សង្គម​ស៊ីវិល​ស្នើ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ចរាចរណ៍​ដល់​ពលរដ្ឋ​ឲ្យ​បាន​ទូលំទូលាយ

0:00 / 0:00

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អំពាវនាវ​ឲ្យ​បណ្ដាញ​អង្គភាព​សារព័ត៌មាន និង​ស្ថាប័ន​ពាក់ព័ន្ធ​មាន​ក្រសួងមហាផ្ទៃ ជាដើម ត្រូវ​បង្កើន​សកម្មភាព​ចុះ​អប់រំ​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ឲ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍។

​សារ​អំពាវនាវ​នេះ ធ្វើ​ឡើង​ស្រប​ពេល​កម្លាំង​នគរបាល​ចរាចរណ៍ បាន​ចុះ​អនុវត្ត​ច្បាប់​ផាក​ពិន័យ​អ្នក​បើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ទាំង​ក្មេង​ចាស់ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦ ត​ទៅ។

​មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បាន​រិះគន់​ថា ការ​ផ្សព្វផ្សាយ​អំពី​ការ​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍ ឈាន​ដល់​ផាក​ពិន័យ​អ្នក​ជិះ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ទាំង​ក្មេង​ទាំង​ចាស់ គឺ​ការ​ផ្សព្វផ្សាយ​មិន​ទាន់​បាន​ទូលំទូលាយ​ទេ។ លោក​បន្ត​ថា ការ​កំណត់​ដាក់​ពិន័យ​ចំនួន ១​ម៉ឺន ៥​ពាន់​រៀល​ក្នុង​មនុស្ស​ម្នាក់ ចំពោះ​អ្នក​ជិះ​ម៉ូតូ​ដែល​មិន​ពាក់​មួក​សុវត្ថិភាព គឺ​ជា​ចំនួន​ដ៏​ច្រើន នឹង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ស្នើ​ដល់​រដ្ឋាភិបាល ឬ​ក្រសួង​មហាផ្ទៃ ត្រូវ​ចុះ​ផ្សព្វផ្សាយ​ពី​ការ​អនុវត្ត​ច្បាប់​ផាក​ពិន័យ​អ្នក​ជិះ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​មិន​ពាក់​មួក​សុវត្ថិភាព​ឲ្យ​បាន​ទូលំទូលាយ​ដល់​មូលដ្ឋាន មុន​នឹង​មាន​វិធានការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ។

ត្រង់​ចំណុច​នេះ លោក ប៊ួន ណារិទ្ធិ ថ្លែង​ថា មាន​កត្តា​រួម​ផ្សំ​ជាច្រើន​ដែល​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​បន្ត​កើន​ខ្ពស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ គឺ​អាច​បណ្ដាល​មក​ពី​កត្តា​ផ្លូវ​តូច​ចង្អៀត ហើយ​ប្រជាពលរដ្ឋ​មិន​បាន​យល់​ដឹង​អំពី​ច្បាប់​ចរាចរណ៍​ទេ។ ជាង​នេះ​ទៀត ចំណី​ផ្លូវ​មួយ​ភាគ​ត្រូវ​បាន​ម្ចាស់​ភោជនីយដ្ឋាន ជាដើម បាន​យក​ធ្វើ​ចំណត​ឲ្យ​ភ្ញៀវ​របស់​ពួក​គេ​ចត​យានយន្ត​យ៉ាង​អនាធិបតេយ្យ។

ទាក់ទិន​បញ្ហា​នេះ នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី អេ.អាយ.ភី (AIP) ប្រចាំ​កម្ពុជា លោក គឹម បញ្ញា មាន​ប្រសាសន៍​ថា សារសំខាន់​នៃ​ការ​ពាក់​មួក​សុវត្ថិភាព​សម្រាប់​អ្នក​បើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ ជាពិសេស​កុមារ​តូចៗ អាច​ជួយ​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ច្រើន។ ត្រង់​ចំណុច​នេះ លោក គឹម បញ្ញា បាន​អំពាវនាវ​ដល់​អ្នក​ជិះ​ម៉ូតូ​ទាំង​ក្មេង​ចាស់ ត្រូវ​ពាក់​មួក​ការពារ​សុវត្ថិភាព​ឲ្យ​បាន​ទាំងអស់​គ្នា ទោះ​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​ជិត ឬ​ឆ្ងាយ​ក្តី ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នេះ។

​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ អេ.អាយ.ភី រក​ឃើញ​ថា កាល​ពី​ឆ្នាំ​២០១៥ អ្នក​បើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ ជាពិសេស​កុមារ​តូចៗ​ដែល​បាន​ពាក់​មួក​សុវត្ថិភាព​ត្រឹមត្រូវ មាន​ចំនួន​ត្រឹម​តែ ១៥​ភាគរយ​ទេ។

នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី អេ.អាយ.ភី (AIP) ប្រចាំ​កម្ពុជា លោក គឹម បញ្ញា ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៥។
នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី អេ.អាយ.ភី (AIP) ប្រចាំ​កម្ពុជា លោក គឹម បញ្ញា ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៥។ (RFA/Den Ayuthyea)

​លោក គឹម បញ្ញា ឲ្យ​ដឹង​ទៀត​ថា អត្ថប្រយោជន៍​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដែល​កំណត់​ឲ្យ​អ្នក​រួម​ដំណើរ​តាម​ទោចក្រយានយន្ត ឬ​ម៉ូតូ​នៅ​កម្ពុជា ត្រូវ​តែ​ពាក់​មួក​ការពារ​សុវត្ថិភាព ហើយ​សមត្ថកិច្ច​អនុវត្ត​មាន​ប្រសិទ្ធភាព អង្គការ អេ.អាយ.ភី រក​ឃើញ​ថា អត្រា​នៃ​ការ​ពាក់​មួក​សុវត្ថិភាព​ក្នុង​ចំណោម​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ កើន​ឡើង​ពី ៧​ភាគរយ​ដល់ ៥០​ភាគរយ កាល​ពី​ឆ្នាំ​២០១៥ ហើយ​នឹង​បន្ត​កើន​ឡើង​ពី ៥​ភាគរយ​ជា​រៀង​រាល់​ឆ្នាំ​ជា​បន្តបន្ទាប់។

​តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ អេ.អាយ.ភី រក​ឃើញ​ថា អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ឆ្នាំ​២០១៤ បាន​កើន ៣០​ដង បើ​ប្រៀបធៀប​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រាប់​មីន ជំងឺ​គ្រុន​ចាញ់ និង​ជំងឺ​គ្រុន​ឈាម៖ «អ្នក​ស្លាប់​នៅ​ឆ្នាំ​២០១៤ តាម​ការ​ស្រាវជ្រាវ​ដោយ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី អ្នក​ស្លាប់​មាន​ចំនួន​រហូត​ដល់ ៣០​ដង ដោយសារ​គ្រាប់​មីន ជំងឺ​គ្រុន​ចាញ់ និង​ជំងឺ​គ្រុន​ឈាម បូក​បញ្ចូល​គ្នា»

​ផ្ដើម​ពី​បញ្ហា​នេះ នាយក​អង្គការ អេ.អាយ.ភី លោក គឹម បញ្ញា បញ្ជាក់​ថា លទ្ធផល​ដែល​កើត​ចេញ​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព ឬ​ត្រូវ​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​អ្នក​រួម​ដំណើរ ព្រម​ទាំង​កុមារ​ពាក់​មួក​សុវត្ថិភាព​បាន ១០០​ភាគរយ នឹង​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស និង​កាត់​បន្ថយ​ការ​ខាតបង់​ថវិកា​រាប់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។

ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ដែល​កំណត់​ឲ្យ​អ្នក​បើកបរ និង​អ្នក​រួម​ដំណើរ​ត្រូវ​តែ​ពាក់​មួក​សុវត្ថិភាព បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ខែ​មករា ឆ្នាំ​២០១៥។ ច្បាប់​នេះ ត្រូវ​សមត្ថកិច្ច​ចាប់​ផ្ដើម​អនុវត្ត​ផាក​ពិន័យ​អ្នក​បើកបរ​មិន​ពាក់​មួក​សុវត្ថិភាព ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦ ត​ទៅ។

កាល​ពី​ឆ្នាំ​២០១៥ មាន​មនុស្ស​ចំនួន ៦​នាក់​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀង​រាល់​ថ្ងៃ ហើយ​ចំនួន​នេះ​នឹង​បន្ត​កើន​ច្រើន​ថែម​ទៀត ប្រសិន​បើ​អ្នក​ប្រើប្រាស់​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។

ទាក់ទិន​បញ្ហា​នេះ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​បន្ត​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ខ្ជាប់ខ្ជួន សំដៅ​លុប​បំបាត់​សកម្មភាព​អនាធិបតេយ្យ​ក្នុង​ការ​ធ្វើ​ចរាចរ​នៅ​លើ​ដង​ផ្លូវ​សាធារណៈ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បាន​លទ្ធផល​ជា​វិជ្ជមាន។

របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ អេ.អាយ.ភី បង្ហាញ​ថា នៅ​ប្រទេស​កម្ពុជា ទោចក្រយានយន្ត ឬ​ម៉ូតូ គឺ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដ៏​សំខាន់​មួយ ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មធ្យោបាយ​នេះ​ក្លាយ​ជា​ក្រុម​ដ៏​ងាយ​រងគ្រោះ​នៅ​លើ​ដង​ផ្លូវ​សាធារណៈ ក្នុង​នោះ មនុស្ស​ប្រមាណ​ជិត ៧០​ភាគរយ​នៃ​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ជា​អ្នក​បើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ជាមួយ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ មាន​អ្នក​បើកបរ​ម៉ូតូ​មាន​ចំនួន​ត្រឹម​តែ ៦៥​ភាគរយ និង​អ្នក​រួម​ដំណើរ​ជាមួយ​ប្រមាណ ៩​ភាគរយ​ទេ បាន​ពាក់​មួក​សុវត្ថិភាព​នៅ​ពេល​ធ្វើ​ដំណើរ​នៅ​តាម​ដង​ផ្លូវ​ក្នុង​ប្រទេស​កម្ពុជា។

គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ឆ្នាំ​២០១៣ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខាតបង់​ទឹក​ប្រាក់​ប្រមាណ ៣៣៧​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ កាល​ពី​ឆ្នាំ​២០១៣ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើន​ឡើង ២០​ដង ច្រើន​ជាង​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រាប់​មីន ជំងឺ​គ្រុន​ចាញ់ និង​ជំងឺ​គ្រុន​ឈាម​បូក​បញ្ចូល​គ្នា។

​យ៉ាង​ណា​ក៏ដោយ​ចុះ ទាក់ទង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ឲ្យ​បាន​តឹងរ៉ឹង និង​ផ្ដោត​លើ​ការ​ពាក់​មួក​សុវត្ថិភាព​ក្នុង​ចំណោម​អ្នក​រួម​ដំណើរ ព្រម​ទាំង​កុមារ នៅ​ពេល​ពួក​គេ​ធ្វើ​ដំណើរ​តាម​ម៉ូតូ សមត្ថកិច្ច​អនុវត្ត​មាន​ប្រសិទ្ធភាព នោះ​បញ្ហា​ប្រឈម​ផ្នែក​សុខភាព​សាធារណៈ​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គម​កម្ពុជា នឹង​ត្រូវ​កាត់​បន្ថយ។

​បញ្ហា​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​កាត់​បន្ថយ​នូវ​កំណើន​នៃ​ការ​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បាន ៥០​ភាគរយ ពោល​គឺ​ឲ្យ​មាន​អ្នក​ស្លាប់​នៅ​ត្រឹម​ប្រមាណ ១.៦០០​នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំ​២០២០។ ត្រង់​ចំណុច​នេះ អង្គការ អេ.អាយ.ភី យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​អាច​សម្រេច​គោលដៅ​នេះ​បាន មាន​ន័យ​ថា ជីវិត​មនុស្ស​ប្រមាណ ៧.៣៥០​នាក់ នឹង​ត្រូវ​បាន​ជួយ​សង្គ្រោះ​គិត​ត្រឹម​ឆ្នាំ​២០២០។

នគរបាល​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចុះ​ពង្រឹង​ការ​ពាក់​មួក​សុវត្ថិភាព​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​នៅ​តាម​ផ្លូវ​ឯករាជ្យ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៥។
នគរបាល​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចុះ​ពង្រឹង​ការ​ពាក់​មួក​សុវត្ថិភាព​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​នៅ​តាម​ផ្លូវ​ឯករាជ្យ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៥។ (RFA/Den Ayuthyea)

​ទាក់ទង​បញ្ហា​នេះ​ដែរ ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ការិយាល័យ​កណ្ដាល​នគរបាល​សណ្ដាប់ធ្នាប់​សាធារណៈ លោក អ៊ី សុខា មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦ ស្ថាប័ន​នេះ​បាន​ដាក់​ពង្រាយ​កម្លាំង​ជំនាញ​នៅ​តាម​គោលដៅ​ទាំង​ក្នុង​ក្រុង និង​ជាយ​ក្រុង ដើម្បី​ពង្រឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ឈាន​ដល់​ជំរុញ​ឲ្យ​អ្នក​ប្រើប្រាស់​ម៉ូតូ ពាក់​មួក​ការពារ​សុវត្ថិភាព​ឲ្យ​បាន​ទាំងអស់​គ្នា។ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​តាម​ម៉ូតូ ទាំង​អ្នក​បើកបរ និង​អ្នក​រួម​ដំណើរ​ទាំង​ក្មេង​ចាស់ ត្រូវ​ពាក់​មួក​សុវត្ថិភាព​ឲ្យ​បាន​ទាំងអស់​គ្នា។

​លោក អ៊ី សុខា សង្កត់​ធ្ងន់​ថា កម្លាំង​ជំនាញ​នៅ​តាម​គោលដៅ​នានា បាន​ចាប់​ផ្ដើម​អនុវត្ត​ច្បាប់​ផាក​ពិន័យ​អ្នក​ប្រើប្រាស់​មធ្យោបាយ​ម៉ូតូ​នៅ​តាម​ដង​ផ្លូវ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ដោយ​ដាក់​ពិន័យ​អ្នក​បើកបរ និង​អ្នក​រួម​ដំណើរ​មិន​ពាក់​មួក​សុវត្ថិភាព​ចំនួន ១​ម៉ឺន ៥​ពាន់​រៀល​សម្រាប់​មនុស្ស​ម្នាក់។

​បញ្ហា​នេះ​ដែរ អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក សុខ ផន បាន​ក្រើន​រំឭក​ដល់​អ្នក​ប្រើប្រាស់​ម៉ូតូ ទាំង​អ្នក​បើកបរ អ្នក​រួម​ដំណើរ ព្រម​ទាំង​កុមារ​ផង ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ទាំងអស់​គ្នា ជាពិសេស​ត្រូវ​ពាក់​មួក​សុវត្ថិភាព​ឲ្យ​បាន​គ្រប់​ពេលវេលា​ពេល​ធ្វើ​ដំណើរ​តាម​ម៉ូតូ។

ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សកម្មភាព​ចុះ​អនុវត្ត​ច្បាប់​ផាក​ពិន័យ​របស់​ប៉ូលិស​ចរាចរណ៍​នា​មូលដ្ឋាន​នេះ​ទេ ព្រោះ​បាន​កំណត់​តម្លៃ​ពិន័យ​ខ្ពស់​ហួស​ហេតុ​ពេក និង​មិន​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ផាក​ពិន័យ​អ្នក​បើកបរ និង​អ្នក​រួម​ដំណើរ ត្រូវ​តែ​ពាក់​មួក​សុវត្ថិភាព មិន​ទាន់​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​នៅ​ឡើយ៖ «ប្រសិន​បើ​ផាក​ពិន័យ សូម​ឲ្យ​ប៉ូលិស​ចរាចរណ៍ ស្នើ​ឲ្យ​ជួយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ពួក​គាត់​បាន​យល់​អំពី​សារសំខាន់​នៃ​ការ​ពាក់​មួក​សុវត្ថិភាព និង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដល់​ប្រជាពលរដ្ឋ​ទាំង​នោះ។ សូម​កុំ​ពិន័យ​យក​តែ​លុយ»

របាយការណ៍​របស់​អង្គការ អេ.អាយ.ភី បង្ហាញ​ថា ការ​ពាក់​មួក​សុវត្ថិភាព​អាច​បង្ការ​ហានិភ័យ​ស្លាប់​បាត់បង់​ជីវិត​ចំនួន ៤២​ភាគរយ និង​ការ​រង​របួស​ក្បាល​ធ្ងន់ធ្ងរ​រហូត​ដល់ ៦៩​ភាគរយ ក្នុង​ករណី​ជួប​គ្រោះថ្នាក់​ចរាចរណ៍។ របាយការណ៍​ដែល​មាន​ការ​គាំទ្រ​បច្ចេកទេស​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ ឬ​របស់​សហរដ្ឋ​អាមេរិក ហៅ​កាត់​ថា ស៊ី.ឌី.ស៊ី (CDC) ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ប្រសិន​បើ​ច្បាប់​កំណត់​ឲ្យ​អ្នក​រួម​ដំណើរ​ជាមួយ ពិសេស​កុមារ​ពាក់​មួក​សុវត្ថិភាព សមត្ថកិច្ច​អនុវត្ត​មាន​ប្រសិទ្ធភាព ពេល​នោះ​ប្រទេស​កម្ពុជា អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ចំនួន ៥៦១​នាក់ បង្ការ​របួស​ក្បាល​បាន​ចំនួន ១០.៥៧៤​នាក់ និង​សន្សំ​ថវិកា​ជិត ១០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក គិត​ត្រឹម​ឆ្នាំ​២០២០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។