តុលាការ​សម្រេច​ឃុំ​ខ្លួន​យុវជន​ដែល​បង្ហោះ​សារ​រឿង​ជំងឺ​កូវីដ-១៩

0:00 / 0:00

សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​យុវជន​ម្នាក់​ឈ្មោះ កូយ សំអាត ដោយ​សារ​បង្ហោះ​សារ​រឿង​ជំងឺ​កូវីដ-១៩ នៅ​លើ​ទំព័រ​ហ្ចេសប៊ុក។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដូ​លោក​ អំ​ សំអាត​ឲ្យដឹងថា តុលាការ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​លោក កូយ សំអាត ទៅ​ឃុំ​ក្នុង​ពន្ធនាគាររាជធានីភ្នំពេញ (PJ) តាំងពី ម៉ោង៥ល្ងាច ថ្ងៃទី១១ ខែមីនា បន្ទាប់​ពី​ចំណាយ​ពេល​សាកសួរ​ពេញមួយថ្ងៃ ប៉ុន្តែលោកមិនទាន់ ដឹងថា តុលាការ​ចោទប្រកាន់ពីបទអ្វីនៅឡើយ។ ទោះ​ជា​យ៉ាង​ណា លោក យល់ថា អាជ្ញាធរ និងតុលាការ គ្មាន​មូលដ្ឋាន និង​ហេតុផល​សមរម្យ​ក្នុង​ការ​ចាប់​ខ្លួន ចោទប្រកាន់ និងឃុំខ្លួនលោក កុយ សំអាត ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គេ​មើល​ឃើញ​ពី​ការ​រំលោភ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ដែលធានាដោយបទដ្ឋាន អន្តរជាតិ​ស្តីពី​សិទ្ធិមនុស្ស និងរដ្ឋធម្មនុញ្ញ ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ បន្តថា អាជ្ញាធរ មិន​បាន​បែង​ចែក​ឱ្យ​ច្បាស់​អំពី​អត្ថន័យ​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​ថា អ្វី​ជា​ការ​បញ្ចេញ​មតិ និងអ្វីជាបទល្មើស។ ម្យ៉ាងទៀតទាក់ទងនឹងបញ្ហាជំងឺកូវីដ-19 (covid-19) នេះ អាជ្ញាធរគួរតែបង្កើន ការ​ផ្សព្វផ្សាយ​អប់រំ ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹង និង​ដឹង​ពី​​វិធី​ការពារ និង​ទប់​ស្កាត់ ដើម្បីកុំឱ្យប្រជាពល រដ្ឋ យល់​ខុស និង​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង ព្រោះ​ថា ជំងឺ​ថ្មី​នេះ​ប្រទេស​ក្នុង​សកល​លោក​សុទ្ធ​តែ​កំពុង​​ព្រួយ​​បារម្ភ​​ដូចៗ គ្នា។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ និង​ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុធា បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។ ចំណែក​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ប្រាប់​អាស៊ី​សេរី​ថា លោក​មិន​ដឹង​ថា តុលាការ​សម្រេច​បែប​ណា​នោះ​ទេ គ្រាន់​តែ​ដឹង​ថា សមត្ថកិច្ច បាន​បញ្ជូន​លោក កូយ សំអាត ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នៅ​ថ្ងៃ​ទី១១ ខែ​មីនា។

កម្លាំង​នគរបាល​ខណ្ឌ​មានជ័យ កាល​ពី​​​ថ្ងៃ​ទី៩ ខែ​មីនា ឆ្នាំ២០២០នេះ សហការ​ជា​មួយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ ចាប់​ខ្លួន​បុរស​ឈ្មោះ កូយ សំអាត នេះ បន្ទាប់ពី​លោក​បាន​បង្ហោះ​ហ្វេសប៊ុក​របស់​ខ្លួន​ ដែល​ដាក់​ឈ្មោះ​ថា ទេព វិសាល(Tep Visal )។ក្នុង​វីឌីអូ​ឃ្លីប​នេះ លោក កូយ សំអាត បាន​និយាយ អរគុណ​វៀតណាម​ដែល​រក​ឃើញ​ករណី​ជន​ជាតិ​ជប៉ុន​ផ្ទុក​ជំងឺ​កូវីដ-១៩ បន្ទាប់ពី​បុរស​រូប​នេះ​ចេញ​ពី​កម្ពុជា។ លោក​បន្ត​ថា បើ​វៀតណាម មិន​ប្រកាស​ទេ កុំ​អី​ប្រជាជន​នៅ​ទូទាំង​ប្រទេស​អត់​ដឹង​ថា​ប្រទេស​កម្ពុជា​មាន​កូវីដ-១៩ទេ។

ការ​លើក​ឡើង​របស់ កូយ សំអាត បែបនេះ គឺ​បន្ទាប់​ពី​សារ​ព័ត៌មាន​ក្នុង​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី៤ ខែ​មីនា បាន​ចុះ​ផ្សាយ​ថា បុរស​ជប៉ុន​ម្នាក់ ដែល​ធ្វើ​ដំណើរ​ចេញ​ពី​វាល​យន្តហោះ​ខេត្ត សៀមរាប ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​ជំងឺ​កូវីដ-19 នៅ​ពេល​ទៅ​ដល់​វាល​យន្តហោះ​ប្រទេស​ជប៉ុន។ ក្រោយ​មាន​ការ​ចុះ​ផ្សាយ​ព័ត៌មាន​នោះ ក្រសួងសុខាភិបាល​កម្ពុជា ក៏​បាន​ស្រាវជ្រាវ​ភ្លាមៗ ហើយ​​បាន​រក​ឃើញ​ថា មានបុរសខ្មែរម្នាក់អាយុ៣៨ឆ្នាំ ដែល​ធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​ជន​ជាតិ​ជប៉ុន​នោះ បាន​ឆ្លង​ជំងឺ​កូវីដ-១៩ ដែល​បច្ចុប្បន្ន កំពុង​ដាក់​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត សៀមរាប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។