សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៨ តុលា នេះ បើកសវនាការជំនុំជម្រះសំណុំរឿងចោទប្រកាន់លើជនជាប់ចោទ ដែលជាសមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី គឺអ្នកស្រី ថាក់ ឡានី ពីបទបរិហារកេរ្តិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យដឹងនៅល្ងាចថ្ងៃទី២៨ តុលា ថា សវនាការជំនុំជម្រះនេះនឹងបន្តទៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីបានធ្វើការពិភាក្សាដេញដោលទៅលើអង្គហេតុនិងភស្តុតាង រួមទាំងការសាកសួរសាក្សីចំនួន ៨ រូប រួចរាល់។
ក្នុងសវនាការនេះ ពុំមានវត្តមានអ្នកស្រី ថាក់ ឡានី ឡើយ ដោយមានតែវត្តមានមេធាវីការពារក្ដី គឺលោកមេធាវី សំ សុគង់។
អ្នកស្រី ថាក់ ឡានី ត្រូវបានមេធាវីការពារក្ដីឲ្យលោក ហ៊ុន សែន គឺលោក គី តិច ប្ដឹងពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានភាពវឹកវរ ចលាចលដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម កាលពីខែកក្កដា ឆ្នាំ២០១៦ ដែលចោទថា លោក ហ៊ុន សែន ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី។
ក្នុងបណ្ដឹងនោះ លោក គី តិច សុំឲ្យតុលាការផ្ដន្ទាទោសអ្នកស្រី ថាក់ ឡានី តាមផ្លូវច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន ១០០រៀល។
យ៉ាងណាក៏ដោយ អ្នកស្រី ថាក់ ឡានី ធ្លាប់បានថ្លែងប្រាប់អាស៊ីសេរី ថា អ្នកស្រីមិនបាននិយាយថា លោក ហ៊ុន សែន ជាអ្នកសម្លាប់បណ្ឌិត កែម ឡី នោះទេ ហើយថាឃ្លីបវីដេអូជិត ២នាទីដែលគេផ្សព្វផ្សាយតាមបណ្ដាញសង្គមនោះ ជាការកាត់តសំឡេងដើម្បីទម្លាក់កំហុសលើអ្នកស្រីតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។