ព្រះមហាក្សត្រ​ប្រកាស​​បង្កើត​​សាលា​ឧទ្ធរណ៍​​ចំនួន​ ៣​បន្ថែម​​ទៀត

ដោយ ហេង រស្មី
2019.08.22
សាលាឧទ្ធរណ៍ ៦២០ សាលាឧទ្ធរណ៍-មហា​អយ្យការ
RFA

ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​បរមនាថ នរោត្តម សីហមុនី ចេញ​ព្រះរាជក្រឹត្យ​បង្កើត​សាលាឧទ្ធរណ៍​​ចំនួន​៣ បន្ថែម​ទៀត ស្រប​ពេល​ដែល​កម្ពុជា​មាន​សាលាឧទ្ធរណ៍​តែមួយ​ប៉ុណ្ណោះ គឺ​នៅ​រាជធានី​ភ្នំពេញ​។ អ្នកការពារ​សិទ្ធិមនុស្ស​ស្វាគមន៍​ការសម្រេច​នេះ ក៏ប៉ុន្តែ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​ការ​កែទម្រង់​វិស័យ​យុត្តិធម៌។

សាលាឧទ្ធរណ៍​តំបន់​ដែល​ត្រូវ​បង្កើត​ឡើង​ដោយ​ព្រះរាជក្រឹត្យ​នៅ​ពេល​នេះ រួមមាន​សាលាឧទ្ធរណ៍​តំបន់​ត្បូងឃ្មុំ បាត់ដំបង និង​ព្រះសីហនុ។

សាលាឧទ្ធរណ៍​តំបន់​ត្បូងឃ្មុំ​នឹង​ត្រូវ​ទទួល​ដោះស្រាយ​បណ្តឹងឧទ្ធរណ៍​របស់​សាលាដំបូង និង​អយ្យការ​អម​តុលាការ​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ព្រះវិហារ ខេត្ត​ទាំង​៤ នៅ​ភាគ​ឦសាន ខេត្ត​ព្រៃវែង ស្វាយរៀង និង​សំណុំរឿង​ដែល​តុលាការ​កំពូល​បង្វិល​មក​វិញ​។ ចំណែក​សាលាឧទ្ធរណ៍​តំបន់​បាត់ដំបង​វិញ ទទួល​ដោះស្រាយ​បណ្តឹង​ឧទ្ធរណ៍​របស់​សាលាដំបូង និង​អយ្យការ​អម​តុលាការ​​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ចំនួន​៥ មាន​ព្រំដែន​ជាប់​ប្រទេស​ថៃ ព្រមទាំង​សំណុំរឿង​ដែល​តុលាការ​កំពូល​បង្វិល​មក​វិញ​។ ដោយឡែក សាលាឧទ្ធរណ៍​តំបន់​ព្រះសីហនុ​វិញ ត្រូវ​ទទួល​ដោះ​ស្រាយ​បណ្តឹង​ឧទ្ធរណ៍​របស់​សាលាដំបូង និង​អយ្យការ​អម​តុលាការ​ខេត្ត​តាកែវ កំពង់ស្ពឺ ខេត្ត​ជាប់មាត់​សមុទ្រ​ទាំង​៤ និង​សំណុំរឿង​ដែល​តុលាការ​កំពូល​បង្វិល​មក​វិញ។

សាលាឧទ្ធរណ៍​តំបន់​ទាំងនេះ នឹង​ចាប់ផ្ដើម​ទទួល​សំណុំរឿង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី១ មេសា ឆ្នាំ​២០២០ ខាងមុខ ក៏ប៉ុន្តែ​នៅ​ចន្លោះ​ពេលនេះ សាលាឧទ្ធរណ៍​នៅ​ភ្នំពេញ​ជា​អ្នកទទួល​ដោះស្រាយ​បណ្តឹង​​ឧទ្ធរណ៍​ពី​គ្រប់​ខេត្ត​ទាំងអស់​។ បន្ទាប់​ពី​សាលាឧទ្ធរណ៍​តំបន់​ទាំង​៣ អាច​ដំណើរការ​បានជា​ផ្លូវការ​ហើយ នោះ​សាលាឧទ្ធរណ៍​បច្ចុប្បន្ន​នេះ នឹង​ក្លាយ​ជា​សាលាឧទ្ធរណ៍​ភ្នំពេញ ដែល​ត្រូវ​ទទួល​ដោះស្រាយ​បណ្តឹង​ឧទ្ធរណ៍​របស់​សាលាដំបូង និង​អយ្យការ​អម​តុលាការ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​។ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ ឡាយ​ព្រះហស្ថលេខា​កាលពី​សប្ដាហ៍​មុន និង​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២២ សីហា។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​រៀបចំ​ហេដ្ឋារចនាសម្ពន្ធ និង​តែងតាំង​មន្ត្រី​ឱ្យ​ទៅ​កាន់​តួនាទី​នៅ​តាម​សាលាឧទ្ធរណ៍​តំបន់​ទាំងនេះ​។ លោក​បញ្ជាក់​ថា ការ​បង្កើត​សាលាឧទ្ធរណ៍​តំបន់​នេះ គឺជា​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ក្នុង​គោលបំណង​បង្ខិត​សេវា​យុត្តិធម៌​ឱ្យ​នៅ​កៀក​ពលរដ្ឋ និង​ធានា​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​របស់​ពលរដ្ឋ៖ «ឧទ្ធរណ៍​តំបន់​ហ្នឹង​ក៏​ចូលរួម​ក្នុង​ការ​ដោះស្រាយ​ភាព​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​ផង​ដែរ ដោយសារតែ​យើង​មាន​ឧទ្ធរណ៍​តំបន់​ច្រើន​ទៅ វា​រំលែក​ពី​សំណុំរឿង​មួយ​ចំនួន​ដែល​សម្រុក​មក​ឧទ្ធរណ៍​នៅ​ភ្នំពេញ​តែមួយ​របស់​យើង​ដែល​មាន​នា​ពេល​បច្ចុប្បន្ន​។ មួយ​ចំណែក​ទៀត​នេះ ក៏​វា​ចូលរួម​ដោះស្រាយ​ភាព​ចង្អៀត​ណែន​កកស្ទះ​ក្នុង​ពន្ធនាគារ​ដែរ ដោយសារ​កាលណា​យើង​មាន​ឧទ្ធរណ៍​តំបន់​ច្រើន ដំណើរការ​នីតិវិធី​ក៏​លឿន​ដែរ អ៊ីចឹង​វា​បើកឱកាស​ឱ្យ​មាន​មានការ​ស្នើសុំ​លើកលែងទោស បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​ដែល​បាន​កែប្រែ​ខ្លួន និង​បំពេញ​បាន​តាម​លក្ខខណ្ឌ​មួយ​ចំនួន​តាម​ផ្លូវ​ច្បាប់»

អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ការ​បង្កើត​សាលាឧទ្ធរណ៍​តំបន់​នេះ ពីព្រោះ​កន្លង​មក​សំណុំរឿង​ជាច្រើន​បាន​កកស្ទះ​នៅ​ដំណាក់កាល​ឧទ្ធរណ៍ បង្កើត​ឱ្យ​មាន​ផលវិបាក​ជាច្រើន ទាំង​ទិដ្ឋភាព​ច្បាប់ និង​សិទ្ធិមនុស្ស។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) កត់សម្គាល់​ថា ពលរដ្ឋ​ក្រីក្រ​នៅ​ខេត្ត​ឆ្ងាយៗ មិន​មាន​លទ្ធភាព​ឡើង​មក​តតាំង​ក្តី​នៅ​សាលាឧទ្ធរណ៍​នៅ​រាជធានី​ភ្នំពេញ​ឡើយ ហេតុដូច្នេះ​ពួកគាត់​ត្រូវ​បាត់​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​ស្មើភាព​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់​។ លោក​បន្ត​ថា ការ​កកស្ទះ​សំណុំរឿង​នៅ​ដំណាក់កាល​ឧទ្ធរណ៍ ក៏​ជា​មូលហេតុ​នៃ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ដែរ​។ លោក​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បង្កើត​សាលាឧទ្ធរណ៍​តំបន់​នេះ​ឱ្យ​បាន​តាម​ការ​គ្រោង​ទុក៖ «បើ​នៅ​ឧទ្ធរណ៍​រឿង​ខ្លះ​គាត់​កាត់​លើកលែង​ចោទប្រកាន់ ឬក៏​កាត់​ឱ្យ​រួចផុត ឬក៏​កាត់​តម្រឹម​អី​យ៉ាងម៉េច​ទៅ ក៏​វា​អាច​ជួយ​បន្ថយ​ភាព​ចង្អៀត​ណែន​ហ្នឹង​មួយ​ផង​ដែរ​។ ទីពីរ​បើ​មានការ​បញ្ជូន​ជន​ត្រូវ​ចោទ​មក​សាលាឧទ្ធរណ៍ វា​បន្ថយ​ការ​ចំណាយ​ហ្នឹងហើយ ហើយ​ជន​ត្រូវ​ចោទ​ទាំងអស់​ហ្នឹង គាត់​មានឱកាស​ច្រើន​តតាំង​គ្នា​នៅ​ចំពោះ​មុខ​សាលាឧទ្ធរណ៍»

អ្នកការពារ​សិទ្ធិមនុស្ស​រូប​នេះ​ទទួលស្គាល់​ថា ការ​បង្កើត​សាលាឧទ្ធរណ៍​តំបន់ គឺជា​ការ​រួមចំណែក​ដល់​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ក៏ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ពាក់ព័ន្ធ​នឹង​វិស័យ​យុត្តិធម៌​នេះ​។ បញ្ហា​ទាំងនោះ មាន​ជាអាទិ៍ ការ​ពង្រឹង​ឯករាជ្យ​របស់​ស្ថាប័ន​តុលាការ និង​ការ​លុបបំបាត់​អំពើ​ពុករលួយ​ក្រោម​រូបភាព​ស៊ីសំណូក និង​បក្ខពួក​និយម ជាដើម៖ «ផ្ដើម​ចេញ​ពី​ឆន្ទៈ​នៃ​អ្នកនយោបាយ​ត្រូវ​ធ្វើ​យ៉ាងណា​នាំគ្នា​ឱ្យ​ប្រព័ន្ធ​តុលាការ​មាន​ភាព​ឯករាជ្យ​។ ទី​ពីរ គឺ​បំបាត់​អំពើពុករលួយ ហើយ​ទី​បី​ការអនុវត្ត ធ្វើ​ម៉េច​ឱ្យ​មាន​ស្តង់ដារ​មួយ​ឱ្យ​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ ហើយ​ធានា​ឱ្យ​បាន​នូវ​ការ​គោរព​សិទ្ធិមនុស្ស​។ អាហ្នឹង​បាន​វា​អាច​ទៅជា​ប្រព័ន្ធ​យុត្តិធម៌ ឬ​ប្រព័ន្ធ​តុលាការ​មួយ​ដែល​មាន​ជំនឿ​ទុកចិត្ត»

តុលាការ​កម្ពុជា​ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ រិះគន់​ថា ជា​ស្ថាប័ន​ខ្វះ​ភាព​ឯករាជ្យ និង​ពោរពេញ​ដោយ​អំពើពុករលួយ​។ ស្ថាប័ន​យុត្តិធម៌​មួយ​នេះ ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​អាវុធ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​របប​លោក ហ៊ុន សែន ក្នុងការ​កម្ចាត់​សំឡេង​ប្រឆាំង និង​សំឡេង​ឯករាជ្យ​នៅ​កម្ពុជា​ដែរ​។ ជា​ឧទាហរណ៍ ក្រោម​ការ​បង្គាប់​បញ្ជា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តុលាការ​បាន​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ដាក់​ពន្ធនាគារ រំលាយ​ចោល​គណបក្ស​សង្គ្រោះជាតិ និង​បិទ​សិទ្ធិ​សេរីភាព​របស់​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន​១១៨ នាក់ មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ ឆ្នាំ ទៀត​ផង​។ ក្រៅ​ពី​នេះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សហជីព អ្នកសារព័ត៌មាន និង​ពលរដ្ឋ​ជាច្រើន ក៏​ត្រូវ​បាន​តុលាការ​ចោទប្រកាន់ ចាប់ខ្លួន និង​ឃុំខ្លួន​ដាក់​ពន្ធនាគារ ក្រោម​បទ​ចោទ​មិន​សម​ហេតុផល និង​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ផង​ដែរ។

ក្រុម​អ្នកសង្កេតការណ៍​ពិនិត្យ​ឃើញ​ថា មូលហេតុ​សំខាន់​ដែល​តុលាការ​កម្ពុជា​មិន​អាច​ចេញរួច​ពី​ឥទ្ធិពល​នយោបាយ​នេះ គឺ​ដោយសារតែ​មន្ត្រី​តុលាការ​តាំងពី​ថ្នាក់​ទាប ដល់​ថ្នាក់ខ្ពស់ សុទ្ធសឹងតែ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ឬ​និយាយ​ឱ្យ​ចំ គឺជា​កូនចៅ​របស់​លោក ហ៊ុន សែន​។ ក្រុម​អ្នក​សង្កេតការណ៍​យល់ថា ទាល់តែ​មន្ត្រី​តុលាការ​លែង​ជា​សមាជិក​គណបក្ស​ណាមួយ ទើប​តុលាការ​កម្ពុជា​អាច​ក្លាយ​ជា​ស្ថាប័ន​ឯករាជ្យ និង​ទទួល​បាន​ទំនុក​ចិត្ត​ពី​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។