ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បង្ហាញកង្វល់យ៉ាងខ្លាំងជុំវិញការផ្ដន្ទាទោសសកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី ដោយសារតែគាត់បានជួយផលិតភាពយន្តឯកសារស្ដីពីការជួញដូរផ្លូវភេទនៅកម្ពុជា។ ក្រសួងយុត្តិធម៌ថា ស្ថានទូតអាមេរិកគួរតែផ្ដល់ជំនួយផ្នែកច្បាប់ដល់សកម្មជនរូបនេះ មិនគួរវាយតម្លៃលើការសម្រេចសេចក្ដីរបស់តុលាការកម្ពុជាឡើយ។
ស្ថានទូតអាមេរិកនៅភ្នំពេញបង្ហោះសារលើហ្វេសប៊ុក (Facebook) នៅរសៀលថ្ងៃទី២៨ មិថុនាថា ថ្នាក់ដឹកនាំសហជីព លោក រ៉ាត់ រត្នមុនី មិនទទួលបានសវនាការប្រកបដោយយុត្តិធម៌ឡើយ ហើយការដាក់ទោសរូបលោកកាន់តែធ្វើឱ្យគេបាត់ទំនុកចិត្តលើប្រព័ន្ធតុលាការកម្ពុជាថែមទៀត។
ស្ថានទូតអាមេរិកបញ្ជាក់ថា អាមេរិកគាំទ្រសិទ្ធិសេរីភាពបញ្ចេញមតិនៅទូទាំងពិភពលោក ហើយចាត់ទុកសិទ្ធិនេះ ថាជាផ្នែកមួយសំខាន់នៃអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ។ ស្ថានទូតដដែលនេះ អំពាវនាវឱ្យរបបក្រុងភ្នំពេញ អនុញ្ញាតឱ្យមនុស្សគ្រប់រូបអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិបាន ដោយមិនរងការគំរាមកំហែងពីការសងសឹកឡើយ ពីព្រោះសិទ្ធិនេះត្រូវបានការពារដោយច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ស្ថានទូតអាមេរិកក៏បានប្រាប់ទៅរបបលោក ហ៊ុន សែន ទៀតថា សេរីភាពបញ្ចេញមតិពិតជាមានសារសំខាន់ដល់ការចងក្រងឯកសារ និងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាជួញដូរមនុស្សរបស់កម្ពុជា។
តំណាងរដ្ឋាភិបាលអាមេរិកបញ្ចេញសារបែបនេះ ក្រោយពេលតុលាការក្រុងភ្នំពេញ បានកាត់ទោស លោក រ៉ាត់ រត្នមុនី ឱ្យជាប់ពន្ធនាគារ២ ឆ្នាំ និងបង់សំណងដល់ដើមបណ្តឹងរដ្ឋប្បវេណីចំនួន៧០ លានរៀល ឬស្មើនឹងជិត២ ម៉ឺនដុល្លារអាមេរិក ក្រោមបទចោទ “ញុះញង់ឱ្យមានការរើសអើង” កាលពីថ្ងៃទី២៦ មិថុនា កន្លងទៅថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចាត់ទុកការលើកឡើងរបស់ស្ថានទូតអាមេរិកនេះ ថា ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលខុសទៅនឹងគោលការណ៍ច្បាប់ និងរបៀបរបបការទូតជាអន្តរជាតិ។ លោកបញ្ជាក់ថា បើស្ថានទូតអាមេរិកគាំទ្រលោក រ៉ាត់ រត្នមុនី ស្ថានទូតគួរតែជួយជ្រោមជ្រែងផ្នែកច្បាប់ដល់សកម្មជនសិទ្ធិការងាររូបនេះ មិនគួរធ្វើអត្ថាធិប្បាយនៅលើហ្វេសប៊ុកបែបនេះឡើយ៖ «ពាក់ព័ន្ធទៅនឹងផ្នែកការទូត គឺកម្រមានអ្នកការទូតណាមួយដែលធ្វើអត្ថាធិប្បាយរបៀបនេះណាស់ គឺជាអត្ថាធិប្បាយដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងតុលាការរបស់រដ្ឋអធិបតេយ្យមួយ ធ្វើការសន្និដ្ឋានពីសេចក្ដីសម្រេចរបស់តុលាការដោយមិនមានមូលដ្ឋានច្បាប់ មិនមានសក្ខីកម្ម ឬក៏អំណះអំណាងអ្វីច្បាស់លាស់តាមផ្លូវច្បាប់ទាល់តែសោះ»។
ទោះជាយ៉ាងណា អ្នកការពារសិទ្ធិមនុស្សយល់ឃើញថា សាររបស់ស្ថានទូតអាមេរិកនេះ គឺក្នុងបំណងលើកស្ទួយសេរីភាពសារព័ត៌មាន និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ មិនមែនជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត កត់សម្គាល់ថា រដ្ឋាភិបាលកម្ពុជាច្រើនតែប្រតិកម្មបែបអវិជ្ជមានតបទៅនឹងអនុសាសន៍ទាំងឡាយរបស់សហគមន៍អន្តរជាតិ និងអង្គការសង្គមស៊ីវិលក្នុងស្រុក បើទោះជាអនុសាសន៍ទាំងនោះអាចជួយកែលម្អចំណុចខ្វះខាតរបស់រដ្ឋាភិបាលក៏ដោយ។
លោកថា សំណុំរឿងលោក រ៉ាត់ រត្នមុនី នេះ មានភាពអយុត្តិធម៌ ដោយសារតុលាការមិនបានចាត់ការទៅលើស្ថាប័នព័ត៌មាន RT ប៉ុន្តែបែរជាមកដាក់ទោសលើអ្នកបកប្រែទៅវិញ។ ម្យ៉ាងវិញទៀតថា លោកថា តុលាការក៏មិនមានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់ដែរ ប៉ុន្តែបែរជាសម្រេចឱ្យសកម្មជនសិទ្ធិការងាររូបនេះ ជាប់ពន្ធនាគារ២ ឆ្នាំ និងបង់សំណង ៧០លានរៀលទៅវិញ៖ «សូមឱ្យរដ្ឋាភិបាល និងតុលាការ លោកពិនិត្យ និងពិចារណាឡើងវិញ។ ហើយករណីនេះ យើងសង្ឃឹមថា សាលាឧទ្ធរណ៍នឹងផ្ដល់ភាពយុត្តិធម៌សម្រាប់លោក រ៉ាត់ រត្នមុនី។ ដោះលែងលោកឱ្យមានសេរីភាពឡើងវិញ ព្រោះយើងជឿជាក់ថា លោក រ៉ាត់ រត្នមុនី មិនបានប្រព្រឹត្តកំហុសដូចបានចោទប្រកាន់កន្លងមកនោះទេ»។
អាជ្ញាធររបបក្រុងភ្នំពេញបានអះអាងថា ភាពយន្តឯកសារ “ម្ដាយខ្ញុំ លក់ខ្ញុំ” ដែលលោក រ៉ាត់ រត្នមុនី បានជួយផលិតឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ីនោះ គឺជារឿងប្រឌិត ប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ និងបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា។ ហើយអាជ្ញាធរបានចោទលោកថា បានឱ្យលុយប្រភព ដើម្បីឱ្យពួកគេនិយាយប្រឌិតអំពីដំណើរជីវិតរបស់ខ្លួន នៅក្នុងភាពយន្តឯកសារនោះ។ ក៏ប៉ុន្តែ តួអង្គម្នាក់នៅក្នុងភាពយន្តឯកសារនោះ ធ្លាប់បានអះអាងប្រាប់អាស៊ីសេរីថា នាងមិនដែលទទួលបានលុយកាក់ពីលោក រ៉ាត់ រត្នមុនី ឡើយ ហើយអ្វីដែលនាងបានរៀបរាប់នៅក្នុងភាពយន្តឯកសារនោះ សុទ្ធសឹងតែរឿងពិតរបស់នាង។
ទោះជាយ៉ាងណា តុលាការមិនបានពិចារណាលើចំណុចនេះឡើយ ហើយក៏មិនបានកោះហៅភាគីសារព័ត៌មានរុស្ស៊ី RT ដែលជាម្ចាស់ស្នាដៃនោះ ឱ្យមកឆ្លើយបំភ្លឺដែរ ពោលគឺស្ថាប័នយុត្តិធម៌មួយនេះ ហាក់ព្យាយាមដាក់បន្ទុកតែទៅលើលោក រ៉ាត់ រត្នមុនី ម្នាក់ប៉ុណ្ណោះ។ ដូច្នេះតាមរយៈសាលក្រមផ្ដន្ទាទោសថ្មីៗនេះ លោកត្រូវជាប់ឃុំក្នុងពន្ធនាគារបន្តទៀត ដើម្បីឱ្យគ្រប់រយៈពេល ២ឆ្នាំ ខណៈបច្ចុប្បន្នលោកជាប់ឃុំអស់រយៈពេលជិត ៧ខែមកហើយ។
អង្គការអន្តរជាតិសំខាន់ៗ រួមមាន អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃ វ៉ច្ឆ (Human Rights Watch) និងអង្គការអ្នកកាសែតគ្មានព្រំដែន (Reporter Without Borders) ជាដើម សុទ្ធតែបានថ្កោលទោសចំណាត់ការរបស់តុលាការក្រុងភ្នំពេញ និងទាមទារឱ្យរបបលោក ហ៊ុន សែន ដោះលែងសកម្មជនសិទ្ធិការងាររូបនេះឱ្យមានសេរីភាពវិញជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។