រដ្ឋសភាជ្រើសតាំងលោក ជាម យៀប ជាអនុប្រធានទី១ និងអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០២២
2021.11.25

រដ្ឋសភាគណបក្សប្រជាជនកម្ពុជាបានសម្រេចជ្រើសតាំងលោក ជាម យៀប ជាអនុប្រធានទី១ នៃរដ្ឋសភាជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ លោក ជាម យៀប ដែលជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង ចូលកាន់តំណែងនេះជំនួសលោក ងួន ញ៉ិល ដែលបានទទួលមរណភាពកាលពីថ្ងៃទី ៥ ខែវិច្ឆិកាកន្លងទៅ។
ជាមួយគ្នានេះ រដ្ឋសភាឯកបក្សបានជ្រើសតាំងលោក ឈាង វុន ឱ្យធ្វើជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ជំនួសលោក ជាម យៀប។ រីឯតំណែងប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានវិញ រដ្ឋសភាបានជ្រើសតាំងលោក សួស យ៉ារ៉ា ឱ្យធ្វើជាប្រធានជំនួសលោក ឈាង វុន។
ក្រៅពីការប្ដូរផ្លាស់តួនាទីគ្នានេះរបស់សមាជិកសភាគណបក្សកាន់អំណាចនេះហើយ រដ្ឋសភាដដែលបានសម្រេចអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ឬហៅដោយខ្លីថា ច្បាប់ថវិកាជាតិឆ្នាំ ២០២២។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែងថា លោកមិនចាំគម្រោងចំណូល និងចំណាយក្នុងសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ ២០២២ នោះទេ ប៉ុន្តែលោកបញ្ជាក់ថា មិនមានអ្វីកែប្រែលើខ្លឹមសារដែលរដ្ឋាភិបាលបានបញ្ជូនមកនោះឡើយ។
រដ្ឋាភិបាលលោក ហ៊ុន សែន គ្រោងចំណាយថវិកាជាតិប្រមាណ ៨ពាន់ ៥រយលានដុល្លារ (៨.៥ ពាន់លានដុល្លារ) ខណៈចំណូលដែលគ្រោងប្រមូលបានមានជាង ៦ពាន់ ៣រយលានដុល្លារ (៦.៣ ពាន់លានដុល្លារ) សម្រាប់ឆ្នាំ ២០២២។ ដើម្បីបង្គ្រប់ការចំណាយ រដ្ឋាភិបាលគ្រោងខ្ចីប្រាក់បន្ថែមទៀតពីដៃគូអភិវឌ្ឍន៍ជាង ២ពាន់ ២រយលានដុល្លារ (២.២៦ ពាន់លានដុល្លារ) និងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងចំនួន ៣រយលាន(៣០០) ដុល្លារ។ នេះបើតាមសេចក្ដីព្រាងច្បាប់ដែលគណៈរដ្ឋមន្ត្រីបានអនុម័តកាលពីថ្ងៃទី ២២តុលា កន្លងទៅ មុនពេលបញ្ជូនមករដ្ឋសភា។
អង្គការសង្គមស៊ីវិលបានស្នើយ៉ាងទទូចដល់រដ្ឋាភិបាល ប្រើប្រាស់ថវិកាជាតិនេះឱ្យចំទិសដៅ មានប្រសិទ្ធភាព និងចៀសផុតពីអំពើពុករលួយ ព្រោះថវិកានេះមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការជួយស្ដារស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដែលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។