អតីតអ្នកយកព័ត៌មានអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ខកចិត្តដែលសាលាដំបូងរាជធានីភ្នំពេញលើកពេលប្រកាសសាលក្រមទៅថ្ងៃក្រោយវិញ។ អង្គការសង្គមស៊ីវិលថា តុលាការគួរតែសម្រេចរឿងនេះឱ្យបានឆាប់ មិនគួរអូសបន្លាយបែបនេះឡើយ។
ការទន្ទឹងរង់ចាំយុត្តិធម៌របស់អតីតអ្នកយកព័ត៌មានអាស៊ីសេរី មិនបានកើតឡើងដូចការគ្រោងទុកឡើយ ដោយសារតុលាការបានសម្រេចលើកពេលប្រកាសសាលក្រមដោយមិនកំណត់ពេលវេលា ក្រោមហេតុផលថា ចៅក្រមជាប់រវល់ប្រជុំនៅក្រសួងយុត្តិធម៌។
អតីតអ្នកយកព័ត៌មានអាស៊ីសេរី លោក យាង សុធារិន្ទ ថ្លែងថា ការអូសបន្លាយពេលវេលាកាន់តែវែង ធ្វើឱ្យសិទ្ធិសេរីភាពរបស់លោកបន្តស្ថិតក្រោមការរឹតត្បិត។ លោកបញ្ជាក់ថា លោកចង់ឱ្យតុលាការប្រកាសសាលក្រមឱ្យបានឆាប់ ដើម្បីផ្ដល់ភាពស្អាតស្អំឱ្យលោកវិញ និងដើម្បីឱ្យលោកទទួលបានសិទ្ធិសេរីភាពពេញលេញដូចពលរដ្ឋទូទៅដែរ៖ «ការពន្យារពេលហ្នឹង វាធ្វើឱ្យសេរីភាពរបស់ពួកខ្ញុំដែលត្រូវទទួលបានហ្នឹង វាបែរជាត្រូវពន្យារទៅតាមការប្រកាសហ្នឹងទៀត។ អ៊ីចឹងពួកខ្ញុំនៅតែរស់នៅរបៀបដូចថា មិនជ្រះស្រឡះ មិនច្បាស់លាស់ អ៊ីចឹងវាពិបាក។ ខ្ញុំដូចជាមានការខកចិត្តដែរ ពេលដែលខំមករង់ចាំទទួលលទ្ធផល ហើយបែរជាលើកទៅថ្ងៃក្រោយអ៊ីចឹង»។
ស្រដៀងគ្នានេះ លោក អ៊ួន ឈិន ថ្លែងថា លោកស្រង៉ាកចិត្តជាខ្លាំងចំពោះការលើកពេលនេះ ពីព្រោះលោកចង់ឱ្យក្ដីក្ដាំនេះឆាប់ចប់ នឹងអាលលោកអាចរៀបចំជីវិតជាថ្មីវិញបាន។ លោកថា ចៅក្រមដឹងច្បាស់ថាខ្លួន មានធុរៈ ដូច្នេះគួរតែជូនដំណឹងមកពួកលោកជាមុនអំពីការពន្យារពេលនេះ មិនគួរឱ្យពួកលោក និងអ្នកផ្សេងទៀតខាតបង់ពេលវេលាឥតប្រយោជន៍ដូច្នេះឡើយ។ លោកស្នើឱ្យតុលាការកំណត់ពេលវេលាប្រកាសសាលក្រមជាថ្មីទៀតឱ្យបានឆាប់ ពីព្រោះលោកមិនចង់ស្ថិតក្នុងស្ថានភាពប្រឈមផ្លូវច្បាប់ដោយអយុត្តិធម៌បែបនេះឡើយ៖ «ចំពោះខ្ញុំផ្ទាល់ ខ្ញុំចង់ណាស់ វិលចូលវិញនៅក្នុងអាជីពជាអ្នកសារព័ត៌មាន គឺខ្ញុំចង់បានណាស់។ ចង់ឱ្យរឿងរ៉ាវហ្នឹងវាចប់សព្វគ្រប់អ៊ីចឹងទៅ ដើម្បីយើងគិតគូរឱ្យបានមានការងារធ្វើ ឬក៏អាចមានសិទ្ធិដើរហើរ ទៅក្នុងទៅក្រៅ ទៅចូលរួមសិក្ខាសាលានេះ វគ្គហ្វឹកហ្វឺនអំពីជំនាញនេះ ជំនាញនោះនឹងគេនឹងឯងអ៊ីចឹង»។
មិនត្រឹមតែសាមីខ្លួនទាំងពីរទេដែលត្រូវខកចិត្តនោះ សូម្បីអង្គការសង្គមស៊ីវិលក៏មិនពេញចិត្តចំពោះការពន្យារពេលនេះដែរ ព្រោះការធ្វើរបៀបនេះធ្វើឱ្យខាតប្រយោជន៍ជនជាប់ចោទ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ថ្លែងថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ឹម វណ្ណៈ គួរតែចាត់តាំងចៅក្រមផ្សេងទៀតឱ្យប្រកាសសាលក្រមជំនួស ប្រសិនបើមានភារកិច្ចផ្សេង។ លោករិះគន់ថា មិនគួរណាដោយសារតែហេតុផលផ្ទាល់ខ្លួនរបស់ចៅក្រម ធ្វើឱ្យខកខានការប្រកាសសាលក្រមលើសំណុំរឿងដែលសហគមន៍ជាតិ និងអន្តរជាតិ កំពុងតាមដានដោយយកចិត្តទុកដាក់យ៉ាងនេះឡើយ។ លោកអំពាវនាវដល់តុលាការកំណត់ថ្ងៃប្រកាសសាលក្រមឱ្យបានឆាប់ បន្ទាប់ពីការពន្យារពេលនេះ៖ «ខ្ញុំថាមិនគួរណាពន្យារពេលយូរទេ ព្រោះការទុកឱ្យរង់ចាំប្រកាសលទ្ធផលនេះ វាមានរយៈពេលយូរណាស់មកហើយ។ គួរតែមានការប្រកាសដោយឆាប់រហ័ស ដោយភ្ជាប់មកជាមួយនឹងលទ្ធផលល្អសម្រាប់អ្នកទាំងពីររូប ដែលទទួលរងការចោទប្រកាន់ទាំងអយុត្តិធម៌ហ្នឹង»។
អាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺរឿងនេះពីចៅក្រមតុលាការក្រុងភ្នំពេញ លោក អ៊ឹម វណ្ណៈ ដែលកាន់សំណុំរឿងនេះបានទេ នៅថ្ងៃទី៣០ សីហា ដោយលោកមិនលើកទូរស័ព្ទ។
តុលាការរបបលោក ហ៊ុន សែន បានចោទប្រកាន់លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ចំនួនពីរបទចោទ គឺទីមួយបទ "ផ្ដល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយការការពារជាតិ" និងទីពីរបទ "ផលិតវីដេអូអាសអាភាស"។ តុលាការបានឃុំខ្លួនអ្នកទាំងពីរក្នុងពន្ធនាគារព្រៃសអស់រយៈពេលជាង ៩ខែ មុននឹងអនុញ្ញាតឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក៏ប៉ុន្តែតុលាការនៅតែរក្សាទុកវត្ថុចាប់យក និងលិខិតឆ្លងដែនរបស់អ្នកទាំងពីរដដែល។ ចំណាត់បែបនេះ ធ្វើឱ្យអ្នកទាំងពីរមិនមានសិទ្ធិដើរហើរពេញលេញឡើយ ហើយការប្រកបរបរចិញ្ចឹមជីវិតក៏ជួបការលំបាកដែរ ព្រោះគ្មានឧបករណ៍ប្រើប្រាស់ ក្រោយពីតុលាការដកហូតទុក។
សហគមន៍ជាតិ និងអន្តរជាតិពិនិត្យឃើញថា បទចោទប្រឆាំងអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូបនេះ ធ្វើឡើងដោយគ្មានមូលដ្ឋាន និងតាមទំនើងចិត្ត។ សហគមន៍ជាតិ និងអន្តរជាតិ អំពាវនាវដល់តុលាការរបបក្រុងភ្នំពេញឱ្យលើកលែងបទចោទប្រកាន់ទាំងឡាយប្រឆាំងនឹងអតីតអ្នកយកព័ត៌មានអាស៊ីសេរី និងផ្ដល់សេរីភាពពេញលេញដល់អ្នកទាំងពីរវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។