សកម្មជនគណបក្សប្រឆាំងនៅស្រុកវាលវែង ខេត្តពោធិ៍សាត់លោក ទួន សំអាត នៅតែអះអាងថា តុលាការចាប់ខ្លួនលោកដាក់គុកដោយអយុត្តិធម៌។ សកម្មជនរូបនេះទទូចឱ្យតុលាការទម្លាក់ចោលការប្រកាន់ទាំងឡាយមកលើខ្លួន និងសហការីដទៃទៀត ដើម្បីឱ្យមានសេរីភាពពេញលេញឡើងវិញ។
ប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិស្រុកវាលវែង លោក ទួន សំអាត ថ្លែងនៅរសៀលថ្ងៃទី២០កុម្ភៈថា ថ្វីត្បិតតែសាលាដំបូងខេត្តពោធិ៍សាត់ បានដោះលែងលោកនិងសហការីគណបក្សនេះរួម ៣នាក់ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន កាលចុងខែមករា ជាបន្តបន្ទាប់ក្ដី ក៏តុលាការមិនទាន់ផ្ដល់យុត្តិធម៌ដល់ពួកគេនៅឡើយទេ។ លោកបញ្ជាក់ថា ពួកលោកមិនបានប្រព្រឹត្តសុខច្បាប់ដូចការចោទប្រកាន់របស់តុលាការឡើយ៖ «ក្នុងគោលការណ៍របស់គេ គឺគេមិនឱ្យដើរហើរទៅណាឆ្ងាយ មិនឱ្យមានការជួបជុំ មិនឱ្យមានការប្រមូលផ្ដុំ ឬអនុវត្តតាមគោលការណ៍ចាស់ គឺឱ្យខ្ញុំសម្រាកនៅក្នុងផ្ទះដើម្បីព្យាបាលជំងឺផ្ទាល់ខ្លួន។ត្រង់ហ្នឹងហើយដែលខ្ញុំចាំបាច់ត្រូវការឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់មកលើខ្ញុំ ព្រោះម្យ៉ាងកំហុសរបស់ខ្ញុំអត់មានទេ»។
សកម្មជនគណបក្សប្រឆាំងដែលទើបដោះលែងនៅក្រៅឃុំទាំងនោះ រួមមាន សកម្មជនគណបក្សសង្គ្រោះជាតិឃុំប្រម៉ោយ លោក ចាន់ សុផល លោក ឡុង ខន ត្រូវបានដោះលែងនៅដើមខែកុម្ភៈ និង លោក ទួន សំអាត ដោះលែងកាលពីថ្ងៃទី២៨ មករា។ ការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ននេះ បន្ទាប់ពីមានការស្នើសុំពីមេធាវីការពារក្ដីចំនួន៣លើករួចមកហើយ។
មេធាវីការពារក្ដីឱ្យលោក ទួន សំអាត គឺលោក ប៊ុន រិទ្ធី មានប្រសាសន៍ថា ទោះយ៉ាងណា អ្នកទាំងបីត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ និងត្រូវបង្ហាញខ្លួនសមត្ថកិច្ចគ្រប់ពេលមានការចាំបាច់៖ «តាមការស៊ើបអង្កេតរបស់ខ្ញុំ មេធាវី គឺកូនក្ដីអត់មានពាក់ព័ន្ធអីទេ តែរឿងរបស់តុលាការ ខ្ញុំមើលសំណុំរឿងរបស់តំណាងអយ្យកាឃើញមានការអះអាងពីខាងអាជ្ញាធរអីលេចកើតអីចឹងទៅ គេមានឯកសារខ្លះក្នុងការចោទប្រកាន់កូនក្ដីខ្ញុំ។ បើនិយាយពីភស្តុតាងវិញវាទាក់ទងបទល្មើសដែលកើតឡើង អីចឹងបើកើតឡើងហើយវាត្រូវតែមានសាក្សីចង្អុលបង្ហាញ ហើយពេលវេលាហ្នឹងត្រូវតែហៅគាត់មកសាកសួរអីចឹងទៅ មិនមែនទុកដល់ប៉ុន្មានឆ្នាំហើយបានមកហៅទៅសាកសួរទេ ហើយការឃាត់ខ្លួនវាអត់ត្រូវតាមនីតិវិធីទៀត»។
លោក ប៊ុន រិទ្ធី បន្ថែមថា សំណុំរឿងនេះកំពុងស្ថិតនៅក្នុងដំណាក់កាលរបស់ចៅក្រមស៊ើបសួរមិនទាន់ចប់នៅឡើយ។ ម្យ៉ាងទៀតតុលាការបានប្រាប់លោកថា តុលាការពុំទាន់អាចជម្រះក្ដីសំណុំរឿងនេះបាននៅឡើយទេ ពីព្រោះនៅខ្វះចំណុចជាច្រើនទៀតដែលត្រូវសាកសួរបន្ថែម។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ លោក ហេង ដូនីន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២០ កុម្ភៈ ដោយទូរស័ព្ទចូលជាច្រើនលើកពុំមានអ្នកទទួល។
ប៉ុន្តែ លោក ហេង ដូនីន ធ្លាប់ប្រាប់អាស៊ីសេរីថា តុលាការបានចោទប្រកាន់សកម្មជនបក្សប្រឆាំងទាំងនោះ ដោយសារពួកគាត់ទន្ទ្រានដីព្រៃរបស់រដ្ឋដោយខុសច្បាប់។ លោកបន្ថែមទៀតថា តុលាការកំពុងធ្វើការងារនេះ មិនទាន់ចប់នៅឡើយ។
លោក ទួន សំអាត ថ្លែងថា លោកពុំបានកាប់បំផ្លាញព្រៃឈើធ្វើជាកម្មសិទ្ធិដូចការចោទប្រកាន់របស់តុលាការនោះឡើយ។
សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តពោធិ៍សាត់ចំនួន ៧នាក់ត្រូវបានតុលាការខេត្តនេះចាប់ខ្លួន កាលពីអំឡុងខែឧសភាឆ្នាំ២០១៩ ជាបន្តបន្ទាប់ ក្រោមបទចោទប្រកាន់តែមួយ គឺពីបទទន្ទ្រានដីព្រៃខុសច្បាប់។។ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឱ្យអាជ្ញាធរខេត្តនេះតាមឃ្លាំមើលឱ្យបានដិតដល់ចំពោះសកម្មជនបក្សប្រឆាំងទាំងឡាយ ដែលធ្វើសកម្មភាពនយោបាយនៅតំបន់ព្រំដែនស្រុកវាលវែង។
គិតត្រឹមថ្ងៃទី២០ កុម្ភៈ នៅសល់សកម្មជនគណបក្សប្រឆាំងស្រុកវាលវែងចំនួន៤នាក់ទៀត ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តពោធិ៍សាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។