អង្គភាពប្រឆាំងអំពើពុករលួយ ដាក់ចេញយុទ្ធនាការត្រួតពិនិត្យមើលការផ្ដល់សេវាសាធារណៈល្អ នៅថ្នាក់ក្រោមជាតិ សម្រាប់គោលដៅសំខាន់ៗ មួយចំនួន នៅឆ្នាំ២០២០ ដើម្បីអបអរទិវាជាតិ និងអន្តរជាតិ ប្រឆាំងអំពើពុករលួយឆ្នាំ២០១៩ នេះ។ អ្នកឃ្លាំមើលថា បើមានតែគោលការណ៍ ហើយគ្មានយន្តការអនុវត្ត នឹងមិនអាចធ្វើឲ្យ អំពើពុករលួយ ក្នុងវិស័យសេវាសាធារណៈ ថ្នាក់ក្រោមជាតិ មានភាពប្រសើរឡើយ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង លើឡើងក្នុងសារលិខិតអបអរទិវាជាតិនិងអន្តជាតិ ប្រឆាំងអំពើពុករលួយ ៩ ធ្នូ ឆ្នាំ២០១៩ ថា ការលើកកម្ពស់គុណភាព និងប្រសិទ្ធិភាព នៃសេវាសាធារណៈ ដើម្បីបង្កើនទំនុកចិត្តដល់ពលរដ្ឋ។ ប្រធានបទសម្រាប់អបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ឆ្នាំនេះ គឺ រួមគ្នាលើកស្ទួយការផ្ដល់សេវាសាធារណៈល្អ។ ដើម្បីឲ្យប្រធានបទនេះ មានប្រសិទ្ធិ អង្គភាពប្រឆាំងអំពើពុករលួយ បានដាក់ចេញយុទ្ធនាការត្រួតពិនិត្យការងារផ្ដល់សេវាសាធារណៈ ពេញ១ ឆ្នាំ ២០២០ នៅអង្គភាពផ្ដល់សេវាថ្នាក់ក្រោមជាតិតាមគោលដៅ និងលើកវិធានការបន្ថែមទៀត។ យុទ្ធនាការត្រួតពិនិត្យលើការផ្ដល់សេវាសាធារណៈល្អ ចាប់ផ្ដើមអនុវត្តនៅតាមសង្កាត់ទាំង៧ នៃខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អាស៊ីសេរី បានព្យាយាមសុំការបញ្ជាក់បន្ថែមពី ប្រធានអង្គភាព លោក ឱម យ៉ិនទៀង និងអនុប្រធាន លោក ឆាយ សាវុធ ច្រើនដង នៅថ្ងៃទី៩ ធ្នូ តែពួកលោក មិនទទួលទូរស័ព្ទ។
ប្រធានអង្គការគណៈកម្មាធិការប្រឆាំងអំពើពុករលួយ អ្នកស្រី ម៉ម ស៊ីថា យល់ឃើញថា ការដាក់ចេញគោលការណ៍ត្រួតពិនិត្យមើល ការផ្ដល់សេវានៅថ្នាក់ក្រោមជាតិ ជារឿងល្អ។ ប៉ុន្តែ បើគ្មានយន្តការ ក្នុងការអនុវត្តទេ នោះគោលការណ៍ប្រឆាំងអំពើពុករលួយនៅឆ្នាំនេះ ក៏មិនខុសពីគោលការណ៍ ដែលធ្លាប់ដាក់ចេញ ហើយមិនទទួលបានប្រសិទ្ធិដែរ។ អ្នកស្រី ម៉ម ស៊ីថា សង្កេតឃើញថា ការប្រឆាំងអំពើពុករលួយគ្មានភាពប្រសើរឡើយ ពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកស្រី សោកស្ដាយ ចំពោះអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានប្រារព្ធទិវាប្រឆាំងអំពើពុករលួយរាល់ឆ្នាំ តែអំពើពុករលួយនៅគ្រប់វិស័យ គ្រប់ថ្នាក់ គ្រប់ច្រកល្ហក នៅតែមិនបានថយចុះ ពិសេសអំពើពុករលួយលើការអភិវឌ្ឍន៍ ការកិបកេងជាតិ អំពើពុករលួយឆ្លងដែន ពុករលួយផ្នែកនយោបាយ ផ្នែកយុត្តិធម៌ និងរដ្ឋបាលសាធារណៈជាដើម។
អ្នកឃ្លាំមើលអំពើពុករលួយរូបនេះ ពន្យល់ថា អំពើពុករលួយមិនចាំបាច់តែការស៊ីសំណូកទេ ការរកស៊ីទុច្ចរិត និងការប្រើប្រាស់អំណាចរំលោភច្បាប់ គំរាមកំហែងពលរដ្ឋ ដើម្បីទទួលបានប្រយោជន៍ ក៏ចាត់ទុកជាអំពើពុករលួយដែរ។ អ្នកស្រី ម៉ម ស៊ីថា សង្កេតឃើញថា ពលរដ្ឋនៅតែមានភាពទន់ខ្សោយ រងការភ័យខ្លាចពីឥទ្ធិពលអំពើពុករលួយ ហើយការផ្សព្វផ្សាយឲ្យពលរដ្ឋបានយល់ពីបញ្ហាពុករលួយ ក៏គ្មានភាពទូលំទូលាយដែរ។ ចំណែកសកម្មភាពរបស់អង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលវិញ អ្នកស្រី សង្កេតឃើញថា មានសកម្មភាពសស្រាក់សស្រាំ តែគ្មាននិយាម គ្មានស្តង់ដារច្បាស់លាស់ អនុវត្តច្បាប់ប្រឆាំងអំពើពុករលួយមិនស្មើភាពគ្នា និងមិនហ៊ានអនុវត្តច្បាប់លើអ្នកមានអំណាចធំៗ៖ « ពាក់ព័ន្ធអាផលប្រយោជន៍ទាំងអស់ហ្នឹងឯង គឺជាពុករលួយហើយ កុំចាំតែស៊ី និងសូក បានហៅពុករលួយ។ ទង្វើអសីលធម៌ រំលោភបំពានច្បាប់ រំលោភសិទ្ធិមនុស្ស រំលោភច្បាប់ រំលោភសីលធម៌សង្គម នោះហើយ ពុករលួយ»។
ពលរដ្ឋម្នាក់ ដែលអះអាងថា រងគ្រោះបាត់បង់ដីធ្លី ដោយសារ អំពើពុករលួយ នៅតំបន់បឹងកក់ គឺ លោកស្រី ផាន់ ឈុនរ៉េត និយាយថា គ្រួសារលោកស្រី និងពលរដ្ឋតំបន់បឹងកក់ ច្រើនទៀត បានរងគ្រោះដល់សព្វថ្ងៃ ដោយសារអំពើពុករលួយ ជាប្រព័ន្ធ ពីគម្រោងអភិវឌ្ឍន៍បឹងកក់។ លោកស្រី អះអាងថា ថ្វីត្បិតតែតំបន់បឹងកក់ បានអភិវឌ្ឍន៍ស្ទើររួចរាល់ទាំងស្រុង តែស្នាមដិតដាម និងទុក្ខសោកវេទនា នៃអំពើ ពុករលួយឃុបឃិតគ្នា បង្ខំឲ្យពលរដ្ឋទទួលយកសំណងមិនសមរម្យ មិនអាចធ្វើឲ្យពលរដ្ឋបឹងកក់ បំភ្លេចអំពើពុករលួយនេះ បានទេ។ លោកស្រី ថា អ្នកមានជម្លោះដីធ្លីនៅបឹងកក់ នឹងបន្តការតវ៉ាទាមទារបន្តទៀត ដើម្បីប្រឆាំងនឹងអំពើពុករលួយកាលនោះ ហើយទាមទារយកសំណងសមរម្យ៖ « ខ្ញុំយល់ថា អ៊ីចឹង ហើយប្រជាពលរដ្ឋរងគ្រោះវេទនាចង់ងាប់ហើយ គាត់អត់ខ្វល់ហ្នឹង។ ពួកខ្ញុំធ្លាប់មានផ្ទះ ហើយឥឡូវមកស្នាក់នៅជាមួយកូនហ្នឹង អ៊ីចឹងបានន័យថា ខ្ញុំទុក្ខសោកវេទនា ព្រោះអំពើពុករលួយនេះឯង»។
អង្គការតម្លាភាពពិភពលោក (Transparency International) បានដាក់ចំណាត់ថ្នាក់កម្ពុជា នៅបាតតារាង សម្រាប់ឆ្នាំ២០១៨ គឺជាប់លេខទី១៦១ ក្នុងចំណោមប្រទេសចំនួន១៨០ នៅលើពិភពលោក ដែលមានអំពើពុករលួយអាក្រក់ខ្លាំង។ អង្គការអន្តរជាតិមួយនេះ រកឃើញ អំពើពុករលួយនៅកម្ពុជា បណ្ដាល មកពីប្រព័ន្ធច្បាប់ មានភាពទន់ខ្សោយ ខ្វះតម្លាភាពព័ត៌មានអំពីការចំណូលចំណាយថវិកាជាតិ ខ្វះតម្លាភាពនៃការគ្រប់គ្រងធនធានធម្មជាតិ មានការរឹតត្បិតសេរីភាពសារព័ត៌មាន និងការធ្វើទុក្ខបុកម្នេញ ដល់ក្រុមអង្គការសង្គមស៊ីវិលជាដើម។
យោងតាមអង្គការអន្តរជាតិមួយនេះ ចំណាត់ថ្នាក់អំពើពុករលួយ សម្រាប់ឆ្នាំ២០១៨ គឺកម្ពុជា មានពិន្ទុអន់ជាងបណ្ដាប្រទេសទាំងឡាយ ក្នុងតំបន់អាស៊ានសម្រាប់រយៈពេលបីឆ្នាំជាប់ៗ គ្នាមកហើយ គឺមានអំពើពុករលួយខ្លាំង ជាងប្រទេសមីយ៉ាន់ម៉ា ភូមា ប្រទេសឡាវ និង វៀតណាម ទៅទៀត។ ប៉ុន្តែរបបក្រុងភ្នំពេញ បានស្ដីបន្ទោសថា របាយការណ៍ស្ដីពីកម្ពុជាមិនល្អ គឺបង្កើតឡើងដើម្បីបម្រើផលប្រយោជន៍នយោបាយគណបក្សប្រឆាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។