តុលាការ​កំពូល​សម្រេច​ដោះ​លែង​អ្នកស្រី យ៉ោម បុប្ផា

អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​នៅ​តំបន់​បឹងកក់ ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ហើយ នៅ​ម៉ោង​ជាង ៦​ល្ងាច​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា។
ដោយ សេក បណ្ឌិត
2013-11-21
Share
យ៉ោម បុប្ផា តុលាការ​កំពូល ៦១០ សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ថ្លែង​ទៅ​កាន់​អ្នក​ភូមិ និង​អ្នក​សារព័ត៌មាន បន្ទាប់​ពី​ចេញ​ពី​ពន្ធនាគារ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Uon Chhin

ក្នុង​ឱកាស​នោះ មាន​ប្រជាពលរដ្ឋ​ជាច្រើន ជា​ពិសេស​អ្នក​បឹងកក់ និង​អ្នក​មក​ពី​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​ដទៃ​ទៀត មន្ត្រី​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ទៅ​ទទួល​ស្វាគមន៍ ព្រម​ទាំង​បាន​ច្រៀង​រាំ​សប្បាយ​រីករាយ​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ផង។

ក្រោយ​ពី​បាន​ចេញ​ពី​ពន្ធនាគារ​ភ្លាម អ្នកស្រី យ៉ោម បុប្ផា បាន​បង្ហាញ​អារម្មណ៍​សប្បាយ​ចិត្ត ដែល​ខ្លួន​ទទួល​បាន​សេរីភាព​ឡើង​វិញ ប៉ុន្តែ​អ្នកស្រី​ថ្លែង​ដោយ​ក្តី​កង្វល់​ថា គាត់​មិន​ទាន់​ទទួល​បាន​យុត្តិធម៌ និង​សេរីភាព​ពេញ​លេញ​ឡើយ ដោយសារ​តុលាការ​ពុំ​ទាន់​បាន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​គាត់​នៅ​ឡើយ។

អ្នកស្រី​បន្ត​ថា ការ​ដែល​អ្នកស្រី​បាន​រួច​ផុត​ពី​ពន្ធនាគារ​នៅ​ពេល​នេះ គឺ​ដោយសារ​កម្លាំង​សាមគ្គី​គ្នា​ទាំង​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដែល​បាន​រួម​គ្នា​ធ្វើ​ការ​តស៊ូ​មតិ​យ៉ាង​ស្វិតស្វាញ ដើម្បី​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ខ្លួន​អ្នកស្រី​ផ្ទាល់ និង​ក្រុម​គ្រួសារ​គាត់​រហូត​បាន​ជោគជ័យ។

អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់ ត្រូវ​បាន​បញ្ជូន​មក​កាន់​តុលាការ​កំពូល ដើម្បី​ជំនុំ​ជម្រះ នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់ ត្រូវ​បាន​បញ្ជូន​មក​កាន់​តុលាការ​កំពូល ដើម្បី​ជំនុំ​ជម្រះ នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Morm Moniroth

អ្នកស្រី យ៉ោម បុប្ផា បាន​ជាប់​ពន្ធនាគារ​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​ឲ្យ​មាន​ទោស ៣​ឆ្នាំ ហើយ​ក្រោយ​មក​ត្រូវ​សាលា​ឧទ្ធរណ៍​សម្រេច​បន្ធូរបន្ថយ​ទោស​ឲ្យ​មក​ជាប់​ទោស ២​ឆ្នាំ​វិញ ក្នុង​សំណុំ​រឿង​អំពើ​ហិង្សា​មួយ​នៅ​ក្នុង​ភូមិ៕

អ្នកស្រី យ៉ោម បុប្ផា៖ សេរីភាព​រស់​ក្នុង​ភាព​ភ័យ​ខ្លាច

ដោយ ម៉ម មុនីរតន៍

នៅ​ថ្ងៃ​សុក្រ​ទី​២២ ខែ​វិច្ឆិកា តុលាការ​កំពូល​ដែល​ជា​តុលាការ​ជាន់​ខ្ពស់ បាន​សម្រេច​ដោះ​លែង​ស្ត្រី​ដែល​ជា​សកម្មជន​ដីធ្លី និង​ស្វាមី នៅ​តំបន់​បឹងកក់ ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ ឲ្យ​មាន​សេរីភាព​បណ្ដោះ​អាសន្ន បន្ទាប់​ពី​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​នេះ។

ចំណែក​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​បង្ក​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស​នេះ ចាត់​ទុក​ថា ការ​សម្រេច​ក្ដី​របស់​តុលាការ​កំពូល​នៅ​ពេល​នេះ មិន​មាន​ភាព​យុត្តិធម៌​ឡើយ។

បន្ទាប់​ពី​ជំនុំ​ជម្រះ​ក្ដី​អស់​ជាច្រើន​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា តុលាការ​កំពូល​បាន​សម្រេច​ដោះ​លែង​ស្ត្រី​បឹងកក់ និង​ស្វាមី ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន ប៉ុន្តែ​បាន​បង្វែរ​សំណុំ​រឿង​នេះ​ឲ្យ​សាលា​ឧទ្ធរណ៍ បន្ត​នីតិវិធី​ជំនុំ​ជម្រះ​ឡើង​វិញ ក្រោយ​ពី​រក​ឃើញ​ថា សភា​សាកសួរ​នៃ​តុលាការ​ថ្នាក់​កណ្ដាល​សម្រេច​ក្ដី​នៅ​មាន​មន្ទិល​សង្ស័យ និង​ពុំ​មាន​សំណុំ​រឿង​គ្រប់គ្រាន់​ក្នុង​ការ​ចោទ​ប្រកាន់។

ប្រធាន​អង្គ​ជំនុំ​ជម្រះ​នៃ​តុលាការ​កំពូល លោក ឃឹម ប៉ុន បាន​សម្រេច​ដាក់​ឲ្យ អ្នកស្រី យ៉ោម បុប្ផា និង​ស្វាមី គឺ​លោក លួស សាខន ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។ ប៉ុន្តែ​បាន​ដាក់​កម្រិត​ឲ្យ​បន្ត​តាម​ចាប់​ខ្លួន​ឈ្មោះ យ៉ោម កន្លង់ ហៅ ឡុង និង​ឈ្មោះ យ៉ោម ពិសិដ្ឋ ត្រូវ​ជា​ប្អូន​របស់ អ្នកស្រី យ៉ោម បុប្ផា ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​បង្ក​ហិង្សា កាល​ពី​ខែ​សីហា ឆ្នាំ​២០១២។

ក្រោយ​ចេញ​ពី​អង្គ​សវនាការ​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា សកម្មជន​ដីធ្លី​បឹងកក់ គឺ​អ្នកស្រី យ៉ោម បុប្ផា ឲ្យ​ដឹង​ថា បើ​ទោះ​ជា​តុលាការ​សម្រេច​នៅ​ពេល​នេះ​ឲ្យ​មាន​សេរីភាព​ក៏ដោយ​ចុះ ក៏​សេរីភាព​នេះ គឺ​ជា​សេរីភាព​ដាក់​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ជាប់​ទោស​នៅ​ឡើយ។ អ្នកស្រី​គិត​ថា មិន​ខុស​អ្វី​ទៅ​នឹង​សំណុំ​រឿង​របស់ លោក ប៊ន សំណាង និង​លោក សុខ សំអឿន ទេ។ ស្ថិត​ក្នុង​វ័យ ៣០​ឆ្នាំ អ្នកស្រី យ៉ោម បុប្ផា ឲ្យ​ដឹង​ទៀត​ថា សេរីភាព​ដែល​ត្រូវ​បាន​ផ្ដល់​នេះ គឺ​ជា​សេរីភាព​រស់​ក្នុង​ភាព​ភ័យ​ខ្លាច និង​តក់ស្លុត ព្រោះ​ថា​អ្នកស្រី​គឺ​ជា​សកម្មជន​តវ៉ា​ក្នុង​រឿង​ដីធ្លី។ ហេតុ​នេះ ក្នុង​ករណី​ណា​មួយ អ្នកស្រី​ងើប​តវ៉ា​ឡើង​វិញ​ប្រឆាំង​នឹង​សិទ្ធិ​រស់​នៅ​សមរម្យ អាច​ងាយ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត៖ «ដោះ​លែង​ហើយ​អាច​ចាប់​មក​វិញ ពីព្រោះ​ខ្ញុំ​អ្នក​ទាមទារ អ្នក​តស៊ូ​មតិ។ ថ្ងៃ​ណា​គេ​ចង់​ចាប់​មក​វិញ​ក៏​បាន​ដែរ។ អ៊ីចឹង ខ្ញុំ​នៅ​តែ​បារម្ភ។ ខ្ញុំ​អស់​សង្ឃឹម ពីព្រោះ​ខ្ញុំ​មិន​ត្រូវ​បាន​លុប​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង គឺ​ខ្ញុំ​អស់​សង្ឃឹម​រឿង​នៅ​មិន​ទាន់​ចប់ ចំពោះ​ខ្ញុំ​នៅ​ឡើយ​ទេ»

ចំណែក​ស្វាមី​របស់ អ្នកស្រី យ៉ោម បុប្ផា គឺ​លោក លួស សាខន គិត​ថា ថ្វី​ត្បិត​នៅ​ពេល​នេះ​តុលាការ​សម្រេច​ឲ្យ​គ្រួសារ​របស់​លោក​បាន​ជួប​ជុំ​គ្នា​ឡើង​វិញ​ក្ដី ក៏​សេរីភាព​នេះ​នៅ​បន្ត​រឹតត្បិត និង​ចង្អៀត​សម្រាប់​លោក​នៅ​ឡើយ​ដែរ។

នៅ​ខាង​ក្រៅ​បរិវេណ​របង​តុលាការ​ឯណេះ​វិញ ប្រជាពលរដ្ឋ​រាប់​រយ​នាក់ រួម​មាន​ព្រះសង្ឃ​ផង បាន​ដង្ហែ​ជា​ក្បួន​ជុំវិញ​តុលាការ​កំពូល ហើយ​ស្រែក​ទាមទារ​ឲ្យ​ដោះ​លែង អ្នកស្រី យ៉ោម បុប្ផា ដោយ​គ្មាន​លក្ខខណ្ឌ។ ចំណែក​នៅ​លើ​ផ្ទៃ​មុខ​របស់​ពួក​គេ​វិញ មាន​លាប​ពណ៌​ខ្មៅ និង​ពណ៌​ស ដោយ​សរសេរ​អក្សរ​ថា ដោះ​លែង យ៉ោម បុប្ផា ថែម​ទៀត។

ដោយ​ឡែក លោក វ៉ាត សារ៉ាត់ តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ជា​ឪពុក និង​ជា​ឪពុកមា​របស់​ឈ្មោះ វ៉ាត ថៃសេង និង​ឈ្មោះ ង៉ែត ចិត្ត ថ្លែង​ថា ការ​សម្រេច​ក្ដី​របស់​តុលាការ​កំពូល​នេះ គឺ​លោក​ពុំ​អាច​ទទួល​យក​បាន​ឡើយ។ លោក​ចាត់​ទុក​ថា ព្រោះ​អ្នក​ប្រព្រឹត្តិ​បទ​ល្មើស បែរ​ជា​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ទៅ​វិញ។ លោក​បន្ត​ថា បើ​ការ​សម្រេច​ក្តី​លើក​ក្រោយ​របស់​សាលា​ឧទ្ធរណ៍ នៅ​តែ​បន្ត​ឲ្យ​លោក​ចាញ់​ក្តី​ទៀត នឹង​បន្ត​សំណុំ​រឿង​នេះ​ប្រឆាំង​ការ​សម្រេច​តុលាការ​ជា​ថ្មី​ឡើង​វិញ៖ «ដោះ​លែង​អ្នកស្រី យ៉ោម បុប្ផា បណ្ដោះ​អាសន្ន​នេះ​ជា​រឿង​នីតិវិធី​របស់​តុលាការ ក៏ប៉ុន្តែ​ចំពោះ​ខ្ញុំ​ជា​ឪពុក​ជន​រងគ្រោះ វា​មិន​អាច​អស់​ចិត្ត​សោះ និង​អយុត្តិធម៌​ដល់​ជន​រងគ្រោះ»

អ្នកស្រី យ៉ោម បុប្ផា ត្រូវ​ចាប់​ខ្លួន​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១២។ ក្រោយ​មក សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់​អ្នកស្រី ស្វាមី និង​ប្អូន​ប្រុស​ពីរ​នាក់​ទៀត ឲ្យ​មាន​ទោស​ក្នុង​ម្នាក់ៗ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សរុប ៦០​លាន​រៀល ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា ដែល​មាន​ស្ថាន​ទម្ងន់​ទោស។ ប៉ុន្តែ ក្រោយ​មក​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​កែ​បទ​ចោទ​ទៅ​ជា​បទ​ផ្ដើម​គំនិត​បង្ក​ហិង្សា​ដោយ​ចេតនា ដែល​មាន​ស្ថាន​ទម្ងន់​ទោស ដោយ​កាត់​តម្រឹម​ទោស​ឲ្យ​នៅ​ត្រឹម ២​ឆ្នាំ និង​បង់​ប្រាក់​ឲ្យ​ជន​រងគ្រោះ​សរុប ២០​លាន​រៀល​វិញ។

ការ​ជំនុំ​ជម្រះ​ក្រោម​ការ​ឃ្លាំ​មើល​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ជាច្រើន​នៅ​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ។ ដោយ​ឡែក​មេធាវី​ការពារ​ក្តី​របស់​អង្គការ​លីកាដូ (Licadho) ដែល​ការពារ​ឲ្យ អ្នកស្រី យ៉ោម បុប្ផា គឺ​លោក ហម ស៊ុនរិទ្ធ បង្ហាញ​ការ​ព្រួយ​បារម្ភ​ក្រោយ​សវនាការ​ថា បើ​សំណុំ​រឿង​នេះ​នៅ​តែ​បន្ត​ជាប់​ក្នុង​ដៃ​តុលាការ​នៅ​ឡើយ ដូច្នេះ​រឿង​ក្តី​ព្រហ្មទណ្ឌ​នេះ​ទំនង​អាច​មាន​ការ​ប្រែប្រួល។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​បំភ្លឺ​បាន​ភ្លាមៗ​ទេ​ពី​មេធាវី​ដើម​បណ្ដឹង លោក សៀង ហៃ ក្រោយ​ពី​ជំនុំ​ជម្រះ​ក្តី​រួច​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា។

ទាំង លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ និង​លោក ណៃ វង្សដា មន្ត្រី​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ដែល​ចុះ​អង្កេត​សវនាការ​យល់​ឃើញ​ថា នេះ​ជា​របៀប ឬ​វិធី​បោះ​បាល់​របស់​តុលាការ​ប៉ុណ្ណោះ។ មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​នេះ​គិត​ថា អ្នកស្រី យ៉ោម បុប្ផា គប្បី​លើក​លែង​ការ​ចោទ​ប្រកាន់ ព្រោះ​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​តាំង​ពី​ដើម​ដល់​ចប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល