មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យកករណីនៃផលវិបាក ដែលកើតចេញពីច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ មកចងក្រងជាខិត្តប័ណ្ណព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីការរឹតត្បិតលើសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា។
នៅក្នុង ខិត្តប័ណ្ណព័ត៌មាន ដែលចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបង្ហាញថា រយៈពេលពីរឆ្នាំបន្ទាប់ពីវិសោធនកម្ម លើក្រមព្រហ្មទណ្ឌកម្ពុជា មាត្រា ៤៣៧(ស្ទួន) ស្តីពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រនោះ មានករណីចំនួន ៦ ត្រូវបានចោទប្រកាន់តាមមាត្រានេះ។ ក្នុងចំណោមនោះ មានករណីចំនួន ៣ ត្រូវបានកាត់ទោស ដែលក្នុងនោះមានករណីលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលបានកាត់ទោសកាលពី ខែ ឧសភា ឆ្នាំ២០១៩ ដោយសារលោកហៅព្រះមហាក្សត្រថា ជាចំណាប់ខ្មាំង និងអាយ៉ងរបស់លោក ហ៊ុន សែន។ ចំណែកលោក អៀង ជលសា នៅភ្នំពេញ ត្រូវបានកាត់ទោស នៅខែមិថុនា ឆ្នាំ ២០១៩ ដែរ ដោយសារការបង្ហោះសារ រិះគន់ព្រះមហាក្សត្រតាមហ្វេសប៊ុក។ រីឯលោក បាន សម្ភីរ មុខរបរជាងកាត់សក់ នៅខេត្តសៀមរាប ត្រូវបានកាត់ទោស ដោយសារចែករំលែករូបភាព និងអត្ថបទលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងចេតនាប្រមាថព្រះមហាក្សត្រ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានដកស្រង់ខ្លឹមសារនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលមិនរឹតត្បិតលើសេរីភាព ខាងការបញ្ចេញមតិ ដូចអ្វីដែលមានចែងក្នុងមាត្រា ៤៣៧(ស្ទួន) នៃក្រមព្រហ្មទណ្ឌកម្ពុជានេះទេ។ កម្ពុជាជាប់កាតព្វកិច្ច អនុវត្តតាមច្បាស់សិទ្ធិមនុស្សអន្តរជាតិនេះ ដោយសារប្រទេសកម្ពុជា បានចុះហត្ថលេខា ព្រមអនុវត្តតាម។
សូម្បីតែរដ្ឋធម្មនុញ្ញកម្ពុជាមាត្រា ៤២ ក៏ចែងការពារសេរីភាពនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។