សហគមន៍មួយនៅខេត្តសៀមរាបប្រឹងប្រែងរៀនច្បាប់ដើម្បីការពារដីខ្លួនឯងនិងដីសហគមន៍
2023.06.01
ប្រជាសហគមន៍មួយនៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាបដែលកំពុងមានជម្លោះដីធ្លីជាមួយមន្ទីរបរិស្ថាននិងយោធាភូមិភាគទី៤ កំពុងប្រឹងប្រែងរៀនច្បាប់ ទុកការពារ និង ប្តឹងបកទៅអាជ្ញាធរវិញដើម្បីការពារដីធ្លីជាកម្ម សិទ្ធិផ្ទាល់របស់ពួកគាត់ និងដីសហគមន៍។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថា ករណីដែលពលរដ្ឋចេះច្បាប់នេះ ធ្វើឱ្យអាជ្ញាធរពិសេសចៅក្រមមានការប្រុងប្រយ័ត្នក្នុងការសម្រេចអ្វីមួយលើសំណុំរឿងរបស់ប្រជាសហគមន៍នេះ។
ប្រជាសហគមន៍នៅស្រុកស្វាយលើ ខេត្តសៀមរាបលើកឡើងថា ពួកគាត់សប្បាយចិត្ត និងមិនមានការភ័យខ្លាចដូចមុនទៀតទេ ក្នុងការជជែកដេញដោលជាមួយមន្ត្រីក្នុងបន្ទប់សវនាការបន្ទាប់ពីបានស្វែងយល់ច្បាប់ និងរបៀបប្រើប្រាស់សិទ្ធិ។
នៅថ្ងៃទី៣១ ខែឧសភា ប្រជាសហគមន៍ប្រមាណ២០នាក់ បានជួបជុំគ្នានៅ មុខសាលាដំបូងខេត្តសៀមរាប ដើម្បីតាមដានសវនាការលើតំណាង របស់ពួកគេ២នាក់ ដែលប្តឹងដោយមន្ទីរបរិស្ថានខេត្តនេះ។
នៅមុខតុលាការទោះជា មានសំឡេងប្រជាសហគមន៍មួយ ចំនួនបារម្ភពីការឃាត់ខ្លួនតំណាងរបស់ពួកគាត់ក៏ដោយ ប៉ុន្តែការជជែកគ្នាភាគច្រើនតាំងពីព្រឹក ព្រលឹមរហូតដល់ថ្ងៃត្រង់គឺពួកគេនិយាយពីច្បាប់ និងសិទ្ធិសេរីភាព។
នៅម៉ោង១២ថ្ងៃត្រង់ក្នុងថ្ងៃដដែល តំណាងរបស់ពួកគេ២រូបដើរចេញពីបរិវេណសវនាការ ធ្វើឱ្យអ្នករង់ចាំនៅខាងមុខ ញញឹម និងសើចសប្បាយបើទោះបីជា អាកាសធាតុក្តៅ ហើយភាគច្រើនពួកគេហេវបាយក៏ដោយ។
តំណាងសហគមន៍ដែលចូលក្នុងបន្ទប់សវនាការលោកស្រី ស្វាយ ពៅ ថ្លែងទាំងទឹកមុខញញឹមថា លោកស្រីសប្បាយរីករាយពេលបានឈរ នៅក្នុងរង្វង់ក្រចកសេះ ហើយចៅក្រមសាកសួរ។ មូលហេតុនៃការសប្បាយលោកស្រីលើកឡើងថា ដោយសារតែបានប្រើប្រាស់ចំណេះដឹងច្បាប់ជជែកដេញដោលជាមួយភាគីមន្ទីរបរិស្ថានដែលបានចោទប្រកាន់ថា លោកស្រី និងប្រជាសហគមន៍ ផ្សេងទៀតកាប់បំផ្លាញព្រៃឈើ។
លោកស្រី ស្វាយ ពៅ៖ «មានអារម្មណ៍ថា សប្បាយរំភើប គ្រាន់តែខ្ញុំឡើងរង្វង់ក្រចកហ្នឹងខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលខ្លួនខ្ញុំមិននឹកស្មានថា ឈានមកដល់ដំណាក់កាលហ្នឹង។ សប្បាយថាយើងចេះយកច្បាប់មកប្រើដូនតាយើងបន្សល់ទុកច្បាប់ល្អៗច្រើនណាស់»។
ចំណែកតំណាង១រូបទៀតគឺ លោក សាន សិទ្ធិ ក៏បង្ហាញភាពរីករាយដែលបានជជែកតតាំងនៅក្នុងបន្ទប់សវនាការ។ លោកបន្តថា បើទោះជាខាង មន្ត្រីបរិស្ថាន លើកឡើងភស្តុតាង ខុសការពិត មកចោទប្រកាន់លើរូបលោកក៏ដោយ ក៏លោកបានវែកញែកទាញហេតុផលបង្ហាញឱ្យចៅក្រមបានដឹងដែរ។
លោក សាន សិទ្ធិ៖ «ដំណើរការល្អ ពួកខ្ញុំអត់ភ័យភិតអីទេ។ អ្វីដែលសំខាន់គឺទ្រព្យសម្បត្តិយើងពិតប្រាកដហើយយើងបានការពារហើយ។ ខាងបរិស្ថានគេចោទប្រកាន់វាខុសផ្ទុយពីដីរបស់ខ្ញុំ។ គាត់ចុះថា ព្រៃហ៊ីងចម្ងាយមួយគីឡូដីឆ្ងាយពីដីរបស់ខ្ញុំ។ ហើយគាត់ប្រមូលសំណុំរឿងប្តឹងខ្ញុំដែរលក្ខណៈថា ដីហ្នឹងដែលជាថ្ងៃ២៣បរិស្ថានចុះទៅហ្នឹងអត់បានទៅកន្លែងដីខ្ញុំដែរហើយខ្ញុំក៏អត់បាននៅកន្លែងដីខ្ញុំដែរគឺនៅពោធិ៍សាត់ឯណោះ»។
ចំណែកប្រជាសហគមន៍ដែលចាំនៅខាងមុខតុលាការ លោក ជូង ប៊ីន ឱ្យដឹងថា រូបលោកកំពុងរៀបចំពាក្យបណ្តឹងប្តឹងមន្ត្រីបរិស្ថានទៅតុលាការ ករណីរារាំងកាលពីថ្ងៃទី៣០ ខែឧសភាពេលលោកធ្វើស្រែលើដីរបស់លោក។ លោកបញ្ជាក់ថា ការរារាំងនេះ ជាការរំលោភសិទ្ធិនិងការប៉ុនប៉ង បំពានយកដីរបស់លោក។
លោក ជូង ប៊ីន៖ «គ្រាន់តែខ្ញុំបាញ់ថ្នាំហើយខ្ញុំអត់បានទៅបំផ្លាញព្រៃឈើផង។ ហើយក៏ខ្ញុំអត់បានទៅរំលោភសិទ្ធិយកដីបុគ្គលណាម្នាក់ទេ ខ្ញុំបាញ់ថ្នាំខ្ញុំអាស្រ័យផលដើម្បីជីវភាពគ្រួសាររបស់ខ្ញុំ»។
ប្រជាសហគមន៍ម្នាក់ទៀត លោកស្រី ផូ ផល ថ្លែងថា លោកស្រី ក៏ជួបបញ្ហាមន្ត្រីបរិស្ថានចុះរារាំងសកម្មភាពធ្វើស្រែចំការជាញឹកញាប់ដែរ។ ប៉ុន្តែលោកស្រីថា នៅ ពេលដែលនិយាយវែកញែកតាមផ្លូវច្បាប់មន្ត្រីទាំងនោះមិនយល់ច្បាប់ក៏ត្រឡប់ទៅវិញ។
លោកស្រី ផូ ផល៖ «ខ្ញុំសួរទៅគាត់អត់ឆ្លើយ ខ្ញុំសួរថា បើបងឯងមកធ្វើបាបពលរដ្ឋអាស្រ័យផលនេះ បើសិនជាប្រជាពលរដ្ឋអត់អីហូបបងឯងទទួលខុសត្រូវទេ? បងឯងយកច្បាប់មកប្រើបងឯងជាមន្ត្រីបរិស្ថានបងឯងការពារព្រៃឈើ ចុះបើខ្ញុំបាញ់ថ្នាំលើដីស្រលះបងឯងមករករឿងអីខ្ញុំ? បងឯងមិនឱ្យខ្ញុំអាស្រ័យផងចុះបើទាហានកាប់ និងវៃព្រៃទាំងយប់ទាំងថ្ងៃម៉េចបងឯងមិនទប់ស្កាត់ផង?»។សហគមន៍ទាំងនេះឱ្យដឹងទៀតថា ពួកគេខ្លះរៀនច្បាប់បាន៦ខែ ខ្លះរៀនបាន ក្នុងរយៈពេលតិចជាងនេះ។ ច្បាប់ដែលពួកគាត់រៀនគឺមានរដ្ឋធម្មនុញ្ញ ច្បាប់ភូមិបាល ច្បាប់អន្តរជាតិនានាស្ដីពីសិទ្ធិមនុស្ស និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាដើម។
ប្រជាសហគមន៍ទាំងនេះរៀនច្បាប់តាមរយៈការអានសៀវភៅច្បាប់ដោយខ្លួនឯង ការស្វែងយល់តាមអ៊ីនធឺណិត (Internet) និងចូលរួមការបណ្តុះបណ្តាលបន្ថែមខ្លះៗ ពីលោក ស្រ៊ុន ស្រ៊ន អ្នកផ្សព្វផ្សាយខ្លឹមសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
នៅពេលអង្គុយជុំគ្នា ពួកគាត់បានចែករំលែកសៀវភៅគ្នាទៅវិញទៅមក ដែលមើលទៅពួកគាត់ទទួលបានសៀវភៅសប្បាយរីករាយជាងទទួលបានអំណោយជាលុយទៅទៀត។
អ្នកផ្សព្វផ្សាយខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលចូលរួមឃ្លាំមើលសវនាការប្រជាសហគមន៍នៅមុខសាលាដំបូងខេត្តសៀមរាបដែរនោះ លើកឡើងថា ជាជម្រើសល្អបំផុតដែលប្រជាពលរដ្ឋប្រឹងប្រែងស្វែងយល់ពីច្បាប់និងសិទ្ធិ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួននិងជួយឱ្យជាតិរីកចម្រើន។
លោកបន្តថា មន្ត្រីមានល្អ និងមានអាក្រក់ ដូច្នេះបើពលរដ្ឋចេះច្បាប់នឹងអាចចូលរួមជាមួយមន្ត្រីល្អទប់ស្កាត់សកម្មភាពមន្ត្រីមិនល្អ ឬមន្ត្រីអាក្រក់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានដើម្បីសាកសួរបន្ថែមជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៣១ ខែឧសភា។
ទោះជាយ៉ាងណាមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស និងដីធ្លីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តសៀមរាប លោក សួស ណារិន មានប្រសាសន៍ថា ប្រជាសហគមន៍ មានជម្លោះដីធ្លីនៅស្រុកស្វាយលើទាំងនេះ ហាក់មានភាពរឹងមាំ ក្លាហាន ក្នុងការតស៊ូមតិ នៅពេលមាន ការចោទប្រកាន់ពីអាជ្ញាធរ។ លោកបន្តថា ចំណុចដែលពលរដ្ឋយល់ដឹងពីច្បាប់ និងក្លាហាននេះធ្វើឱ្យតុលាការហាក់មានការប្រយ័ត្នប្រយែង ក្នុងការសួរដេញដោល និងធ្វើសេចក្តីសម្រេចណាមួយ។
លោក សួស ណារិន៖ «ពីមុនមកអត់មានអ្នកដែលហានប្តឹងជំទាស់អីទេ អត់មានអ្នកណាហ៊ានសួរដេញដោលត្រឡប់ទៅចៅក្រមទេ។ ធ្វើឱ្យចៅក្រមប្រយ័ត្នមុនហ្នឹងចៅក្រមដាក់ទោសអីហ្នឹងគឺពិចារណាទៅលើមាត្រាច្បាប់ថា តើអាចដាក់ក្នុងកម្រិតណា ឬទម្លាក់ចោល ខ្ញុំគិតឃើញថា ចៅក្រមគេប្រយ័ត្នប្រយែង»។
លោកស្រី ស្វាយ ពៅ អំពាវនាវឱ្យប្រជាពលរដ្ឋផ្សេងទៀត ស្វែងយល់ពីច្បាប់ និងសិទ្ធិឱ្យបានច្រើន កុំឱ្យបន្ទោសតែអាជ្ញាធរ ប៉ុន្តែខ្លួនឯងមិនប្រឹងប្រែងរៀនសូត្រ។
លោកស្រី ស្វាយ ពៅ៖ «ខ្ញុំលើកទឹកចិត្តឱ្យប្រជាពលរដ្ឋយើងផ្សេងៗទៀតកុំអង្គុយចាំជឿគេ ហើយបោះបង់ច្បាប់ចោលហើយចោទថា ច្បាប់នេះចេះ ឬចុះហើយចោទថា ច្បាប់ពុករលួយមន្ត្រីពុករលួយ។ ធម្មតាច្បាប់មានហើយ មន្ត្រីពុករលួយមានតែមួយចំនួនទេ។ វាមិនអត់ទេមន្ត្រីពុករលួយសង្គមណាក៏មានដែរសំខាន់យើងពុករលួយដែរឬអត់? សំខាន់យើងជឿជាក់លើខ្លួនឯងសិនមុនថា គេពុករលួយ»។
ប្រជាសហគមន៍មានជម្លោះដីធ្លីនៅស្រុកស្វាយលើខេត្តសៀមរាបនេះ កើតឡើងតាំងពីឆ្នាំ២០១១ ដែលមានប្រជាពលរដ្ឋជាង២០០គ្រួសាររងផលប៉ះពាល់។ ក្នុងចំណោមនោះពលរដ្ឋ ដែលសកម្មប្រមាណ១០នាក់ កំពុងមានបណ្តឹង នៅតុលាការខេត្តសៀមរាប ចន្លោះពី ១ទៅ ៥បណ្តឹង ដែលភាគច្រើនពលរដ្ឋប្តឹងមន្ត្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។