ប្រពន្ធរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលតុលាការកំពុងជំនុំជម្រះក្ដីករណីចោទប្រកាន់ពីបទញុះញង់នោះថា សន្តិសុខតុលាការ តាមធ្វើទុក្ខបុកម្នេញលោកស្រី និងផ្ដាច់មនោសញ្ចេតនាលោកស្រី មិនឱ្យបង្ហាញភាពស្និទ្ធស្នាល និងនឹករលឹកប្តី ពេលជួបក្នុងសវនាការ។
លោកស្រី ព្រំ ចន្ថា ដែលជាភរិយាលោក កាក់ កុម្ភារ កាលពីលើកមុនៗ មិនដែលត្រូវបានតុលាការអនុញ្ញាត ឱ្យចូលទៅស្ដាប់សវនាការជំនុំជម្រះក្ដី ក្នុងសំណុំរឿងចោទប្រកាន់ប្តីរបស់លោកស្រីនោះឡើយ បើទោះបីជាច្បាប់កំណត់ថា សវនាការត្រូវបើកជាសាធារណៈ និងក្រុមគ្រួសាររបស់ជនជាប់ចោទ មានសិទ្ធិចូលស្ដាប់សវនាការទាំងនោះក្ដី។
ប៉ុន្តែក្រោយពីការតវ៉ា និងចុងក្រោយត្រូវបង្ខំចិត្ត ដាក់ពាក្យសុំតាមរយៈមេធាវី ដើម្បីបានចូលរួមស្ដាប់សវនាការ ទើបតុលាការអនុញ្ញាតឱ្យលោកស្រីចូលស្ដាប់សវនាការ កាលពីថ្ងៃទី២៨ ខែមករា។ ប៉ុន្តែ ទោះជាបានចូលស្ដាប់សវនាការក្តី ក៏លោកស្រី ព្រំ ចន្ថា រងការធ្វើទុក្ខបុកម្នេញ និងតាមឃ្លាំមើលមិនដាច់ពីភ្នែក ពីក្រុមកងសន្តិសុខនៅតុលាការ។ លោកស្រីថា គ្រាន់តែលោកស្រីចេញមកក្រៅ ដើម្បីរកទិញភេសជ្ជៈ ដើម្បីទទួលទាន ក៏ត្រូវកងសន្តិសុខចោមរោម ប្រមាញ់គ្រប់ច្រកល្ហក និងប៉ុនប៉ងរារាំងលោកស្រី៖ «ខ្ញុំបានចូលទៅហើយ ខ្ញុំសុំចេញទៅទិញទឹក ស្រាប់តែគាត់រោមព័ទ្ធខ្ញុំឡើងជិត ដូចស្រមោចរោមស្ករអ៊ីចឹង។ ខ្ញុំសុំមកទិញទឹក ប៉ុន្តែខ្ញុំមានកាតកាន់ មានកាតពាក់នឹងក ហើយគេសុំមើលកាតហ្នឹង គេថតបញ្ជាក់ថែមទៀត។ និយាយទៅពួកគាត់អត់ឱ្យខ្ញុំចូលតែម្ដង។ អត់ចង់ឱ្យខ្ញុំចូលទៅវិញ។ មួយសន្ទុះបានតេទៅមេចុះ មេឡើងទៅបានឱ្យខ្ញុំចូលវិញ។ ដេញខ្ញុំទីណាត់ទីណែង។ ថាខ្ញុំមកហ្នឹងបង្កភាពចលាចល។ ខ្ញុំអាសូរតែបាននិយាយស្អីម៉ាបន្តិច ក៏ខ្ញុំអស់ចិត្តដែរ តែនេះអត់តែម្ដង»។
ទោះជាលើកនេះ លោកស្រីមិនបាននិយាយអ្វី ឬស្រែកតវ៉ានៅក្រៅតុលាការ ដូចកាលគេបិទសិទ្ធិមិនឱ្យចូលស្ដាប់សវនាការលើកមុន ក៏លោកស្រីយល់ថា កងសន្តិសុខ និងអាជ្ញាធរនៅទីនោះ ហាក់ដូចជាចាត់ទុកលោកស្រីជាខ្មាំងសត្រូវ ដូចក្នុងសម័យខ្មែរក្រហម៖ «ហើយខ្ញុំមកដល់ក្រៅណឹង ដេញខ្ញុំទីណាត់ទីណែង ខ្ញុំថាណែលោកឯងដេញខ្ញុំ លោកឯងចេះដឹងឬអត់ លោកឯងក្រែងជាខ្មែរដែរអ្ហ៊ៃ ? បើថាអាពត អាពតធ្វើបាបខ្មែរ រួចចុះឥឡូវលោកឯង ដូចគ្នានឹងអាពតដែរហ្នឹង ! ខ្ញុំចង់និយាយថា ព្រោះតែអ្នកអត់មានការចេះដឹងហ្នឹងហើយ បានសម្លាប់ខ្មែរគ្នាឯងហ្នឹង»។
ថានៅខាងក្រៅតុលាការទៅចុះ លោកស្រី ព្រំ ចន្ថា រងការធ្វើទុក្ខបុកម្នេញពីកងសន្តិសុខ ប៉ុន្តែនៅខាងក្នុងបន្ទប់សវនាការឯណោះ ដែលនៅក្បែរច្រមុះចៅក្រម និងមន្ត្រីច្បាប់ ក៏លោកស្រីរងការរឹតត្បិតសិទ្ធិសេរីភាព និងរារាំងមិនឱ្យបានបង្ហាញមនោសញ្ចេតនានឹករលឹកប្តីលោកស្រី បាននោះដែរ៖ «ហើយសូម្បីតែខ្ញុំចូលទៅហ្នឹង មានអារម្មណ៍ថា គេមើលលើមើលក្រោម គេសម្លុត គេការពារ គ្រាន់តែខ្ញុំរត់ទៅឱបប្ដីខ្ញុំហ្នឹង គេចាប់ទាញយើងដូចចាប់ទាញស្អីចឹង របៀប ដូចទាញប្ដីប្រពន្ធបំបែកបំបាក់គ្នាអ៊ីចឹង។ ម្ដាយទាញខ្ញុំទៅ ឪពុកទាញខាងណោះទៅ ដូចអ៊ីចឹង រួចហើយគេថា កាមេរ៉ាៗ ហើយយើងសុទ្ធក្បាលកញ្ចាស់ៗអស់ហើយហ្នឹង ! ហើយមើល៍»។
អ្នកច្បាប់ និងមន្ត្រីសិទ្ធិមនុស្សធ្លាប់រិះគន់តុលាការ ដែលរឹតត្បិតសិទ្ធិសេរីភារបស់សមាជិកគ្រួសាររបស់ជនជាប់ចោទ ជាពិសេសជនជាប់ចោទក្នុងករណីនយោបាយទាំងនេះ។ ក្រោយការរិះគន់ និងតវ៉ារបស់ភរិយាជនជាប់ចោទ តុលាការបានអនុញ្ញាតឱ្យលោកស្រី ព្រំ ចន្ថា ចូលស្ដាប់សវនាការ ដែលជំនុំជម្រះក្ដីករណីប្តីរបស់លោកស្រី។
ពេលបានចូលស្ដាប់សវនាការហើយ លោកស្រី ព្រំ ចន្ថា ក៏នៅតែរងការរឹតត្បិតសិទ្ធិសេរីភាពដែរ បើទោះជាគ្មានច្បាប់ណា ចែងអំពីការហាមឃាត់នេះក៏ដោយ។ លោកមេធាវី ផែង ហេង ថា ការហាមឃាត់គ្រួសារជនជាប់ចោទ មិនឱ្យបង្ហាញមនោសញ្ចេតនានឹករលឹកចំពោះសាច់ញាតិរបស់ខ្លួន នៅក្នុងបន្ទប់សវនាការនោះ គឺជាការមិនត្រឹមត្រូវ ព្រោះមិនមានច្បាប់ណា ហាមបែបនេះនោះទេ៖ «ដូចជាមិនមានច្បាប់ណាហាម មិនឱ្យសាច់ញាតិ ទៅឱប ទៅយំ ទៅកាន់ដៃកាន់ជើងទេ វាគ្មានច្បាប់ហាមឃាត់។ ដូច្នេះបើយើងនិយាយគោលការណ៍ច្បាប់ កាលណាអត់ច្បាប់ហាមឃាត់ វាជាសេរីភាពរបស់បុគ្គលជាពលរដ្ឋសាមញ្ញ។ រឿងនេះវាផ្ទុយពីមន្ត្រីសាធារណៈ។ មន្ត្រីសាធារណៈកាលណាច្បាប់សរសេរអនុញ្ញាតសិទ្ធិឱ្យគាត់ធ្វើអ្វី ទើបគាត់មានសិទ្ធិធ្វើ។ តែពលរដ្ឋ បើច្បាប់មិនបានហាមសិទ្ធិគាត់ នោះគឺជាសេរីភាពរបស់ពួកគាត់ហើយ អ្វីដែលគេមិនបានហាមនោះ»។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ជុំវិញរឿងនេះបាននៅឡើយទេ។
លោកស្រី ព្រំ ចន្ថា ថាលោកស្រីគ្មានជំនឿលើប្រព័ន្ធតុលាការកម្ពុជា ក្នុងការរកយុត្តិធម៌ជូនប្តីលោកស្រី និងសកម្មជននយោបាយដទៃទៀតនោះឡើយ។ លោកស្រីថា ក្រោយលោកស្រី បានចូលស្ដាប់នៅក្នុងសវនាការលើកនេះ លោកស្រីរឹតតែយល់ច្បាស់ថានីតិវិធីតុលាការ គឺមានភាពឡប់ឡែដូចបាយឡុកបាយឡ ធ្វើគ្រាន់តែបង្គ្រប់កិច្ច។
លោកស្រីថា លោកស្រីនឹងបន្តការតស៊ូមតិនៅក្រៅរបងតុលាការវិញ ដើម្បីឱ្យសហគមន៍ជាតិ និងអន្តរជាតិ បានដឹងឮអំពីភាពអយុត្តិធម៌នៃប្រព័ន្ធនយោបាយ និងប្រព័ន្ធតុលាការនៅកម្ពុជា និងនៅតែបន្តទាមទារឱ្យតុលាការដោះលែងប្តីលោកស្រី និងសកម្មជនឯទៀតជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។