អាជ្ញាធរ​ចាប់​ខ្លួន​ស្ត្រី​ម្នាក់​​​​បន្ថែម​ទៀត​​រឿង​ចូល​រួម​​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​ចិន​ក្នុង​ក្រុង​​​ភ្នំពេញ​

0:00 / 0:00

ប៉ូលិស​បាន​​បញ្ជូន​អតីត​សកម្មជន​បឹងកក់ និង​ជា​អ្នក​ចូល​រួម​តវ៉ា​រក​យុត្តិធម៌​សង្គម​លោក​​ស្រី សាត ផា ​​​ដែល​កំពុង​មាន​​របួស​ជើង​​ធ្ងន់ធ្ងរ​នោះ ​​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ហើយ​ នៅ​​រសៀល​​ថ្ងៃ​ទី​២៨​តុលា បន្ទាប់​ពី​លោក​ស្រី​បាន​ចូល​រួម​​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​។ ​ស្ត្រី​ដែល​បាន​ចូល​រួម​ការ​តវ៉ា​​​​​នោះ​ ចាត់​ទុក​រឿង​នេះ​ ថា ​ជា​​​អំពើ​អយុត្តិធម៌​និង​ជា​ការ​ធ្វើ​បាប​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​។

អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោកស្រី សាត ផា ​​​ក្នុង​ពេល​លោក​ស្រី​កំពុង​សម្រាក​ព្យាបាល​​របួស​​ក្នុង​មន្ទីរ​ពេទ្យ​​​មួយ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​រសៀល​ថ្ងៃ​ទី​២៧​តុលា​​។​ តុលាការ​បាន​ចោទ​ប្រកាន់​លោក​ស្រី​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹង​វរ​​ធ្ងន់ធ្ងរ​​ដល់​សន្តិសុខ​សង្គម។

អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​​រាជធានី​ភ្នំពេញ​ លោក សាន សុខ​សីហា​ ប្រាប់​អាស៊ី​សេរី​ថា ​ការ​ចាប់​ខ្លួន​ស្ត្រី​រូប​​នេះ​ធ្វើ​ឡើង​​​តាម​ដីកា​​របស់​សាលាដំបូង​ក្រុង​ភ្នំពេញ​ ​ពាក់ព័ន្ធ​នឹង​រឿង​ដែល​លោក​ស្រី​ សាត ផា ​បាន​ចូល​រួម​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​ក្រុង​ភ្នំពេញ​កាល​​ពី​ថ្ងៃ​ទី២៣ តុលា៖ «អត់​មាន​ចេះ​តែ​ឃាត់​ខ្លួន​មនុស្ស​​ទេ​ ជា​ធម្មតា​សមត្ថកិច្ច​អត់​មាន​សិទ្ធិ​អី​ចេះ​តែ​ឃាត់​ប្រជាពលរដ្ឋ​តាម​តែ​នឹង​ឃើញ​ទេ​ ជាក់​ស្ដែង​ការ​ឃាត់​នេះ​ គឺ​ឃាត់​ខ្លួន​តាម​ដី​ការ​របស់​តុលាការ »

កាល​ពី​ថ្ងៃ​ទី​២៣ ​តុលា ​លោក​ស្រី​ សាត ផា ​បាន​ចូល​រួម​​​​ជា​មួយ​ប្រជាពលរដ្ឋ​ ​និង​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រមាណ ​២០​នាក់​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​និង​ដាក់​ញត្តិ​នៅ​​មុខ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​សំដែង​ក្តី​បារម្ភ​ពី​ឥទ្ធិពល​ចិន​នៅ​កម្ពុជា​។កង​សន្តិសុខ​ និង​ប៉ូលិស​ខណ្ឌ​ចំការ​មន​បង្ក្រាប​ដោយ​ហិង្សា​បណ្តាល​ឱ្យ​លោកស្រី​រង​របួស​ធ្ងន់​ និង​បាន​ចាប់​ដៃ​ចាប់​ជើង​​លោក​ស្រី​​សែង​ដូច​សត្វ​ជ្រូក​​​យក​​ទៅ​ដាក់​​លើ​ចិញ្ចើម​ផ្លូវ។ លោកស្រី​ត្រូវ​​​​​​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​​មិត្តភាព​កម្ពុជា សូវៀត​រួច​ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរ​ពេទ្យ​លោក​សង្ឃ កាល​ពី​រសៀល​ថ្ងៃ​ទី​២៧​តុលា បន្ទាប់ពី​ពេទ្យ​ពិនិត្យ​ឃើញ​​ជើង​លោក​ស្រី​ប្រេះ​ឆ្អឹង​ក្បាល​ជង្គង់។

​​ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​នេះ​​ ពលរដ្ឋ​​ដែល​បាន​ចូល​រួម​​សម្ដែង​មតិ​​​នៅ​មុខ​ស្ថានទូត​ចិន​ លោក​​ស្រី​ ហុង អាន​ ថ្លែង​ថា ​​ការ​ចាប់​ខ្លួន​លោក​ស្រី​ សាត ផា​នេះ​ ​គឺ​ជា​​រឿង​អយុត្តិធម៌​​បំផុត​​ ពីព្រោះ​ពួក​លោក​ស្រី មិន​បាន​បង្ក​ភាព​វឹកវរ​នៅ​ក្នុង​សង្គម​នោះ​ឡើយ។ លោក​ស្រី​ បញ្ជាក់​ថា ​ការ​តវ៉ា​នោះ​​​​​ធ្វើ​ឡើង​ដោយ​សន្តិវិធី​ ដើម្បី​ឱ្យ​ប្រទេស​ចិន​​ដែល​ជា​ប្រទេស​ហត្ថលេខី​​​​កិច្ចព្រមព្រៀង​​សន្តិភាពទី​ក្រុង​ប៉ារីស​ឱ្យ​ជួយ​​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​​ ​ដើម្បី​ឱ្យ​​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​​​​​តាម​កិច្ច​ព្រមព្រៀង​​​២៣​តុលា​ឡើង​វិញ៖ «អត់​មាន​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​អី​ផង​ គឺ​គ្រាន់​តែ​ឈឺឆ្អាល​​របស់​ប្រយោជន៍​និង​សង្គម​ជាតិ​ប៉ុណ្ណោះ​ អត់​មាន​បំណង​អី​ផ្សេង​ផង​។​របប​ក្រុង​ភ្នំពេញ​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ​ ព្រោះ​សាហាវ​ឃោរឃៅ​ណាស់​ ខុស​គ្នា​លើ​ពិភពលោក​តែ​ម្ដង​ ។​ថា​ប្រទេស​មាន​លទ្ធិប្រជាធិបតេយ្យ​តែ​តាម​ខ្ញុំ​សង្កេត​មើល​ទៅ​អត់​ប្រជាធិបតេយ្យ​សោះ​តែ​ម្ដង »

ចំណែក​ទីប្រឹក្សា​អង្គការ​ខុមហ្រែល (Comfrel) លោក​ គល់ បញ្ញា ​មាន​ប្រសាសន៍​ថា ​​អាជ្ញាធរ​មិន​គួរ​ចាប់​ខ្លួន​ពលរដ្ឋ​​​​ចូល​​រួម​​​តវ៉ា​នៅ​មុខ​ស្ថានទូត​ចិន​នោះ​ទេ​ ពីព្រោះ​​​ការ​តវ៉ា​នេះ​ជា​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ពលរដ្ឋ​​ស្រប​តាម​រដ្ឋធម្មនុញ្ញ​។​លោក​​ គល់ បញ្ញា​ ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់៖ «ទៅ​ស្ថានទូត​ចិន​ បើ​តាម​ខ្ញុំ​ដឹង​គេ​ប្រារឰ​ច្រើន​ណាស់​ ខ្លះ​គេ​ធ្វើ​ជុំ​គ្នា​នៅ​តាម​ការិយាល័យ​ ខ្លះ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ខ្លះ​នៅ​មុខ​ស្ថានទូត​ ខ្លះ​ផ្ដល់​កិច្ចពិភាក្សា​គ្នា​តាម​វិទ្យុទូរទស្សន៍​​ផ្សេងៗ​។​នេះ​ជា​ការ​បញ្ចេញ​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ការ​ចូល​រួម​ប្រារឰ​ពិធី​អបអរសាទរ​ ឬ​ទាមទារ​នៅ​ក្នុង​អំឡុង​ពេល​ដែល​មាន​ព្រឹត្តិការ​សំខាន់​ ដែល​គេ​យល់​ឃើញ​ថា​​រឿង​សំខាន់​ មិន​មែន​​ជា​រឿង​ដូច​ការ​ចោទ​ប្រកាន់​ហ្នឹង​ទេ »

​​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៣​ តុលា​មក អាជ្ញាធរ​បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​​ដែល​បាន​ចូល​រួម​សម្ដែង​មតិ​នៅ​មុខ​ស្ថានទូត​ចិន​ចំនួន​៤​នាក់​ហើយ។ តុលាការ​បាន​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ហើយ​បាន​បញ្ជូន​ពួកគេ​​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ ក្នុង​ក្រុង​ភ្នំពេញ។ ការ​ចាប់​ខ្លួន​នេះ​ ធ្វើ​ឡើង​ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​បាន​ប្រកាស​​ម្ដង​ហើយ​ម្ដង​ទៀត​ ព្រមាន​ចាប់​ខ្លួន​​ក្រុម​ប្រជាពលរដ្ឋ​និង​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​ឡាយ​ណា​​ដែល​បាន​​ចូល​រួម​តវ៉ា​នៅ​នៅ​មុខ​ស្ថាន​ទូត​ចិន​ ដោយ​លោក​ ហ៊ុន សែន​ ចាត់​ទុក​​រឿង​នេះ​​ថា ​ជា​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក។

អ្នក​វិភាគ​នយោបាយ​​​​លោក​​ដែល​កំពុង​ភៀស​ខ្លួន​នៅ​​ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ​ ចាត់​ទុក​រឿង​នេះ​ថា ​ជា​ការ​ធ្វើ​ទុក​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ ​ពី​សំណាក់​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ដើម្បី​រក្សា​អំណាច​ឱ្យ​បាន​យូរ​អង្វែង​ទៅ​មុខ​។​លោក​បន្ថែម​ថា ​​លោក​ ហ៊ុន សែន ភ័យ​ខ្លាច​មន្ត្រី​គណបក្ស​ប្រឆាំង​ដឹក​នាំ​ពលរដ្ឋ​​​តវ៉ា​​ប្រឆាំង​រដ្ឋាភិបាល​​របស់​លោក​​ ដូច​ពលរដ្ឋ​ថៃ​តវ៉ា​​​ទម្លាក់​​នាយក​រដ្ឋមន្ត្រី​ថៃ លោក​ ប្រា យុទ្ធ ចាន់​អូរចា (Prayut Chan-o-cha) នៅ​ទីក្រុង​បាងកក​សព្វ​ថ្ងៃ ហើយ​​ពិបាក​ទប់​ទល់​ដែល​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​ការ​ដឹក​នាំ​របស់​លោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។