ជនរងគ្រោះដែលយោធាបាញ់ដួលដេកលើវាលស្រែនៅក្នុងករណីជម្លោះដីធ្លីមួយកន្លែងនៅស្រុកអង្គស្នួលខេត្តកណ្ដាល បន្តដង្ហោយរកយុត្តិធម៌ ខណៈពេលអាជ្ញាធរមិនទាន់បង្ហាញលទ្ធភាពនៃការស្រាវជ្រាវ ឬស៊ើបអង្កេតនៅឡើយ។ មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យស្ថាប័នពាក់ព័ន្ធត្រូវពន្លឿនការស៊ើបអង្កេតស្វែងរកជនប្រព្រឹត្តយកមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងបង្កើនទំនុកចិត្តដល់ពលរដ្ឋលើស្ថាប័នមានសមត្ថកិច្ច។
គ្រួសារជនរងគ្រោះក្រីក្រមួយរស់នៅភូមិអង្គស្រែពោធិ៍ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល អះអាងថា ពួកគាត់មិនទាន់ទទួលបានយុត្តិធម៌នោះទេ និងកំពុងខ្វះខាតជីវភាព ក្រោយពេលក្រុមយោធាបាញ់គ្រប់ពិតបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលពីថ្ងៃទី៣ មិថុនា។ គាត់ បន្តស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធជួយស្វែងរកយុត្តិធម៌ ផ្តល់សំណង និងដោះស្រាយបញ្ហាវិវាទដីធ្លី ដើម្បីឲ្យគាត់មានលទ្ធភាពដោះស្រាយជីវភាពប្រចាំថ្ងៃ និងសងថ្លៃព្យាបាលរបួស។
ជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារនៅស្រុកអង្គស្នួល គឺលោក មុំ ចន្ថា ប្រាប់អាស៊ីសេរីថា អាជ្ញាធរស្រុកខេត្ត និងក្រសួង បានចុះសាកសួរព័ត៌មាននៅកន្លែងកើតហេតុដោយសន្យាស្វែងរកយុត្តិធម៌ ផ្តល់សំណងរួមទាំងសន្យា ដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ ប៉ុន្តែរហូតមកដល់ពេលនេះអាជ្ញាធរមិនទាន់ផ្តល់ដំណឹង ឬបង្ហាញលទ្ធផលស្រាវជ្រាវដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋនៅឡើយទេ។
ជនគ្រោះរូបនេះ រៀបរាប់ទៀតថា របួសរបស់លោកមិនទាន់ជាសះស្បើយទេ ដោយនៅធ្វើទុក្ខឈឺចុកចាប់ត្រង់ឆ្អឹងស្ទើររាល់ថ្ងៃ ដែលគ្រូពេទ្យប្រាប់ថា របួសនេះតម្រូវឱ្យលោកព្យាបាល និងថែទាំរយៈពេល៦ខែ។ លោកប្រាប់ទៀតថា អាជ្ញាធរបានផ្តល់ស្បៀងហារមួយចំនួនដែរ ប៉ុន្តែពេលនេះគ្រួសារលោកត្រូវការប្រាក់ជាចាំបាច់ដើម្បីសងថ្លៃព្យាបាលរបួសនេះជិត ៧រយដុល្លារ ខណៈជីវភាពគ្រួសារលោកស្ថិតក្នុងភាពក្រីក្រ។ លោកស្នើឱ្យស្ថាប័នពាក់ព័ន្ធជួយពន្លឿនស្វែងរកយុត្តិធម៌ និងផ្តល់សំណង ដើម្បីឱ្យលោកមានលទ្ធភាពបង់ថ្លៃព្យាបាលរបួស៖ «នៅខាងគាត់ជួយដោះស្រាយឱ្យខ្ញុំ សំខាន់នៅលើគាត់ហ្នឹងហ្មង ខ្ញុំពឹងផ្អែកលើគាត់ ខ្ញុំអត់ដឹងផងឃើញតែគាត់មកនាំខ្ញុំបង្ហាញកន្លែងបាញ់បោះហ្នឹងកន្លែងបាញ់ខ្ញុំហ្នឹងបង្ហាញគាត់ដីស្រែឱ្យគាត់ឃើញអស់ហើយគ្មានអីផ្តាំផ្ញើទេមានតែផ្ដាំផ្ញើឱ្យគាត់ជួយរកយុត្តិធម៌ឱ្យខ្ញុំផង»។
កាលពីថ្ងៃទី៣ មិថុនា ពលរដ្ឋជាង ៣០០នាក់ បានលើកគ្នាទៅឃាត់គ្រឿងចក្រ ដែលក្រុមយោធាបម្រុងយកទៅឈូសឆាយដីស្រែដែលកំពុងមានទំនាស់ជាមួយប្រជាពលរដ្ឋនៅភូមិអង្គស្រែពោធិ៍ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ពេលពលរដ្ឋកំពុងតវ៉ា ស្រាប់តែក្រុមយោធាបានបង្ក្រាបពលរដ្ឋ ដោយបាញ់រះគ្រាប់កាំភ្លើងពិតបណ្ដាលឱ្យពលរដ្ឋម្នាក់របួសធ្ងន់។
ឆ្លើយតបជុំវិញរឿងនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី លើកឡើងថា ការទាមទាររបស់ជនរងគ្រោះគឺជាសិទ្ធិរបស់គាត់ ហើយលោកមិនអាចបកស្រាយរឿងនេះបានទេ ដោយលោករុញឱ្យទៅសួរខាងតុលាការវិញ។ ប៉ុន្តែ លោកបញ្ជាក់ថា មកទល់ពេលនេះ អាជ្ញាធរមិនទាន់តាមចាប់ខ្លួនជនល្មើសដែលបាញ់ពលរដ្ឋឱ្យរងរបួសនៅឡើយទេ៖ « អាហ្នឹងសិទ្ធិរបស់គាត់ចង់ថាអីថាទៅសិទ្ធិរបស់គាត់ ការងារគេធ្វើគេធ្វើរបស់គេ ព្រោះកាលណាគេស្រាវជ្រាវគេមិនដែលប្រាប់ទេ មន្រ្តីនគរបាលយុត្តិធម៌ធ្វើការអីក៏ដោយ ស្ថិតក្រោមអយ្យការ » ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យតុលាការខេត្តកណ្ដាល លោក សូ សារិន និងអភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ ដើម្បីបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១២ កក្កដា ដោយលើកទូរស័ព្ទហើយចុចផ្ដាច់។
ប៉ុន្តែអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ធ្លាប់អះអាងប្រាប់អាស៊ីសេរីថា អាជ្ញាធរបានបញ្ជូនសំណុំរឿងហិង្សា ដែលយោធាបាញ់ពលរដ្ឋរងរបួសនោះដាក់ទៅតុលាការ ដើម្បីបន្តនីតិវិធីរួចហើយ។ លោកបញ្ជាក់ថា ក្រុមយោធាដែលបាញ់លើពលរដ្ឋនោះ អាជ្ញាធរមិនពិបាកកំណត់មុខសញ្ញានោះទេ ព្រោះពួកគេបំពេញការងារក្នុងនាមអង្គភាព។ លោកអះអាងថា អាជ្ញាធរខេត្តនេះ ក៏បានជួយដោះស្រាយថ្លៃព្យាបាលរបួសជនរងគ្រោះរហូតដល់ធូរស្បើយផងដែរ។
ទោះជាយ៉ាងណាជនរងគ្រោះ បញ្ជាក់ថា លោកកំពុងទន្ទឹងរង់ចាំយុត្តិធម៌ជិតពីរខែមកហើយ ប៉ុន្តែពុំទាន់មានលទ្ធផលតាមការសន្យានោះទេ។ លោក បញ្ជាក់ថា ពេលនេះលោកចង់បានសំណង ដើម្បីសងថ្លៃព្យាបាលនិងផ្គត់ផ្គង់ជីវភាពគ្រួសារ ខណៈមុខរបួសរបស់លោកមិនទាន់ជាសះស្បើយនៅឡើយ ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋម្នាក់ទៀតដែលមានវិវាទដីធ្លីជាមួយក្រុមយោធាដែរនោះ គឺលោក គីម ចន្ថា ប្រាប់ថា ក្រោយពេលយោធាបាញ់ពលរដ្ឋម្នាក់ឲ្យរងរបួស គឺអាជ្ញាធរបានសន្យាដោះស្រាយវិវាទដីធ្លីនេះជូនប្រជាពលរដ្ឋ ប៉ុន្តែពេលនេះអាជ្ញាធរពាក់ព័ន្ធមិនទាន់បង្ហាញដំណោះស្រាយដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋនោះទេ។ លោក ថាអាជ្ញាធរហាក់ព្រងើយកន្តើយជុំវិញរឿងនេះ ដែលធ្វើពលរដ្ឋអស់សង្ឃឹមនឹងការសន្យារបស់អាជ្ញាធរ។ បុរសវ័យ ៤០ឆ្នាំរូបនេះ បញ្ជាក់ថា ប្រសិនបើអាជ្ញាធរមិនផ្តល់ដំណោះស្រាយជូនពលរដ្ឋនឹងធ្វើឱ្យពួកគាត់រងគ្រោះផ្នែកជីវភាពដោយសារពួកគាត់មិនអាចចូលធ្វើស្រែលើដីនោះ៖ «ចង់ឱ្យគាត់ពន្លឿនក្នុងការដោះស្រាយហ្នឹងដើម្បីជួយប្រជាពលរដ្ឋឱ្យថាគាត់ដោះស្រាយជាគោលការណ៍បែបណានោះ សំខាន់បែបណាក៏ដោយ សំខាន់ឱ្យតែលឿនដើម្បីឱ្យគាត់ឆាប់បានដឹងបានយល់ថាគេដោះស្រាយរបៀបនេះមួយចុះមួយយើងអស់ចិត្ត គាត់ចង់បានដីហ្នឹងមកធ្វើអាស្រ័យផលវិញដែរ»។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា យល់ថាករណីនេះអាជ្ញាធរពាក់ព័ន្ធមិនពិបាកស្រាវជ្រាវឬស៊ើបអង្កេតយូរ ដើម្បីវែកមុខជនល្មើសនោះទេ ប្រសិនបើអាជ្ញាធរមានឆន្ទៈស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។ លោកមើលឃើញថាយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋរងគ្រោះដោយយោធាបាញ់ឱ្យរងរបួសហាក់នៅឆ្ងាយដែលអាចធ្វើឱ្យពួកគាត់ អស់សង្ឃឹមហើយងាករកដំណោះស្រាយសុំសំណងវិញ ប៉ុន្តែលោកបញ្ជាក់ថា ករណីនេះជារឿងព្រហ្មទណ្ឌមិនអាចដោះស្រាយសំណងរដ្ឋប្បវេណី ហើយជនល្មើសរួចខ្លួននោះទេ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ជំរុញឱ្យតុលាការវែកមុខជនល្មើសយកមកផ្ដន្ទាទោសតាមច្បាប់ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះនិងបញ្ចប់អំពើនិទ្ទណ្ឌភាព។ លើសពីនេះលោកក៏ស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ គួរពិចារណាករណីនេះដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋលើប្រព័ន្ធយុត្តិធម៌ឡើងវិញ៖ «អ្នកដែលប្រព្រឹត្តមិនអាចគេចរួចទេ ប៉ុន្តែយើងមើលទៅរឿងមួយចំនួនឱ្យតែមានពាក់ព័ន្ធបញ្ហាអ៊ីចឹងកម្រអ្នកប្រព្រឹត្តហ្នឹងទទួលទោសណាស់ ច្រើនបានសំណងអីល្មមៗ បានហើយ ប្រជាពលរដ្ឋទទួលយកហើយ អ៊ីចឹងខ្ញុំឃើញថា ទាក់ទងនឹងយុត្តិធម៌ហាក់បីដូចជានៅឆ្ងាយពីប្រជាពលរដ្ឋដែលគ្នាគ្មានអំណាច គ្នាក្រីក្រ ដែលគ្នារងគ្រោះដោយអំពើអយុត្តិធម៌ផ្សេងៗ ហ្នឹង»។
ករណីកម្លាំងយោធាចុះបង្ក្រាបពលរដ្ឋរឿងដីធ្លីឈានដល់ការបាញ់ប្រហារពលរដ្ឋនោះ តែងកើតមានជាញឹកញាប់ ដូចជា នៅខេត្តក្រចេះ ក្នុងឆ្នាំ២០១៨ និងខេត្តព្រះសីហនុ នៅឆ្នាំ២០១៩ ជាដើម។ ករណីទាំងនោះពលរដ្ឋសុទ្ធតែទទួលរងគ្រាប់កាំភ្លើងពិតរបស់ក្រុមយោធា បណ្ដាលឱ្យរងរបួសធ្ងន់ និងមានករណីខ្លះពលរដ្ឋអះអាងថា ឈានដល់ស្លាប់ផងក៏មាន ដូចជា ករណីនៅខេត្តក្រចេះជាដើម។
សង្គមស៊ីវិល និងពលរដ្ឋ ជាពិសេស ជនរងគ្រោះទាមទារឱ្យអាជ្ញាធរស៊ើបអង្កេតករណីហិង្សាបាញ់បោះលើប្រជាពលរដ្ឋនេះដោយត្រឹមត្រូវ តម្លាភាព ដោយវែកមុខជនល្មើសយកមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីលុបបំបាត់អំពើនិទណ្ឌភាព។ ពួកគាត់ក៏ស្នើឱ្យអាជ្ញាធរ បញ្ឈប់ការប្រើប្រាស់កម្លាំងប្រដាប់អាវុធបង្កហិង្សាលើជនស្លូតត្រង់បន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។