អ្នក​​វិភាគ​​ថា ​​​ការ​​មិន​​ឱ្យ​ចៅក្រម​​ចូល​បក្ស​នយោបាយ​​អាច​​ជួយ​​ពង្រឹង​​អំណាច​​ព្រះ​មហាក្សត្រ​​

0:00 / 0:00

អ្នក​ជំនាញ​កិច្ច​ការច្បាប់ និង​ជាអ្នក​វិភាគ​នយោបាយបណ្ឌិត​ ឡៅ​ ម៉ុងហៃ ​លើកឡើង​ថា​ ​បើ​អ្នក​មាន​​អំណាច​​និង​ស្ថាប័ន​​ពាក់​ព័ន្ធ ​​ដូច​ជា​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​ឯករាជ្យ​​ ដូច​ច្បាប់​ចែង នោះនឹង​​គាំទ្រ​ដល់ការ​​​​​ថ្វាយ​ព្រះ​មហាក្សត្រ​​កាន់​តែ​មាន​​កិត្តិនាម​និង​ជា​ទី​សក្ការៈ​បូជា​ខ្ពង់ខ្ពស់។ លោក​បណ្ឌិត​បន្ត​ថា​ ​​​ការ​គាំទ្រ​សមស្រប​នោះ គឺ​ការ​​ធ្វើ​ច្បាប់​ហាម ​ចៅក្រម​ ព្រះរាជអាជ្ញា​ មន្ត្រី​នគរបាល​​យុត្តិធម៌​​ជា​ដើម ​មិន​ឱ្យ​ចូល​ជា​សមាជិក​គណបក្ស​នយោបាយ​។​ លោក​ថា​ ការ​ហាមឃាត់​ប្រើប្រាស់​ឥទ្ធិពល​នយោបាយ​លើ​ប្រព័ន្ធ​តុលាការនេះ គឺ​​ដើម្បី​ធានា​ឯករាជ្យ​​របស់​អំណាច​តុលាការ​។​

បណ្ឌិត​ ឡៅ​ ម៉ុងហៃ​ លើកឡើង​បែបនេះ​ តាមហ្វេសប៊ុក​របស់​លោក ​​​ក្នុង​ឱកាស​​ថ្ងៃ​បុណ្យ​​ចម្រើន​ព្រះ​ជន្មគម្រប់​ ៦៩ ​ព្រះ​វស្សារបស់​ព្រះ​មហាក្សត្រ​ ព្រះបាទ​ នរោត្ដម​ សីហមុនី​ ​កាល​ពី​ថ្ងៃទី​១៤ ខែ​ឧសភា​។ សារ​របស់​អ្នក​វិភាគចាស់​វស្សារូបនេះ ក៏ធ្វើ​ឡើងបន្ទាប់ពី​ព្រះ​មហាក្សត្រ​ បានចេញ​ព្រះរាជក្រឹត្យ​ផ្ទេរ​និង​តែងតាំងចៅក្រម ​និង​​ប្រធាន​​តុលាការ​ចំនួន​ ៨៩ ​រូប ​ពី​​ក្រុង​ភ្នំពេញ​ឱ្យ​ទៅ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​និង​ពី​តាម​បណ្ដា​ខេត្ត​​មក​ទីក្រុង​ភ្នំពេញ​វិញផងដែរ។

ជាទូទៅ ចៅក្រម និង​ប្រធាន​តុលាការ​ ទាំងនៅសាលាដំបូង សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល ច្រើន​តែ​​ជាសមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ករណី​នេះ​ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​វាយ​តម្លៃថា ជាការ​ធ្វើ​ឱ្យ​បាត់​ឯករាជ្យភាព​របស់​ស្ថាប័ន​តុលាការ ព្រោះចៅក្រមទាំងនោះនឹង​សម្រេច​សេចក្តីទៅតាម​ការ​ចង់បាន​របស់​មេបក្ស​របស់​ខ្លួន ជាពិសេស​ក្នុង​សំណុំ​រឿង​ដែល​មាន​ចរិត​នយោបាយ។ ជាឧទាហរណ៍ ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិជាដើម គឺ​ប្រធាន​តុលាការ​កំពូល​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះលោក ឌិត មន្ទីរ ​គឺជាសមាជិក​គណៈកម្មាធិការអចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ស្របពេលចៅក្រម​ប្រឹក្សា​ខ្លះទៀត រួម​ទាំង​​អគ្គព្រះរាជអាជ្ញា អ្នក​ស្រី ជា លាង ផង គឺ​ជាសមាជិក​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្សនេះ។

អាស៊ីសេរី​ មិន​ទាន់​អាច​សុំការ​ឆ្លើយ​តបរឿងនេះ​ពីអ្នកនាំពាក្យ​រដ្ឋាភិបាលលោក​ ផៃ ស៊ីផាន និង​អ្នក​នាំពាក្យ​​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រមលោក សំ ប្រជាមានិត បាន​ទេ​នៅថ្ងៃទី​១៥ ខែឧសភា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ រីឯអ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ ឈឹម​ ផលវរុណ​​​ ​និយាយ​យ៉ាង​ខ្លី​ថា​ រដ្ឋធម្មនុញ្ញ​​បាន​ផ្ដល់​សិទ្ធិ​អំណាច​ធំធេង​ដល់​ព្រះមហាក្សត្រ៖ « ដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​​ បាន​ផ្ដល់​ព្រះរាជ​តួនាទី​ធំ​ណាស់​​ថ្វាយ​អង្គ​ព្រះ​មហាក្សត្រ​ ប៉ុន្តែ​ សិទ្ធិ​អំណាច​នោះ​ មិន​មែន​​ជា​សិទ្ធិ​អំណាច​នយោបាយ​ទេ​ ជា​សិទ្ធិ​​អំណាច​ប្រមុខ​រដ្ឋ​អព្យាក្រឹត្យ​​ ​ដើម្បី​ធានា​នូវ​ដំណើរ​ការ​និង​យន្តការ​រដ្ឋ​ឱ្យ​រលូន​ល្អ​ »។

ជុំវិញរឿងនេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បីអភិវឌ្ឍន៍ និង​សន្តិភាព​លោក យង់ គិមអេង យល់ថា ការហាម​ចៅក្រម​ ព្រះរាជអាជ្ញា​ មន្ត្រី​នគរបាល​​យុត្តិធម៌​​​ជា​ដើម ​មិន​ឱ្យ​ចូល​ជា​សមាជិក​គណបក្ស​នយោបាយ នោះនឹង​ជួយ​ឱ្យ​ការអនុវត្ត​អំណាច​នីតិប្បញ្ញត្តិ អំណាច​នីតិ​ប្រតិបត្តិ និងតុលាការ ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​​ដូច​ច្បាប់​ចែង​។​ លោក​បន្ត​ថា​ ​បើ​អំណាច​ទាំង​បីនេះចែក​ដាច់​ដោយឡែក​ពី​គ្នា នោះ​នឹង​ធ្វើ​ឱ្យការ​​អនុវត្ត​ច្បាប់ រួម​ទាំងការ​បំពេញ​ការងារ​របស់​មន្ត្រីទាំងនោះ​ ស្របតាម​វិជ្ជាជីវៈ​ ដែល​ជា​ការបម្រើ​ប្រយោជន៍​សាធារណៈ ​ឬ​ប្រយោជន៍ជាតិ​៖ «បើ​កាល​ណា​អាជ្ញាធរ​​សាធារណ​គាត់​ទទួល​​ប្រាក់​ខែ​ពី​ប្រជាពលរដ្ឋ​​​គាត់​លម្អៀង​រក​គណបក្ស​នយោបាយ​គឺ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​លោក​មាន​បញ្ហា​​ការ​មិន​សប្បាយ​ឬ​ធ្វើ​ឱ្យ​មាន​​ទំនាស់»។

​រដ្ឋធម្មនុញ្ញ​ចែង​ថា ព្រះមហាក្សត្រ​ទ្រង់​គ្រង​រាជ​សម្បត្តិ និង​មិន​កាន់​អំណាចទេ។​ ប៉ុន្តែ​ទ្រង់​ជា​ព្រះប្រមុខរដ្ឋ​មួយ​ជីវិតនិង​មាន​ព្រះរាជ​តួនាទី​សំខាន់ៗ​មួយ​ចំនួនដូចជា ​ព្រះអង្គ​ជាព្រះប្រធាន​​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម និងជា​ព្រះប្រធាន​ឧត្ដម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ។ ជាង​នេះ​ទៅ​ទៀត នៅ​ពេល​ប្រទេស​មាន​បញ្ហា​ផ្នែក​នយោបាយ ​ព្រះអង្គ​មាន​តួនាទី​ដ៏​ខ្ពង់ខ្ពស់​ជា​អាជ្ញាកណ្ដាល និង​រក្សា​សន្តិសុខ​សាធារណៈពីព្រោះ​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និរន្តរភាព​ជាតិ។ ជាមួយគ្នានេះ ​ទ្រង់ក៏​ជា​អ្នកធានា​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ និងការ​គោរព​សន្ធិសញ្ញា​អន្តរជាតិជាដើម។ ​

ទោះ​យ៉ាង​ណា ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​បាន​រិះគន់ថា ​​រដ្ឋាភិបាល​លោក​ ហ៊ុន សែន មិន​បាន​ចូលរួម​ជ្រោមជ្រែងព្រះមហាក្សត្រ​​ឱ្យ​បំពេញព្រះរាជ​តួនាទី​ទាំង​នេះ​​បាន​​​ពេញ​លេញតាមរដ្ឋ​ធម្មនុញ្ញ​​នោះទេ។ ​ជាងនេះទៅទៀតនោះ យូរៗម្តង លោក ហ៊ុន សែន បាន​ប្រើពាក្យ​សម្តី​បែបប្រមាថលើព្រះមហាក្សត្រ​ថែម​ទៀត ដូច​ជាថា ម៉ែឪស្តេច​ក៏លោកមិន​ខ្លាចដែរ។ លោក ហ៊ុន សែន ​ថែម​ទាំងបាន​គំរាម​រំលាយ​របបរាជានិយម​ចោល​ទៀតផង។

​​​​អតីតឧត្ដម​ទីប្រឹក្សា​ផ្ទាល់​នៃ​ព្រះមហាក្សត្រ លោក សឺន ស៊ូប៊ែរ្តិ៍ ធ្លាប់​បាន​លើកឡើង​ថា ព្រះរាជា​បច្ចុប្បន្ន​ដូចជាប់​ឃុំ​ក្នុង​វាំង​ និង​មិន​អាច​ប្រើប្រាស់​ព្រះរាជ​សិទ្ធិ តួនាទី និង​ការទទួលខុសត្រូវ​សំខាន់ៗជាច្រើន ព្រោះ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​មិនបាន​អនុវត្ត​ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​ក្នុង​ការ​លើកស្ទួយ​ស្ថាប័ន​ព្រះ​មហាក្សត្រ​​នោះ​ឡើយ៕