មន្ត្រីអង្គការសិទ្ធិមនុស្ស និងពលរដ្ឋនៅឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ គ្រោងចូលរួមស្ដាប់សវនាការរបស់សកម្មជនបក្សប្រឆាំង និងជាសមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គឺលោក សោម សារាវុត ពីបទកាប់រុករានដីព្រៃបម្រុងទុក នៅចុងខែកញ្ញា។ លោក សោម សារាវុត ចោទមេឃុំស្នាអន្សា ថាជាអ្នករឹបអូសដីពលរដ្ឋ និងជាដើមហេតុក្នុងរឿងនេះ។
បើពុំមានការប្រែប្រួលទេ ប្រធានចៅក្រមជំនុំជម្រះ លោក ម៉ៅ ស៊ីណា នឹងបើកសវនាការនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ដើម្បីស្ដាប់ការឆ្លើយដោះសារបស់តំណាងពលរដ្ឋ។
តំណាងពលរដ្ឋ និងជាគ្រូបង្រៀននៅអនុវិទ្យាល័យមួយក្នុងស្រុកក្រគរ គឺលោក សោម សារាវុត ឲ្យដឹងថា ដើមហេតុក្នុងរឿងនេះ គឺដោយសារកាលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១២ មេឃុំស្នាអន្សា លោក មោក កោ និងកម្លាំងសមត្ថកិច្ចចម្រុះ បានចុះកាប់បំផ្លាញផលដំណាំ និងរឹបអូសដីពលរដ្ឋទៅធ្វើជាដីព្រៃសហគមន៍ស្នាអន្សា។ តាំងពីពេលនោះមក រូបលោក និងគ្រួសារខ្លះទៀតបានប្ដូរស្លាប់រស់ ឬជាប់គុកដោយចូលទៅកាប់ឆ្ការព្រៃលើដីដែលអាជ្ញាធរបានរឹបអូសនោះ ដើម្បីបង្កបង្កើនផលស្រូវ។
លោក សោម សារាវុត៖ «សហគមន៍ខ្ញុំគ្រោងនឹងទៅទាំងអស់គ្នា ចង់ដឹងថា តើសវនាការហ្នឹងគេសម្រេចយ៉ាងណាមកលើរូបខ្ញុំ? សូមអំពាវនាវអង្គការជាតិ និងអន្តរជាតិជួយចូលរួមឃ្លាំមើលសវនាការរបស់ខ្ញុំនៅថ្ងៃទី២៩ ហើយបើតុលាការមានភាពមិនប្រក្រតីទៀត សូមឲ្យសហគមន៍អន្តរជាតិមេត្តាដាក់ទោសដល់ប្រព័ន្ធតុលាការស្រុកខ្មែរឲ្យបានធ្ងន់ធ្ងរ»។
ឆ្លើយតបបញ្ហានេះ មេឃុំស្នាអន្សា លោក មោក កោ បញ្ជាក់ថា រដ្ឋបាលព្រៃឈើ គឺជាដើមបណ្ដឹងក្នុងសំណុំរឿងនេះ ខណៈដែលអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរថ្នាក់ជាតិផង បានពិនិត្យមើលគ្រប់លទ្ធភាពក្នុងការដោះស្រាយ ប៉ុន្តែលោក សោម សារាវុត នៅតែមិនព្រមទទួលយក។ លោកថា ការពិតមានពលរដ្ឋតែ ៦គ្រួសារប៉ុណ្ណោះមានដីកាន់កាប់ជាក់ស្ដែងប្រមាណ ៣ហិកតារ ប៉ុន្តែបានបំបែកឈ្មោះទៅជា ២១គ្រួសារ៖ «ក្រុមការងារចម្រុះមានតាំងពីខាងបរិស្ថាន រដ្ឋបាលព្រៃឈើ សុរិយោដី និងឯកឧត្ដម ហ៊ុន មានិត បានចុះពិនិត្យមើលដីហ្នឹងមិនត្រូវឲ្យគាត់កើត ព្រោះដីព្រៃដីគាត់ចាប់លក់ អ៊ីចឹងគេឲ្យដោះដូរចេញទៅ»។
លោកបន្ថែមថា អាជ្ញាធរនៅតែប្រកាន់ជំហរដោះស្រាយជូនពលរដ្ឋ ដោយដូរដីនៅក្បែរគ្នានោះក្នុងមួយឈ្មោះទំហំ ១ហិកតារ ខណៈប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតបានទទួលយកការដោះស្រាយនេះ។ លោកថា រូបលោកពុំមានសិទ្ធិទៅរឹបអូសដីពលរដ្ឋនោះទេ ប៉ុន្តែរដ្ឋាភិបាលបានប្រកាសកាត់ដីព្រៃទំហំ ៣០០ហិកតារ ទុកជាដីព្រៃសហគមន៍ក្នុងឃុំ ដោយក្នុងនោះកាត់ចេញពីដីក្រុមហ៊ុនចិនដែរ។
មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ខេត្តពោធិ៍សាត់ លោក អេង ឈុនហាន ថ្លែងថា ខាងលោកបានផ្ដល់មេធាវីដល់លោក សោម សារាវុត ហើយនឹងផ្ដល់ព័ត៌មានទៅបណ្ដាអង្គការដៃគូ ដើម្បីចូលរួមស្ដាប់សវនាការនេះ។
លោករំលឹកថា ក្រុមការងារលោកបានចុះអង្កេតដល់ទីតាំងដីមានជម្លោះនោះនៅមុនពេលដែលអាជ្ញាធរកាត់ទៅជាដីព្រៃសហគមន៍ ឃើញថា ទីតាំងនោះជាប្រភេទដីវាលដោយដុំ និងមានដំណាំរបស់ពលរដ្ឋ៖ «ប៉ុន្តែគ្រាន់ថា ការអាស្រ័យផលរបស់គាត់ ធ្វើស្រែចម្ការបានម្ដុំៗ មិនមែនបានឈូសឆាយមានទ្រង់ទ្រាយដូចស្រែយើងនៅតាមទីវាលទេ ព្រោះដីវាព្រៃច្រើន»។
លោក សោម សារាវុត ជាសកម្មជនគណបក្សសង្គ្រោះជាតិ សមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាគ្រូបង្រៀនដែលចេញមុខតវ៉ារឿងដីធ្លីដ៏សកម្មម្នាក់នៅក្នុងស្រុកក្រគរ។ សកម្មភាពលោកបានធ្វើឲ្យអាជ្ញាធរ និងអ្នកមានលុយខ្លះមិនពេញចិត្ត និងរករឿងចោទប្រកាន់ជាបន្តបន្ទាប់។ លោកក៏ធ្លាប់ជាប់គុករយៈពេល ១ខែ ១៨ថ្ងៃ ក្រោមបទចោទឆបោកទាក់ទងរឿងម្ដាយលោកលក់ដីមួយកន្លែងកាលពីពេលកន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។