គណបក្សភ្លើងទៀនរិះគន់ថា សេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត មិនស្របតាមច្បាប់ជាតិ ច្បាប់អន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ សំណើនេះ ធ្វើឡើងក្រោយខណៈស្ថាប័នព្រឹទ្ធសភា ដែលគ្រប់គ្រងដោយគណបក្សកាន់អំណាច បានអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត។
ដំណើរការកែច្បាប់បោះឆ្នោតកំពុងបោះពួយលឿនស្លេវទៅមុខដោយមិនខ្វល់ពីមតិរិះគន់ឡើយ ដោយឆ្លងកាត់ពីការយល់ព្រមពីរដ្ឋសភាឯកបក្ស ពេលនេះចូលដល់ព្រឹទ្ធសភាឯកបក្សបានសម្រេចអនុម័ត នៅថ្ងៃទី២៩ ខែមិថុនា។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ព្រួយបារម្ភថា នៅពេលសេចក្ដីព្រាងវិសោធនកម្មច្បាប់នេះ ចូលជាធរមាន នឹងធ្វើឱ្យប៉ះពាល់ដល់សង្គម និងសិទ្ធិរបស់ពលរដ្ឋ។ លោកបន្តទៀតថា បើទោះជាកង្វល់របស់គណបក្សភ្លើងទៀនពេលនេះ ទំនងមិនត្រូវបានគណបក្សកាន់អំណាច យកចិត្តទុកស្ដាប់បែបណាក្ដី តែគណបក្សភ្លើងទៀន នៅតែបង្ហាញជំហរមិនពេញចិត្ត ឬមិនគាំទ្រការកែច្បាប់នេះទេ។
លោក គីមសួរ ភីរិទ្ធ៖ «យើងដឹងថា គេមិនយកចិត្តទុកដាក់ទេ ច្បាប់ហ្នឹងវានឹងទៅហើយ ប៉ុន្តែយើងក្នុងនាមជាគណបក្សមួយដែលគិតគូរពីផលប្រយោជន៍សង្គមផលប្រយោជន៍ប្រជាពលរដ្ឋយើងត្រូវតែបង្ហាញពីជំហររបស់យើង»។
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនលើកឡើងដូច្នេះ ក្រោយពេលព្រឹទ្ធសភាឯកបក្សដែលគណបក្សប្រជាជនកម្ពុជា បានអនុម័ត សេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោត តាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ព្រឹទ្ធសភាបានអនុម័តទាំងស្រុងលើ សេចក្តីព្រាងវិសោធនកម្មច្បាប់នេះ ដោយសំឡេង៥៩លើ៥៩នៃចំនួនសមាជិកព្រឹទ្ធសភាដែលចូលរួមប្រជុំដោយគ្មានការកែប្រែអ្វីឡើយនៅថ្ងៃទី២៩ ខែមិថុនា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភា លោក សុខ ឥសាន លើកឡើងថា ព្រឹទ្ធសភា សម្រេចអនុម័តសេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោតពេលនេះ ជាការចូលរួមថែរក្សា និងលើកកម្ពស់សិទ្ធិពលរដ្ឋ ដែលស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ច្រានចោលមតិរិះគន់របស់គណបក្សភ្លើងទៀន និងអង្គការនានា ដោយសំណាងមតិទាំងនោះជាការលើកឡើងផ្ទាល់ខ្លួនរបស់អ្នកទាំងនោះ ប៉ុន្តែ រដ្ឋាភិបាល ស្នើកែច្បាប់នេះ បានធ្វើត្រឹមត្រូវតាមនីតិវិធី។
លោក សុខ ឥសាន៖ «ដកសិទ្ធិឬមួយក៏កម្រិតអ្នកដែលទៅបោះឆ្នោត ឬឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវកំណត់ក្នុងច្បាប់មានចែងក្នុងរដ្ឋធម្មនុញ្ញដូច្នេះ ការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតស្របទៅតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រយើង ដូច្នេះការមានមតិដទៃណាដែលមិនស្របតាមខ្លឹមសារដែលមានក្នុងរដ្ឋធម្មនុញ្ញយកមិនជាការមិនបានទេ»។
បើទោះជាមន្ត្រីបក្សកាន់អំណាចអះអាងបែបនេះក្ដី តែគណបក្សភ្លើងទៀន លើកឡើងថា ការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត ដើម្បីកំណត់កាតព្វកិច្ចរបស់ពលរដ្ឋ ដែលត្រូវឈរឈ្មោះឱ្យគេបោះឆ្នោត ទាំងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺជាការកាត់បន្ថយសិទ្ធិ និងជាការរឹតត្បិតឱកាសនៃការឈរឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ សេចក្ដីថ្លែងការណ៍ចុះកាលពីថ្ងៃទី២៨ ខែមិថុនា គណបក្សនយោបាយដែលមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង ២ពាន់អាសនៈទូទាំងប្រទេស លើកឡើងថា ការកែច្បាប់ដ៏ប្រញាប់ប្រញាល់ និងគ្មានការចូលរួមពិគ្រោះយោបល់ ពីគ្រប់ភាគីពាក់ព័ន្ធ ដូច្នេះអាចបង្កផលវិបាក និងផលប៉ះពាល់ផ្សេងៗ ដល់ពលរដ្ឋ។ ក្រៅពីគណបក្សភ្លើងទៀនលើកឡើងដូច្នេះ អង្គការសង្គមស៊ីវិលនានា ក៏បានចេញសេចក្ដីថ្លែងការណ៍រិះគន់ការកែច្បាប់នេះដែរ។
នាយកប្រតិបត្តិអង្គការ ឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅកាត់ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី លើកឡើងថា បើទោះជាការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត នេះចែងសំដៅរឹតត្បិតសិទ្ធិលើក្រុមមនុស្ស ដែលឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យក្ដី តែអ្នកទាំងនោះក៏ជាពលរដ្ឋដែរ ហើយពួកគាត់ក៏បានទទួលបានធានា គោរពសិទ្ធិ និងអនុវត្តសិទ្ធិនានា ដូចពលរដ្ឋទូទៅដែរ។ មន្ត្រីសង្គមស៊ីវិលរូបនេះបន្តទៀតថា ការដែលរដ្ឋសភា និងព្រឹទ្ធសភា តែងតែអនុម័តច្បាប់ តាមការចង់បានរបស់រដ្ឋាភិបាលដោយគ្មានមតិជំទាស់បែបនេះ ព្រោះក្នុងស្ថាប័នទាំងនោះគ្រប់គ្រងដោយឯកបក្ស។
លោក សំ គន្ធាមី៖ «ច្បាប់រដ្ឋធម្មនុញ្ញនិយាយហើយ ពលរដ្ឋមានសិទ្ធិបោះឆ្នោត បោះឆ្នោតអាស្រ័យលើពលរដ្ឋមិនមែនជាកាតព្វកិច្ចទេ ដូច្នេះឈរឈ្មោះធ្វើបេក្ខជនគណបក្សនយោបាយជាសិទ្ធិពលរដ្ឋដែរណា សិទ្ធិនយោបាយ ដូច្នេះរដ្ឋធម្មនុញ្ញបើកទូលាយអ៊ីចឹងបើកទូលាយអ៊ីចឹង បានពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ ហើយពលរដ្ឋដែលចង់ឈរឈ្មោះឱ្យគេបោះឆ្នោតក៏មានសិទ្ធិគ្រប់គ្រាន់ដែរណា»។
សេចក្តីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត មាន ៨មាត្រា បានចែងដាក់ទោសទណ្ឌ និងពិន័យជាប្រាក់លើពលរដ្ឋ ឬគណបក្សនយោបាយណា ដែលបានរារាំងក្នុងដំណើរការបោះឆ្នោត និងរារាំងមិនឱ្យពលរដ្ឋទៅបោះឆ្នោតជាដើម។ ច្បាប់នេះ ហាមឃាត់អ្នកដែលមិនបានទៅបោះឆ្នោត គឺមិនអនុញ្ញាតឱ្យឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យនោះទេ បើទោះជារដ្ឋធម្មនុញ្ញចែងថា សិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះ ជាសិទ្ធិរបស់ពលរដ្ឋទូទៅក្ដី។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន រំពឹងថា សេចក្តីព្រាងច្បាប់ស្ដីពី វិសោធនកម្មច្បាប់បោះឆ្នោត នឹងត្រូវប្រកាសឱ្យប្រើក្នុងពេលខាងមុខដ៏ខ្លីនេះ។
ទោះជាយ៉ាងណា អង្គការជាតិ និងអន្តរជាតិ និងក្រុមប្រទេសប្រជាធិបតេយ្យ រួមមានសហភាពអឺរ៉ុបជាដើម រិះគន់ថា ការកែច្បាប់ដែលធ្វើឡើងនៅកៀកថ្ងៃបោះឆ្នោតយ៉ាងដូច្នេះ គឺជាការរំលោភរដ្ឋធម្មនុញ្ញ ហើយអាចប៉ះពាល់ដល់ទំនុកចិត្ត និងភាពស្របច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។