គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក កាលពីថ្ងៃទី២៨ កក្កដា បានអនុម័តជាឯកច្ឆន្ទសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មក្រុមមេដឹកនាំនៅកម្ពុជា ដែលបានជាប់ពាក់ព័ន្ធនឹងអំពើបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស។ សេចក្តីព្រាងច្បាប់ក្រោមឈ្មោះថា «ច្បាប់ស្ដីពីប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០២១» ឬ H.R.4686 ត្រូវបានផ្តួចផ្តើមឡើងដោយតំណាងរាស្ត្រអាមេរិកាំងនៃគណបក្សសាធារណរដ្ឋមកពីរដ្ឋអូហាអូ (Ohio) លោក ស្ទីវ ឆាបុត (Steve Chabot) និងតំណាងរាស្ត្រអាមេរិកាំងនៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រញ៉ា (California) លោក អាឡាន់ ឡូវែនថល (Alan Lowenthal)។ ពួកលោកទាំងពីរគឺជាសមាជិកក្រុមសភាតំណាងរាស្ត្រអាមេរិកស្ដីពីបញ្ហាកម្ពុជា (Congressional Cambodia Caucus-CCC)។
នេះគឺជាលើកទីមួយហើយក្រោមអាណត្តិថ្មីនៃរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន (Joe Biden) ដែលសេចក្តីព្រាងច្បាប់នេះ ត្រូវបានលើកយកមកពិចារណាឡើងវិញ ក្រោយអាណត្តិរដ្ឋបាលប្រធានាធិបតី និងរដ្ឋសភាចាស់បានផុតរលត់ទៅ។ ទោះយ៉ាងណា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនទៀត មុននឹងដាក់ឱ្យរដ្ឋសភាអាមេរិកអនុម័តជាផ្លូវការ។ បន្ទាប់មក សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនបន្តទៅឱ្យព្រឹទ្ធសភាអនុម័ត ទើបប្រធានាធិបតីអាមេរិកអាចចុះហត្ថលេខាក្លាយជាច្បាប់សម្រាប់អនុវត្តជាផ្លូវការតែម្តង។
តំណាងរាស្ត្រអាមេរិកាំង លោក ស្ទីវ ឆាបុត (Steve Chabot) ថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជាដោយគ្មានលក្ខណៈប្រជាធិបតេយ្យចាប់តាំងពីឆ្នាំ១៩៨៥មក។ លោកថា ច្បាប់ដាក់ទណ្ឌកម្មនេះ នឹងធ្វើឱ្យលោក ហ៊ុន សែន ទទួលខុសត្រូវចំពោះទង្វើទាំងនេះ។ លោកបន្តថា ច្បាប់នេះ គាំទ្រសេចក្តីប៉ងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជាដែលចង់បានលទ្ធិប្រជាធិបតេយ្យស្របច្បាប់។
រីឯតំណាងរាស្ត្រអាមេរិកាំងម្នាក់ទៀត លោក អាឡាន់ ឡូវែនថល ថ្លែងថា របបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើអ្វីៗគ្រប់យ៉ាងក្នុងអំណាចរបស់ខ្លួនដើម្បីបំផ្លាញក្តីសង្ឃឹមរបស់ពលរដ្ឋកម្ពុជាដែលប្រាថ្នាចង់បានលទ្ធិប្រជាធិបតេយ្យ។ លោកថា ការដាក់ទណ្ឌកម្មនេះ គឺជាតម្លៃដែលលោក ហ៊ុន សែន និងរបបរបស់លោក ត្រូវតែបង់សងចំពោះអ្វីដែលពួកគេបានបង្ក្រាបឥតឈប់ឈរមកលើសេរីភាពរបស់ប្រជាពលរដ្ឋកម្ពុជា។
ប្រសិនបើច្បាប់នេះត្រូវអនុម័ត ប្រធានាធិបតីអាមេរិកមានសិទ្ធិកំណត់ដាក់ទណ្ឌកម្មលើឈ្មោះមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល យោធា និងកងកម្លាំងប្រដាប់អាវុធកម្ពុជាដែលបានជាប់ពាក់ព័ន្ធនឹងការបំផ្លាញប្រជាធិបតេយ្យនិងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ទណ្ឌកម្មទាំងនេះ មានដូចជា ការបង្កកទ្រព្យសម្បត្តិដែលពួកគេមាននៅក្នុងសហរដ្ឋអាមេរិក និងការរឹតត្បិតទិដ្ឋាការមិនឱ្យពួកគេជាន់ទឹកដីអាមេរិក លើកលែងតែចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ ដែលមានទីស្នាក់ការកណ្តាលនៅបូរីញ៉ូវយ៉ក (New York)។ ច្បាប់នេះ នឹងត្រូវបញ្ចប់ក្នុងរយៈពេល ៥ឆ្នាំ ក្រោយថ្ងៃចូលជាធរមាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។