ក្រុមស្ត្រីបឹងកក់រិះគន់តុលាការឧទ្ធរណ៍ភ្នំពេញ ដែលមិនព្រមទម្លាក់ចោលការចោទប្រកាន់លើពួកគាត់ ពាក់ព័ន្ធនឹងសំណុំរឿងកាលពី១១ឆ្នាំមុន ដែលអតីតតំណាងសហគមន៍បឹងកក់ម្នាក់ប្ដឹងពួកគាត់ពីបទជេរប្រមាថជាសាធារណៈ និងគំរាមកំហែងថា នឹងសម្លាប់ ។ ពួកគាត់យល់ថាការសម្រេចរបស់តុលាការនេះ គឺជាការអនុវត្តច្បាប់មានស្តង់ដារពីរ។
ក្រុមស្ត្រីរងគ្រោះដីធ្លីនៅតំបន់បឹងកក់ចំនួន៦នាក់ រួមមានលោកស្រី ទេព វន្នី លោកស្រី ង៉ែត ឃុន និងលោកស្រី ឆេង លាប ជាដើម ហួសចិត្តដែលតុលាការឧទ្ធរណ៍ភ្នំពេញ នៅតែសម្រេចក្ដីឲ្យពួកគាត់មានទោសដដែល ពាក់ព័ន្ធនឹងសំណុំរឿងចាស់កាលពីឆ្នាំ២០១២ ដែលអតីតតំណាងសហគមន៍បឹងកក់ម្នាក់ប្ដឹងពួកគាត់ពីបទជេរប្រមាថជាសាធារណៈ និងគំរាមកំហែងថា នឹងសម្លាប់ ខណៈពួកគាត់អះអាងថាមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។
សកម្មជនដីធ្លីនៅតំបន់បឹងកក់ លោកស្រី ង៉ែត ឃុន ហៅយាយម៉ាមី ដែលមានវ័យចាស់ជរាទៅហើយនោះ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៩ កញ្ញា ថា ការសម្រេចរបស់តុលាការជាន់ខ្ពស់នេះ គឺជារឿងអយុត្តិធម៌។ ស្ត្រីវ័យ៧២ឆ្នាំរូបនេះបន្តថា លោកស្រីគ្មានជំនឿលើប្រព័ន្ធតុលាការថា អាចរកយុត្តិធម៌ជូនលោកស្រីនោះទេ ពីព្រោះជនដែលវាយដំលោកស្រីឱ្យមានរបួសបែរជារស់នៅក្រៅសំណាញ់ច្បាប់ហើយលោកស្រីបែរជាប់ទោសទៅវិញ។
លោកស្រី ង៉ែត ឃុន៖ «គេពន្យារពេលទុកឱ្យមួយខែទៀតយើងសុខចិត្តអីមិនសុខចិត្តអីដាក់ពាក្យប្ដឹងវិញក៏មិនអីដែរ ខ្ញុំថាចាំខ្ញុំទៅដាក់ពាក្យប្ដឹងវិញ ចង់ដាក់ពាក្យប្ដឹងវិញខ្ញុំតាំងពីអគ្គឡើងទៅប្ដឹងទៀត ខ្ញុំចង់ដាក់ពាក្យរឿងតុល ស្រពៅ និងខ្ញុំអត់ដោះស្រាយឱ្យខ្ញុំផង ហើយខ្ញុំត្រូវដាក់ពាក្យប្ដឹងទៀតរឿងគេវាយខ្ញុំ កាលហ្នឹងខ្ញុំប្ដឹងឱ្យសង់ជំងឺចិត្តឱ្យខ្ញុំផង គេអត់ដោះស្រាយឱ្យផង»។
កាលពីថ្ងៃទី៧ កញ្ញា តុលាការឧទ្ធរណ៍ភ្នំពេញ នៅតែរក្សាការចោទប្រកាន់លើសកម្មជនដីធ្លីបឹងកក់ល្បីឈ្មោះលោកស្រី ទេព វន្នី លោកស្រី ង៉ែត ឃុន និងលោកស្រី ឆេង លាប និងស្ត្រីបឹងកក់៣នាក់ទៀត ទុកជាបានការដដែលពាក់ព័ន្ធនឹងសំណុំរឿងជេរប្រមាថជាសាធារណៈ និងគំរាមកំហែងថា នឹងសម្លាប់។ ដើមបណ្ដឹងនៃសំណុំរឿងនេះ គឺជាអតីតតំណាងសហគមន៍បឹងកក់ម្នាក់ គឺលោកស្រី លី មុំ ។ ពួកគាត់អះអាងថា មូលហេតុដែលលោកស្រី លី មុំ ប្ដឹងពួកគាត់ហើយតុលាការចាត់វិធានការយ៉ាងអយុត្តិធម៌នេះ បន្ទាប់ពីពួកគាត់ រួមទាំងពលរដ្ឋនៅបឹងកក់ផ្សេងទៀត នាំគ្នាតវ៉ាដកលោកស្រី លី មុំ ចេញពីតំណាងសហគមន៍ ក្រោយរកឃើញថា លោកស្រី លី មុំ គប់គិតជាមួយក្រុមហ៊ុនស៊ូកាគូ (Shukaku) របស់លោកឧកញ៉ា ឡាវ ម៉េងឃីន ជាសមាជិកព្រឹទ្ធសភារបស់បក្សកាន់អំណាច ដែលបានរំលោភយកដីធ្លីផ្ទះសម្បែងរបស់ពួកគាត់។ សំណុំរឿងនេះកាលពីខែសីហា ឆ្នាំ២០១៨ តុលាការក្រុងភ្នំពេញ បានកាត់ទោសឲ្យពួកគាត់ទាំង៦នាក់ជាប់ពន្ធនាគារ៦ខែ ប៉ុន្តែព្យួរទោស ពោលគឺពុំត្រូវជាប់ឃុំ។
ពលរដ្ឋបឹងកក់ម្នាក់ទៀត លោកស្រី ឆេង លាប ថ្លែងថា លោកស្រីខកចិត្តនៅពេលលោកស្រីមិនបានប្រព្រឹត្តិខុសសោះបែរជាតុលាការមិនព្រមទម្លាក់ចោលការចោទ ដើម្បីឱ្យលោកស្រីមានសេរីភាព។ លោកស្រីអះអាងថា លោកស្រីគ្រាន់តែទៅលក់ចេកចៀននៅក្បែរគេតវ៉ានោះទេ ហើយលោកស្រីមិនបានប្រើហិង្សាទៅលើអ្នកណាម្នាក់ឡើយ។
លោកស្រី ឆេង លាប៖ «តុលាការអយុត្តិធម៌ចំពោះខ្ញុំ ព្រោះខ្ញុំអត់បានប្រព្រឹត្តផង រឿងអីត្រូវតុលាការរក្សាថា ខ្ញុំមានទោស ខ្ញុំអត់ព្រមទេព្រោះខ្ញុំអត់បានប្រព្រឹត្ត ហើយតុលាការក៏អត់មានយុត្តិធម៌ចំពោះប្រជាពលរដ្ឋដែរ គ្រាន់តែតវ៉ារឿងដីធ្លីផ្ទះនៅទេ ហើយមានទៅគំរាមសម្លាប់គេឯណាកើតទេ ដល់តុលាការសម្រេចអ៊ីចឹងខ្ញុំអត់សុខចិត្តអត់ទទួលយកបាន»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ប្លង់ សំណាង ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៩ កញ្ញា។
ទាក់ទិនបញ្ហានេះអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា កត់សំគាល់ថា ក្រុមសកម្មជនដីធ្លីភាគច្រើនជាស្ត្រីទាំងអស់នោះតែងតែរងការចោទប្រកាន់ ប៉ុន្តែប្រសិនបើពួកគាត់រងការធ្វើបាបដោយហិង្សាពីអាជ្ញាធរ បែរជាតុលាការធ្វើមិនដឹងមិនលឺបញ្ហានេះទៅវិញ។ លោកបន្តថា តុលាការគួរតែឈរលើគោលការណ៍លទ្ធិប្រជាធិបតេយ្យជាធំ ដោះស្រាយបញ្ហាជូនពលរដ្ឋដើម្បីធ្វើឱ្យពួកគាត់មានជំនឿចិត្តឡើងវិញ។
លោក ស៊ឹង សែនករុណា៖ «ប្រសិនបើជាការដែលអ្នកទាំងអស់នោះមិនបានប្រព្រឹត្តបទល្មើសអ្វីមួយហើយបែរយកពួកគាត់ជាជនចាស់ជរាទៅអនុវត្តន៍ទោស សម្រាប់អ្នកអនុវត្តច្បាប់ច្បាប់បានចែងថា បើមិនបានប្រព្រឹត្តខុសមិនត្រូវមានទោសទណ្ឌទេ អ៊ីចឹងវាជារឿងមួយជារឿងអគុណធម៌អគុណធម៌លើមនុស្សជាតិដូចគ្នា»។
ក្រុមស្ត្រីបឹងកក់ យល់ឃើញថា ការណ៍ដែលតុលាការមិនព្រមលុបចោលការចោទប្រកាន់លើពួកគាត់នេះ បានបង្ហាញឲ្យឃើញពីភាពខ្មៅកខ្វក់នៅក្នុងប្រព័ន្ធតុលាការកម្ពុជា ព្រោះពួកគាត់ដែលជាជនរងគ្រោះដីធ្លី បែរជាទទួលរងនូវការធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាង និងការជាប់ទោសជាច្រើនករណីមិនចេះចប់ទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។