មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិអំពាវនាវឲ្យពលរដ្ឋចូលរួមចុះហត្ថលេខាគាំទ្រយុទ្ធនាការបញ្ចប់អំពើនិទណ្ឌភាព ដើម្បីបង្ហាញនូវឆន្ទៈនយោបាយ និងរស់នៅក្នុងក្ដីសង្ឃឹម។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា អ្នកស្រីចង់បានការចូលរួមពីពលរដ្ឋកាន់តែច្រើនដោយកុំភ័យខ្លាច ដើម្បីឈានទៅបានតាមគោលដៅកន្លះលានហត្ថលេខា ដែលជាផ្នែកមួយរួមចំណែករកយុត្តិធម៌ដល់ជនរងគ្រោះនិងសង្គមកម្ពុជា៖ « ប៉ុន្តែទោះបីមិនបានកន្លះលាន ១ហត្ថលេខា ក៏ជាការរួមចំណែករកយុត្តិធម៌ជូនជនរងគ្រោះ ពន្លឺយុត្តិធម៌នឹងមាន»។
គិតមកត្រឹមយប់ថ្ងៃទី១៦ ខែតុលា យុទ្ធនាការបញ្ចប់អំពើនិទណ្ឌភាពនៃគណបក្សសង្គ្រោះជាតិ មានអ្នកចូលរួមចុះហត្ថលេខាជាង ២ម៉ឺន ៥ពាន់នាក់ (២៥.១៥៣)។
ក្រុមការងារនេះមានអ្នកជំនាញបន្ថែមដើម្បីរៀបចំ "សៀវភៅស" មកពីសាកលវិទ្យាល័យល្បីមួយរូបនៅប្រទេសអូស្ដា្រលី (Australia) ដែលនឹងទទួលខុសត្រូវលើការចងក្រងឯកសារព្រឹត្តិការណ៍បោកគ្រាប់បែកចូលហ្វូងបាតុករដឹកនាំដោយ លោក សម រង្ស៊ី ដែលកំពុងតវ៉ាទាមទាររកយុត្តិធម៌សង្គម និងទាមទារឱ្យកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ កាលពីថ្ងៃទី៣០ មីនា ឆ្នាំ១៩៩៧។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ដែលជាតួអង្គមួយជាអ្នកសម្របសម្រួលរៀបចំ "សៀវភៅស" មានថេរដីកាថា ការរៀបចំសៀវភៅសកំពុងមានការវិវឌ្ឍគួរឲ្យកត់សម្គាល់។
ទន្ទឹមនឹងគ្នាក្រុមការងារក៏កំពុងចងក្រងសាច់រឿងលោក ជា វិជ្ជា លោកបណ្ឌិត កែម ឡី លោក ឈុត វុទ្ធី ព្រះតេជព្រះគុណ សំ ប៊ុនធឿន ករណីសម្លាប់អ្នកកាសែត សិល្បៈករ និងព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧ ដែលនឹងខិតខំចងក្រងឯកសារបិទបញ្ចប់នៅត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២០។
ប្រជាពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់ បានបន្តចុះហត្ថលេខាគាំទ្រយុទ្ធនាការបញ្ចប់និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ដល់ជនល្មើសនៅកម្ពុជានេះ ដោយគ្រោងប្រមូលស្នាមមេដៃប្រជាពលរដ្ឋប្រមាណកន្លះលាននាក់ ដើម្បីដាក់ញត្តិទៅតុលាការអន្តរជាតិនានា ឲ្យជួយរកយុត្តិធម៌ជូនក្រុមជនរងគ្រោះដែលបានស្លាប់ដោយអយុត្តិធម៌ ក្រោមរបបគ្រប់គ្រងរបស់លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។