តុលាការកំពូលនៅថ្ងៃទី១៥ កក្កដា ប្រកាសសាលដីកាសំណុំរឿងពីរទាក់ទងនឹងអ្នកសារព័ត៌មាន។ នោះគឺសំណុំរឿងអ្នកបកប្រែភាពយន្តឯកសារ "ម្ដាយខ្ញុំ លក់ខ្ញុំ" លោក រ៉ាត់ រត្នមុនី និងសំណុំរឿងរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ។ មេធាវី និងមន្ត្រីសិទ្ធិមនុស្សថា សេចក្ដីសម្រេចរបស់តុលាការកំពូល មិនបានផ្តល់យុត្តិធម៌ដល់អ្នកទាំងបីឡើយ ហើយកាន់តែធ្វើឱ្យសំណុំរឿងត្រូវអូសបន្លាយគ្មានកាលកំណត់។
តុលាការកំពូលសម្រេចបង្វិលសំណុំរឿងសកម្មជនសិទ្ធិការងារ លោ រ៉ាត់ រត្នមុនី ឱ្យសាលាឧទ្ធរណ៍ភ្នំពេញជំនុំជម្រះឡើងវិញ ក្រោមហេតុផលថា ការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញនាពេលកន្លងទៅ នៅមានភាពខ្វះចន្លោះ។ មេធាវីសមាគមអាដហុកដែលជួយការពារក្ដីឱ្យលោក រ៉ាត់ រត្នមុនី គឺលោក សំ ទិត្យសីហា ថ្លែងថា ការសម្រេចនេះអាចបញ្ជាក់ថាកូនក្ដីរបស់លោកមិនទាន់មានទោសកំហុសអ្វីនោះទេ តែក៏មិនមែនជាយុត្តិធម៌សម្រាប់គាត់ដែរ។ លោកពន្យល់ថា ការបង្វិលរឿងឱ្យសាលាឧទ្ធរណ៍ភ្នំពេញជម្រះឡើងវិញ ដោយមិនបានកំណត់ពេលវេលាជាក់លាក់បែបនេះ ធ្វើឱ្យរឿងក្ដីនេះកាន់តែអូសបន្លាយ ស្របពេលកូនក្ដីរបស់លោកបានជាប់ឃុំជិតដល់ពេលកំណត់នៃទោសទៅហើយ៖ « ចំណុចដែលយើងសោកស្ដាយដែរ បើខាងតុលាការកំពូលគាត់សម្រេចតែម្តងដោយមិនបង្វិល អាហ្នឹងជាការមួយល្អ ហើយក៏ជាផលប្រយោជន៍ទៅដល់លោក រ៉ាត់ រត្នមុនី ដែរ ប៉ុន្តែចំពោះការដែលគាត់បង្វិលវិញ វាអាចអូសបន្លាយពេលវេលានៃការឃុំខ្លួនលោក រ៉ាត់ រត្នមុនី ក្នុងពន្ធនាគារបន្តទៀត » ។
តុលាការក្រុងភ្នំពេញបានកាត់ទោសប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា (CCTUF) លោក រ៉ាត់ រត្នមុនី ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ "ញុះញង់ឱ្យមានការរើសអើង" ហើយសាលាឧទ្ធរណ៍ភ្នំពេញបានតម្កល់សាលក្រមនេះទុកជាបានការដដែល។ រឿងក្ដីនេះ កើតឡើងដោយសារតែលោក រ៉ាត់ រត្នមុនី បានជួយផលិតភាពយន្តឯកសារស្តីពីការជួញដូរផ្លូវភេទនៅកម្ពុជា ក្រោមចំណងជើងថា "ម្ដាយខ្ញុំ លក់ខ្ញុំ" ឱ្យសារព័ត៌មានរុស្ស៊ី RT (Russia Today)។ គិតត្រឹមពាក់កណ្ដាលខែកក្កដានេះ លោក រ៉ាត់ រត្នមុនី បានជាប់ឃុំក្នុងពន្ធនាគារព្រៃសអស់រយៈពេលជាង ១៩ខែមកហើយ ស្របពេលកាលកំណត់នៃទោសមានរយៈពេល ២៤ខែ។ មេធាវី សំ ទិត្យសីហា រំពឹងថា សាលាឧទ្ធរណ៍ភ្នំពេញនឹងពន្លឿនរឿងក្ដីនេះដើម្បីផ្តល់យុត្តិធម៌ដល់កូនក្ដីរបស់លោក ក្រោយមានសាលដីកាពីតុលាការកំពូល។

ងាកទៅសំណុំរឿងរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរីលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ វិញ តុលាការកំពូលបានតម្កល់ការសម្រេចរបស់តុលាការថ្នាក់ក្រោម ដែលឱ្យស៊ើបអង្កេតបន្ថែមរឿងវីដេអូអាសអាភាស ទុកជាបានការដដែល ដោយមិនបានប្រាប់ពីសម្អាងហេតុឡើយ។ មេធាវីការពារក្ដីឱ្យអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប គឺលោក សំ ចំរើន ថ្លែងថា ការសម្រេចរបស់តុលាការកំពូលនេះ អយុត្តិធម៌ខ្លាំងសម្រាប់កូនក្ដីរបស់ និងមិនស្របតាមវិធាននៃច្បាប់។ លោកថា ក្រមនីតិវិធីព្រហ្មទណ្ឌតម្រូវឱ្យតុលាការប្រកាសថា ជនណាម្នាក់មានទោស ឬមិនមានទោសនៅក្នុងដំណាក់កាលសវនាការ លើកលែងតែក្នុងករណីចាំបាច់បំផុត ទើបអនុញ្ញាតឱ្យមានការស៊ើបសួរបន្ថែម។ លោកអះអាងថា ចំពោះសំណុំរឿងកូនក្តីរបស់លោកនេះ គ្មានភាពចាំបាច់ដើម្បីស៊ើបអង្កេតទៀតទេ ព្រោះភាគីពាក់ព័ន្ធទាំងអស់យល់ស្របគ្នាហើយថា ដំណើរការនីតិវិធីកន្លងមក ធ្វើឡើងដោយពេញលេញ ជាពិសេស តំណាងអយ្យការក៏យល់ថា អង្គហេតុនៃការចោទប្រកាន់របស់ខ្លួនក៏គ្រប់គ្រាន់ហើយដែរ៖ « មិនមានតុល្យភាពទេរវាងការអនុញ្ញាតឱ្យស៊ើបសួរបន្ថែម ពន្លាតអង្គហេតុបែបហ្នឹង ហើយនិងសិទ្ធិរបស់កូនក្ដីខ្ញុំទាំងពីរ។ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់កូនក្តីយ៉ាងធំធេង ដោយមិនអាចរៀបរាប់អស់ទេ ជាពិសេសគឺសិទ្ធិទទួលបានសវនាការដោយត្រឹមត្រូវ និងយុត្តិធម៌ ហើយសិទ្ធិមួយដែលចម្បងជាងគេ គឺសិទ្ធិទទួលបានការសន្មតទុកជាមុនថា គ្មានទោស។ បើសួរដេញដោលនៅពេលអង្គសវនាការទៅ មិនឃើញមានភស្តុតាងគ្រប់គ្រាន់ មានន័យថា គ្រាន់តែសង្ស័យ។ សង្ស័យ គឺជាប្រយោជន៍របស់ជនជាប់ចោទ អ៊ីចឹងសម្រេចឱ្យជនជាប់ចោទរួចផុតពីបទចោទ។ បើតុលាការអនុវត្តផ្សេង មានន័យថា នេះជាការអនុវត្តដែលមិនស្ថិតក្នុងគន្លងច្បាប់ » ។
តុលាការក្រុងភ្នំពេញបានចោទប្រកាន់លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ពីបទ "ផលិត និងកាន់កាប់រូបភាពអាសអាភាស"។ ការចោទប្រកាន់នេះ ជាការបន្ថែមបទចោទថ្មីមួយទៀតលើអ្នកទាំងពីរ បន្ទាប់ពីតុលាការបានចោទអ្នកទាំងពីរថាបាន "ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ"។ តុលាការបានជំនុំជម្រះរឿងក្តីទាំងពីរនេះរួចហើយ និងពន្យារពេលប្រកាសសាលក្រមម្ដង ប៉ុន្តែនៅដើមខែតុលា ឆ្នាំ២០១៩ ស្រាប់តែតុលាការបង្គាប់ឱ្យស៊ើបអង្កេតរឿងក្តីទាំងពីរនេះបន្ថែមទៀតទៅវិញ។
ជុំវិញការសម្រេចរបស់តុលាការនេះ លោក យាង សុធារិន្ទ ថា ការសម្រេចរបស់តុលាការកំពូលនាពេលនេះ ជាការសម្រេចធ្វើឲ្យពួកលោកទាំងពីរនាក់ មិនទទួលបានការជនុំជម្រះប្រកបដោយយុត្តិធម៌ ដោយសារតែ តុលាការចេះតែបន្តអូសបន្លាយសំណុំរឿងនេះ អស់រយៈពេលជិត៣ឆ្នាំមកហើយ។ លោកថា មុននឹងជំនុំជម្រះ ចៅក្រមស៊ើបអង្កេតបានមានពេលវេលាគ្រប់គ្រាន់រួចទៅហើយក្នុងការស៊ើបអង្កេត។ ដូច្នេះហើយ នៅពេលចៅក្រមជំនុំជម្រះ មិនអាចរកភស្តុតាងដាក់បន្ទុកលើពួកលោកបាន ផលប្រយោជន៍គួរតែបានមកពួកលោកទាំងពីរនាក់ តាមរយៈការទម្លាក់ចោលបទចោទតែម្តង៖ « ពីព្រោះអ្វីៗគឺតុលាការ សមត្ថកិច្ច បានប្រមូលយកទៅទាំងអស់។ អ៊ីចឹង បានជាខ្ញុំតែងនិយាយថា ទោះបីជាស៊ើបអង្កេតយ៉ាងម៉េច វានៅតែប៉ុណ្ណឹងដដែល។ ដូច្នេះ ខ្ញុំគិតថា ការចេះតែរក្សាទុកសំណុំរឿងរបស់ពួកខ្ញុំដែលមានរយៈពេលជិត ៣ឆ្នាំ ចេះតែបន្តទៅទៀតហ្នុង ហាក់បីដូចជាចាត់ទុកពួកខ្ញុំ ជាចំណាប់ខ្មាំងសម្រាប់អ្វីមួយអញ្ចឹង។ អ្វីដែលខ្ញុំចង់សំណូមពរទៅតុលាការ គឺសូមកុំយកពួកខ្ញុំធ្វើជាចំណាប់ខ្មាំង សម្រាប់ផលប្រយោជន៍អ្វីមួយ ពីព្រោះពួកខ្ញុំជាប្រជាពលរដ្ឋ ពួកខ្ញុំជាមនុស្ស។ សូមផ្តល់សិទ្ធិសេរីភាពឲ្យពួកខ្ញុំឡើងវិញ ក្នុងនាមជាប្រជាពលរដ្ឋទូទៅ »។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយចំពោះការសម្រេចរបស់តុលាការកំពូល ទាំងចំពោះសំណុំរឿងលោក រ៉ាត់ រត្នមុនី និងសំណុំរឿងរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប។ លោកយល់ថា ការសម្រេចនេះមានភាពអយុត្តិធម៌ ព្រោះអ្នកទាំងបីមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ ហើយតុលាការក៏គ្មានភស្តុតាងរឹងមាំដើម្បីបន្តចោទប្រកាន់ពួកគេនោះដែរ៖ «ទាំងរឿងលោក រ៉ាត់ រត្នមុនី ទាំងរឿងលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ គឺយើងឃើញថា ប៉ះពាល់ទៅដល់សេរីភាពសារព័ត៌មាន ដែលយើងឃើញ ទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ គេទាមទារឱ្យមានការទម្លាក់ចោលដោយឥតមានលក្ខខណ្ឌទៅលើបទចោទ ដើម្បីឱ្យអ្នកទាំងអស់ហ្នឹងបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមវិជ្ជាជីវៈអ្នកសារព័ត៌មានឡើងវិញ»។
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJA) បានចាត់ទុកការបន្តនីតិវិធីលើសំណុំរឿងទាំងពីរនេះថា ជាឧបសគ្គដល់ការអនុវត្តសេរីភាព និងវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ ខេមបូចា លើកឡើងក្នុងថ្លែងការណ៍នៅថ្ងៃទី១៥ កក្កដាថា ការសម្រេចបែបនេះកាន់តែបង្កផលប៉ះពាល់ដល់សិទ្ធិសេរីភាព និងជីវភាពរស់នៅរបស់លោក រ៉ាត់ រត្នមុនី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ។ ខេមបូចា ស្នើយ៉ាងទទូចដល់តុលាការឱ្យទម្លាក់ចោលបទចោទប្រកាន់ទាំងអស់លើអ្នកទាំងបី ដោយមិនត្រូវបន្តរាល់នីតិវិធីមិនចាំបាច់ទាំងឡាយណា ដែលប៉ះពាល់ដល់សិទ្ធិទទួលបានយុត្តិធម៌របស់ពួកគេនោះឡើយ។ ជាមួយគ្នានេះ ខេមបូចា អំពាវនាវដល់រដ្ឋាភិបាលឱ្យបញ្ឈប់ការប្រើប្រាស់ក្រមព្រហ្មទណ្ឌ ក្នុងការចាត់វិធានការលើអ្នកសារព័ត៌មាន ព្រមទាំងបញ្ឈប់ការចាប់ខ្លួន និងឃុំខ្លួនអ្នកសារព័ត៌មានតទៅទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។