គណៈរដ្ឋមន្ត្រីលោក ហ៊ុន សែន កាលពីថ្ងៃទី១៥ ឧសភា បានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ចំនួនពីរ ដើម្បីប្រឆាំងនឹងអំពើសម្អាតប្រាក់ ឬលាងលុយកខ្វក់ និងអំពើហិរញ្ញប្បទានភេរវកម្ម។ ការអនុម័តសេចក្តីព្រាងច្បាប់ទាំងពីរនេះ កើតមានឡើង ក្នុងរយៈពេលតែ ១សប្តាហ៍ ក្រោយគណៈកម្មាការអឺរ៉ុប ដាក់បញ្ចូលប្រទេសកម្ពុជាក្នុងបញ្ជីខ្មៅ នៃក្រុមប្រទេសលាងលុយកខ្វក់ ដែលនឹងចូលជាធរមាននៅខែតុលា ខាងមុខ។
សេចក្តីព្រាងច្បាប់ទាំងពីរដែលត្រូវគណៈរដ្ឋមន្ត្រីលោក ហ៊ុន សែន អនុម័តទាំងស្រុងដោយគ្មានការកែប្រែនោះ គឺសេចក្ដីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្តីព្រាងច្បាប់ស្តីពីការ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ដោយមិននិយាយចំឈ្មោះទៅលើគណៈកម្មាការអឺរ៉ុប និងស្ថាប័នឃ្លាំមើលអំពើលាងលុយកខ្វក់ប្រចាំតំបន់ និងពិភពលោក អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក ក្រោយគណៈរដ្ឋមន្ត្រីអនុម័តច្បាប់ទាំងនោះ ថា ការប្រឹងប្រែងធ្វើច្បាប់ទាំងពីរនេះ មិនមែនដើម្បីបំពេញចិត្តអង្គភាពណានោះទេ។ ក៏ប៉ុន្តែ លោកថា នេះជាការប្រឹងប្រែងរបស់រដ្ឋាភិបាល និងធនាគារជាតិ ដើម្បីអនុលោមតាមលក្ខខណ្ឌជាសមាជិករបស់ក្រុមប្រទេស អាស៊ីប៉ាស៊ីហ្វិក ស្តីពីការសម្អាតប្រាក់ ឬហៅថា APG។
ខ្លឹមសារលម្អិត និងទោសទណ្ឌចែងក្នុងសេចក្តីព្រាងច្បាប់ទាំងពីរនេះ នៅមិនទាន់ចែកចាយ ជាសាធារណៈនៅឡើយទេ។ ក៏ប៉ុន្តែ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃ សម័យប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី សេចក្តីព្រាងច្បាប់នេះ នឹងធានាការប្រឆាំង ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ក្នុងនោះមានការកំណត់ពីវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់បញ្ហានេះ។
ដោយឡែក ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្មវិញ ធ្វើឡើងដោយបញ្ចូលខ្លឹមសារច្បាប់ចាស់ដែលមានស្រាប់កាលពីឆ្នាំ២០០៧ រួមទាំងវិសោធនកម្មឆ្នាំ២០១៣ និងដាក់បញ្ចូលយុទ្ធសាស្ត្រជាតិឆ្នាំ២០១៩-២០២៣។ ខ្លឹមសារសំខាន់ដែលមានបន្ថែមក្នុងច្បាប់ថ្មីនេះ រួមមានការកំណត់ឱ្យបានច្បាស់លាស់ នូវនិយមន័យនៃពាក្យបច្ចេកទេសពាក់ព័ន្ធនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ការបង្កើនកម្រិតពិន័យជាសាច់ប្រាក់ក្នុងទោសព្រហ្មទណ្ឌ និងការបន្ថែមនិតីវិធី នៃវិធានការយកចិត្តទុកដាក់ស្គាល់អតិថិជនជាដើម។ ក្នុងនោះមានការបន្ថែមការដាក់ ទោសទណ្ឌ និងការចែងលម្អិតពីការបង្កក ការឃាត់ទុក និងការរឹបអូស។ សេចក្តីប្រកាសព័ត៌មានរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី ថា ការធ្វើច្បាប់នេះឡើងវិញ គឺដើម្បីឆ្លើយតបនឹងកង្វះខាតមូលដ្ឋាន គតិយុទ្ធបន្ថែម និងលក្ខខណ្ឌនៃផែនការសកម្មភាព១៤ចំណុច ដាក់ចេញដោយក្រុមការងារ ហិរញ្ញវត្ថុ FATF ដែលជាស្ថាប័នឃ្លាំមើលអំពើលាងលុយកខ្វក់សាកល។

លោក ផៃ ស៊ីផាន ថា កម្ពុជាត្រូវអនុវត្តតាមផែនការសកម្មភាពដាក់ចេញដោយស្ថាប័ន FATF ដោយត្រូវមានច្បាប់ប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ឱ្យបានមុនដំណាច់ខែឧសភា ឆ្នាំ២០២០នេះ និងធ្វើច្បាប់ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឡើងវិញ ឱ្យបានមុនដំណាច់ខែកញ្ញា ឆ្នាំ២០២០នេះ។
មន្ត្រីសង្គមស៊ីវិល ផ្នែកតម្លាភាព ប្រឆាំងអំពើពុករលួយ និងអ្នកជំនាញកិច្ចការអន្តរជាតិ ធ្លាប់លើកឡើងថា ការមានតែក្របខណ្ឌច្បាប់ប្រឆាំងអំពើលាងលុយកខ្វក់នៅមិនទាន់ គ្រប់គ្រាន់នៅឡើយទេ។ ពោលគឺកម្ពុជាចាំបាច់ត្រូវតែធ្វើកំណែទម្រង់ទ្រង់ទ្រាយធំ លើប្រព័ន្ធតុលាការ ដែលរងការរិះគន់ថា មានស្តង់ដារពីរ និងប្រព្រឹត្តិអំពើពុករលួយ និងបើកចំហរសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ដែលជាភ្នែកជាចម្រុះឃ្លាំមើល អំពើលាងលុយកខ្វក់ និងភាពអសកម្មរបស់មន្ត្រីអនុវត្តច្បាប់។ រីឯប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងជាអតីតរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក សម រង្ស៊ី ថា ទាល់តែប្តូរប្រព័ន្ធគ្រប់គ្រង ប្រទេសបែបលួចជាតិបច្ចុប្បន្ន ដែលលោកហៅថា «ចោរាធិបតេយ្យ» ចោលតែម្តង ហើយដាក់ជំនួសដោយប្រព័ន្ធប្រជាធិបតេយ្យត្រឹមត្រូវវិញ ទើបអាចដោះស្រាយបញ្ហា លាងលុយកខ្វក់នេះបាន ព្រោះកម្ពុជា សំបូរដោយមន្ត្រីលួចលុយជាតិ យកទៅលាក់ទុកនៅបរទេសក្រោមរូបភាពជាការវិនិយោគ ផ្សេងៗជាពិសេសតាមរយៈការទិញអចលនទ្រព្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។