តុលាការ​ខេត្ត​ពោធិ៍សាត់​គ្រោង​បើក​សវនាការ​​លើ​សកម្មជន​បក្ស​ប្រឆាំង​ពី​បទ​រុករាន​ដី​ព្រៃ

0:00 / 0:00

មន្ត្រី​អង្គការ​សិទ្ធិមនុស្ស និង​ពលរដ្ឋ​នៅ​ឃុំ​ស្នាអន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ គ្រោង​ចូល​រួម​ស្ដាប់​សវនាការ​របស់​សកម្មជន​បក្ស​ប្រឆាំង និង​ជា​សមាជិក​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ គឺ​លោក សោម សារាវុត ពី​បទ​កាប់​រុករាន​ដី​ព្រៃ​បម្រុង​ទុក នៅ​ចុង​ខែ​កញ្ញា។ លោក សោម សារាវុត ចោទ​មេ​ឃុំ​ស្នាអន្សា ​ថា​ជា​អ្នក​រឹបអូស​ដី​ពលរដ្ឋ និង​ជា​ដើម​ហេតុ​ក្នុង​រឿង​នេះ។

បើ​ពុំ​មាន​ការ​ប្រែប្រួល​ទេ ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ លោក ម៉ៅ ស៊ីណា នឹង​បើក​សវនាការ​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ដើម្បី​ស្ដាប់​ការ​ឆ្លើយ​ដោះសា​របស់​តំណាង​ពលរដ្ឋ។

តំណាង​ពលរដ្ឋ និង​ជា​គ្រូ​បង្រៀន​នៅ​អនុវិទ្យាល័យ​មួយ​ក្នុង​ស្រុក​ក្រគរ គឺ​លោក សោម សារាវុត ឲ្យ​ដឹង​ថា ដើម​ហេតុ​ក្នុង​រឿង​នេះ គឺ​ដោយសារ​កាល​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១២ មេ​ឃុំ​ស្នាអន្សា លោក មោក កោ និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​កាប់​បំផ្លាញ​ផល​ដំណាំ និង​រឹប​អូស​ដី​ពលរដ្ឋ​ទៅ​ធ្វើ​ជា​ដី​ព្រៃ​សហគមន៍​ស្នាអន្សា។ តាំង​ពី​ពេល​នោះ​មក រូប​លោក និង​គ្រួសារ​ខ្លះ​ទៀត​បាន​ប្ដូរ​ស្លាប់​រស់ ឬ​ជាប់​គុក​ដោយ​ចូល​ទៅ​កាប់​ឆ្ការ​ព្រៃ​លើ​ដី​ដែល​អាជ្ញាធរ​បាន​រឹប​អូស​នោះ ដើម្បី​បង្កបង្កើន​ផល​ស្រូវ។

លោក សោម សារាវុត៖ «សហគមន៍​ខ្ញុំ​គ្រោង​នឹង​ទៅ​ទាំង​អស់​គ្នា ចង់​ដឹង​ថា តើ​សវនាការ​ហ្នឹង​គេ​សម្រេច​យ៉ាង​ណា​មក​លើ​រូប​ខ្ញុំ? សូម​អំពាវនាវ​អង្គការ​ជាតិ និង​អន្តរជាតិ​ជួយ​ចូល​រួម​ឃ្លាំមើល​សវនាការ​របស់​ខ្ញុំ​នៅ​ថ្ងៃ​ទី​២៩ ហើយ​បើ​តុលាការ​មាន​ភាព​មិន​ប្រក្រតី​ទៀត សូម​ឲ្យ​សហគមន៍​អន្តរជាតិ​មេត្តា​ដាក់​ទោស​ដល់​ប្រព័ន្ធ​តុលាការ​ស្រុក​ខ្មែរ​ឲ្យ​បាន​ធ្ងន់ធ្ងរ»

ឆ្លើយ​តប​បញ្ហា​នេះ មេ​ឃុំ​ស្នាអន្សា លោក មោក កោ បញ្ជាក់​ថា រដ្ឋបាល​ព្រៃឈើ គឺ​ជា​ដើម​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ ខណៈ​ដែល​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ថ្នាក់​ជាតិ​ផង បាន​ពិនិត្យ​មើល​គ្រប់​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ ប៉ុន្តែ​លោក សោម សារាវុត នៅ​តែ​មិន​ព្រម​ទទួល​យក។ លោក​ថា ការ​ពិត​មាន​ពលរដ្ឋ​តែ ៦​គ្រួសារ​ប៉ុណ្ណោះ​មាន​ដី​កាន់កាប់​ជាក់​ស្ដែង​ប្រមាណ ៣​ហិកតារ ប៉ុន្តែ​បាន​បំបែក​ឈ្មោះ​ទៅ​ជា ២១​គ្រួសារ៖ «ក្រុម​ការងារ​ចម្រុះ​មាន​តាំង​ពី​ខាង​បរិស្ថាន រដ្ឋបាល​ព្រៃឈើ សុរិយោដី និង​ឯកឧត្ដម ហ៊ុន មានិត បាន​ចុះ​ពិនិត្យ​មើល​ដី​ហ្នឹង​មិន​ត្រូវ​ឲ្យ​គាត់​កើត ព្រោះ​ដី​ព្រៃ​ដី​គាត់​ចាប់​លក់ អ៊ីចឹង​គេ​ឲ្យ​ដោះ​ដូរ​ចេញ​ទៅ»

លោក​បន្ថែម​ថា អាជ្ញាធរ​នៅ​តែ​ប្រកាន់​ជំហរ​ដោះស្រាយ​ជូន​ពលរដ្ឋ ដោយ​ដូរ​ដី​នៅ​ក្បែរ​គ្នា​នោះ​ក្នុង​មួយ​ឈ្មោះ​ទំហំ ១​ហិកតារ ខណៈ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​បាន​ទទួល​យក​ការ​ដោះស្រាយ​នេះ។ លោក​ថា រូប​លោក​ពុំ​មាន​សិទ្ធិ​ទៅ​រឹបអូស​ដី​ពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ប្រកាស​កាត់​ដី​ព្រៃ​ទំហំ ៣០០​ហិកតារ ទុក​ជា​ដី​ព្រៃ​សហគមន៍​ក្នុង​ឃុំ ដោយ​ក្នុង​នោះ​កាត់​ចេញ​ពី​ដី​ក្រុមហ៊ុន​ចិន​ដែរ។

មន្ត្រី​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន ថ្លែង​ថា ខាង​លោក​បាន​ផ្ដល់​មេធាវី​ដល់​លោក សោម សារាវុត ហើយ​នឹង​ផ្ដល់​ព័ត៌មាន​ទៅ​បណ្ដា​អង្គការ​ដៃគូ ដើម្បី​ចូល​រួម​ស្ដាប់​សវនាការ​នេះ។

លោក​រំលឹក​ថា ក្រុម​ការងារ​លោក​បាន​ចុះ​អង្កេត​ដល់​ទីតាំង​ដី​មាន​ជម្លោះ​នោះ​នៅ​មុន​ពេល​ដែល​អាជ្ញាធរ​កាត់​ទៅ​ជា​ដី​ព្រៃ​សហគមន៍ ឃើញ​ថា ទីតាំង​នោះ​ជា​ប្រភេទ​ដី​វាល​ដោយ​ដុំ និង​មាន​ដំណាំ​របស់​ពលរដ្ឋ៖ «ប៉ុន្តែ​គ្រាន់​ថា ការ​អាស្រ័យ​ផល​របស់​គាត់ ធ្វើ​ស្រែ​ចម្ការ​បាន​ម្ដុំៗ មិន​មែន​បាន​ឈូស​ឆាយ​មាន​ទ្រង់ទ្រាយ​ដូច​ស្រែ​យើង​នៅ​តាម​ទី​វាល​ទេ ព្រោះ​ដី​វា​ព្រៃ​ច្រើន»

លោក សោម សារាវុត ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ សមាជិក​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​គ្រូ​បង្រៀន​ដែល​ចេញ​មុខ​តវ៉ា​រឿង​ដីធ្លី​ដ៏​សកម្ម​ម្នាក់​​នៅ​ក្នុង​ស្រុក​ក្រគរ។ សកម្មភាព​លោក​បាន​ធ្វើ​ឲ្យ​អាជ្ញាធរ និង​អ្នក​មាន​លុយ​ខ្លះ​មិន​ពេញ​ចិត្ត និង​រក​រឿង​ចោទ​ប្រកាន់​ជា​បន្តបន្ទាប់។ លោក​ក៏​ធ្លាប់​ជាប់​គុក​រយៈ​ពេល ១​ខែ ១៨​ថ្ងៃ ក្រោម​បទ​ចោទ​ឆបោក​ទាក់ទង​រឿង​ម្ដាយ​លោក​លក់​ដី​មួយ​កន្លែង​កាល​ពី​ពេល​កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។