ចៅក្រមសាលាឧទ្ធរណ៍ នឹងប្រកាសសាលដីកា ចំពោះបណ្ដឹងឧទ្ធរណ៍របស់អតីតគ្រូបង្រៀន១១នាក់ ដែលទាមទារក្របខណ្ឌមកវិញ នៅថ្ងៃទី១១ មីនា។ ដើមបណ្ដឹង និងសមាគមគ្រូបង្រៀន រំពឹងថា តុលាការជាន់ខ្ពស់នេះ នឹងបង្គាប់ឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ ផ្ដល់ក្របខណ្ឌឲ្យ អតីតគ្រូបង្រៀនទាំង១១នាក់វិញ។
សហដើមបណ្ដឹងម្នាក់ និងជាអតីតគ្រូបង្រៀននៅខេត្តព្រះសីហនុ រងការលុបឈ្មោះ គឺលោក លី ឌី ឲ្យដឹងថា ក្នុងសវនាការសាលាឧទ្ធរណ៍ នៅរសៀលថ្ងៃទី០២ មីនា មេធាវីរបស់ដើមបណ្ដឹង គឺ លោកមេធាវី ជួង ជូងី បានបញ្ជាក់ទៅតុលាការ ពីការអវត្តមាន របស់ក្រុមគ្រូបង្រៀនទាំង១១នាក់ គឺត្រឹមត្រូវតាមច្បាប់ ដើម្បីទៅទទួលតំណែងជាក្រុមប្រឹក្សាជាប់ឆ្នោតនៅតាមមូលដ្ឋាន ដែលច្បាប់តម្រូវ។ លោក លី ឌី ឲ្យដឹងទៀតថា ក្នុងសវនាការនោះ មេធាវីរបស់ក្រសួងអប់រំ បានចោទប្រកាន់ក្រុមគ្រូ១១នាក់ ដោយហេតុផលដដែលៗ គឺគ្រូទាំង ១១នាក់ បានអវត្តមានពីការងារ ដូច្នេះក្រសួងលុបឈ្មោះ ចេញពីក្របខណ្ឌ។
លោក លី ឌី ពន្យល់ថា ការអវត្តមាន (ព្យួរឈ្មោះ) ពីវិស័យអប់រំ ដោយសារ គ្រូបង្រៀនទាំងនោះ ត្រូវទៅកាន់តំណែងជាក្រុមប្រឹក្សាជាប់ឆ្នោតនៅមូលដ្ឋាន តាមការបោះឆ្នោតរបស់ពលរដ្ឋ។ ការអវត្តមាននោះសោត លោក អះអាងថា មានការអនុញ្ញាតច្បាប់ ពីថ្នាក់ដឹកនាំក្រសួង និងមន្ទីរអប់រំខេត្តត្រឹមត្រូវ៖ « ពួកខ្ញុំ អវត្តមាន មិនអវត្តមាន វាអត់មានអ្វីត្រូវចម្លែកទេ ពីព្រោះពួកខ្ញុំ អវត្តមាននៅក្រសួងអប់រំ ៥ឆ្នាំ ព្រោះ ម្ដេចបានខ្ញុំថា អវត្តមានដល់៥ឆ្នាំ ព្រោះខ្ញុំ ច្បាប់មាន ( ត្រឹមត្រូវ ) ច្បាប់បោះឆ្នោត ( ក្រុមប្រឹក្សា ) រាជធានីខេត្តក្រុង ណា ( តម្រូវឲ្យ ) បេក្ខជន ដែលជាប់ឈ្មោះហ្នឹង ត្រូវដាក់ពាក្យសុំឈប់ ( ព្យួរ ) ពីអង្គភាពដើម ក្នុងមួយអាណត្តិ។ អ៊ីចឹង ខ្ញុំដាក់ពាក្យត្រឹមត្រូវមាន ការទទួលស្គាល់ពីក្រសួងអប់រំ ឲ្យឈ្មោះពួកខ្ញុំហ្នឹងទៅធ្វើការនៅកន្លែងថ្មីទៅ ក្រោយជាប់ឆ្នោតនោះណា ពីឆ្នាំនេះ ដល់ឆ្នាំនេះ ហើយបោះត្រា ប៉ិនជញ្ជាំងវិហារឲ្យពួកខ្ញុំ»។
សវនាការសាលាឧទ្ធរណ៍ នៅថ្ងៃទី៣ មីនា ជាការសួរដេញដោលគ្នា រវាងមេធាវីដើមបណ្ដឹងរបស់ក្រុមគ្រូបង្រៀនទាំង ១១នាក់ និងមេធាវី តំណាងឲ្យក្រសួងអប់រំ យុវជន និងកីឡា។
ក្រុមគ្រូបង្រៀន បានដាក់ពាក្យប្ដឹងសាលាឧទ្ធរណ៍ ក្រោយពេលសាលាដំបូងរាជធានីភ្នំពេញ តម្កល់រឿង ឥតចាត់ការ ដោយបញ្ជាក់ថា ការប្ដឹងរបស់ក្រុមគ្រូបង្រៀន យឺតពេលពេក។ ក្រុមគ្រូទាំង១១នាក់ ដែលរងការលុបឈ្មោះចេញពីក្របខណ្ឌ សុទ្ធសឹងតែជាសមាជិកក្រុមប្រឹក្សាខេត្ត និងស្រុក ជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ។ ពួកគាត់ បានព្យួរឈ្មោះ ពីវិស័យអប់រំ ទៅចូលរួមមុខងារនយោបាយ ជាមួយគណបក្សប្រឆាំង។
នៅដើមឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានលុបឈ្មោះបុគ្គលិកអប់រំ និងគ្រូបង្រៀន ចេញពីក្របខ័ណ្ឌជាបន្តបន្ទាប់ ចំនួន ១៣នាក់ ដោយលើកហេតុផលថា ពួកគេបោះបង់ចោលការងារ និងមួយចំនួនទៀត អវត្តមាន ដោយគ្មានច្បាប់អនុញ្ញាត។ គ្រូបង្រៀន ១១នាក់ ក្នុងចំណោម ១៣នាក់ បានប្ដឹងតវ៉ា ទៅក្រសួងអប់រំ និងអះអាងថា ថ្នាក់ដឹកនាំក្រសួងនេះ មានចេតនា គុំកួនដោយសារមិនព្រមចុះចូលជាមួយបក្សកាន់អំណាច ក្រោយពេលមានការរំលាយបក្សប្រឆាំង។
គ្រូបង្រៀនរងការលុបឈ្មោះ ចោទក្រសួងអប់រំថា លុបឈ្មោះ តែគ្រូបង្រៀនណា ជាសមាជិកបក្សប្រឆាំង និងមិនព្រមចុះចូលប៉ុណ្ណោះ។ ឯគ្រូបង្រៀន ជាសមាជិកបក្សកាន់អំណាច ហើយព្យួរឈ្មោះ ទៅកាន់តួនាទីមុខងារនយោបាយនៅមូលដ្ឋាន ជាក្រុមប្រឹក្សាខេត្ត ក្រុងស្រុកខណ្ឌ ឬឃុំសង្កាត់ ឬបុគ្គលិកអប់រំ ជាសមាជិកបក្សកាន់អំណាចខ្លះ មិនដែលទៅធ្វើការសោះ មិនត្រូវលុបបានគេឈ្មោះ បណ្ដេញចេញពីក្របខ័ណ្ឌឡើយ។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ប្រាប់ថា ក្រសួងអប់រំ បានធ្វើតាមនីតិវិធីច្បាប់របស់ក្រសួងរួចហើយ ឯការសម្រេចយ៉ាងណា ជាសិទ្ធិរបស់តុលាការ ព្រោះករណីនេះ កំពុងស្ថិតក្នុងដែនសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ដែលចូលរួមឃ្លាំមើលសវនាការ យល់ថា ដើម្បីយុត្តិធម៍ សាលាឧទ្ធរណ៍ត្រូវសម្រេចក្ដី ឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ ផ្ដល់ក្របខណ្ឌជាគ្រូបង្រៀនទៅឱ្យគ្រូទាំង១១នាក់នោះវិញ។ អ្នកស្រី អះអាងថា ការលុបឈ្មោះ មន្ត្រីរាជការ ជាគ្រូបង្រៀនទាំង១១នាក់ ជាង២ឆ្នាំមកនេះ គឺធ្វើដោយបំពានច្បាប់ ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងក្នុងរូបភាពកៀបសង្កត់ផ្នែកនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។