ប្រធាន​ពន្ធនាគារ​អះអាង​ថា​លោក ឈូក បណ្ឌិត មាន​ស្ថានភាព​ដូច​អ្នក​ទោស​ដទៃ

0:00 / 0:00

ប្រធាន​ពន្ធនាគារ​ខេត្ត​ស្វាយរៀង អះអាង​ថា លោក ឈូក បណ្ឌិត ដែល​កំពុង​ជាប់​ពន្ធនាគារ​ខេត្ត គឺ​មាន​ស្ថានភាព​ដូច​អ្នក​ទោស​ដទៃ​ទៀត​ដែរ។ តែ​យ៉ាង​ណា​ក៏ដោយ មន្ត្រី​នៃ​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ស្វាយរៀង បញ្ជាក់​ថា ទណ្ឌិត​ធ្លាប់​មាន​អំណាច​រូប​នេះ អាច​មាន​ស្ថានភាព​ប្រសើរ​ជាង​ទណ្ឌិត​ដទៃ​ទៀត ដោយសារ​អាច​ចេញ​ចូល​បន្ទប់​ឃុំ​ឃាំង ឬ​ចូល​បណ្ណាល័យ​អាន​សៀវភៅ​បាន​ច្រើន​ដង​ក្នុង ១​ថ្ងៃ។ ដោយឡែក​មេធាវី​ការពារ​ឲ្យ​កម្មការិនី​រងគ្រោះ កំពុង​រៀបចំ​ដាក់​ពាក្យ​បណ្ដឹង​ទាមទារ​សំណង​ក្រោយ លោក ឈូក បណ្ឌិត ជាប់​ពន្ធនាគារ។

លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ដែល​បាន​បាញ់​កម្មការិនី ៣​នាក់​ឲ្យ​រង​របួស ហើយ​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ​កន្លះ​នោះ គឺ​ពុំ​មាន​ការ​សម្រប​សម្រួល​ឲ្យ​រស់នៅ​ក្នុង​បន្ទប់​ពិសេស ខុស​ពី​អ្នក​ទោស​ដទៃ​ទៀត​ឡើយ។

ប្រធាន​ពន្ធនាគារ​ខេត្ត​ស្វាយរៀង លោក សួស សាខូ មាន​ប្រសាសន៍​ថា អ្នក​ទោស គឺ​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ ដូច្នេះ លោក ឈូក បណ្ឌិត គឺ​ត្រូវ​រស់នៅ​ក្នុង​បន្ទប់​ទំហំ ៥​ម៉ែត្រ​គុណ​នឹង ៦​ម៉ែត្រ ដាក់​អ្នក​ទោស​សរុប ៣០​នាក់៖ «គេ​ជាប់​ម៉េច គាត់​ជាប់​អ៊ីចឹង ដូច​តែ​គេ​ដែរ។ រឿង​អាន​សៀវភៅ​នៅ​បណ្ណាល័យ​នោះ គឺ​អ្នក​ទោស​ណា​ក៏​អាច​មើល​បាន​ដែរ។ អង្គការ​ស៊ីប៉ា (SIPAR) គេ​បង្កើត​បណ្ណាល័យ​នៅ​តាម​ពន្ធនាគារ​ទូទាំង​ប្រទេស ដើម្បី​ឲ្យ​អ្នក​ទោស​បាន​អាន​សៀវភៅ។ ដូច្នេះ​អ្នក​ទោស​គេ​ម៉េច គាត់​អ៊ីចឹង»

លោក ឈូក បណ្ឌិត ត្រូវ​បាន​ចាប់​បញ្ជូន​ចូល​ពន្ធនាគារ​ខេត្ត​ស្វាយរៀង ភ្លាមៗ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៨ ខែ​សីហា បន្ទាប់​ពី​ដើរ​ចូល​មក​សារភាព​ដោយ​ខ្លួន​ឯង ក្រោយ​គេច​ខ្លួន​ជាង ៣​ឆ្នាំ។ការ​ចូល​ទទួល​ទោស​ទណ្ឌ​នេះ គឺ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ចាប់​ខ្លួន។

ទាក់ទិន​បញ្ហា​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណរ័ត្ន ដែល​ធ្លាប់​បាន​ចូល​ទៅ​មើល​ស្ថានភាព​រស់នៅ​របស់ លោក ឈូក បណ្ឌិត ក្នុង​ពន្ធនាគារ​នោះ​ឲ្យ​ដឹង​ថា មិន​មាន​ការ​ខុស​ប្លែក​គ្នា​ប៉ុន្មាន​ឡើយ​រវាង​អ្នក​ទោស ឈូក បណ្ឌិត និង​អ្នក​ទោស​ដទៃ​ទៀត។ តែ​ទោះ​ជា​យ៉ាង​ណា ក៏​ទណ្ឌិត​ដែល​ធ្លាប់​មាន​ឥទ្ធិពល​រូប​នេះ អាច​ចេញ​ពី​ក្នុង​បន្ទប់​ឃុំឃាំង​បាន​ច្រើន​ជាង​គេ​ដែរ៖ «អ្នក​ទោស​ខ្លះ​អាច​ចេញ​ពី​បន្ទប់​បាន​មួយ​ពេល​អី​អ៊ីចឹង ហើយ​អ្នក​ទោស​ខ្លះ​ទៀត ចេញ​មក​ធ្វើ​ការ គឺ​អាច​ចេញ​ពី​បន្ទប់​បាន​ដល់​ល្ងាច តែ​ចំពោះ​គាត់ (ឈូក បណ្ឌិត) អាច​ចេញ​អាន​សៀវភៅ​នៅ​បណ្ណាល័យ ចេញ​ក្រៅ​បន្ទប់​អ៊ីចឹង​ទៅ ពេល​ល្ងាច​ដល់​ម៉ោង​ចូល​បន្ទប់​វិញ គឺ​គាត់​ចូល​នឹង​គេ​ដែរ»

ក្រៅ​ពី​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​មួយ​ឆ្នាំ​កន្លះ​នោះ គឺ​សាលក្រម​តុលាការ​ខេត្ត​ស្វាយរៀង បាន​តម្រូវ​ឲ្យ លោក ឈូក បណ្ឌិត បង់​ប្រាក់​សំណង​ទៅ​ឲ្យ​កម្មការិនី កែវ នា ដែល​រង​របួស​ដៃ ចំនួន ៨​លាន​រៀល ឬ​ប្រហែល ២.០០០​ដុល្លារ។ កម្មការិនី នុត សាខន របួស​ខ្នង ចំនួន ១០​លាន​រៀល ឬ​ប្រហែល ២.៥០០​ដុល្លារ និង ប៊ុន ចិន្តា ដែល​ត្រូវ​គ្រាប់​កាំភ្លើង​ចំ​ទ្រូង​ធ្លាយ​ទៅ​ក្រោម​ក្លៀក​ខាង​ស្ដាំ ចំនួន ២០​លាន​រៀល ឬ​ប្រហែល ៥.០០០​ដុល្លារ។

ទាក់ទង​នឹង​សំណង​នេះ​ដែរ អ្នកស្រី សារី បុត្រចរិយា មេធាវី​ការពារ​ឲ្យ​កម្មការិនី​ទាំង​បី​នាក់ ដែល​ជា​ជន​រងគ្រោះ​ដោយ​ការ​បាញ់​ប្រហារ​របស់ លោក ឈូក បណ្ឌិត កំពុង​រង់ចាំ​លិខិត​បញ្ជាក់​សាល​ដីកា​ស្ថាពរ​របស់​តុលាការ​កំពូល មុន​នឹង​ឈាន​ដល់​ការ​ដាក់​បណ្ដឹង​សុំ​អនុវត្ត​ទាមទារ​សំណង​នៅ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង។

ជាមួយ​គ្នា​នេះ​ដែរ កម្មការិនី​រងគ្រោះ ក៏​ទទូច​ឲ្យ​តុលាការ​ពន្លឿន​ក្នុង​ការ​ផ្តល់​សំណង​ដល់​ពួក​គេ​ឲ្យ​បាន​ឆាប់ៗ​ដែរ ដើម្បី​យក​ទៅ​បន្ត​ព្យាបាល​ជំងឺ​ដែល​នៅ​តែ​ធ្វើ​ទុក្ខ​ស្ទើរ​រាល់​ថ្ងៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។