មជ្ឈដ្ឋានខ្លះ បានយល់ថា ថៃ កំពុងបង្កឱ្យមានវិបត្តិនយោបាយផ្ទៃក្នុងធ្ងន់ធ្ងរ បំណងគេចចេញពីការអនុវត្តសាលក្រមរឿងជម្លោះព្រំដែននៅជិតប្រាសាទព្រះវិហារ នោះ។ តើថៃ អាចគេចចេញពីការអនុវត្តសាលក្រមរបស់តុលាការអន្តរជាតិ បានឬទេ តាមរយៈវិបត្តិនយោបាយផ្ទៃក្នុងនេះ?
សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (អាយ.ស៊ី.ជេ = ICJ) កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ បានសម្រេចជាឯកច្ឆន្ទថា កម្ពុជា មានអធិបតេយ្យភាពពេញលេញលើតំបន់ជុំវិញប្រាសាទព្រះវិហារ ទាំងមូល។
សាលក្រមនេះក៏នឹងអនុវត្តដោយតម្រូវឱ្យថៃ ដកកងទ័ពចេញពីតំបន់ជម្លោះព្រំដែននៅជុំវិញប្រាសាទព្រះវិហារ ដែរ។ ក៏ប៉ុន្ដែ ក្រោយពីតុលាការយុត្តិធម៌អន្តរជាតិ បកស្រាយសាលក្រមបានតែប៉ុន្មានថ្ងៃ ក្រុមអ្នកប្រឆាំងបានធ្វើបាតុកម្មទាមទារឱ្យនាយករដ្ឋមន្ត្រីថៃ គឺអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ចុះចេញពីតំណែងដែលធ្វើឱ្យវិបត្តិនយោបាយនៅក្នុងប្រទេសថៃ កំពុងមានភាពធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន។
វិបត្តិនយោបាយរបស់ប្រទេសថៃ ដែលធ្វើឱ្យរដ្ឋាភិបាលរបស់ អ្នកស្រី យីងឡាក់ សុខចិត្តរំលាយចោលរដ្ឋសភា ហើយរង់ចាំការបោះឆ្នោតជាថ្មីនេះ បានធ្វើឱ្យកម្ពុជា និងថៃ ជាប់គាំងនូវការជជែកគ្នាទ្វេភាគីអំពីរឿងដកកងទ័ពថៃ ចេញពីតំបន់ជម្លោះព្រំដែននៅជុំវិញប្រាសាទព្រះវិហារ ទៅតាមសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ នៃទីក្រុងឡាអេ។
ក៏ប៉ុន្តែ ទោះយ៉ាងណា ទាំងមន្ត្រីរដ្ឋាភិបាលខ្មែរ និងអ្នកវិភាគឯករាជ្យ សុទ្ធតែយល់ឃើញថា ប្រទេសថៃ មិនអាចយកលេសនៃវិបត្តិនយោបាយផ្ទៃក្នុង ដើម្បីគេចចេញពីសាលក្រមដែលតម្រូវឱ្យដកកងទ័ពចេញពីតំបន់ជម្លោះព្រំដែនជិតប្រាសាទព្រះវិហារ នោះបានទេ។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា គឺលោក ហោ ណាំហុង។ លោកបានថ្លែងនៅក្នុងពិធីប្រគល់មេដាយជូនមេធាវីបរទេស ដែលការពារក្ដីរឿងប្រាសាទព្រះវិហារ ឱ្យភាគីកម្ពុជា ថា ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ គឺជាប្រវត្តិសាស្ត្រទី២របស់កម្ពុជា ក្នុងការដណ្ដើមបានមកវិញនូវដែនដីជុំវិញប្រាសាទព្រះវិហារ ពីប្រទេសថៃ បន្ទាប់ពីកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ កម្ពុជា ធ្លាប់បានឈ្នះក្ដីម្ដងមកហើយ។
លោក ហោ ណាំហុង បានបញ្ជាក់ទៀតថា ថៃ ត្រូវតែដកកងទ័ពចេញពីតំបន់ជម្លោះព្រំដែនជុំវិញប្រាសាទព្រះវិហារ ទៅតាមសាលក្រមរបស់តុលាការអន្តរជាតិ បានកំណត់៖ «ប៉ុន្តែអាចនឹងរង់ចាំបន្តិច សភាពការណ៍ថៃ មានភាពប្រក្រតីវិញ ដើម្បីយើងចរចាឱ្យថៃ ដក។ ឯបញ្ហាភ្នំត្រប់ ដែលតុលាការមិនទាន់កំណត់ថាជារបស់អ្នកណា ក៏ប៉ុន្តែតុលាការឆ្នាំ១៩៦២ ក៏ដូចជាឆ្នាំ២០១៣ បានបញ្ជាក់ហើយបញ្ជាក់ទៀតថា ផែនទីឧបសម្ពន្ធ១ ជាផែនទីកំណត់ព្រំដែននៃប្រទេសទាំងពីរ។ ដូច្នេះ តាមផែនទីឧបសម្ពន្ធ១នេះ ភ្នំត្រប់ គឺនៅក្នុងទឹកដីកម្ពុជា»។
អ្នកវិភាគបញ្ហាសង្គមបានយល់ឃើញថា នៅក្នុងពេលដែលប្រទេសថៃ កំពុងមានវិបត្តិនយោបាយនេះ គឺប្រទេសកម្ពុជា អាចពិបាកក្នុងការកោះប្រជុំគណៈកម្មការព្រំដែនលក្ខណៈជាទ្វេភាគីជាមួយប្រទេសថៃ ក៏ប៉ុន្តែមិនមែនមានន័យថា ថៃ អាចគេចវេសដោយយកលេសថាមានវិបត្តិនយោបាយនោះបានយូរអង្វែងទេ។
លោកបណ្ឌិត កែម ឡី ជាអ្នកវិភាគឯករាជ្យ បានមានប្រសាសន៍ថា ការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ គឺអំណាចមួយ បើទោះបីជាប្រទេសថៃ មានវិបត្តិនយោបាយរហូតដល់ផ្លាស់ប្ដូររបបដឹកនាំក៏ដោយ ក៏អ្នកដែលត្រូវឡើងកាន់អំណាចជំនាន់ក្រោយ គឺត្រូវតែអនុវត្តសាលក្រមដែលបានបកស្រាយរួចមកហើយនោះ។ លោក កែម ឡី បានយល់ថា កម្ពុជា នៅមានប្រៀបជាច្រើនទៀត ប្រសិនបើថៃ ប្រកែកមិនព្រមអនុវត្តសាលក្រមដកកងទ័ពចេញពីតំបន់ជម្លោះព្រំដែនជិតប្រាសាទព្រះវិហារ ទេ៖ «នៅពេលដែលការអនុវត្តសាលក្រមដោយស្ម័គ្រចិត្តទៅមិនរួច ឬក៏ជជែកលក្ខណៈទ្វេភាគីទៅមិនរួចទេ ខ្ញុំគិតថា ប្រទេសខ្មែរយើងមានសិទ្ធិនៅក្នុងការប្ដឹងទៅរកយន្តការអន្តរជាតិណាមួយដែលសមស្រប ដើម្បីបង្ខំឱ្យអនុវត្តសាលក្រមនោះតែម្ដង ហើយក៏ថៃ មិនអាចយកហេតុផលនយោបាយផ្ទៃក្នុងមកទប់ស្កាត់ការអនុវត្តសាលក្រមជារៀងរហូតបានដែរ។ ខ្ញុំគិតថា មិនជាកត្តាសមហេតុផលទេ»។
ជម្លោះព្រំដែនរវាងខ្មែរ-ថៃ បានកើតមានជាលើកទី២ កាលពីអំឡុងខែកក្កដា ឆ្នាំ២០០៨ នៅពេលដែលប្រទេសថៃ បានបញ្ជូនកងទ័ពច្រើនរយនាក់ចូលលុកលុយទីវត្តខ្មែរកែវសិក្ខាគីរីស្វារៈ។
ចាប់តាំងពីកងទ័ពថៃ រំលោភចូលព្រំដែនខ្មែរពីឆ្នាំ២០០៨ រហូតមកដល់ឆ្នាំ២០១១ គឺកងទ័ពទាំងសងខាងបានប្រយុទ្ធគ្នាជាច្រើនលើកនៅជិតប្រាសាទព្រះវិហារ តំបន់ភ្នំត្រប់ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងនៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី នៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បណ្ដាលឱ្យកងទ័ពខ្មែរ និងថៃ ស្លាប់ និងរងរបួសមួយចំនួន។
«សំឡេងបាញ់»
ប្រជាពលរដ្ឋខ្មែរជាច្រើនចង់ឃើញប្រទេសថៃ គោរពតាមសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលសម្រេចរឿងជម្លោះព្រំដែនជិតប្រាសាទព្រះវិហារ នោះ ដើម្បីនាំមកនូវសន្តិភាព។
អ្នកភូមិធម្មជាតិសម្ដេចតេជោ ដែលនៅចម្ងាយប្រមាណ ៣០គីឡូម៉ែត្រភាគខាងកើតពីប្រាសាទព្រះវិហារ គឺអ្នកស្រី ង៉ែត គឿន បានមានប្រសាសន៍ថា ជាញឹកញាប់គាត់តែងបន់ស្រន់ដល់បារមីនៃវត្ថុសក្ដិសិទ្ធិ ឱ្យជួយការពារប្រាសាទព្រះវិហារ និងឱ្យប្រទេសថៃ យល់ព្រមបញ្ចប់ជម្លោះព្រំដែន៖ «សូមឱ្យតាឌីអីជួយគ្រប់គ្រងប្រាសាទព្រះវិហារ កុំឱ្យថៃ យករបស់ខ្មែរបាន។ បើយើងអត់មានបញ្ហាថៃ មកឈ្លានពានអ៊ីចឹង យើងនៅភូមិធម្មជាតិនេះរស់នៅស្រួលរកស៊ីបាន»។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានថ្លែងនៅស្របពេលដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ បកស្រាយសាលក្រមកាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការអន្តរជាតិធ្លាប់បានប្រកាសជាឯកច្ឆន្ទថា កម្ពុជា មានអធិបតេយ្យភាពពេញលេញលើបូរណភាពទឹកដី និងតំបន់ព្រៃភ្នំជុំវិញប្រាសាទព្រះវិហារ ដូចមានកំណត់នៅក្នុងកថាខណ្ឌទី៩៨ នៃដីកា។ ក្នុងកថាខណ្ឌនោះ តុលាការបានប្រកាសឱ្យប្រទេសថៃ ដកកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ កងនគរបាល អ្នកថែរក្សា ឬឆ្មាំយាមផ្សេងៗចេញពីទឹកដីនេះ៖ «កថាខណ្ឌទី៩៨ នៃសាលដីកានេះ បានបញ្ជាក់យ៉ាងច្បាស់អំពីការកំណត់ទីតាំងនៃតំបន់ពយភ្នំនេះ។ នេះជាជំហានទៅមុខដ៏មានសារសំខាន់ និងមានអត្ថន័យជាប្រវត្តិសាស្ត្រមួយទៀតនៅក្នុងការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ នូវបញ្ហាវិវាទរវាងកម្ពុជា និងថៃ»។
នាយករដ្ឋមន្ត្រីថៃ គឺអ្នកស្រី យីងឡាក់ ធ្លាប់បានប្ដេជ្ញាចិត្តជាមួយរដ្ឋាភិបាលកម្ពុជា កាលពីអំឡុងខែមេសា ថា មិនថាសាលក្រមរបស់តុលាការអន្តរជាតិចេញមកបែបណាទេ គឺត្រូវតែកុំឱ្យមានទំនាស់រវាងប្រទេសទាំងពីរចេញពីចំណុចតូចមួយទៅទូទាំងព្រំដែន និងចេញពីចំណុចតូចមួយទៅជាទូទាំងគ្រប់វិស័យបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។