អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ហ៊ុន សែន ចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៣ ខែ មិថុនា ដោយអះអាងថា រដ្ឋាភិបាលអនុវត្តខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញកម្ពុជា។ ប៉ុន្តែ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ច្រានចោលការលើកឡើងនេះ ហើយថារដ្ឋាភិបាលបានបំពានគោលការណ៍សំខាន់ៗ និងមូលដ្ឋានគ្រឹះនៃរដ្ឋធម្មនុញ្ញជាច្រើនមកដល់ពេលនេះ។
តើប្រការណាខ្លះនៅក្នុងរដ្ឋធម្មនុញ្ញ ដែលរដ្ឋាភិបាលបានរំលោភបំពាន?
អតីតមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ថា ចាប់តាំងពីឆ្នាំ១៩៩៣ ដែលជាឆ្នាំកម្ពុជាបានអនុម័តរដ្ឋធម្មនុញ្ញដំបូងរបស់ខ្លួននោះមក ការរំលោភបំពានរដ្ឋធម្មនុញ្ញនេះ ក៏ចាប់ផ្តើមកើតមានឡើងជាហូរហែមកដែរ។
អតីតនាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) លោក ប្រ៊ែដ អាដាមស៍ (Brad Adams) លើកឡើងថា រដ្ឋាភិបាលចម្រុះ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ចាប់ផ្តើមទាត់ចោលច្បាប់កំពូលនេះ និងក្រោយមកទៀតក្រោយមានរដ្ឋប្រហារបណ្ដេញទ្រង់រណឫទ្ធិ រដ្ឋាភិបាលត្រូវបានដឹកនាំផ្ដាច់មុខដោយគណបក្សប្រជាជនកម្ពុជានៅឆ្នាំ១៩៩៨។
លោក ប្រ៊ែដ អាដាមស៍ (Brad Adams) បន្ថែមថា ឧទាហរណ៍មួយទៀតនៃការបំពានរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរដែរនោះ គឺការំលោភមាត្រា ៩៧ នៃរដ្ឋធម្មនុញ្ញ ដែលចែងកំណត់ឲ្យគណៈកម្មការទាំងឡាយរបស់រដ្ឋសភា អាចអញ្ជើញរដ្ឋមន្ត្រីឬនាយករដ្ឋមន្ត្រី មកបំភ្លឺអំពីបញ្ហាអ្វីមួយ ដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួន។
ប៉ុន្តែ ពេលដែលសមាជិកសភាបក្សប្រឆាំង កាលណោះគណបក្សសង្គ្រោះជាតិ កាលពីដើមឆ្នាំ ២០១៧ កោះហៅរដ្ឋមន្ត្រីបីរូប គឺលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ឲ្យចូលខ្លួនបំភ្លឺនៅរដ្ឋសភា ស្រាប់តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញបញ្ជាដាច់ខាត មិនឲ្យរដ្ឋមន្ត្រីទាំងនោះទៅបំភ្លឺទេ។ លោក ប្រ៊ែដ អាដាមស៍ ថានេះជាការបំពានរដ្ឋធម្មនុញ្ញ ព្រោះគោលការណ៍សំខាន់មួយនៃរដ្ឋធម្មនុញ្ញនៃសង្គមប្រជាធិបតេយ្យ គឺការអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមនីតិវិធីឃ្លាំមើលការប្រព្រឹត្តិរបស់រដ្ឋាភិបាលនេះ។
ក្រៅពីករណីទាំងនេះ អតីតមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិរូបនេះ ថារដ្ឋាភិបាលលោក ហ៊ុន សែន រំលោភគោលការណ៍អំពីរបបនយោបាយនៃរដ្ឋធម្មនុញ្ញ ត្រង់មាត្រា ៥១ ដែលចែងថាអំណាចបែងចែកដាច់ពីគ្នា រវាងអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។ លោកថា រដ្ឋធម្មនុញ្ញចែង ថាតុលាការត្រូវតែឯករាជ្យ។ ប៉ុន្តែ លោកថា គណបក្សប្រជាជនកម្ពុជា គ្រប់គ្រងតុលាការទាំងស្រុង ទាំងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលមើលការខុសត្រូវលើការប្រព្រឹត្តិរបស់ចៅក្រម ដែលមានព្រះមហាក្សត្រជាប្រធានថែមទៀតផង។ លោកបន្តថា គណបក្សប្រជាជនដាក់មនុស្សរបស់ខ្លួន ឲ្យគ្រប់គ្រងស្ថាប័នទាំងនេះ តាំងពីសម័យលោក អង្គ វង្សវឌ្ឍនា ដែលជាអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មកម្ល៉េះ។
និយាយអំពីរឿងសេរីភាពសារព័ត៌មានឯណោះវិញ រដ្ឋធម្មនុញ្ញមាត្រា ៤១ ចែងថាប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយ។ ប៉ុន្តែលោក ប្រ៊ែដ អាដាមស៍ ថាសេរីភាពផ្នែកនេះ ត្រូវបានគ្រប់គ្រងទាំងស្រុងដែរ ដោយគណបក្សប្រជាជនកម្ពុជា។ ដែលប្រការនេះ លោកថាប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ខ្វះសេរីភាព និងខ្វះភាពឯករាជ្យ ក្នុងការបំពេញកិច្ចការឲ្យស្របតាមវិជ្ជាជីវៈរបស់ខ្លួន។
ជាងនេះទៅទៀត លោកថា គោលការណ៍នៃការធានាឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលមានចែងក្នុងមាត្រា ១៥០ថ្មី(ពីរ) នៃរដ្ឋធម្មនុញ្ញ ក៏ត្រូវបានរំលោភបំពានយ៉ាងដំណំនោះដែរ ព្រោះគណបក្សកាន់អំណាចបង្កើតគ.ជ.ប ដើម្បីគ្រប់គ្រងអំណាច៖ «គជប ជាស្ថាប័ននយោបាយ គ្រប់គ្រងដោយគណបក្សកាន់អំណាច ដើម្បីធានាថា គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត។ ឆ្នាំ ១៩៩៨ ២០០៣ ២០១៣ បើកុំតែគណបក្សប្រជាជនគ្រប់គ្រង គជប ម្ល៉េះសមគណបក្សប្រឆាំងឈ្នះឆ្នោតទាំងនោះគ្រប់អាណត្តិ។ មិនតែប៉ុណ្ណោះ ស្ថាប័នចំណុះ គជប មាននិន្នាការលម្អៀងទៅខាងគណបក្សកាន់អំណាច នាំគ្នាប្រកាសលទ្ធផលដោយចិត្តឯង ថា គណបក្សប្រជាជនឈ្នះ»។
មួយយទៀត លោកថា ច្បាប់និងសន្ធិសញ្ញាអន្តរជាតិជាច្រើន ដែលរដ្ឋធម្មនុញ្ញកម្ពុជា បានទទួលស្គាល់ដែរ ដូចមានចែងក្នុងមាត្រា ៣១ ក៏ត្រូវរងការរំលោភបំពាន ព្រោះលោកថា កម្ពុជារំលោភទាំងច្បាប់ជាតិ និងអន្តរជាតិ ដែលការពារសិទ្ធិមនុស្ស។
លោក ប្រ៊ែដ អាដាមស៍ បង្រៀននិស្សិតផ្នែកច្បាប់អន្តរជាតិនៅសាកលវិទ្យាល័យប៊ើឃ្លី (BERKELEY) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក (USA)។ លោកថា បើនិយាយអំពីការណ៍ដែលរដ្ឋាភិបាលលោក ហ៊ុន សែន រំលោភរដ្ឋធម្មនុញ្ញនេះ ទោះលោកធ្វើជាមេរៀនបង្រៀននិស្សិតទាំងនោះពេញមួយឆមាស ក៏លើកឧទាហរណ៍អំពីករណីរំលោភនេះមិនអស់ដែរ។
បន្ថែមទៅលើអ្វីដែលលោក ប្រ៊ែដ អាដាមស៍ បានលើកឡើង មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុកឯណោះទៅវិញ ពួកគាត់ក៏មើលឃើញអំពីការរំលោភបំពានជាច្រើនទៀតដែរ ដូចជាការរម្លាយគណបក្សសង្គ្រោះជាតិ ដែលមានពលរដ្ឋបោះឆ្នោតគាំទ្រជិតពាក់កណ្តាលប្រទេស រួចយកអាសនៈតំណាងរបស់ពួកគាត់ ទៅចែកគ្នាតាមតែអំពើចិត្តជាដើម។
នាយកប្រតិបត្តិអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្ស (ឬ ហៅកាត់ថា CHRAC) លោក រស់ សុដ្ឋា ថាបញ្ហាអយុត្តិធម៌សង្គម និងនយោបាយបែបនេះ គឺជាផ្នែកមួយនៃបញ្ហាសង្គមទូទៅ ដែលធ្វើឲ្យពលរដ្ឋរស់នៅខ្វះភាពកក់ក្តៅ និងសុខុដុមរមនា។ លោកថា លោកបានជួបពលរដ្ឋ ដែលមិនពេញចិត្តទៅនឹងការគ្រប់គ្រងប្រទេស បែបខ្វះគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សត្រឹមត្រូវនេះ៖ «ឥឡូវហ្នឹងមានប្រជាពលរដ្ឋគេមានរអ៊ូហើយ។ គេថាការដឹកនាំសព្វថ្ងៃនេះ វាមិនដឹងជាស្អី បាយបិណ្ឌទៅជាបាយបាត។ គ្មានគោលការណ៍ច្បាស់លាស់។ យើងមានច្បាប់រដ្ឋធម្មនុញ្ញហើយ មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសហើយ តែយើងអត់អនុវត្ត។ យើងអនុវត្តអ្វីផ្សឹង ! វាទៅជាការគ្រវីក្បាលរបស់ប្រជាពលរដ្ឋ»។
រដ្ឋធម្មនុញ្ញ ត្រង់ជំពូក៣ ស្ដីពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ក៏រងការរំលោភបំពានយ៉ាងដំណំដែរ។ អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ថាសិទ្ធិសេរីភាពផ្នែកបញ្ចេញមតិ ផ្នែកធ្វើនយោបាយ កូដកម្ម បង្កើតសហជីព និងសិទ្ធិឯកជនភាពជាដើម រងការរឹតត្បិត និងរំលោភបំពានឥតស្រាកស្រាន្ត៖ «ការរំលោភសិទ្ធិមនុស្សនៅកម្ពុជាហ្នឹងនៅតែបន្តមាន ជាពិសេសពាក់ព័ន្ធនឹងសិទ្ធិនយោបាយ បានធ្លាក់ទៅក្នុងសភាពធ្ងន់ធ្ងរជាងគេ»។
អ្នកសង្កេតការណ៍មើលឃើញថា រឿងរដ្ឋាភិបាលរំលោភរដ្ឋធម្មនុញ្ញទាក់ទងនឹងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋមានច្រើនករណី ដូចជាការចាប់ខ្លួនលោក នី ណាក់ ដាក់ពន្ធនាគារ១៨ខែក្រោយពីអ្នកចិញ្ចឹមមាន់រូបនេះបង្ហោះសារថា លោកនឹងទិញម៉ាស់ពាក់ឱ្យមាន់ក្នុងគ្រាដែលរដ្ឋាភិបាលកម្ពុជាប្រកាសអាសន្ននៃការរាតត្បាតជំងឺកូវីដ ជាដើម។
នេះនៅមិនទាន់និយាយដល់រឿងចម្រូងចម្រាសពាក់ព័ន្ធនឹងបូរណភាពទឹកដី ជាពិសេសរឿងមូលដ្ឋានទ័ពចិននៅសមុទ្ររាមផងទេ ដែលសហរដ្ឋអាមេរិកកំពុងសង្ស័យថា កម្ពុជាបានធ្វើកិច្ចសន្យាអនុញ្ញាតឱ្យកងទ័ពចិនមានមូលដ្ឋានទ័ពនៅរាម ដែលជាការបំពានរដ្ឋធម្មនុញ្ញកម្ពុជា។
ជុំវិញរឿងកម្ពុជាមិនបានគោរពរដ្ឋធម្មនុញ្ញនេះ បញ្ញវន្តខ្មែរសង្កេតឃើញអំពីការបំពានអង្គព្រះមហាក្សត្រ ដោយការខកខានរបស់រដ្ឋាភិបាល ដែលមិនបានអនុវត្តតាមមាត្រា ១៤៧ និង ១៤៨ ថ្មី ស្តីអំពីសមាជជាតិ ដែលត្រូវប្រជុំមួយដងក្នុងមួយឆ្នាំ គឺនៅដើមខែ ធ្នូ តាមការកោះអញ្ជើញរបស់នាយករដ្ឋមន្ត្រី។
អ្នកសិក្សាផ្នែកច្បាប់លោក វ៉ន ចាន់ឡូត ថា សមាជជាតិដែលព្រះមហាក្សត្រត្រូវធ្វើជាព្រះអធិបតីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនដែលកោះហៅឲ្យមានឡើងម្តងណាឡើយ៖ «សមាជគឺជាវេទិកាមួយដែលឆ្លុះបញ្ចាំងអំពីប្រជាធិបតេយ្យ ដែលក្នុងនោះ គឺប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានអាចចូលរួមនៅក្នុងការបញ្ចេញអំពីទស្សនៈ ឬមតិរបស់ខ្លួន ទាក់ទងទៅនឹងការដឹកនាំណាមួយដែលខ្លួនមិនពេញចិត្ត»។
ឆ្លើយតបទៅនឹងការលើកឡើងទាំងនេះ មន្ត្រីរដ្ឋាភិបាលនៅតែអះអាងថា កម្ពុជាអនុវត្តតាមរដ្ឋធម្មនុញ្ញរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន តាមបែបផែន និងនីតិវិធីរបស់កម្ពុជា។ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន លើកឡើងថា ប្រទេសកម្ពុជាមានបែបបទដោយឡែករបស់ខ្លួន ក្នុងការរក្សារដ្ឋធម្មនុញ្ញ។ លោកថាអ្វីដែលរបស់រដ្ឋាភិបាលបានធ្វើ អាចមិនត្រូវចិត្តរបស់មនុស្សគ្រប់គ្នានោះទេ។ ប៉ុន្តែ អ្វីដែលសំខាន់លោកថា រដ្ឋាភិបាលធ្វើនេះ គឺដើម្បីរក្សាសុខសន្តិភាព៖ «ចំពោះបញ្ហារឿងរដ្ឋធម្មនុញ្ញ គឺផលប្រយោជន៍ខុសគ្នា ផលប្រយោជន៍របស់រាជរដ្ឋាភិបាល ផលប្រយោជន៍របស់កម្ពុជា គឺស្ថិរភាពនយោបាយ»។
មន្ត្រីនាំពាក្យរដ្ឋាភិបាលប្រកាន់ជំហរថា រដ្ឋាភិបាលមិនបានប្រព្រឹត្តបំពានរដ្ឋធម្មនុញ្ញ។ រីឯមជ្ឈដ្ឋានទូទៅ ពួកគេរកឃើញអំពីករណីជាច្រើន ដែលរដ្ឋាភិបាល មិនគោរពតាមច្បាប់កំពូលរបស់ជាតិនេះ។ ក្នុងស្ថានភាពបែបនេះ ពួកគេស្នើឲ្យរដ្ឋាភិបាល គួរហ៊ានទទួលយកការពិត និងកែលម្អចំណុចខ្វះខាតទាំងនេះ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម។ បើមិនដូច្នេះទេ ពួកគាត់ព្រមានថា សង្គមកម្ពុជានឹងបន្តខ្វះភាពសុខដុមរមនា និងរងទណ្ឌកម្មបន្ថែមពីសហគមន៍អន្តរជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។