ចៅក្រមសាលាឧទ្ធរណ៍ បានប្រកាសសាលដីកា សម្រេចតម្កល់សំណុំរឿងអតីតគ្រូបង្រៀន១១នាក់ តាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយមិនផ្ដល់ក្របខណ្ឌក្រសួងអប់រំឲ្យអតីតគ្រូបង្រៀនទាំងជាង ១០នាក់នោះវិញទេ។ អតីតគ្រូបង្រៀនជាដើមបណ្ដឹង និងអ្នកឃ្លាំមើលវិស័យអប់រំ ហៅការសម្រេចនេះ ថាជារឿងអយុត្តិធម៌ និងក្រោមសម្ពាធនយោបាយ។
ដើមបណ្ដឹងម្នាក់ ជាអតីតគ្រូបង្រៀននៅខេត្តព្រះសីហនុ លោក លី ឌី យល់ថា ការសម្រេចរបស់សាលាឧទ្ធរណ៍ នៅថ្ងៃទី១១ មីនា ជាការបង្ហាញឲ្យមហាជនមើលឃើញពីទង្វើរបស់តុលាការ និងការតស៊ូរកយុត្តិធម៌របស់ក្រុមគ្រូបង្រៀនទាំង ១១នាក់។
លោកថាទោះជាយ៉ាងណា ក្រុមអតីតគ្រូបង្រៀននឹងបន្តប្ដឹងទៅតុលាការកំពូលទៀត ដើម្បីទាមទារយកក្របខណ្ឌមកវិញឲ្យទាល់តែបាន និងដើម្បីបង្ហាញឲ្យឃើញពីសកម្មភាពកាត់ក្ដីរបស់មន្ត្រីតុលាការគ្រប់ជាន់ថ្នាក់៖ « មិនបាច់ទៅនិយាយយុត្តិធម៌ ឬមិនយុត្តិធម៌ទេ។ បើសិនជាយុត្តិធម៌ ពួកយើងអត់ទៅទាមទារទេ អ៊ីចឹងណា ហើយយើងមិនទៅនេះដែរ យើងយល់ទាំងអស់គ្នា មិនបាច់ខ្ញុំនិយាយទេ។ ដូចខ្ញុំឧទាហរណ៍អ៊ីចឹង បើសំណុំរឿងមួយ ចេញពីមួយកន្លែង ទៅមួយកន្លែង ចេញពីមួយកន្លែង ទៅមួយកន្លែង វានៅតែមានការប្ដឹងតអ៊ីចឹង។ បានន័យថា សំណុំរឿងហ្នឹង មិនប្រក្រតីហើយ។ បើសិនប្រក្រតី ធម្មតា ត្រឹមត្រូវ តាមការកាត់អាហ្នឹង យើងចាំទៅតវ៉ាគេនាំខ្មាសគេធ្វើអ្វី ឲ្យខាតពេលវេលាធ្វើអ្វី មិនអ៊ីចឹង ! យើងទទួលយកទៅវាចប់រឿងហើយ»។
ចៅក្រមសាលាឧទ្ធរណ៍ នៅរសៀលថ្ងៃទី១១ មីនា បានប្រកាសសាលដីកា សំណុំរឿងគ្រូបង្រៀនទាំង ១១នាក់ ដែលជាលទ្ធផលនៃសវនាការ កាលពីថ្ងៃទី៣ មីនា។ បណ្ដឹងនេះ គឺក្រុមគ្រូបង្រៀនទាំង ១១នាក់ មិនសុខចិត្តចំពោះការសម្រេចរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលុបឈ្មោះរបស់ពួកគេចេញពីក្របខណ្ឌនៅដើមឆ្នាំ២០១៨។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមតាមទូរស័ព្ទពីមេធាវីការពារក្ដី ឲ្យអតីតគ្រូបង្រៀនទាំង ១១នាក់ គឺ លោកមេធាវី ជួង ជូងី បានទេ នៅក្រោយការប្រកាសសាលដីកា។ ប៉ុន្តែប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ដែលបានចូលស្ដាប់ការប្រកាសសាលដីកា ប្រាប់ថា តុលាការពិតជាបានតម្កល់សំណុំរឿងនេះ តាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញមែន។
អ្នកស្រី អ៊ុក ឆាយាវី ហៅការសម្រេចក្ដីបែបនេះ ជារឿងអយុត្តិធម៌ សម្រាប់អតីតគ្រូបង្រៀនទាំង ១១នាក់។ អ្នកស្រីយល់ថា រឿងក្ដីអយុត្តិធម៌នេះ កើតឡើងជាបន្តបន្ទាប់ ដោយសារមានការជ្រៀតជ្រែកពីស្ថាប័ននយោបាយ ទើបគ្រូបង្រៀនទាំង ១១នាក់ មិនអាចទទួលបានក្របខណ្ឌបច្ចេកទេសរបស់ខ្លួនវិញបាន៖ « អ៊ីចឹងបញ្ជាក់ថា ការណ៍ទាំងអស់នេះ គឺគាត់គ្មានកំហុសអ្វី។ ប៉ុន្តែផ្អែកទៅលើនយោបាយ បើនយោបាយធូរស្រាល គឺគាត់បានវិញ ( ក្របខ័ណ្ឌ ) ហើយ បើនយោបាយនៅតែតឹងតែងបែបនេះ អ៊ីចឹងតុលាការតេឡេ ត្រូវតែគេបញ្ជាតាមតេឡេអ៊ីចឹងតែម្ដង»។
ក្នុងដំណាក់កាលសាលាដំបូងរាជធានីភ្នំពេញ ក្រុមអតីតគ្រូបង្រៀនទាំង ១១នាក់ ឲ្យដឹងថា តុលាការបានសម្រេចតម្កល់សំណុំរឿងពួកគេឥតចាត់ការ ដោយបញ្ជាក់ថា ហួសសុពលភាពនៃការប្ដឹងផ្ដល់។
ក្រុមអតីតគ្រូទាំង ១១នាក់ ដែលសុទ្ធសឹងតែជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោត នៅតាមខេត្ត និងស្រុករបស់គណបក្សសង្គ្រោះជាតិ បានហៅការតម្កល់សំណុំរឿងនៅតុលាការ និងការលុបឈ្មោះចេញពីក្របខ័ណ្ឌក្រសួងថា ជាគំនាបនយោបាយ ដោយសារពួកគេមិនព្រមចុះចូលជាមួយបក្សកាន់អំណាច នៅពេលតុលាការកំពូលរំលាយគណបក្សប្រឆាំង។
តែទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ធ្លាប់អះអាងថា ការលុបឈ្មោះគ្រូបង្រៀនទាំង ១១នាក់នេះ គឺធ្វើតាមនីតិវិធីច្បាប់ មិនពាក់ព័ន្ធរឿងផ្សេងឡើយ ហើយការប្ដឹងផ្ដល់ និងការសម្រេចក្ដី ជាសិទ្ធិរបស់តុលាការ។ តែក្រុមអតីតគ្រូបង្រៀនទាំង ១១នាក់ មិនយល់ស្របបែបនេះឡើយ។ អតីតគ្រូបង្រៀន លោក លី ឌី ឲ្យដឹងថា ពួកគេកំពុងពិភាក្សាគ្នា ដើម្បីពឹងពាក់មេធាវីប្ដឹងឡើងតុលាការកំពូលបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។