មេធាវី​លោក កឹម សុខា ថា គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ប្រឹង​តស៊ូ​ស្វិតស្វាញ​លើ​សមរភូមិ​ច្បាប់ ក្នុង​សំណុំ​រឿង​ដែល​មាន​ចរិត​នយោបាយ​នេះ

0:00 / 0:00

0:00 / 0:00

សហ​មេធាវី​ការពារក្តី​លោក កឹម សុខា ថា ក្រុម​មេធាវី​ការពារ​ក្តី គ្មាន​ជម្រើស​អ្វី​ផ្សេង ក្រៅ​ពី​ខំ​ប្រឹង​តស៊ូ​ស្វិតស្វាញ​លើ​សមរភូមិ​ច្បាប់​ ក្នុង​សំណុំ​រឿង ដែល​មាន​ចរិត​នយោបាយ​នេះ។ ការ​លើក​ឡើង​នេះ គឺ​នៅ​ក្រោយ​សវនាការ​សំណុំរឿង​លោក កឹម សុខា នៅ​សប្តាហ៍​ទី​ពីរ បាន​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​ទី២៣ ខែ​មករា។

សហ​មេធាវី​ការពារ​ក្តី​មួយ​រូប​ ក្នុង​ចំណោម​សហ​មេធាវី​បួន​រូប ដែល​ការពារ​ក្តី​លោក កឹម សុខា គឺ​លោក​ ចាន់ ចេន ទោះជា​ចាត់​ទុក​រឿង​ក្តី​លោក កឹម សុខា នេះ ថា ជា​រឿង​នយោបាយ ក៏​លោក​បញ្ជាក់​ប្រាប់​អាស៊ី​សេរី នៅ​ក្រោយ​សវនាការ​ថា កាតព្វកិច្ច​របស់​មេធាវី គឺ​ធ្វើ​យ៉ាង ត្រូវ​តែ​រិះរក​គ្រប់​មធ្យោបាយ​ ក្នុង​ក្របខ័ណ្ឌ​ច្បាប់ ដើម្បី​បង្ហាញ​ការ​ពិត​អំពី​ភាព​គ្មាន​កំហុស​របស់​លោក កឹម សុខា និង​ត​តាំង​រាល់​កិច្ច​ដំណើរ​ការ​នីតិវិធី ដែល​មិន​ត្រឹម​ត្រូវ និង​រំលោភ​សិទ្ធិ​កូន​ក្តី៖ «ក្នុង​ឋានៈ​ពួក​យើង​ខ្ញុំ​ ដែល​អ្នក​ការពារ​ក្តី គោលបំណង​សំខាន់​ គឺ​យើង​ត្រូវ​តែ​រក​យុត្តិធម៌​ឲ្យ​កូន​ក្តី ហើយ​ការ​រក​យុត្តិធម៌ យើង​អត់​មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​ការ​តស៊ូ​យ៉ាង​ស្វិតស្វាញ យ៉ាង​សកម្ម​ក្នុង​សមរភូមិ​ច្បាប់។ យើង​ត្រូវ​តែ​រក​អំណះអំណាង​ ដើម្បី​ការពារ​ និង​ដោះបន្ទុក​កូន​ក្តី។ ខ្ញុំ​សង្កេត​ឃើញ​កូន​ក្តី​របស់​ខ្ញុំ ខ្ញុំ​ស្គាល់​ជា​យូរ​ឆ្នាំ​មក​ហើយ ក្នុង​បេះ​ដូង​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ គាត់​ជា​បុគ្គល​ស្លូត​បូត​។ គាត់​ធ្វើ​អ្វី​នៅ​ក្នុង​ក្របខ័ណ្ឌ​សិទ្ធិមនុស្ស ក្របខ័ណ្ឌ​ប្រជាធិបតេយ្យ​ ដែល​មាន​ចែង​ក្នុង​ច្បាប់​។ នេះ​ហើយ​ដែល​យើង​ពុះពារ​ យើង​គិត​ថា​យើង​នឹង​អាច​រក​យុត្តិធម៌​​ជូន​លោក កឹម សុខា»។

ដំណើរ​ការ​រក​យុត្តិធម៌​ជូន លោក កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​កម្លាំង​អ្នក​គាំទ្រ​ប្រដំប្រសង​គ្នា​នឹង​គណបក្ស​កាន់​អំណាច និង​ជាប់ចោទ​ពី​បទ​ក្បត់​ជាតិ ដោយសារ​តែ​ការ​ថ្លែង​​សុន្ទរកថា ជា​សាធារណៈ​នៅ​ប្រទេស​អូស្ត្រាលី កាល​ពី​ចុង​ឆ្នាំ២០១៣ នោះ​ ឥឡូវ​បាន​ឈាន​ដល់​សប្ដាហ៍​ទី​ពីរ​ហើយ ក្នុង​គម្រោង​សវនាការ ​ដែល​មន្រ្តី​តុលាការ​អះអាង​ថា នឹង​ស៊ី​ពេល​ពេល ៣ខែ។

លោក ចាន់ ចេន ថា​នៅ​ក្នុង​សវនាការ​ថ្ងៃ​ទី២៣ ខែ​មករា​នោះ គឺ​ភាគី​ខាង​ព្រះរាជអាជ្ញា​ និង​មេធាវី​រដ្ឋាភិបាល បាន​ចាប់​ផ្ដើម​សួរ​សំណួរ​ទៅ​លោក​ កឹម សុខា ដោយ​លើក​យក​ផ្នែក​នៃ​វីដេអូ​រយៈ​ពេល​ជាង ១ម៉ោង (១ម៉ោង ៣នាទី) ដែល​សហ​មេធាវី​លោក កឹម សុខា បាន​ដាក់​ជា​ភស្តុតាង​នោះ ដើម្បី​យក​មក​ជជែក​ដេញ​ដោល។

ទោះ​ជា​លោក​មាន​សុទិដ្ឋិនិយម​ថា នឹង​អាច​រក​យុត្តិធម៌​ជូន​កូន​ក្តី​បាន​យ៉ាង​ណា​ក៏​ដោយ ក៏​លោក ចាន់​ ចេន ថា​កិច្ច​ដំណើរ​ការ​នីតិវិធី ក្នុង​ការ​ជជែក​ដេញដោល​ក្នុង​សវនាការ កាល​ពី​ថ្ងៃ​ទី២៣ ខែ​មករា​នោះ បង្ហាញ​ឲ្យ​ឃើញ​អំពី​ភាព​មិន​ត្រឹមត្រូវ​នៃ​នីតិវិធី និង​ភាព​អយុត្តិធម៌ មក​លើ​កូន​ក្តី​របស់​ពួក​លោក​រួច​ស្រេច​ទៅ​ហើយ ព្រោះ​ភាគី​ចោទ​ប្រកាន់ មិនបាន​លើក​យក​អង្គហេតុ នៃ​ការ​ចោទ​ប្រកាន់ មក​ជជែក​ដេញដោល​ក្នុង​សវនាការ តែ​បែរ​ជា​យក​តម្រុយ​នៃ​ភស្តុតាង​មក​ជជែក​ទៅ​វិញ៖ «វីដេអូ​វា​មិន​មែន​ជា​អង្គហេតុ​ទេ។ វីដេអូ​ជា​តម្រុយ​នៃ​ភស្តុតាង។ កន្លង​មក​គឺ​ អ្នក​ចោទ​ប្រកាន់ គាត់​​យក​វីដេអូ​ ដែល​កាត់​ត ដែល​មាន​រយៈ​ខ្លី​ពីរ​នាទី មក​ធ្វើការ​ចោទប្រកាន់​កូន​ក្តី​ខ្ញុំ ដោយ​យក​វីដេអូ​នោះ​ធ្វើ​ជា​អង្គហេតុ។ ខ្ញុំ​គិត​ថា​អា​ហ្នឹង​វា​អយុត្តិធម៌​សម្រាប់​កូន​ក្តី​ខ្ញុំ​ណាស់»។

បើ​តាម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា អង្គហេតុ​ដែល​ត្រូវ​យក​មក​ជជែក​ដេញដោល​ក្នុង​សវនាការ គឺ​ត្រូវ​តែ​ជា​សម្ភារៈ ឬ​ឯកសារ​ ដែល​ក្រុម​មេធាវី​របស់​ភាគី​រដ្ឋាភិបាល អះអាង​ថា មាន​រហូត​ដល់​ទៅ​បី​វ៉ាលី ដែល​ថា ជា​សម្អាង​ក្នុង​ការ​ដាក់​បន្ទុក​លើ​លោក កឹម សុខា នោះ។ ប៉ុន្តែ លោក ចាន់ ចេន ថា ការ​អះអាង​ថា មាន​ភស្តុតាង​ដាក់​បន្ទុក​ដ៏​សន្ធឹក​នោះ គឺ​គ្រាន់​តែ​ឮ​សូរ​ប៉ុណ្ណោះ ការ​ពិត​លោក​​មិន​ឃើញ​មាន​ភស្តុតាង​នោះ​ទេ៖ «ខ្ញុំ​ឮសូរ​ប៉ុន្មាន​ថ្ងៃ​ហើយ​ថា មាន​ភស្តុតាង​រហូត​ដល់​បី​វ៉ាលី។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​ថត​សំណុំ​រឿង យើង​អត់​មាន​ភស្តុតាង​ឯណា​រហូតដល់​បី​វ៉ាលី​នោះ​ទេ។ យើង​ឃើញ​មាន​តែ​តាម​ការ​ស៊ើប​អង្កេត​ជំនួស​របស់​អ្នក​ជំនាញ​ប៉ុណ្ណោះ »

ប៉ុន្តែ ខាង​មេធាវី​រដ្ឋាភិបាល​ឯ​ណោះ​វិញ គឺ​លោក គី តិច ចោទ​​ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ថា មាន​ចេតនា​រារាំង​កិច្ច​ដំណើរ​ការ​នីតិវិធី ដោយសារ​តែ​ការ​ជំទាស់​ក្នុង​ការ​ជជែក​ដេញដោល​លើ​អង្គហេតុ​ក្នុង​វីដេអូ ដែល​ជា​ភស្តុតាង​នោះ៖ «កាល​មុន​គាត់​ទាមទារ​ថា​ដាក់​ភស្តុតាង​ហ្នឹង ដើម្បី​ដាក់​ក្នុង​សំណុំរឿង​ ដោះបន្ទុក​ជនជាប់ចោទ កឹម សុខា។ ដល់​តែ​ពេល​ដាក់​ហើយ ក្រុម​ប្រឹក្សា​ទទួល​យក​ហើយ តំណាង​អយ្យការ​ទទួល​យក​ហើយ ដល់​តែ​ពេល​យើង​យក​មក​ពិភាក្សា​ បែរ​ជា​គាត់​ចង់​រាំង​ខ្ទប់​យើង​វិញ មិន​ឲ្យ​ជជែក​ពិភាក្សា​វិញ »

ទោះជា​យ៉ាង​នេះ​ក្តី ខាង​ព្រះរាជអាជ្ញា និង​មេធាវី​រដ្ឋាភិបាល បាន​សួរ​សំណួរ​ជាង ៦០ សំណួរ​ទៅ​លោក កឹម សុខា ជុំវិញ​សារ​នៅ​ក្នុង​វីដេអូ​នោះ។ លោក ចាន់ ចេន ថា ក្រុម​មេធាវី​លោក កឹម សុខា ក៏បាន​សួរ​សំណួរ​ជាច្រើន ដើម្បី​ដោះ​បន្ទុក​នេះ​ដែរ។

លោក ចាន់ ចេន ថា យោង​តាម​​ខ្លឹមសារ​ទាំង​ស្រុង​នៃ​វីដេអូ​រយៈ​ជាង​មួយ​មក​នោះ គឺ​​កូន​ក្តី​របស់​លោក​ពិត​ជា​មិន​បាន​ប្រព្រឹត្តិ ដូច​ការ​ចោទ​ប្រកាន់​​ និង​មួលបង្កាច់​ដូច​ក្នុង​វីដេអូ​ខ្លី​ពីរ​នាទី ដែល​គេ​កាត់​ត​ជា​កង់ៗ បញ្ចូល​គ្នា​នោះ​ទេ។ លោក​បញ្ជាក់​ថា លោក កឹម​ សុខា បាន​បំភ្លឺ​ប្រាប់​តុលាការ​ថា ការណ៍ ដែល​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​បរទេស គឺ​លោក កឹម សុខា ធ្វើ​ក្នុង​ក្របខ័ណ្ឌ​ជា​អ្នក​សិទ្ធិ​មនុស្ស និង​អ្នកនយោបាយ ដែល​មន្ត្រី​បក្ស​កាន់​អំណាច រួម​ទាំង​លោក ស ខេង ផង ក៏​ធ្វើ​ដូច្នេះ​ដែរ ដែល​ទង្វើ​បែប​នេះ មិន​មែន​ជា​អំពើ​​ក្បត់​ជាតិ​នោះ​ទេ៖ «កូន​ក្តី​ខ្ញុំ​ជា​អ្នក​នយោបាយ ជា​សកម្មជន​សិទ្ធិមនុស្ស។ ស្ទើរ​មួយ​ជីវិត​របស់​លោក គឺ​លោក​ធ្វើ​រឿង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ ពេល​គាត់​ទៅបរទេស គឺ​ធ្វើ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋសភា។ គាត់​អត់​មានបាន​ទៅ​រៀន​ធ្វើ​បដិវត្តន៍​ពណ៌ ឬ​បាន​ទៅ​រៀន​ធ្វើ​អំពើ​ហិង្សា ឬ​កម្លាំង​បាយ​នោះ​ទេ»។

មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ម្នាក់​គឺ នាយក​រង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត ដែល​បាន​ចូល​ស្តាប់​សវនាការ​នេះ ឲ្យ​អាស៊ី​សេរី​ដឹង​ថា សំណួរ​ភាគ​ច្រើន​របស់​ព្រះរាជ​អាជ្ញា និង​មេធាវី​របស់​រដ្ឋាភិបាល បាន​ចោទ​សួរ​ជា​ពាក្យ​មួយ​ម៉ាត់ និង​ពន្យល់​ពាក្យ​មួយៗ ដែល​លោក​យល់​ថា ការ​ចោទ​សួរ​នេះ មិន​សូវ​ទាក់ទង​អង្គហេតុ។ លោក​យល់​ថា ការ​សួរ​បែប​នាំ​ឲ្យ​មាន​ការ​បក​ស្រាយ​ខុសៗ គ្នា និង​ធ្វើ​ឲ្យ​សវនាការ​នេះ កាន់​តែ​អូស​បន្លាយ​រយៈ​ពេល​វែង​បន្ថែម​ទៀត។

ទោះ​បី​តុលាការ​ចាប់​ផ្តើម​កិច្ច​ដំណើរ​ការ​នីតិវិធី ដែល​មន្ត្រី​របប​ក្រុងភ្នំពេញ អះអាង​ថា ជា​ការ​ប្រព្រឹត្ត​ទៅ​តាម​ក្របខ័ណ្ឌ​នៃ​ដំណើរ​ការ​ក្តី នៅ​ក្នុង​តុលាការ​ឯករាជ្យ​ក៏ដោយ ក៏​តុលាការ​របប​នេះ រង​ការ​ការ​រិះគន់​ថា ជា​ឧបករណ៍​បម្រើ​នយោបាយ​បក្ស​កាន់​អំណាច ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​សំឡេង​ប្រឆាំង តែ​ប៉ុណ្ណោះ។

របប​លោក ហ៊ុន សែន បាន​យក​វីដេអូ​ខ្លី ដែល​កាត់​ត​បញ្ចូល​គ្នា​នោះ មក​ធ្វើ​ជា​ឧបករណ៍​ឃោសនា ដើម្បី​បរិហារ​លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ ជាង​ពីរ​ឆ្នាំ​មក​ហើយ តាំង​តែ​ពី​តុលាការ​​មិន​ទាន់​ទទួល​យក​ភស្តុតាង​នេះ​ជា​ផ្លូវការ ក្នុង​កិច្ច​ពិភាក្សា​លើ​អង្គ​សេចក្ដី​នេះ​ម្ល៉េះ​។

លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​កាន់​អំណាច និង​ជា​នាយក​រដ្ឋមន្ត្រី ដែល​ជា​អ្នក​ចេញ​បញ្ជា​ផ្ទាល់​ឲ្យ​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​កម្រោល​ទាំង​កណ្ដាល​អធ្រាត្រ​នោះ ក៏​តែង​តែ​ថ្លែង​សារ​ជារឿយៗ ដោយ​ចាត់​ទុក​លោក កឹម សុខា ថា ជា​ជន​ក្បត់​ជាតិ ជា​បុគ្គល ដែល​មាន​ទោស​រួច​ជា​ស្រេច​ទៅ​ហើយ បើ​ទោះ​តុលាការ​មិន​ទាន់​កាត់​ទោស​យ៉ាង​ណា​នៅ​ឡើយ​ក៏​ដោយ។ ជាទូទៅ ឲ្យ​តែ​លោក ហ៊ុន សែន ស្រែក​ថា អ្នក​ណា​មាន​ទោស ឬ​ត្រូវ​ជាប់គុក អ្នក​នោះ​តែង​តែ​មាន​ទោស និង​ជាប់​គុក លើក​លែង​តែ​រក​ច្រក​គេច​ខ្លួន​ ចេញ​ពី​កម្ពុជា​ឲ្យ​ទាន់​ពេល​ប៉ុណ្ណោះ។

សហគមន៍​អន្តរជាតិ ជាពិសេស​សហភាព​អឺរ៉ុប កំពុង​តែ​ដាក់​សម្ពាធ​លើ​របប​នេះ ដោយ​ទាមទារ​ឲ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រឆាំង​លើ​លោក កឹម សុខា និង​ស្ដារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ ដើម្បី​ជា​ថ្នូរ​នឹង​ការ​មិន​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA។

គិតមកត្រឹមថ្ងៃទី២៣ ខែ​មករា​នេះ គឺ​សល់​តែ ២០ថ្ងៃទៀតប៉ុណ្ណោះ ដល់​ថ្ងៃ​ដែល​សហភាព​អឺរ៉ុប ចេញ​សេចក្ដី​សម្រេច​ចុង​ក្រោយ​របស់​ខ្លួន ជុំវិញ​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ។

ចំណែកឯដំណើរការក្តី​លោក កឹម សុខា ដែល​ទើប​តែ​ប្រញាប់​ស្រូតរូត ពេល​សហភាព​អឺរ៉ុប​ជិត​សម្រេច​រឿង​ការ​អនុគ្រោះ​ពន្ធ EBA នេះវិញ ត្រូវ​ការ​ពេល​វេលា​អាច​រហូត​ដល់ ៣ខែ ដើម្បី​ជំនុំ​ជម្រះ​ក្តី។

ប៉ុន្តែ មេធាវី​ការពារក្តី​លោក កឹម សុខា នៅ​តែ​ទទូច​ឲ្យ​តុលាការ ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​លើ​កូន​ក្តី​ភ្លាមៗ និង​ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​ឲ្យ​លោក កឹម សុខា មាន​សេរីភាព​ពេញលេញ​ឡើង​វិញ ដើម្បី​លោក​បំពេញ​កិច្ច​ការងារ​សង្គម​ត​ទៅ​ទៀត។

សវនាការ​សប្តាហ៍ទី ៣ នឹង​ចាប់​ផ្តើម​ពុធ និង​ព្រហស្បតិ៍ នៅ​សប្ដាហ៍​ក្រោយ​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។