ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ធ្នូ បានចេញដីកាចំនួន ២ច្បាប់បន្តបន្ទាប់គ្នាក្នុងថ្ងៃតែមួយ កោះហៅមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងអង្គការលីកាដូ (LICADHO) ឲ្យចូលបំភ្លឺករណីប្រជាពលរដ្ឋមានទំនាស់ដីធ្លី ដែលបានតវ៉ាអូសរូបទីងមោងតាមផ្លូវនៅក្រុងប៉ោយប៉ែត នាពេលកន្លងទៅ។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក និងអង្គការការពារសិទ្ធិមនុស្សលីកាដូ ខេត្តបន្ទាយមានជ័យ បានចូលខ្លួនទៅបំភ្លឺនៅតុលាការ បន្ទាប់ពីបានទទួលដីកាកោះលើកទី២ របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ លោក ភួន ឈិន មានប្រសាសន៍ថា លោកមិនយល់ពីដីកាកោះហៅរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ នេះឡើយ។ លោកបញ្ជាក់ថា ក្នុងនាមជាមន្ត្រីការពារសិទ្ធិមនុស្ស លោកតែងតែចុះឃ្លាំមើលការតវ៉ារបស់ប្រជាពលរដ្ឋ ក្រែងមានការរំលោភសិទ្ធិមនុស្សកើតឡើងប៉ុណ្ណោះ។ លោកអះអាងថា ការតវ៉ាដោយសន្តិវិធីរបស់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៤ ធ្នូ កន្លងទៅនោះ គឺជាការទាមទាររបស់អ្នកភូមិ ដើម្បីឲ្យអាជ្ញាធរដោះស្រាយសំណងប៉ះពាល់ផ្លូវរថភ្លើង គឺពុំមានពាក់ព័ន្ធនឹងអង្គការសង្គមស៊ីវិលឡើយ៖ «បើសិនជាខាងអយ្យការចង់ដឹងពីដំណើររឿងធ្វើបាតុកម្មនៅក្រុងប៉ោយប៉ែត គាត់គួរតែដាក់លិខិតកោះហៅធម្មតា ដោយមានដាក់មូលហេតុច្បាស់លាស់ដែលចង់ជួបយើងមក ថាតើឲ្យយើងទៅក្នុងឋានៈអី? ប៉ុន្តែការកោះហៅនេះ អត់បានបញ្ជាក់ឲ្យបានច្បាស់លាស់ទេ»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ គឺលោក ផាន់ វណ្ណរ័ត្ន ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៦ ធ្នូ ដោយទូរស័ព្ទចូលជាច្រើនដង តែពុំមានអ្នកទទួល។
ទោះយ៉ាងនេះក្ដី មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា មានប្រសាសន៍ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កោះហៅមន្ត្រីអង្គការការពារសិទ្ធិមនុស្សទៅបំភ្លឺនៅពេលនេះ ធ្វើឡើងបែបតក់ក្រហល់ ក្នុងគោលបំណងដើម្បីគំរាមកំហែងបិទសិទ្ធិសេរីភាព ក្នុងការឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅពេលប្រជាពលរដ្ឋធ្វើបាតុកម្មតវ៉ានោះ៖ «ខ្ញុំមានការអស់សំណើចដែរ ដែលយើងជាតុលាការ ហើយយើងមិនយល់ពីនីតិវិធី បានជាសរសេរមកបែបនេះ។ ម្យ៉ាងទៀត ការធ្វើបាតុកម្មនោះពុំមែនជាបទល្មើសព្រហ្មទណ្ឌដែលត្រូវតំណាងអយ្យការហៅទៅធ្វើការចោទសួរនោះទេ។ រឿងនេះ អយ្យការគួរពិនិត្យមើលច្បាប់ឡើងវិញ»។
ដីកាកោះហៅដែលចុះហត្ថលេខាដោយ លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចំនួន ២ច្បាប់ ចេញបន្តបន្ទាប់គ្នាក្នុងថ្ងៃតែមួយ។ ដីកាទី១ កោះហៅ លោក ស៊ុំ ច័ន្ទគា មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក និងលោក ភួន ឈិន មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ ឲ្យចូលបំភ្លឺវេលាម៉ោង ១១កន្លះ ថ្ងៃទី១៦ ធ្នូ ពាក់ព័ន្ធដំណើររឿងដឹកនាំធ្វើបាតុកម្មដោយគ្មានច្បាប់អនុញ្ញាត និងធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈនៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១៤ ធ្នូ កន្លងទៅ ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិលទាំង ២រូប មិនបានទៅបំភ្លឺតាមដីកាកោះហៅលើដំបូងនេះទេ ដោយលើកហេតុផលថា ពួកគាត់បានទទួលដីកាប្រមាណ ១ម៉ោងកន្លះប៉ុណ្ណោះមុនពេលចូលខ្លួន។ ក្រោយមក តុលាការបានចេញដីកាថ្មីមួយច្បាប់ទៀត បង្ខំឲ្យអ្នកទាំង ២នាក់ ចូលខ្លួនបំភ្លឺនៅថ្ងៃទី១៦ ធ្នូ ជាកំហិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។