មន្ត្រី​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ពី​អាជ្ញាធរ​បិទ​ខ្ទប់​ព័ត៌មាន​បញ្ហា​សន្តិសុខ​សង្គម និង​បទល្មើស​ឧក្រិដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ក្រោយពី​រដ្ឋាភិបាល​សម្រេច​បើក​ប្រទេស​ទទួល​អ្នក​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​ឡើងវិញ គឺ​សេរីភាព​អ្នក​សារព័ត៌មាន និង​ព័ត៌មាន​ស្ដីពី​បញ្ហា​សន្តិសុខ​សង្គម​ត្រូវ​បាន​អាជ្ញាធរ​បិទ​ខ្ទប់​កាន់តែ​ខ្លាំង។ ពួកគេ​ព្រួយបារម្ភ​ថា ករណី​ដែល​អាជ្ញាធរ​ព្យាយាម​បិទ​ខ្ទប់​ព័ត៌មាន​ពី​បទ​ល្មើស​ឧក្រិដ្ឋ​សាហាវៗ ​ក្នុង​ខេត្ត​ព្រះសីហនុ​បែបនេះ កាន់​តែ​បង្ក​ភាពស្មុគស្មាញ និង​ក្តី​បារម្ភ​សម្រាប់​អ្នក​ដែល​ហ៊ាន​ចូល​ទៅ​រកស៊ី​ក្នុង​ខេត្ត​នេះ។

មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​ឱ្យ​ដឹង​ថា ព័ត៌មាន​ស្ដីពី​បញ្ហា​អសន្តិសុខ​សង្គម ជាពិសេស​ បទល្មើស​ឧក្រិដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​អាជ្ញាធរ​រឹត​បន្តឹង​មិន​ឱ្យ​លេចឮ​ទៅ​ក្រៅ​នោះ​ទេ។ លើស​ពី​នេះ ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​មួយចំនួន​ដែល​មិន​ចំណុះ​នឹង​រដ្ឋាភិបាល ក៏​មាន​ការ​រឹតត្បិត​ខ្លាំង​ជាង​មុន​សម្រាប់​ការ​ចុះ​យក​ព័ត៌មាន​ពី​ករណី​បទល្មើស​ផ្សេងៗ ​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ។

អ្នកសម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២ ខែ​ឧសភា​ថា ករណី​បទល្មើស​បាញ់បោះ​តាម​ទី​សាធារណៈ និង​បញ្ហា​អសន្តិសុខ​ដែល​បង្កឡើង​ដោយ​ក្រុម​ឧក្រិដ្ឋជន​នៅ​តែ​មាន​ច្រើន​។ ប៉ុន្តែ អ្នកស្រី​ថា ព័ត៌មាន​ទាំងនេះ​ភាគច្រើន មិន​ត្រូវ​បាន​មហាជន​ទូទៅ​បានដឹង​នោះ​ទេ ដោយសារតែ​មានការ​រឹតត្បិត​ពី​សំណាក់​អាជ្ញាធរ។

អ្នកស្រី ជៀប សុធារី បន្ត​ថា នៅ​ក្រុង​កំពង់សោម​មាន​អ្នក​វិនិយោគិន​ច្រើន​ជាតិ​សាសន៍ ប៉ុន្តែ​ក្នុង​នោះ អាជីវកម្ម​របស់​ជន​ជាតិចិន​មាន​ចំនួន​ច្រើន​ជាងគេ​គួរ​ឱ្យ​កត់​សម្គាល់​។ អ្នកស្រី​បញ្ជាក់​ថា ចាប់តាំង​ពី​មាន​វត្តមាន​ជនជាតិ​ចិន​ច្រើន​លើសលប់ ធ្វើ​ឱ្យ​បញ្ហា​សណ្ដាប់ធ្នាប់​សង្គម លំហូរ​គ្រឿងញៀន និង​ករណី​បាញ់បោះ​តាម​ទី​សាធារណៈ​ក៏​កើត​មាន​ឡើងជា​ញឹកញាប់។

អ្នកស្រី ជៀប សុធារី បន្ថែម​ថា ទំនង​ជា​មាន​ក្រុម​ឧក្រិដ្ឋជន​ប្រព្រឹត្ត​បទល្មើស​សាហាវ​ក្នុង​ខេត្ត​ព្រះសីហនុ​ច្រើនបែប​នេះ​ហើយ ទើប​អាជ្ញាធរ​ព្យាយាម​បិទបាំង​ព័ត៌មាន ដើម្បី​ធានា​ដល់​អ្នក​វិនិយោគិន​ថ្មី​កុំឱ្យ​មាន​ការ​ភ័យខ្លាច៖ «ខ្ញុំ​ជឿ​ថា បញ្ហា​ខ្លះ​អាជ្ញាធរ​មិន​ចង់​ផ្សព្វផ្សាយ​ឱ្យ​ដឹង​ដែរ ព្រោះ​យើង​ចង់​ទាក់ទាញ​អ្នកវិនិយោគទុន​ឱ្យមក​គ្រប់​ខេត្ត​ក្រុង ដើម្បី​បើក​ឱ្យ​មាន​ទីផ្សារសេរី​។ ប៉ុន្តែ​ជា​យោបល់​ខ្ញុំ ឱ្យ​ដឹង​ល្អ​ជាង​។ ព្រោះ​រឿង​ទាំងអស់​នេះ បើ​យើង​បិទបាំង​នៅ​ពេល​ដែល​អ្នក​វិនិយោគ​មក​ដល់ ពិតជា​មានការ​ភ្ញាក់ផ្អើល​ហើយ»។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន និង​អ្នកនាំពាក្យ​សាលាខេត្ត​នេះ​គឺ លោក ឃាង ភារម្យ ដើម្បី​សុំ​ការ​បំភ្លឺ​ពី​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​២ ឧសភា​។ ចំណែកឯ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល។

ចាប់​តាំង​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ទទួល​អ្នក​វិនិយោគ ជាពិសេស ​ជនជាតិ​ចិន​សម្រាប់​ជំរុញ​ឱ្យ​មាន​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច ក្រុង​កំពង់សោម​ត្រូវ​បាន​គ្រប់គ្រង​ដោយ​របស់​វិនិយោគិន​ជា​ជន​ជាតិចិន​ស្ទើរតែ​ទាំងស្រុង​។ ទន្ទឹម​គ្នា​នេះ បញ្ហា​អ​សន្តិ​សង្គម​បាញ់សម្លាប់​គ្នា​តាម​ទី​សាធារណៈ ករណី​ឆបោក​ជម្រិត​ទាម​ប្រាក់ បញ្ហា​គ្រឿងញៀន ក៏​នៅតែ​ជា​ក្ដី​កង្វល់​សម្រាប់​ប្រជាពលរដ្ឋ​ម្ចាស់​ស្រុក។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ក៏​ទទួលស្គាល់​ពី​បញ្ហា​អសន្តិសុខ​ក្នុង​ខេត្ត​ព្រះសីហនុ ជាពិសេស ​ករណី​ចាប់ជំរិត ឆក់ ប្លន់ ករណី​ឃាតកម្ម ការ​ធ្វើ​ទារុណកម្ម និង​ឧក្រិដ្ឋកម្ម​គ្រឿងញៀន ដោយ​លោក​ណែនាំ​ឱ្យ​អាជ្ញាធរ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​អង្គការ​លីកាដូ (LICADO) លោក អំ សំអាត សង្កេត​ឃើញ​ថា បើ​ទោះ​បី​មាន​បទល្មើស​កើតឡើង​ច្រើន​ក្នុង​ខេត្ត​ព្រះសីហនុ ប៉ុន្តែ ពុំ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​ទូលំទូលាយ​នៅឡើយ​។ លើស​ពី​នេះ លោក​ថា អ្នកសារព័ត៌មាន​ឯករាជ្យ​បែរ​ជា​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ និង​មាន​អ្នក​ខ្លះទៀត​កំពុង​ជាប់​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ដោយសារ​តែ​ពួកគេ​ចុះ​បំពេញ​ការងារ​តាម​វិជ្ជាជីវៈ៖ «វិជ្ជាជីវៈ​សារព័ត៌មាន ស្ដីពី​របប​អ្នក​សារព័ត៌មាន​ជា​អ្នកធានា ហើយ​មាន​រដ្ឋធម្មនុញ្ញ​ធានា​អ្នកសារព័ត៌មាន​សម្រាប់​លោក​ចុះ​យក​ព័ត៌មាន​បាន​។ ជាពិសេស នៅ​តាម​ទី​សាធារណៈ អត់​មាន​ពាក់ព័ន្ធ​ការ​ហាមឃាត់​អី​ទេ​។ លើកលែងតែ​ក្នុង​ប្រតិបត្តិការ​ណាមួយ​ដែល​អាច​នឹង​មាន​ភាព​គ្រោះថ្នាក់​ដែល​គេ​ហាមឃាត់​។ មួយទៀត ទាក់ទង​នឹង​បញ្ហា​អធិបតេយ្យភាព សន្តិសុខ​ជាតិ​ធ្ងន់ធ្ងរ​គេ​ហាមឃាត់»។

មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​មើល​ចំហ​សេរីភាព​សារព័ត៌មាន​ឱ្យ​បាន​ពេញលេញ ជាពិសេស ​ព័ត៌មាន​ស្ដីពី​បញ្ហា​អសន្តិសង្គម​សម្រាប់​ជា​ប្រយោជន៍​ដល់​មហាជន​ទូទៅ។ទោះជា​យ៉ាងណា សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CamboJA) រក​ឃើញ​ថា ក្នុង​រយៈពេល ១០​ខែ​នៃ​ឆ្នាំ២០២១ អ្នកសារព័ត៌មាន ៨១​នាក់ បាន​ក្លាយជា​គោលដៅ​នៃ​ការ​យាយី ក្នុង​នោះ ២០ករណី​ជា​អំពើ​ហិង្សា ១៦​ករណី​ជា​ការ​គំរាមកំហែង ហើយ ១៤​ករណី​ជា​ការ​ឃាត់ខ្លួន​សួរនាំ និង​ប្រឈម​វិធានការ​តុលាការ​។ ចំពោះ​ចំណាត់ថ្នាក់​នៃ​សេរីភាព​សារព័ត៌មាន​វិញ កម្ពុជា​បានជាប់​ឈ្មោះ​ជា​ប្រទេស​មាន​ស្ថានភាព​អាក្រក់​ផ្នែក​សេរីភាព​សារព័ត៌មាន​រយៈពេល ៤​ឆ្នាំ​មក​ហើយ ក្រោយ​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បើក​យុទ្ធនាការ​កម្ចាត់​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ធំៗ ​នៅក្នុង​ប្រទេស​កាលពី​ចុង​ឆ្នាំ​២០១៧ នោះ​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។