ចៅក្រមស៊ើបសួរនៃតុលាការខេត្តរតនគិរី បានសម្រេចបិទការស៊ើបអង្កេតលើមន្ត្រីជាន់ខ្ពស់សមាគម អាដហុក (ADHOC) និងប្រជាសហគមន៍ឃុំសេដាហើយ ក្នុងសំណុំរឿងញុះញង់។ ចៅក្រមសម្រេចបិទការស៊ើបអង្កេតនេះ កាលពីខែមករាកន្លងទៅ ប៉ុន្តែសាមីខ្លួនទើបតែទទួលបានដំណឹងនេះទេ។ អ្នកការពារសិទ្ធិមនុស្សជំរុញឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់នេះ ព្រោះជារឿងមិនសមហេតុផល និងខ្វះមូលដ្ឋានគ្រប់គ្រាន់។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគម អាដហុក (ADHOC) លោក ប៉ែន បុណ្ណារ៍ ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី៩ កុម្ភៈថា លោកទើបតែទទួលបានលិខិតជូនដំណឹងស្ដីពីការបិទការស៊ើបសួរសំណុំរឿងនេះ កាលពីសប្ដាហ៍មុនប៉ុណ្ណោះ ពោលគឺនៅពេលលោកទៅបង្ហាញខ្លួនតាមការបង្គាប់របស់ចៅក្រមស៊ើបសួរ។ លោកបញ្ជាក់ថា មេធាវីរបស់លោកនឹងដាក់លិខិតស្នើសុំឱ្យចៅក្រមស៊ើបសួរទម្លាក់ចោលបទចោទប្រកាន់នៅត្រឹមដំណាក់កាលនេះ៖ «ទាំងអស់ហ្នឹង សុទ្ធតែជាការរៀបចំបំបាក់ស្មារតីយើង អ៊ីចឹងយើងដូចជាមិនមានអ្វីដែលត្រូវបាក់ទេ ពីព្រោះយើងបានឆ្លងរឿងជាច្រើនហើយ។ គេចោទយើងតាំងពីភេរវកម្មទាំងអស់មក ក៏ប៉ុន្តែយើងបានដោះ ពីព្រោះយើងអត់បានធ្វើ។ អ៊ីចឹងអំពើល្អរបស់យើង វានឹងការពារយើង។ ទោះបីជាធ្ងន់ធ្ងរយ៉ាងម៉េច រហូតដល់គេផ្តន្ទាទោសយើង ដាក់យើងក្នុងពន្ធនាគារ ក៏វាបង្ហាញនៅក្នុងសង្គមមួយអយុត្តិធម៌ដែរ ពីព្រោះវាមិនមែនមានតែភ្នែករបស់អាជ្ញាធរហ្នឹងឯណា សូម្បីតែភ្នែកទូទាំងប្រទេសហ្នឹងក៏គេដឹងថា យើងជាមនុស្សដូចម្តេចដែរ » ។
ទោះជាយ៉ាងណា លិខិតជូនដំណឹងស្ដីពីការបិទបញ្ចប់ការស៊ើបសួរនេះ មិនបានកំណត់ថា លោក ប៉ែន ប៊ុណ្ណារ៍ និងប្រជាសហគមន៍ឃុំសេដា ត្រូវរួចផុតពីកាតព្វកិច្ចស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនោះឡើយ។ នេះមានន័យថា មន្ត្រីជាន់ខ្ពស់សមាគមអាដហុករូបនេះ និងប្រជាសហគមន៍នៅតែត្រូវទៅបង្ហាញខ្លួននៅតុលាការខេត្តរតនគិរីរយៈពេល ២ខែម្តងដដែល ហើយពួកគេមិនអាចផ្លាស់ប្ដូរទីលំនៅដោយគ្មានការអនុញ្ញាតពីតុលាការឡើយ។
អាស៊ីសេរីមិនអាចសុំការបំភ្លឺរឿងនេះពីអ្នកនាំពាក្យតុលាការខេត្តរតនគិរី លោក កែវ ពិសុទ្ធ បានទេនៅថ្ងៃទី៩ កុម្ភៈ ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។ ចំណែកចៅក្រមស៊ើបសួរ លោក សេង ស៊ឹមសូរិយា ក៏មិនអាចទាក់ទងបានដូចគ្នា។
មន្ត្រីជាន់ខ្ពស់សមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ និងប្រជាសហគមន៍ឃុំសេដាមួយចំនួនទៀត ត្រូវបានចៅក្រម សេង ស៊ឹមសូរិយា ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីបទ "ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍" កាលពីខែតុលា ឆ្នាំ២០១៩ កន្លងទៅ។ ម្ចាស់បណ្ដឹងក្នុងរឿងក្តីនេះ គឺក្រុមអាជ្ញាធរចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់មន្ត្រីជំនាញថ្នាក់ខេត្ត ដែលត្រូវបានលោក ប៉ែន បុណ្ណារ៍ និងប្រជាពលរដ្ឋ ប្ដឹងបរិហារករណីបណ្ដែតបណ្ដោយឱ្យមានបទល្មើសកាប់រានដីព្រៃជាង ៨០០ហិកតារ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី។
លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់ថា លោក និងប្រជាសហគមន៍បានទៅបង្ហាញខ្លួនជាទៀងទាត់នៅសាលាដំបូងខេត្តរតនគិរី តាមការបង្គាប់របស់ចៅក្រមស៊ើបសួរ។ លោកថា ការបង្ហាញខ្លួនកន្លងមក មន្ត្រីតុលាការគ្រាន់តែឱ្យលោកបំពេញលិខិតស្នាម និងចុះវត្តមាន មិនមានការសួរនាំពាក់ព័ន្ធនឹងសំណុំរឿងនេះទេ។ លោកអះអាងថា បើទោះជារងបណ្ដឹង និងត្រូវតុលាការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យបែបនេះក្តី ក៏លោកមិនរាថយក្នុងការចុះបង្រៀនសហគមន៍មូលដ្ឋាន និងដាក់បណ្ដឹងបរិហារប្រឆាំងនឹងបទល្មើសព្រៃឈើ និងធនធានធម្មជាតិនោះដែរ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ចាត់ទុកបណ្ដឹងប្រឆាំងមន្ត្រីអាដហុក និងប្រជាសហគមន៍នេះថា ជាវប្បធម៌ក្ដិចត្រួយ ដែលបំផ្លាញទឹកចិត្តអ្នកហ៊ានចេញមុខការពារព្រៃឈើ និងធនធានធម្មជាតិ។ លោកថា តុលាការគួរតែចាត់ការលើបណ្ដឹងបរិហាររឿងកាប់រានដីព្រៃដែលប្ដឹងដោយមន្ត្រីអាដហុក និងប្រជាសហគមន៍វិញ ជាជាងចាត់ការលើបណ្ដឹងរបស់អ្នកពាក់ព័ន្ធបទល្មើសព្រៃឈើដែលប្ដឹងបកពួកគេរឿងញុះញង់បែបនេះ។ អ្នកការពារសិទ្ធិមនុស្សរូបនេះអំពាវនាវដល់តុលាការខេត្តរតនគិរីទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងមន្ត្រីអាដហុក និងប្រជាសហគមន៍ ហើយផ្តល់សិទ្ធិសេរីភាពពេញលេញដល់ពួកគេវិញ៖ «បណ្តឹង និងការចោទប្រកាន់លោក ប៉ែន ប៊ុណ្ណារ៍ និងសហគមន៍ព្រៃឈើមួយចំនួនទៀត គឺមិនមានមូលដ្ឋាន ឬក៏មិនសមហេតុផលទាល់តែសោះ។ ផ្ទុយទៅវិញ គឺថាបណ្តឹងហ្នឹង វាជាការគំរាមកំហែង បំភិតបំភ័យ បន្ទុចបង្អាក់សកម្មភាពរបស់មន្ត្រីអង្គការសិទ្ធិមនុស្ស និងសហគមន៍ក្នុងការចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ ឬការរុករានព្រៃឈើជាដើម។ អ៊ីចឹងយើងជាសង្គមស៊ីវិលដែលធ្វើការលើផ្នែកនេះ គឺតាំងពីដើមមក យើងទាមទារឱ្យទម្លាក់បទចោទប្រកាន់លើអ្នកទាំងអស់ហ្នឹងឱ្យមានសេរីភាពដើម្បីបំពេញវិជ្ជាជីវៈរបស់ខ្លួនឱ្យបានពេញលេញឡើងវិញ » ។
មេធាវីការពារក្តីឱ្យមន្ត្រីអាដហុក និងប្រជាសហគមន៍ លោក សំ ទិត្យសីហា ធ្លាប់ប្រាប់អាស៊ីសេរីថា រឿងក្តីនេះ តុលាការយោងទៅលើតែរបាយការណ៍របស់ក្រុមអាជ្ញាធរដែលបានចោទកូនក្តីរបស់លោកថា ញុះញង់ឱ្យពលរដ្ឋទៅកាប់រានដីព្រៃ ប៉ុណ្ណោះ។ លោកអះអាងថា នេះជាការចោទប្រកាន់គ្មានមូលដ្ឋាន និងមិនត្រឹមត្រូវ ព្រោះកូនក្តីរបស់លោក គឺជាអ្នកការពារព្រៃឈើ ហើយការប្ដឹងបរិហារអំពីបទល្មើសណាមួយនោះ គឺជាការអនុវត្តតាមក្រមព្រហ្មទណ្ឌកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។