អ្នកវិភាគថា សេចក្តីព្រាងច្បាប់កំណត់សញ្ជាតិតែមួយ គឺធ្វើឡើងដោយខ្វះការពិចារណា និងជាការមើលងាយដល់អង្គព្រះមហាក្សត្រខ្មែរ ដែលមានសញ្ជាតិលើសពីមួយ។
ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលក្រុមប្រឹក្សាធម្មនុញ្ញ គ្រោងបើកកិច្ចប្រជុំពេញអង្គជាបន្ទាន់មួយ នៅព្រឹកថ្ងៃទី ១១ ខែ តុលានេះ ដើម្បីពិនិត្យ និងរៀបចំសេចក្តីទូលថ្វាយព្រះមហាក្សត្រ លើសេចក្តីព្រាងច្បាប់នេះ។
សេចក្តីព្រាងច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ ចំពោះមេដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ត្រូវបានមេដឹកនាំនៃរបបឯកបក្សលោក ហ៊ុន សែន សម្រុកឲ្យរៀបចំធ្វើរួចរាល់ ត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ។ លោក ហ៊ុន សែន អះអាងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី ០៨ ខែ តុលា ថាទាល់តែអ្នកទាំងនោះ មានសញ្ជាតិខ្មែរតែមួយ ទើបង្ហាញពីភាពស្មោះត្រង់ និងស្នេហាជាតិពិតប្រាកដ << វា មាន ផលប្រយោជន៍ រយៈពេល វែង សម្រាប់ កម្ពុជា ដើម្បី បញ្ចៀស នូវ ការ ជ្រៀតជ្រែក ពី បរទេស និង បង្ហាញ ភក្ដីភាព ចំពោះ ជាតិ មាតុភូមិ ។ ហេតុអ្វីបានជា មិន ហ៊ាន យក សញ្ជាតិ តែមួយ ?>> ។
ការស្នើច្បាប់ដែលចាត់ទុកជាការប្រញាប់នេះ ត្រូវបានធ្វើឡើងក្នុងពេលដែលព្រះមហាក្សត្រខ្មែរ ដែលជាមនុស្សកំពូលផុតលេខ និងជាអ្នកមើលការខុសត្រូវលើស្ថាប័នជាតិកំពូលៗជាច្រើននោះ មានសញ្ជាតិលើសពីមួយ។
ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី មានសញ្ជាតិខ្មែរ បារាំង និងសញ្ជាតិឆេកូ ដែលជាសញ្ជាតិកិត្តយស។
រដ្ឋធម្មនុញ្ញកម្ពុជា បានចែងអំពីព្រះរាជតួនាទីកំពូលៗជាច្រើនថ្នាក់ជាតិ សម្រាប់ព្រះអង្គ ដូចជា តួនាទីជាព្រះប្រមុខរដ្ឋ (មានចែងក្នុងមាត្រា ៧) ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ (មាត្រា ២៣)ជាព្រះអធិបតីនៃឧត្ដមក្រុមប្រឹក្សាការពារជាតិ (មាត្រា ២៤ នៃរដ្ឋធម្មនុញ្ញ) ជាប្រធាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរ៍ភាពជាតិ (មាត្រា ៨) ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី ធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ (មាត្រា ៨) និងមានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈ ឲ្យមានភាពទៀងទាត់ (មាត្រា ៩) ជាដើម។
អ្នកវិភាគនយោបាយ និងបញ្ហាសង្គម លោក គឹម សុខ ដែលហ៊ាននិយាយរិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់ និងកំពុងរស់នៅនិរទេសខ្លួន នៅប្រទេសហ្វាំងឡង់ (Finland) ថាច្បាប់នេះមិនត្រឹមតែគ្មានបានប្រយោជន៍អ្វីសម្រាប់ជាតិតែប៉ុណ្ណោះនោះទេ ប៉ុន្តែឥឡូវវាគឺជាការប្រមាថលើអង្គព្រះមហាក្សត្រទៅទៀត បើទោះបីជារដ្ឋធម្មនុញ្ញមាត្រា ៧ ចែងថាព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ << ចំណុចទីមួយគឺមើលងាយព្រះមហាក្សត្រតែម្ដង ពេលដែលលោក ហ៊ុន សែន និងក្រុមរបស់គាត់បញ្ជាក់ថា ទាល់តែអ្នកមានសញ្ជាតិខ្មែរតែមួយ ទើបជាមនុស្សដែលស្នេហាជាតិនោះណា៎! ដូច្នេះព្រះមហាក្សត្រសញ្ជាតិលើសពីមួយ មិនស្នេហាជាតិទេអ៊ីចឹង? ជាការមើលងាយចំ ចំពោះព្រះមហាក្សត្រ។ ទីពីរការយកច្បាប់ហ្នឹងទៅថ្វាយព្រះមហាក្សត្រសុំយោបល់ ឬក៏ថ្វាយយោបល់ពីព្រះមហាក្សត្រហ្នឹង មិនមែនយកទៅថ្វាយព្រះមហាក្សត្រដើម្បីសុំយោបល់ទេ។ មែនទែនទៅគឺជាការព្រមានព្រះមហាក្សត្រ>>។
ការព្រមានព្រះមហាក្សត្រនេះ លោក គឹម សុខ ចង់សំដៅលើការដាក់សម្ពាធពីលោក ហ៊ុន សែន ទៅលើអង្គព្រះមហាក្សត្រ ឲ្យជួយបន្តសម្របសម្រួលទំនាក់ទំនងកម្ពុជាជាមួយចិន ដោយសារព្រះមហាក្សត្រខ្មែរ មានប្រវត្តិកសាងចំណងទាក់ទងជិតស្និទ្ធជាមួយប្រទេសកុម្មុនិស្តមួយនេះ តាំងពីយូរលង់ណាស់មកហើយ។
លោក ហ៊ុន សែន ដែលអះអាងថា លោកស្មោះស្ម័គ្រប្តូរផ្តាច់ការពាររាជបល្ល័ង្គនោះ ធ្លាប់បានព្រមានរម្លាយរបបរាជានិយមចោលម្តងរួចទៅហើយ នៅពេលដែលព្រះមហាក្សត្រ មិនព្រមឡាយព្រហត្តលេខាលើសន្ធិសញ្ញាបំពេញបន្ថែមរឿងព្រំដែនកម្ពុជា-វៀតណាម កាលពីឆ្នាំ២០០៥ << ខ្ញុំនិយាយជាមួយសម្ដេចក្រុមព្រះហើយថា ព្រះអង្គខ្ញុំនិយាយជាមួយឯកឧត្ដម ស៊ុន ចាន់ថុល នែ! កុល ផេង នែ! អ៊ឹង កន្ថាផាវី នែ! ស៊ីសុវត្ថិ ប៉ាណារ៉ា លើយន្តហោះ ហើយខ្ញុំប្រាប់សម្ដេចក្រុមព្រះពេលជួបតាមទូរស័ព្ទថា ព្រះអង្គ! បើលើកនេះវាពិបាកស៊ីញ៉េត្រូវពិនិត្យឡើងវិញ យើងគួរទុករាជានិយម ឬធ្វើសាធារណរដ្ឋ ឲ្យវាមានប្រធានាធិបតីតែម្ដង ឬហោចណាស់ដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ នូវមាត្រាណាមួយដែលកាលណាដាក់ទៅ ក្នុងរង្វង់ប៉ុន្មានថ្ងៃត្រូវចុះហត្ថលេខា ឬឡាយព្រះហស្តលេខា បើមិនដូច្នោះទេ គឺនឹងចូលជាធរមាន>>។
ដូចគ្នានេះដែរ អ្នកវិភាគនយោបាយមួយរូបទៀត យល់ស្របថាច្បាប់នេះ គ្មានបានការអ្វី ក្រៅតែពីបំពេញចិត្តលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទប់អារម្មណ៍ក្រេវក្រោធមិនបាន បែរជាច្រឡោទខឹងលោក សម រង្ស៊ី ហើយជ្រុលទៅប៉ះពាល់ដល់អង្គព្រះមហាក្សត្រ ដែលមានសញ្ជាតិលើសពីមួយនោះដែរ។
អ្នកវិភាគនយោបាយឯករាជ្យ និងចាស់វស្សាលោកបណ្ឌិត ឡៅ ម៉ុងហៃ ថាការ ប៉ះពាល់ដល់អង្គព្រះមហាក្សត្រនេះ កើតឡើងដោយការមិនបានគិតពិចារណាវែងឆ្ងាយរបស់មេដឹកនាំខ្មែរ និងការហៃអើតាមគ្នា តាមការបញ្ជាពីថ្នាក់លើឲ្យធ្វើញ្ញត្តិគាំទ្រសេចក្តីស្នើច្បាប់ដែលឥតបានការនេះ << ប្រតិកម្ម និងខឹងទៅ សម រង្ស៊ី ទោសៈហ្នឹងគឺធ្វើឲ្យគាត់ហ្នឹងមិនបានគិតវែងឆ្ងាយ។ ដូច្នេះមនុស្សតែកាលណាយើងខឹង យើងមានទោសៈ អាហ្នឹងហើយគេហៅថាមោឃវាបាំង វាបាំងគំនិតបញ្ញាយើងហ្នឹង!>>។
សេចក្តីព្រាងច្បាប់នេះ មានញ្ញត្តិគាំទ្រព្រោងព្រាតពីគ្រប់មជ្ឈដ្ឋាន សូម្បីតែខាងសហព័ន្ធស្រូវអង្ករកម្ពុជា ដែលសេចក្ដីព្រាងច្បាប់នេះ មិនពាក់ព័ន្ធគ្នាអ្វីទាល់តែសោះក៏ដោយ ក៏ចេញញ្ញត្តិគាំទ្រនឹងគេដែរ។ ជាងនេះទៅទៀតសូម្បីតែតុលាការដែលស្ថាប័នត្រូវឯករាជពីរដ្ឋាភិបាលនោះ ក៏ចេញញ្ញត្តិគាំទ្រច្បាប់នេះដែរ។
ប៉ុន្តែ បើតាមលិខិតរបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ០៦ ខែ តុលា ដែលចុះហត្ថលេខាដោយលោក សាយ ឈុំ បានណែនាំឲ្យក្រសួង ស្ថាប័នរាជធានីខេត្តនីមួយៗ រួមទាំងកងកម្លាំងប្រដាប់អាវុធផង ជួយចាត់ចែងធ្វើញ្ញត្តិនេះ។
នេះមិនមែនជាលើកទីមួយទេ ដែលរបបក្រុងភ្នំពេញ ធ្វើច្បាប់សម្រាប់តែសំដៅលើមនុស្សម្នាក់។ របបនេះធ្លាប់ធ្វើច្បាប់កំណត់សញ្ជាតិតែមួយនេះដែរ សម្រាប់ស្ថាប័នជាតិរៀបចំការបោះឆ្នោត (គជប) ដោយរារាំងកុំឲ្យអ្នកស្រី ពុង ឈីវហ្កិច ដែលកាលណោះជាប្រធានអង្គការលីកាដូ អាចធ្វើជាសមាជិក គជប បាន ព្រោះអ្នកស្រីមានសញ្ជាតិពីរ គឺសញ្ជាតិខ្មែរ និងបារាំង។ របបនេះ ក៏ធ្លាប់ធ្វើច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម សំដៅធ្វើទុកបុកម្នេញលោក កឹម សុខា និងធ្វើច្បាប់ឯកពន្ធភាព ដើម្បីធ្វើបាបសម្ដេចក្រុមព្រះនរោត្តមរណឫទ្ធិជាដើម។
ឥឡូវច្បាប់នេះ កំពុងរំកិលទៅមុខយ៉ាងប្រញាប់ ដែលអាចនឹងត្រូវអនុម័តក្នុងពេលឆាប់ៗ។ ព្រះមហាក្សត្រ បើទោះបីជាព្រះអង្គសព្វ និងមិនសព្វព្រះរាជហឫទ័យ ក៏លោក គឹម សុខ ថាព្រះអង្គប្រហែលជាគ្មានជម្រើសអ្វីក្រៅពីបង្ខំព្រះទ័យ ចុះហេត្ថលេខាលើច្បាប់នេះនោះដែរ ព្រោះគេចងច្បាប់បិទផ្លូវរបស់ព្រះអង្គរួចទៅហើយ << បើយើងផ្អែកតាមរដ្ឋធម្មនុញ្ញ ទោះបីព្រះអង្គឡាយឬមិនឡាយព្រះហត្តលេខា មិនមែនជាកំហុសរបស់ព្រះអង្គទេ ព្រោះរដ្ឋធម្មនុញ្ញ តម្រូវឲ្យព្រះអង្គត្រូវតែឡាយព្រះហត្តលេខាពីសំណើរបស់រដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា>>។
ប៉ុន្តែបើទោះបីជាព្រះមហាក្សត្រ មិនឡាយព្រហ្តលេខាលើច្បាប់នោះ ក៏មានមនុស្សម្នាក់ទៀតរបស់គណបក្សកាន់អំណាច ដែលជាប្រមុខរដ្ឋស្តីទី ចាំចុះហត្ថលេខាជំនួសព្រះអង្គបានដែរ នៅពេលអវត្តមានព្រះមហាក្សត្រ។
ឧត្ដមទីប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រខ្មែរ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា ព្រះរាជាបច្ចុប្បន្ន ដូចជាប់ឃុំឃាំងក្នុងវាំង និងមិនអាចប្រើប្រាស់ព្រះរាជសិទ្ធិ តួនាទីនិងការទទួលខុសត្រូវសំខាន់ៗ ជាច្រើនបាន ព្រោះស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល មិនបានអនុវត្តឲ្យស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការលើកស្ទួយស្ថាប័នព្រះមហាក្សត្រនោះឡើយ។
ឧត្ដមទីប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ លោក សឺន ស៊ូប៊ែរ្តិ៍ បញ្ជាក់ថា អង្គព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី កុំថាឡើយកិច្ចការដោះស្រាយបញ្ហាជាតិធំៗ សូម្បីតែសេរីភាព ក្នុងការបំពេញព្រះរាជកិច្ច ដូចជាគ្រាន់តែចុះសួរសុខទុក្ខប្រជារាស្រ្តនៅកន្លែងណា ទៅតាមការសព្វព្រះរាជហឫទ័យរបស់ព្រះអង្គ ក៏ទ្រង់មិនអាចធ្វើបានផង គឺទ្រង់មិនដែលបានទៅតាមព្រះទ័យលោកនោះទេ។
ទោះជាយ៉ាងនេះក្ដី សេចក្តីព្រាងច្បាប់ដែលលោក ហ៊ុន សែន ប៉ុនប៉ងធ្វើដើម្បីបិទផ្លូវលោក សម រង្ស៊ី មិនឲ្យឡើងធ្វើជានាយករដ្ឋមន្រ្តីនេះ ប៉ុន្តែប៉ះពាល់ដែលអាចដល់ស្ថាប័នព្រះមហាក្សត្រដែរនោះ ឥឡូវត្រូវអ្នកឃ្លាំមើលសង្គម ថាអាចកំពុងប្រឈមនឹងកំណាត់ផ្លូវរលាក់មួយ ក្រោយលោក សម រង្ស៊ី ប្រកាសថា លោកអាចលាពីសញ្ជាតិបារាំងមួយរំពេច ដើម្បីកាន់តំណែងជានាយករដ្ឋមន្រ្តី ពេលគណបក្សប្រឆាំងឈ្នះឆ្នោត ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។