create corruption very where. He knew that when he was an army (YorThear) in the Khmer Rouge, KR defeated Lon Nol military in 1975 because this government corrupted. Now Hun Sen does himself. I think Sun Sen believe in Hanoi army better than Khmer army for protecting his power. All Khmer army must get up and protest for their right.

Jan 10, 2014 01:26 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល