មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) និងមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ចូលខ្លួនបំភ្លឺក្នុងឋានៈជាសាក្សី តាមដីកាកោះរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងរឿងតវ៉ារបស់ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនៅក្រុងប៉ោយប៉ែត កាលពីពេលកន្លងទៅ។ អង្គការសង្គមស៊ីវិល ហៅការកោះហៅរបស់តុលាការនេះ ថាជាការរារាំងដំណើរការលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សនៅកម្ពុជា។
មន្ត្រីស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក បានប្រតិកម្មភ្លាមៗបន្ទាប់ពីមន្ត្រីការពារសិទ្ធិមនុស្សទាំង ២នាក់ ចូលទៅបំភ្លឺនៅសាលាដំបូងខេត្តបន្ទាយមានជ័យ តាមកាលកំណត់។
ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ដែលបានចុះឃ្លាំមើលការចូលបំភ្លឺរបស់មន្ត្រីអង្គការទាំងពីរ មានប្រសាសន៍នៅថ្ងៃទី២៩ កុម្ភៈ ថា តុលាការខេត្តបន្ទាយមានជ័យ មិនគួរកោះហៅមន្ត្រីការពារសិទ្ធិមនុស្សធ្វើជាសាក្សី ក្នុងរឿងតវ៉ារបស់ប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅក្រុងប៉ោយប៉ែត នោះឡើយ។ លោកអះអាងថា អ្នកទាំងពីរបំពេញការងារកន្លងមកក្នុងនាមជាសកម្មជនការពារសិទ្ធិមនុស្ស ដើម្បីឃ្លាំមើលសកម្មភាពរបស់ពលរដ្ឋ និងអាជ្ញាធរ ក្រែងកើតមានការប្រើអំពើហិង្សាដាក់គ្នា ក្នុងពេលតវ៉ារបស់ប្រជាពលរដ្ឋប៉ុណ្ណោះ៖ « នេះជាការរំខាន និងជាការរុកកួនដល់អ្នកការពារ សិទ្ធិមនុស្ស ដែលធ្វើឲ្យយើងពិបាក បំពេញការងារ ដោយឯករាជ្យ»។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក គឺលោក ស៊ុំ ច័ន្ទគា និងមន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ ខេត្តបន្ទាយមានជ័យ លោក ភួន ឈិត ត្រូវបានសាលាដំបូងខេត្ត កោះហៅទៅសាកសួរក្នុងនាមជាសាក្សី រឿងការតវ៉ារបស់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត កាលពីខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ។
លោក ភួន ឈិន មានប្រសាសន៍ថា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានសាកសួររូបលោកជាងមួយម៉ោង ពាក់ព័ន្ធនឹងរឿងការទំនាក់ទំនងជាមួយក្រុមអ្នកតវ៉ាដោយរបៀបណា ហើយបានដឹងរឿងរ៉ាវអ្វីខ្លះចំពោះការតវ៉ារបស់ប្រជាពលរដ្ឋទាំងនោះ ជាដើម៖ « ខ្ញុំគិតថាតុលាការ កោះហៅ ខ្ញុំនេះ មានផ្នែកខ្លះក៏អាចជាការ គំរាមកំហែង មកលើយើងដែរ ប៉ុន្តែយើងស្វាគមន៍នឹងចូលទៅបំភ្លឺនៅសាលាដំបូង » ។
ទាក់ទងនឹងបញ្ហានេះ ប្រធានតុលាការខេត្តបន្ទាយមានជ័យ លោក ជឺ សុខ មានប្រសាសន៍យ៉ាងខ្លីថា លោកពុំទាន់ក្ដាប់រឿងការកោះហៅមន្ត្រីអង្គការសង្គមស៊ីវិលទាំង ២នាក់ ពាក់ព័ន្ធនឹងសំណុំរឿងអ្វីច្បាស់លាស់នៅឡើយ៖ « តាមធម្មតា នីតិវិធីរបស់ចៅក្រមយើងអត់ថាគាត់ត្រូវចាត់ការយ៉ាងម៉េចអីយ៉ាងម៉េចទេ។ ខ្ញុំក៏អត់បានទទួលព័ត៌មាននោះដែរ » ។
ទោះជាយ៉ាងណាក៏ដោយ ដីកាកោះហៅ ចុះហត្ថលេខាដោយ លោក ឡូយ ចាន់ត្រា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។ ដីកានេះកោះហៅ លោក ស៊ុំ ច័ន្ទគា និងលោក ភួន ឈិន ឲ្យបង្ហាញខ្លួនក្នុងឋានៈជាសាក្សី ពាក់ព័ន្ធនឹងសំណុំរឿងពីបទរារាំង ឬប្រើប្រាស់មធ្យោបាយធ្វើឲ្យកកស្ទះចរាចរណ៍សាធារណៈ និងពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។