សាលាឧទ្ធរណ៍​លើក​ពេល​សវនាការ​​ករណី​រួម​គំនិត​ក្បត់​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ

ដោយ យាង សុជាមេត្តា
2015-05-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជន​ជាប់​ចោទ​ពី​បទ​រួម​គំនិត​ក្បត់ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​ជំនុំ​ជម្រះ​នៅ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០១៥។
ជន​ជាប់​ចោទ​ពី​បទ​រួម​គំនិត​ក្បត់ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​ជំនុំ​ជម្រះ​នៅ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០១៥។
RFA/Yeang Socheametta

ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលាឧទ្ធរណ៍​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​ឧសភា ប្រកាស​លើក​ពេល​សវនាការ​ជំនុំ​ជម្រះ​លើ​ករណី​របស់​ជនជាប់ចោទ​ចំនួន ៧​នាក់ ដែល​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទ​ប្រកាន់​ថា បាន​ចូលរួម​ជាមួយ​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កាល​ពី​ពេល​កន្លង​មក។ ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង ៧​នាក់​នោះ ៤​នាក់ គឺ​ជា​ជនជាតិ​ខ្មែរ ហើយ ៣​នាក់​ផ្សេង​ទៀត គឺ​ជា​ខ្មែរ​កម្ពុជា​ក្រោម។

ទាក់ទង​ករណី​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ខែ​មេសា ឆ្នាំ​២០១៤ បាន​សម្រេច​ផ្ដន្ទាទោស​ជន​ជាប់​ចោទ​ចំនួន ១៣​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ ដល់ ៩​ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់ ចូល​រួម​ក្នុង​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ នៅ​ពេល​នោះ ក្នុង​ចំណោម​ជនជាប់ចោទ​ទាំង ១៣​នាក់ ដែល​ត្រូវ​ផ្ដន្ទាទោស ៧​នាក់​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ និង ៦​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ផ្ដន្ទាទោស​កំបាំង​មុខ។ ក្នុង​នោះ​ក៏​មាន​ប្រធាន​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក សម សេរី ផង​ដែរ។

​ភ្លាមៗ​នៅ​ក្រោយ​ការ​សម្រេច​របស់​តុលាការ ជនជាប់ចោទ​ទាំង ៧​នាក់ បាន​ប្រកាស​ថា នឹង​ប្ដឹង​ឧទ្ធរណ៍។

ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​សាលាឧទ្ធរណ៍ អះអាង​ថា ការ​សម្រេច​លើក​ពេល​សវនាការ​នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​តាម​សំណើ​របស់​មេធាវី​ជនជាប់ចោទ គឺ​លោក សំ សុគង់ ព្រោះ​ថា មេធាវី​រូប​នេះ​ជាប់​រវល់​ការពារ​កូន​ក្តី​របស់​លោក​ក្នុង​ករណី​ផ្សេង​ទៀត​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​ពេល​ដូចគ្នា នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា។

កន្លង​មក មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់​បាន​រិះគន់​ចំពោះ​ការ​សម្រេច​ផ្ដន្ទាទោស​លើ​ពួកគេ​ទាំង​នេះ។ យូមែន រ៉ៃត៍ វ៉ច្ឆ អះអាង​ថា អាជ្ញាធរ​កម្ពុជា គួរ​តែ​ទម្លាក់​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​ទាំង ១៣​នាក់ ព្រោះ យូមែន រ៉ៃត៍ វ៉ច្ឆ យល់​ឃើញ​ថា អាជ្ញាធរ​កម្ពុជា មិន​បាន​បង្ហាញ​ភស្តុតាង​គួរ​ឲ្យ​ជឿជាក់​បាន​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ឡើយ ហើយ​ថា ការ​ចោទ​ប្រកាន់​អំពី​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន គឺ​ជា​រឿង​នយោបាយ។

ក្រុមប្រឹក្សា​ជំនុំជម្រះ​ឲ្យ​ដឹង​ដែរ​ថា សវនាការ​លើ​សំណុំរឿង​ជនជាប់ចោទ​ទាំង ៧​នាក់ ក្នុង​ពេល​ខាង​មុខ តុលាការ​នឹង​ផ្ដល់​ដំណឹង​នៅ​ពេល​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

ករណីជាក់ស្ដែងដែលបង្កឲ្យជាតិខ្មែរអន្តរាយនិងចាំបាច់ត្រូវបើកសវនាការសាធារណៈមុនគេគឺ ករណីតុលាការមិនអព្យាក្រិត ករណីដោះដូរលក់ជាតិ ករណីសម្លាប់ខ្មែរ ករណីឃុបឃិតបើកដៃឲ្យសត្រូវ ... របស់ហ្វូងក្បត់ជាតិខ្មែរ។

May 20, 2015 12:15 AM

អ្នក​អាន​អនាមិក

ការដកខ្លួនចេញពីរបបកុម្មុយនិស្តិនៅប្រទេសកម្ពុជាឃើញថាមានការពិបាកតិតតែខ្លាំងឡើង ព្រោះស្រុកខ្មែរដឹកនាំដោយ កុម្មុយនិស្តិដែលយកប្រព័ន្ធតុលាការធ្វើជាខែលការពារអំណាច។

May 19, 2015 09:16 AM

គេហទំព័រ​ទាំងមូល