តុលាការ​សម្រេច​ឃុំខ្លួន​មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ ក្រោយ​ចាប់ខ្លួន​ពីព្រលាន​យន្តហោះ

ចៅក្រម​សាលាដំបូង​រាជធានីភ្នំពេញ សម្រេច​បញ្ជូន​ខ្លួន ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គា វើលដ៍ ​(Naga World) កញ្ញា ឈឹម ស៊ីថរ ទៅឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស (ម២) នៅ​ល្ងាច​ថ្ងៃទី២៦ ខែវិច្ឆិកា ក្រោយ​ការ​សាកសួររយៈ​ពេលខ្លី។ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ឡើងវិញ​នៅ​ព្រលាន​យន្តហោះ​​អន្តរជាតិ​ ភ្នំពេញ​ ក្រោយ​កញ្ញា​វិល​ត្រឡប់​ពី​ចូលរួម​កិច្ច​ប្រជុំ​នៅ​ប្រទេស​អូស្ត្រាលី​ ដោយ​ចោទ​ប្រកាន់​ថា ស្ត្រីមេដឹកនាំ​សហជីពរួប​នេះ គេចវេស​ពីការត្រួត​ពិនិត្យ​របស់​តុលាការ។

ទោះ​យ៉ាង​ណា មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​ចំណាត់ការ​របស់​តុលាការ​នេះ​ថា ជាការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​សិទ្ធិ​សហជីព។ សមត្ថកិច្ច​ទទួល​បន្ទុក​ផ្នែក​សន្តិសុខ និង​ផ្នែក​អន្តោប្រវេសន៍​បានឃាត់ខ្លួន​ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គា វើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃទី២៦ ខែវិច្ឆិកា ក្រោយ​ពេល​កញ្ញា ធ្វើដំណើរ​ត្រឡប់​ពីប្រទេស​អូស្ត្រាលី​ចូលមក​កម្ពុជា​វិញ។

ក្រោយ​ការ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​កញ្ញា ឈឹម ស៊ីថរ ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ទៅ​សាលាដំបូង​រាជធានីភ្នំពេញ ដើម្បី​ប្រគល់​ឱ្យ​ចៅក្រម​សាកសួរ ពាក់ព័ន្ធការ​ចោទប្រកាន់​ថា មេដឹកនាំ​សហជីព​រូប​នេះ មិន​បាន​គោរព​តាម​បម្រាម​របស់​តុលាការ​ ក្រោយ​ដោះលែង​ឱ្យនៅក្រៅ​​ពន្ធនាគារ​បណ្ដោះ​អាសន្ន​នាពេល​កន្លងមក​។

អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​ភ្នំពេញ លោក សាន សុខសីហា ឱ្យ​វិទ្យុអាស៊ីសេរីដឹង​ថា ការ​ឃាត់ខ្លួន​កញ្ញា ឈឹម ស៊ីថរ អនុវត្តន៍ តាម​ដីកា​របស់​តុលាការ។ លោកឱ្យ​ដឹងទៀត​ថា ចៅក្រម​សាកសួរ​នៃសាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​ថា កញ្ញា ឈឹម ស៊ីថរ មិន​បាន​អនុវត្ត​សេចក្ដីសម្រេច​របស់​តុលាការ ចុះកាល​ពី​ថ្ងៃទី១៤ ខែមីនា។ លោកបន្តទៀតថា ដីកា​នោះបាន​ដាក់​កញ្ញា ឈឹម ស៊ីថរ ស្ថិត​ក្នុង​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ ហើយប្រសិន​បើតុលាការ​មិន​អនុញ្ញាត​គឺ​កញ្ញា ឈឹម ស៊ីថរ ចេញ​ក្រៅ​ប្រទេស គឺមិន​អាច​ចេញ​បាន​ទេ។ អ្នកនាំពាក្យ​សមត្ថកិច្ច​រូប​នេះ​ថា ក្រោយ​ការ​ឃាត់ខ្លួន​រួច​ហើយ តុលាការ​ចាត់ការ​បែប​ណា ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ។

លោក សាន សុខសីហា៖ «​ធម្មតា​យើង​អនុវត្តន៍​តាម​ដីកា តែ​ឃាត់​ខ្លួន​ភ្លាម​យើង​បញ្ជូន​ទៅ​តុលាការ​ហើយ ​មិនមែន​ជា​ការ​បំភិតបំភ័យ​ទេ គ្រាន់តែ​តែ​ជា​ការ​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​ ព្រោះ​ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ គឺ​គេ​មាន​ការ​អនុវត្តន៍​របស់​តុលាការ»។

ទាក់ទង​រឿង​នេះ វិទ្យុអាស៊ីសេរី​មិនអាច​បញ្ជាក់បន្ថែម​ពី​ប្រធាន​លេខាធិការដ្ឋាន​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ បានទេ​នៅថ្ងៃទី២៦ ខែវិច្ឆិកា។ ចំណែក អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃក្រសួង​មហាផ្ទៃ លោក នុត សវនា ក៏មិនអាច​សុំការបញ្ជាក់​បាន​ដែរ នៅថ្ងៃ​ដដែល​នេះ។

នាយក​ទទួល​បន្ទុកកិច្ចការទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ដែល​តាមដាន​ដំណើរឿង​នេះ ប្រាប់​ថា តុលាការ​សម្រេច​ឃុំខ្លួន​កញ្ញា ឈឹម ស៊ីថរ ដាក់ពន្ធនាគារ​ហើយ នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ប៉ុន្ដែ លោក​មិនទាន់​ដឹង​ថា តុលាការចោទ​ប្រកាន់​ពី​បទល្មើស​អ្វីនៅ​ឡើយ​ទេ។ ទោះជា​យ៉ាង​ណា ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស រិះគន់ថា ការ​ឃាត់ខ្លួន​នេះ ជាការ​គំរាមកំហែង​ និង​បំភិត​បំភ័យ​ថ្មីមួយ​ទៀត លើ​មេដឹកនាំ​សហជីព​ក្រុមហ៊ុន​ណាហ្គា វើលដ៍។ ពួកគេ​លើកឡើង​ថា បើកញ្ញា ឈឹម ស៊ីថរ គ្មាន​ចេតនា គេចវេស​មិន​អនុវត្តន៍​បម្រាម​តុលាការ​នោះទេ។ នាយក​ទទួល​បន្ទុក​កិច្ចការទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត យល់ថា ការឃាត់​ខ្លួន​នេះ ជា​ការ​គំរាម​កំហែង និង​បំភិតបំភ័យ​ថ្មីមួយ​ទៀត លើមេដឹកនាំ​សហជីព និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា វើលដ៍ ដែល​កំពុង​ទាមទារ​រក​ដំណោះស្រាយ​ការងារ។ លោកឱ្យដឹង​ទៀត​ថា កាលពី​សមត្ថកិច្ច​ដោះលែង​កញ្ញា ឈឹម ស៊ីថរ គឺកញ្ញា ឈឹម ស៊ីថរមិន​បានផ្ដិត​មេដៃលើ​លក្ខខណ្ឌ​ដែល​តុលាការ​ហាមឃាត់​នោះ​ទេ។ លោកបន្តថា ក្នុងករណីកញ្ញា ឈឹម ស៊ីថរ មិន​បាន​ផ្ដិត​មេដៃ មានន័យ​ថា​កញ្ញា ឈឹម ស៊ីថរ មិន​បានដឹង​ពី​បម្រាម​របស់​តុលាការ ហើយតុលាការ​មិនគួរយក​បញ្ហានេះមក​ចោទ​ប្រកាន់​កញ្ញា ឈឹម ស៊ីថរ។

លោក អំ សំអាត៖ «គឺ​ការ​បំបាក់​ស្មារតី និង​គំរាមកំហែង​ទៅ​ដល់​ បុគ្គលិក និង​អតីត​បុគ្គលិក ណាហ្គាវើលដ៍​ដែល​កំពុង​ធ្វើ​កូដកម្ម ទាក់ទង​នឹង​រឿង​ទាមទារ វិវាទ​ការងារ ហើយ​ បញ្ហា​វិវាទ​ការងារ​មិន​បាន​ដោះស្រាយ​ ប៉ុន្តែ ដំណោះស្រាយ​ដែល​ឆ្លើយតប បែរ​ជា​ការ​ចាប់​ខ្លួន ការ​ឃាត់​ខ្លួន​ ឬ​ការ​កោះហៅ​ និង​ការ​ចោទ​ប្រកាន់​ជា​បន្ត​បន្ទាប់​ទៅ​វិញ»។

ស្រដៀងគ្នា​នេះដែរ ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និងជា​ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក រ៉ុង ឈុន រិះគន់​ថា ការ​ចាប់ខ្លួន​កញ្ញា ឈឹម ស៊ីថរ ឡើងវិញ​នេះ មិន​សមហេតុផល​ទេ។ លោក​បន្តថា ប្រសិន​បើ​ជនណា​ម្នាក់​ជាប់​បម្រាប​តុលាការ នៅពេល​ពួកគេ​ចេញ​ក្រៅ​ប្រទេស នោះ​សមត្ថកិច្ច​មិន​អនុញ្ញាត ឱ្យ​ចាកចេញ​ពី​កម្ពុជា​ទេ ប៉ុន្តែ​លោក​ថា ករណីកញ្ញា ឈឹម ស៊ីថរ គឺ​សមត្ថកិច្ច​ឱ្យ​ចេញ​ក្រៅ​ប្រទេស​រួច​ហើយ បែរជា​ឃាត់​ខ្លួន​ពេល​ត្រឡប់​ចូល​កម្ពុជា​វិញ។ លោកបន្តថា ករណី​នេះ​ធ្វើឱ្យ​សហគមន៍​អន្តរជាតិ មើល​មក​រដ្ឋាភិបាល​ថា ប្រើ​ប្រព័ន្ធ​តុលាការ​គាបសង្កត់​លើ​សកម្មជន​សហជីព។

លោក រ៉ុង ឈុន៖ «ជា​ទង្វើ​ផ្គើន​ការ​ស្នើ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ក៏​ដូច​ជា​ផ្គើន​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​ប្រធានាធិបតី សហរដ្ឋអាមេរិក​ អត់​មាន​ផល​ចំណេញ​ដល់​កម្ពុជា​យើង​ទេ ធ្វើ​ឱ្យ​កម្ពុជា​យើង​នឹង​ខាតបង់ បាត់បង់​GSP និង​បាត់បង់ EBA រហូត​ទទួល​ទណ្ឌកម្ម​ផ្សេង​ៗទៀត»។

ប្រធាន​សហជីព​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ បាន​ទៅចូលរួម​ប្រជុំ​ជា​មួយ​ក្រុម​សហជីព​ជាច្រើន​រូប​ទៀត ក្នុង​កម្មវិធី​សមាជ​សហភាព​សហជីពអន្តរជាតិ នៅ​ប្រទេស​អូស្ត្រាលី កាល​ពី​ពេល​ថ្មីៗ​នេះ។ សមត្ថកិច្ចបាន​ឃាត់​ខ្លួន​កញ្ញា នៅព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ពេលកញ្ញា ឈឹម ស៊ីថរ ធ្វើដំណើរ​ពី​ប្រទេស​អូស្ត្រាលី ចូល​ប្រទេស​កម្ពុជា​វិញ។

មន្ត្រីសហជីព​មួយចំនួន​ដែល​ចូលរួម​សមាជ​សហភាព​សហជីព​អន្តរជាតិ នៅ​ប្រទេស​អូស្ត្រាលី​ ដែរ​នោះ ​ឱ្យ​វិទ្យុអាស៊ី​សេរី​ដឹង​ថា កញ្ញា ឈឹម ស៊ីថរ បាន​លើក​ឡើង​ពី​ករណី រំលោភ​សិទ្ធិការងារ និង​សិទ្ធិ​សហជីព​នៅក្រុម​ហ៊ុន​ណាហ្គាវើលដ៍ ដោយថៅកែ​ក្រុមហ៊ុន​ បន​ល្បែង​មួយនេះ​គ្មាន​ចេតនា​ដោះស្រាយ​ជម្លោះ​ការងារ​ដែល​បាន​អួស​បន្លាយ​ជាច្រើន​ខែ​មក​នេះទេ។ ពួកគេ​ឱ្យដឹងទៀត​ថា សហភាព​សហជីព​អន្តរជាតិ បាន​ចាប់​អារម្មណ៍​បញ្ហា កញ្ញា ស៊ីថរ លើកឡើង និង​បាន​សន្យា​ថា នឹង​លើក​ឡើង​បញ្ហា​នេះ​ស្នើ​ទៅ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ជួយ​រក​ដំណោះ​ស្រាយ។

បុគ្គលិក​ក្រុមហ៊ុន ណាហ្គាលវើលដ៍ ដែល​កំពុង​ទាមទារ​រក​ដំណោះ​ស្រាយ ការងារ អ្នក​នាង ម៉ម សុវឌ្ឍិន​ យល់​ថា ការចា​ប់ខ្លួន​កញ្ញា ឈឹម ស៊ីថរ ពេលនេះ ដើម្បីបំបាក់​ស្មារតី និង​ទឹកចិត្ត​ក្រុម​កូដករ។​ ទោះយ៉ាង​ណា ស្ត្រី​កូដករ រូបនេះ អះអាងថា កញ្ញា មិន​ខ្លាច​ញញើត​ក្នុង​ការទាមទារ​រក​ដំណោះ​ស្រាយ​ឡើយ។

អ្នក​នាង ម៉ម សុវឌ្ឍិន៖ «អាច​ជា​រូបភាព​គំរាមកំហែង​ទៅ​ដល់​អ្នក​តវ៉ា ដែល​កំពុង​តវ៉ា ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ នៅ​ពេល​ឃើញ​តំណាង​ចូល​គុក​បែប​នេះ​អ៊ីចឹង​។ ជំហរ របស់​កូដករ មិនមែន​ក្រោម​បញ្ជា​បងស្រី​ទេ មិនមែន​ក្រោម​បញ្ជា​របស់​បង ស៊ីថរ ទេ គឺ​ការ​ធ្វើ​កូដកម្ម​នេះ ចេញ​មក​ពី​កូដកម្ម​ម្នាក់ៗ​អ៊ីចឹង ទោះបី តុលាការ​ប្រើ​ប្រព័ន្ធ​ដើម្បី​បំបែក​កូដកម្ម​នេះ​មិន​អាច​ទៅ​រួច​ទេ»។

សាសាដំបូង​រាជធានីភ្នំពេញ ធ្លាប់​ចាប់​ឃុំ​ខ្លួន កញ្ញា ឈឹម ស៊ីថរ រួម​ទាំង​ថ្នាក់​ដឹកនាំ​សហជីព​១០​នាក់​ទៀត​ដាក់​ពន្ធនាគារ​ជា​នបន្តបន្ទាប់​កាល​ពី​ដើម​ឆ្នាំ​២០២២ ដោយ​ចោទ ប្រកាន់​ពី​បទ​ញុះញង់​ និង​ល្មើស​ច្បាប់​​កូវីដ​-១៩ នៅ​ពេល​ពួក​គេ​ប្រើប្រាស់​សិទ្ធិធ្វើ​កូដកម្ម​អហិង្សា​ទាមទារ​ដំណោះស្រាយ។​ ទោះយ៉ាង​ណា ក្រោយមាន​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ដោះលែង​កញ្ញា ឈឹម ស៊ីថរ និង​អ្នកផ្សេងទៀត​ឱ្យនៅក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ ត្រូវ​សន្យា​ថា មិន​ចូលរួម​ដឹកនាំ​ការ​តវ៉ា និង​ប្រាប់​ឱ្យ​កូដករ រក្សា​ភាព​ស្ងប់ស្ងាត់​ ដើម្បី​ជួបចរចា​រក​ដំណោះស្រាយ។ ទោះ​យ៉ាងណា​ក៏​ដោយ​ ការ​ជួប​ចរចា​កន្លង​មក​ នៅតែ​គ្មា​ន​លទ្ធផល​វិជ្ជមាន ដោយសារ​ក្រសួង​ការងារ​ និង​ក្រុមហ៊ុន​ តែង​បង្ខំ​ឱ្យបុគ្គលិក​ ទូទាត់​ប្រាក់​ឈ្នួល​​ហើយ​រក​ការងារ​ថ្មី​។

សព្វថ្ងៃ​ខណៈ​វិវាទការងារ​មួយ​នេះបន្តអូស​បន្លាយ តំណាង​សហជីព និង​បុគ្គលិក​ក្រុមហ៊ុន​ ណាហ្គាវើលដ៍​មួយ​ចំនួន កំពុង​ជាប់ក្ដីក្ដាំ​នៅ​តុលាការ និងត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​កោះហៅឱ្យ​ចូល​បំភ្លឺ​ជាញឹក​ញាប់។ មន្ត្រីសង្គម​ស៊ីវិល ជំរុញទៅ​ក្រសួង​ការងារ និង​ភាគី​ថៅកែ​ក្រុមហ៊ុន ណាហ្គាវើលដ៍ គួរពន្លឿនការ​ដោះស្រាយ ដើម្បី​បញ្ជាប់​ជម្លោះ​ឱ្យ​បាន​ឆាប់ និង​កុំប្រើ​ប្រព័ន្ធ​តុលាការ​គាបសង្កត់​សិទ្ធិ​សហជីព និងបុគ្គលិក ដែលទាមទារ​រក​ដំណោះ​ស្រាយ​ការងារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។