ប្រទេសស៊ុយអែត (Sweden) ចាត់ទុកព្រឹត្តិការណ៍ថ្ងៃទី២៩ កក្កដា ថាធ្វើឡើងដោយខ្វះភាពស្របច្បាប់ ដោយសារអវត្តមានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនោះ។ ក្រុមប្រទេសប្រជាធិបតេយ្យលោកខាងលិច បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ មិនទទួលស្គាល់ការបោះឆ្នោតនេះឡើយ ដោយសារពួកគេយល់ថា វាត្រូវបានធ្វើឡើងដោយមិនសេរី និងមិនយុត្តិធម៌។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសស៊ុយអែត អ្នកស្រី ម៉ាហ្គត វ៉លស្ត្រម (Margot Wallstrom) ថ្លែងចំៗថា ព្រឹត្តិការណ៍ថ្ងៃទី២៩ កក្កដា ដែលរបបក្រុងភ្នំពេញបានរៀបចំធ្វើឡើងនោះ ជាការបោះឆ្នោតខ្វះភាពស្របច្បាប់។ អ្នកស្រីសរសេរក្នុងបណ្ដាញសង្គមធ្វីតទ័រ (Twitter) ថា កង្វះភាពស្របច្បាប់នោះ គឺដោយសារតែគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងធំជាងគេត្រូវបានរំលាយ និងមិនអនុញ្ញាតឱ្យចូលរួមការបោះឆ្នោតបាន។ អ្នកស្រីអះអាងទៀតថា ស៊ុយអែត និងសហភាពអឺរ៉ុប ជំរុញឱ្យរបបលោក ហ៊ុន សែន ស្តារប្រជាធិបតេយ្យឡើងវិញ។
នេះមិនមែនជាលើកទីមួយទេ ដែលស៊ុយអែតជាប្រទេសមានឥទ្ធិពលមួយក្នុងសហភាពអឺរ៉ុប បានថ្លែងរិះគន់ចំៗចំពោះការវិវឌ្ឍនយោបាយនៅកម្ពុជា។ កាលពីចុងឆ្នាំ ២០១៧ ក្រោយពេលរបបក្រុងភ្នំពេញបានរំលាយគណបក្សសង្គ្រោះជាតិរួចហើយនោះ ប្រទេសស៊ុយអែតបានប្រកាសពិនិត្យមើលឡើងវិញនូវទំនាក់ទំនងជាមួយកម្ពុជា ហើយសមាជិកសហភាពអឺរ៉ុបមួយនេះ បានសម្រេចលែងបង្កើតកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយរបបលោក ហ៊ុន សែន តទៅទៀត លើកលែងតែក្នុងវិស័យអប់រំ និងការស្រាវជ្រាវប៉ុណ្ណោះ។
ចំណែកអនុប្រធានអ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ហ្វាហាន ហាក (Farhan Haq) វិញ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣០ កក្កដា ថា រាល់ការបោះឆ្នោត រួមទាំងនៅកម្ពុជាផងដែរ គឺត្រូវតែមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ហើយចាំបាច់ត្រូវតែបង្កលក្ខណៈឱ្យមនុស្សគ្រប់គ្នាអាចចូលរួមបានដោយសេរី។
រហូតមកទល់នឹងពេលនេះ ក្រុមប្រទេសប្រជាធិបតេយ្យលោកខាងលិចជាច្រើនប្រទេស ដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា អូស្ត្រាលី អង់គ្លេស បារាំង និងអាល្លឺម៉ង់ ជាដើម បានចេញសេចក្ដីថ្លែងការណ៍មិនទទួលស្គាល់ការបោះឆ្នោតនេះ ថា ជាការបោះឆ្នោតពិតប្រាកដឡើយ ដោយសាររបបលោក ហ៊ុន សែន បានបង្កើតព្រឹត្តិការណ៍ជាច្រើន ដែលបំផ្លាញដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅមុនការបោះឆ្នោតមកដល់។ ហេតុការណ៍ទាំងនោះរួមមាន ការរំលាយគណបក្សសង្គ្រោះជាតិ និងហាមប្រាមថ្នាក់ដឹកនាំគណបក្សនេះចំនួន ១១៨ នាក់ មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល ៥ ឆ្នាំ ការចាប់ខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារជិត ១ឆ្នាំ ដោយគ្មានការកាត់ទោស ការធ្វើទុក្ខបុកម្នេញលើក្រុមអង្គការសង្គមស៊ីវិល និងការវាយបង្ក្រាបឥតឈប់ឈរលើសារព័ត៌មានឯករាជ្យជាដើម។ ដោយឡែកនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតវិញ គឺពោរពេញដោយការទិញទឹកចិត្ត និងការបំភិតបំភ័យវិញ។ ក្រុមមេដឹកនាំរបបក្រុងភ្នំពេញ និងអាជ្ញាធរមូលដ្ឋានបានគំរាមកំហែងពលរដ្ឋថា បើអ្នកណាមិនទៅបោះឆ្នោត អ្នកនោះនឹងត្រូវទទួលរងការដាក់ទោសទណ្ឌជាដើម។ ទង្វើអស់ទាំងនេះធ្វើឱ្យពលរដ្ឋខ្មែរបាត់បង់សំឡេង និងសិទ្ធិជ្រើសរើសរបស់ពួកគេ ក្នុងការកំណត់ជោគវាសនានៃប្រទេសរបស់ខ្លួន។
ក្រុមប្រទេសប្រជាធិបតេយ្យទាំងនេះជំរុញឱ្យរបបក្រុងភ្នំពេញ ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ តាមរយៈការដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយផ្សេងទៀត ធ្វើឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ព្រមទាំងអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិលបំពេញតួនាទីដ៏សំខាន់របស់ពួកគេដោយគ្មានការរារាំង។
ទោះបីជាយ៉ាងណា មន្ត្រីនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានអះអាងថា នេះគ្រាន់តែជាសិទ្ធិ និងការបញ្ចេញមតិរបស់ក្រុមប្រទេសទាំងនេះតែប៉ុណ្ណោះ។ លោកថា ការបោះឆ្នោតថ្ងៃទី២៩ កក្កដា ធ្វើឡើងស្របតាមគោលការណ៍ប្រជាធិបតេយ្យ ហើយពលរដ្ឋខ្មែរជាច្រើនបានចេញទៅបោះឆ្នោតសម្ដែងឆន្ទៈរបស់ខ្លួន។ លោកបន្តថា រដ្ឋាភិបាលថ្មី ជារដ្ឋាភិបាលស្របច្បាប់ និងមិនបារម្ភពីទណ្ឌកម្មរបស់ក្រុមប្រទេសលោកខាងលិចឡើយ៖ «រាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតនេះ ជារាជរដ្ឋាភិបាលស្របច្បាប់ និងផ្លូវការតំណាងឱ្យប្រជាពលរដ្ឋខ្មែរទាំងមូល។ ហើយរដ្ឋាភិបាលទាំងឡាយត្រូវតែមានកាតព្វកិច្ចមួយ ពិភាក្សា និងដោះស្រាយជាមួយនឹងរាជរដ្ឋាភិបាលនេះ ដែលមិនអាចដើរចេញពីមូលដ្ឋានគ្រឹះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងក្នុងមូលដ្ឋានទ្វេភាគី និងពហុភាគី»។
ចំណែកប្រទេសចិនដែលជាខ្នងបង្អែករបស់របបលោក ហ៊ុន សែន វិញ បានប្រកាសទទួលស្គាល់ការបោះឆ្នោតនេះ និងបានហាមប្រាមក្រុមប្រទេសលោកខាងលិច កុំឱ្យលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាផងដែរ។ របបក្រុងប៉េកាំងអះអាងថា ខ្លួននឹងបន្តផ្ដល់ជំនួយដល់របបថ្មីរបស់លោក ហ៊ុន សែន តទៅទៀត និងប្ដេជ្ញាយ៉ាងមុតមាំជួយកម្ពុជាប្រឆាំងនឹងការជ្រែកជ្រែករបស់ប្រទេសដទៃក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាផងដែរ។
ទោះជាយ៉ាងណា អ្នកវិភាគ និងអ្នកឃ្លាំមើលបញ្ហាកម្ពុជា យល់ឃើញស្របគ្នាថា ប្រទេសចិនមិនអាចជួយកម្ពុជាបានច្រើនឡើយ ប្រសិនបើក្រុមប្រទេសលោកខាងលិចពិតជាសម្រេចដាក់ទណ្ឌកម្មលើរបបលោក ហ៊ុន សែន មែននោះ ព្រោះចិនមិនមែនជាទីផ្សារសំខាន់សម្រាប់នាំចេញផលិតផលរបស់កម្ពុជាឡើយ។ កម្ពុជាពឹងពាក់ការធ្វើពាណិជ្ជកម្មតម្លៃរាប់ពាន់លានដុល្លារ នៃផលិតផលវាយនភណ្ឌ សំលៀកបំពាក់ និងស្បែកជើង ព្រមទាំងផលិតផលកសិកម្មរបស់ខ្លួន លើទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។ លើសពីនេះ កម្ពុជាក៏ទទួលបានការអនុគ្រោះពន្ធពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ ក្រោមកម្មវិធីមួយចំនួន ដូចជា GSP(Generalized System of Preferences) និង EBA (Everything But Arms) ជាដើម ដែលធ្វើឱ្យកម្ពុជារួចកាតព្វកិច្ចពន្ធរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។