ស្ត្រីជនជាប់ចោទម្នាក់ ដែលត្រូវបានសាលាឧទ្ធរណ៍បន្ថយទោសពី ១៦៦ឆ្នាំ ឱ្យមកជាប់ទោស ១៩ឆ្នាំ នឹងប្ដឹងសាទុក្ខទៅតុលាការកំពូលបន្តទៀត ដោយសារគាត់យល់ថា ខ្លួនគ្មានទោស។ មេធាវីការពារក្ដីឱ្យស្ត្រីរូបនេះ ប្រាប់ថា នឹងជួបកូនក្ដី ដើម្បីដាក់ពាក្យប្ដឹងសាទុក្ខនៅរយៈពេល ១ខែនេះ។មេធាវីការពារក្ដីឱ្យស្ត្រីឈ្មោះ ពេជ្រ សូណែត គឺលោកមេធាវី ខៀវ តុលា ឱ្យដឹងថា កូនក្ដីរបស់លោក ត្រូវបានចោទប្រកាន់ចំនួន ៩បទល្មើស ហើយសរុបទោសត្រូវជាប់ពន្ធនាគារ ចំនួន ១៦៦ឆ្នាំ។ តែនៅថ្ងៃទី៥ កញ្ញា ចៅក្រមសាលាឧទ្ធរណ៍ បានសម្រេចប្ដូរបទចោទឱ្យកូនក្ដីលោក ចំនួន ៨សំណុំរឿង ពីបទធ្វើឱ្យមរណភាពដល់ជនរងគ្រោះ មកជាបទបរិហារកេរ្តិ៍សំណុំរឿងវិញ។ ដូច្នេះ ៨បទចោទនេះ ចៅក្រមសម្រេច ចោទប្រកាន់តែមួយបទល្មើសទេ និងដាក់ទោសពន្ធនាគារ ចំនួន ១ឆ្នាំ។
ចំណែកបទចោទទី៩ ជាបទចោទចូលរួមលួចមានស្ថានទម្ងន់ទោស ឬប្លន់ ជាមួយសង្សារ ដែលបានបាញ់តដៃសមត្ថកិច្ចនៅម្ដុំភ្នំប្រសិទ្ធិ កាលពីឆ្នាំ២០១៥។ លោកមេធាវី ខៀវ តុលា បន្តថា សរុបមក ស្ត្រីឈ្មោះ ពេជ្រ សូណែត នឹងត្រូវសាលាឧទ្ធរណ៍កាត់ក្ដីឱ្យជាប់ពន្ធនាគារ ១៩ឆ្នាំ។ តែលោកមេធាវីប្រាប់ថា កូនក្ដីរបស់លោក ឈ្មោះ ពេជ្រ សូណែត តែងអះអាងថា ខ្លួនមិនបានប្រព្រឹត្តិបទល្មើស ហើយមិនដឹងថា សង្សាររបស់នាងជាចោរប្លន់ទេ។ ដូច្នេះកូនក្ដីនឹងប្ដឹងបន្តទៅតុលាការកំពូល៖ «គាត់បញ្ជាក់ថា គាត់អត់មានប្រព្រឹត្តិ ចូលរួមប្រព្រឹត្តិទេ ហើយគាត់ក៏អត់បានដឹងថា សង្សារគាត់ជាចោរដែរ ព្រោះសង្សារគាត់ត្រូវបានសមត្ថកិច្ចបាញ់ស្លាប់ ពេលចុះប្រតិបត្តិការ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥។ អ៊ីចឹងគាត់នឹងប្ដឹងទៅតុលាការកំពូល ហើយតុលាការកំពូលត្រូវរកយុត្តិធម៌ឱ្យគាត់ ដើម្បីឱ្យគាត់មានសេរីភាពឡើងវិញ ដើម្បីជួបជុំកូនរបស់គាត់»។
សំណុំរឿងក្រុមចោរប្លន់បាញ់ តដៃជាមួយសមត្ថកិច្ច កាលពីខែធ្នូ ឆ្នាំ២០១៥ នៅម្ដុំភ្នំប្រសិទ្ធិខណ្ឌព្រែកព្នៅ មានជនជាប់ចោទ ៦នាក់ នៅរស់ និងត្រូវបានសាលាឧទ្ធរណ៍យកជំនុំជម្រះនៅថ្ងៃទី៥ កញ្ញា។ សំណុំរឿងនេះ សមត្ថកិច្ចអះអាងថា ក្រុមចោរមានគ្នា ៨នាក់ បានធ្វើសកម្មភាពបាញ់សម្លាប់ប្លន់យកម៉ូតូមួយគ្រឿង នៅខណ្ឌទួលគោក កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ២០១៥។ សមត្ថកិច្ច បានដេញក្រុមចោរប្លន់ដល់ភ្នំប្រសិទ្ធ។ ក្រុមជនសង្ស័យបានបាញ់តដៃ ហើយសមត្ថកិច្ចបានបាញ់ស្លាប់ជនសង្ស័យ ២នាក់ ម្នាក់ឈ្មោះ លីម ម្នាក់ឈ្មោះ ម៉ី។ ពួកគេម្នាក់ ជាសង្សាររបស់ស្ត្រីឈ្មោះ ពេជ្រ សូណែត។
ចៅក្រមសាលាឧទ្ធរណ៍ប្រកាសថា ជនជាប់ចោទ ៦នាក់ ដែលនៅរស់ សុទ្ធតែត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ចំនួន ៩បទល្មើស ហើយមានទោសជាប់ពន្ធនាគារពី ៦០ឆ្នាំ ដល់ ១៦៦ឆ្នាំ ក្នុងអំពើប្លន់ ដោយបាញ់សម្លាប់មនុស្សយកទ្រព្យសម្បត្តិ នៅចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៥។
ក្នុងសំណុំរឿងប្លន់សម្លាប់នេះ មានតែស្ត្រីឈ្មោះ ពេជ្រ សូណែត ដែលមានកូនតូចម្នាក់ទេ ត្រូវបានជាប់ទោសតិចឆ្នាំជាងគេ។ កូនតូចរបស់ស្ត្រីឈ្មោះ ពេជ្រ សូណែត ត្រូវបានអាជ្ញាធរប្រគល់ឱ្យទៅអង្គការឈ្មោះ ការអភិវឌ្ឍន៍កុមារកម្ពុជា នៅខេត្តកណ្ដាល ទទួលមើលថែ។ ជនជាប់ចោទ ២នាក់ ឈ្មោះ អេង អាហ្វីន និងឈ្មោះ អ៊ឹម សុភ័គ្រ ត្រូវបានសាលាឧទ្ធរណ៍ប្រកាសឱ្យរួចក្នុងបទចោទទាំង៩បទល្មើស ហើយត្រូវដោះលែង ខណៈជនជាប់ចោទ ៣នាក់ទៀត គឺស្ត្រីឈ្មោះ ញ៉ែម កន្និថា បុរសឈ្មោះ ប៉ែន ចំណាប់ និង សេត ម៉ាន់រ៉ូហ្សិត ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី ៣២ឆ្នាំ ដល់ ៦១ឆ្នាំ។
អនុប្រធានអង្គការលីកាដូ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោក អំ សំអាត យល់ថា ការសម្រេចស្រូបទោសលើករណីស្ត្រីឈ្មោះ ពេជ្រ សូណែត ជាសាលដីកាយុត្តិសាស្ត្រ (គំរូ) សម្រាប់ឱ្យមន្ត្រីតុលាការ ប្រើក្នុងករណីប្រហាក់ប្រហែលគ្នាលើកក្រោយ និងមិនត្រូវចេះតែចោទប្រកាន់មិនត្រឹមត្រូវតាមច្បាប់ឡើយ៖ «សាលដីកាយុត្តិសាស្ត្រមួយ សម្រាប់ពិនិត្យទៅលើរឿងក្រោយទៀតថា ការចោទប្រកាន់ខ្លះហ្នឹងវាអត់ត្រឹមត្រូវ ទៅតាមផ្លូវច្បាប់ទេ អាចធ្វើការពិចារណាប្ដូរបទចោទ ឬក៏អាចធ្វើការលើកលែងបទចោទអ្វី បានន័យថា មនុស្សគ្រប់ ឬក៏ជនជាប់ចោទទូទៅទាំងអស់ ដើម្បីកុំឱ្យមានការចោទប្រកាន់ពីរឿងការអនុវត្តស្តង់ដារ២ ថា រឿងដូចគ្នា ហេតុអ្វីអ្នកនេះជាប់ច្រើន អ្នកនោះជាប់តិច។ រឿងខ្លះ វាហាក់ដូចជាមិនមានភស្តុតាង ហេតុអ្វីត្រូវបានចោទប្រកាន់ ឬកាត់ទោសធ្ងន់ធ្ងរ។ អានេះ ជាសាលដីកាយុត្តិសាស្ត្រសម្រាប់ការពិចារណាទៅលើរឿងផ្សេងៗ»។
សំណុំរឿងស្ត្រីឈ្មោះ ពេជ្រ សូណែត នេះ ទទួលបានការជ្រោមជ្រែងផ្នែកច្បាប់ និងស្នើសុំឱ្យពន្លឿននីតិវិធីពីគណៈកម្មាធិការសិទ្ធិមនុស្សនៃរបបក្រុងភ្នំពេញ។ គណៈកម្មការនេះ នឹងជួយជ្រោមជ្រែង សំណុំរឿងនេះ នៅតុលាការកំពូលទៀត ដោយសារក្រុមមេធាវីយល់ថា ស្ត្រីឈ្មោះ ពេជ្រ សូណែត មិនពាក់ព័ន្ធនឹងអំពើប្លន់សម្លាប់ជនរងគ្រោះ នៅខណ្ឌទួលគោក កាលពីឆ្នាំ២០១៥ នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។