សង្គម​ស៊ីវិល និង​អ្នក​ច្បាប់ រិះគន់​អាជ្ញាធរ ដែល​ចាប់​ខ្លួន​អ្នក​បង្ហោះ​សារ​រឿង​ជំងឺ​កូវីដ-១៩

មន្ត្រីសង្គមស៊ីវិល និងអ្នកច្បាប់ រិះគន់អាជ្ញាធររដ្ឋាភិបាលកម្ពុជា ថា ការចាប់ខ្លួនអ្នកបង្ហោះ សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក(Facebook) ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នោះ មិនមែនជាការអនុវត្ត ច្បាប់​នោះ​ទេ។ ចំណែក​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ​បក​ស្រាយ​ថា​ ការចាប់ខ្លួននេះ ដោយសារ​តែ​ជន​នោះបញ្ចេញ​មតិ​ប៉ាតណាប៉ាតណី​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច។

មន្ត្រីសង្គមស៊ីវិល និងអ្នកច្បាប់លើកឡើងថា ការចាប់ និង​ឃុំ​ខ្លួន​ពលរដ្ឋ ដែល​គ្រាន់​តែ​បញ្ចេញ​មតិ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ គឺជាការអនុវត្តផ្ទុយពីច្បាប់ និង​ធ្វើ​ទៅ​តាម​អារម្មរណ៍ ដែល​នាំ​ឲ្យ​មាន​ការ រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដូ​លោក​អំ​ សំអាត​ មានប្រសាសន៍ ថា អាជ្ញាធរ គ្មានមូលដ្ឋានគ្រប់គ្រាន់ដើម្បីចាប់ខ្លួនពលរដ្ឋឡើយ ព្រោះផ្អែកតាមខ្លឹមសារ ដែល​ពួក​គេ បានបង្ហោះនៅលើហ្វេសប៊ុក គឺគ្រាន់តែជាការបញ្ចេញមតិដែលធានាដោយច្បាប់ និងពុំមានបង្កឲ្យ មានភាពចលាចលឬភាពវឹកវរអ្វីនោះទេ។ លោក ស្នើសុំឲ្យអាជ្ញាធរ បញ្ឈប់​ជា​បន្ទាន់​នូវ​វិធានការ​ចាប់​ខ្លួនពលរដ្ឋ ហើយគួរតែពង្រឹងវិធានការផ្សព្វផ្សាយអប់រំឲ្យពលរដ្ឋបានយល់ដឹងអំពីគ្រោះថ្នាក់និងរបៀបការពារកុំឲ្យឆ្លងជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធិភាព៖« យើងដឹងហើយថា ជំងឺ​កូវីដ​នេះ មានការព្រួយបារម្ភសម្រាប់ពិភព លោក ដូច្នេះពលរដ្ឋយើងនៅពេលដែលគាត់មិនបានយល់ដឹងច្បាស់លាស់ គឺការ ព្រួយបារម្ភ និង ការបញ្ចេញមតិរបស់គាត់ អាចនឹងខុស ។អ៊ីចឹង​ការ​ចាប់​ខ្លួននិងការចោទប្រកាន់នេះ ជូនកាលវាខុស និងអាចមិនមានមូលដ្ឋានគ្រប់គ្រាន់​ដោយសារតែយើងមិនបានអប់រំនិង ផ្សព្វផ្សាយឲ្យពលរដ្ឋបាន ដឹងជាមុនទាក់ទងនឹងបញ្ហានេះ កុំ​ឲ្យ​គាត់​មាន​ការ​បារម្ភហួស និងការបញ្ចេញមតិរបស់គាត់ទៅ អាច នឹងធ្វើឲ្យអាជ្ញាធរមានការយល់ច្រឡំថា ជាការញុះញង់ ឬ​ការ​បង្ក​ចលាចល​អី »

ការ​លើក​ឡើង​នេះបន្ទាប់​ពី​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញបាន​ចាប់​ខ្លួន​បុរស​ម្នាក់​ឈ្មោះ កូយ សំ អាត កាល​ពី​ថ្ងៃ​ទី៩ខែ​មីនាដោយ​ចោទ​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម​​តាម​មាត្រា ៤៩៤ និង មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌដែល​អាច​ប្រឈម​ជាប់​ពន្ធនាគារ​ពី ៦ខែ ដល់ ២ឆ្នាំ។ ការចាប់ខ្លួននេះ ក្រោយពីនគរបាលក្រុងភ្នំពេញ ពិនិត្យ​ឃើញ​ថា លោក កូយ សំអាត បាន​បង្ហោះ​ហ្វេសប៊ុក​របស់​ខ្លួន​ដែល​ដាក់​ឈ្មោះ​ថា Tep Visal។ ក្នុង​វីឌីអូ​ឃ្លីប​នេះ លោក កូយ សំអាត បាន​និយាយថា ពលរដ្ឋកម្ពុជា​គួរតែអរគុណ​វៀតណាម​ ដែល​ប្រកាស​ថា កម្ពុជា មាន​ជំងឺ​កូវីដ-១៩កុំ​អី​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេសអត់​ដឹង​ថា ប្រទេស​កម្ពុជា​ មាន​កូវីដ-១៩ ទេ។

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត ប្រាប់អាស៊ីសេរីថា បុរសម្នាក់ឈ្មោះ កូយ សំអាត ឬហៅថា ទេព វិសាល ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញរួចហើយ នៅ​រសៀល​ថ្ងៃ​ទី១០ ខែមីនា ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ប៉ុន្តែលោកមិនទាន់ដឹងថា តុលាការ​សម្រេច​បែប​ណា​នៅឡើយទេ។ ទោះជាយ៉ាងណា លោក​អះអាងថា ការចាប់ខ្លួននេះ គឺ​មិន​មែន​ជា​ការ​រំលោភ​សិទ្ធិ ឬធ្វើបាបពលរដ្ឋនោះទេ ប៉ុន្តែលដោយសារតែបុរសរូបនោះ ចេះតែបង្ហោះសារ លើ​ហ្វេសប៊ុក​ផ្ដេសផ្ដាស​បង្ក​ឲ្យ​ពលរដ្ឋ​ដទៃ​ទៀត​ភ័យ​ខ្លាច៖« នៅឲ្យស្ងៀមទៅវាថី ចង់​ល្បី​ស្អី វាមានទាន់ស្អី ក៏ផ្អើលឆោឡោមេះ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​គេ​ភ័យ​ខ្លាច ។ ដូច្នេះ មាន​តែ​អនុវត្ត​តាម​ច្បាប់​ហើយ វា​មិន​មែន​ជា​ការ​បញ្ចេញ​មតិ អី​ទេ បញ្ចេញ​យ៉ាង​ម៉េច ឥឡូវ​យើង​គិត​មើលៗ ថា ឥឡូវ​​នេះ វា​ចូល​ជា​បទ​ល្មើស​ញុះញង់​ហើយ នៅ​ឲ្យ​ស្ងៀម​ទៅ​វា​ថី មិន​មែន​បញ្ចេញ​មតិ​ទេ »

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​អំពី​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ និង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុធា បានទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ឱ្យ​អាស៊ី​សេរី​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី១០ខែ​មីនាអាជ្ញាធរ​បាន​ឃាត់​ខ្លួន​មនុស្ស​ចំនួន​ពីរ​នាក់ ដែល​លោក​ថាផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​រឿង​ជំងឺ​កូវីដ-១៩ ក្នុងនោះមានបុរសម្នាក់រស់នៅភ្នំពេញឈ្មោះ កូយ សំអាត ឬទេព វិសាល នេះ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការនិង​ស្ត្រី​ម្នាក់​ទៀត​នៅ​ខេត្ត​សៀមរាបប៉ុន្តែ​អាជ្ញាធរបាន​អប់រំ និង​ដោះ​លែង​វិញ។

រីឯអ្នកច្បាប់មួយរូប គឺលោក មេធាវី សំ សុគង់ មានប្រសាសន៍ថា សារដែលពលរដ្ឋបាននិយាយ និងបង្ហោះលើបណ្តាញសង្គមកន្លងទៅពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ គឺមិនអាចចាត់ចូលក្នុងបទ ល្មើស​ញុះញង់នោះទេ គឺគ្រាន់តែជាបញ្ចេញមតិស្របតាមច្បាប់ចំពោះអ្វីដែលពួកគេបានឃើញ និងព្រួយបារម្ភ។ លោក​យល់ថា អាជ្ញាធរ​គួរតែទទួលយកព័ត៌មាន ឬអ្វីដែលពលរដ្ឋលើកឡើង ហើយ​ធ្វើការស្រាវជ្រាវ ប្រសិនបើការលើកឡើងទាំងនោះមិនពិតទេ គឺអាជ្ញាធរ អាចបកស្រាយ​ពន្យល់ឲ្យច្បាស់ ប៉ុន្តែក្នុងករណីការលើកឡើងនោះ គឺ​ជា​ការពិត គឺអាជ្ញាធរអាចមានវិធានការ ការពារ និង​ទប់​ស្កាត់​បាន​ទាន់​ពេល​វេលា។ អ្នក​ច្បាប់​រូប​នេះ បន្តថា ប្រសិនបើអាជ្ញាធរ ប្រើប្រាស់ ក្រម​ព្រហ្មទណ្ឌ​សម្រាប់​ចោទ និង​ផ្ដន្ទាទោស​ពលរដ្ឋ​បែប​នេះគឺ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​របស់​ពួក​​គេដែល​ធានា​ដោយ​ច្បាប់៖ « សេរីភាព​បញ្ចេញ​មតិ​នេះ គឺ​ជា​សិទ្ធិ​មួយ​សំខាន់​នៅ​ក្នុង​សង្គម ប្រជាធិបតេយ្យ ឬ​ប្រទេស​ដែល​ប្រកាន់​នូវ​នីតិរដ្ឋ ជា​ពិសេស សេរីភាព​បញ្ចេញ​មតិ​នេះ ធានា​ដោយ​ ​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ »

ពាក់ព័ន្ធ​នឹង​ករណី​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​ច្បាប់​យល់​ថា អាជ្ញាធរ​រដ្ឋាភិបាល គួរ​តែ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​ពលរដ្ឋ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ឲ្យ​មាន​សេរីភាព​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។