ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍នៅរសៀលថ្ងៃទី១៩ ខែឧសភា ប្រកាសលើកពេលសវនាការជំនុំជម្រះលើករណីរបស់ជនជាប់ចោទចំនួន ៧នាក់ ដែលរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទប្រកាន់ថា បានចូលរួមជាមួយចលនារណសិរ្សរំដោះជាតិខ្មែរ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកាលពីពេលកន្លងមក។ ក្នុងចំណោមជនជាប់ចោទទាំង ៧នាក់នោះ ៤នាក់ គឺជាជនជាតិខ្មែរ ហើយ ៣នាក់ផ្សេងទៀត គឺជាខ្មែរកម្ពុជាក្រោម។
ទាក់ទងករណីនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីខែមេសា ឆ្នាំ២០១៤ បានសម្រេចផ្ដន្ទាទោសជនជាប់ចោទចំនួន ១៣នាក់ ឲ្យជាប់ពន្ធនាគារពី ៥ឆ្នាំ ដល់ ៩ឆ្នាំ ពីបទរួមគំនិតក្បត់ ចូលរួមក្នុងចលនារណសិរ្សរំដោះជាតិខ្មែរ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅពេលនោះ ក្នុងចំណោមជនជាប់ចោទទាំង ១៣នាក់ ដែលត្រូវផ្ដន្ទាទោស ៧នាក់បានបង្ហាញខ្លួននៅចំពោះមុខតុលាការ និង ៦នាក់ផ្សេងទៀត ត្រូវបានផ្ដន្ទាទោសកំបាំងមុខ។ ក្នុងនោះក៏មានប្រធានរណសិរ្សរំដោះជាតិខ្មែរ លោក សម សេរី ផងដែរ។
ភ្លាមៗនៅក្រោយការសម្រេចរបស់តុលាការ ជនជាប់ចោទទាំង ៧នាក់ បានប្រកាសថា នឹងប្ដឹងឧទ្ធរណ៍។
ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ អះអាងថា ការសម្រេចលើកពេលសវនាការនៅពេលនេះ គឺធ្វើឡើងតាមសំណើរបស់មេធាវីជនជាប់ចោទ គឺលោក សំ សុគង់ ព្រោះថា មេធាវីរូបនេះជាប់រវល់ការពារកូនក្តីរបស់លោកក្នុងករណីផ្សេងទៀតនៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងពេលដូចគ្នា នៅថ្ងៃទី១៩ ខែឧសភា។
កន្លងមក មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ធ្លាប់បានរិះគន់ចំពោះការសម្រេចផ្ដន្ទាទោសលើពួកគេទាំងនេះ។ យូមែន រ៉ៃត៍ វ៉ច្ឆ អះអាងថា អាជ្ញាធរកម្ពុជា គួរតែទម្លាក់បទចោទប្រកាន់ប្រឆាំងនឹងជនជាប់ចោទទាំង ១៣នាក់ ព្រោះ យូមែន រ៉ៃត៍ វ៉ច្ឆ យល់ឃើញថា អាជ្ញាធរកម្ពុជា មិនបានបង្ហាញភស្តុតាងគួរឲ្យជឿជាក់បានចំពោះការចោទប្រកាន់នេះឡើយ ហើយថា ការចោទប្រកាន់អំពីការផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន គឺជារឿងនយោបាយ។
ក្រុមប្រឹក្សាជំនុំជម្រះឲ្យដឹងដែរថា សវនាការលើសំណុំរឿងជនជាប់ចោទទាំង ៧នាក់ ក្នុងពេលខាងមុខ តុលាការនឹងផ្ដល់ដំណឹងនៅពេលក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។