សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅប្រធាន និងថ្នាក់ដឹកនាំសហជីពដ៏ល្បីឈ្មោះមួយ គឺសម្ព័ន្ធសហជីព ស៊ីខាវឌូ (CCAWDU) ឲ្យចូលខ្លួនទៅបំភ្លឺពាក់ព័ន្ធនឹងអំពើពុករលួយ កិបកេងលុយពីកម្មកររាប់ម៉ឺនដុល្លារ។ ពួកគេនឹងចូលខ្លួនតាមដីកាកោះ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤។
ថ្នាក់ដឹកនាំសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ បានគំរាមប្ដឹងបកទៅដើមបណ្ដឹងវិញពីបទបរិហារកេរ្តិ៍ ប្រសិនណាការប្ដឹងនោះគ្មានភស្តុតាងដាក់បន្ទុកថា លោកបានកិបកេងលុយកម្មករជាង ៩ម៉ឺនដុល្លារនោះ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីព ស៊ីខាវឌូ ដែលល្បីឈ្មោះខាងតវ៉ាដំឡើងប្រាក់ឈ្នួលឲ្យកម្មករទូទាំងប្រទេស នៅថ្ងៃទី២៩ មីនា បានបដិសេធចំពោះរូបលោកផ្ទាល់ និងថ្នាក់ដឹកនាំ ២រូបទៀត គឺលោក គង់ អាទិត្យ និងលោក ឯក សុភក្ដី ថាមិនបានជាប់ពាក់ព័ន្ធនឹងការកិបកេងប្រាក់រំលឹករបស់កម្មករនៅរោងចក្រ អ៊ីហ្គាមេន (Egarment) នោះទេ។ លោក អាត់ ធន់ បន្តថា សហការី និងកម្មករដែលបានប្ដឹងពួកគាត់នោះ គឺដោយសារពួកគេមានបំណងចង់បំបែកសហជីព ស៊ីខាវឌូ។ លោកថា លោកនឹងប្ដឹងបកទៅ លោក អ៊ុំ វិសាល និងអ្នកស្រី រឿន ចាន់ថន ពីបទបរិហារកេរ្តិ៍ និងបង្ខូចកេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំសហជីព។ ប៉ុន្តែយ៉ាងណា លោកនឹងចូលខ្លួនតាមដីកាកោះសាកសួររបស់តុលាការ នៅថ្ងៃទី២ មេសា ខាងមុខ។
លោក អាត់ ធន់៖ «នៅថ្មីៗនេះ មានអ្នកនៅពីក្រោយខ្នងក្នុងការជួយជំរុញឲ្យបំបែកបំបាក់ ស៊ីខាវឌូ បន្ថែមទៀត អ៊ីចឹងហើយបានយើងឃើញគេមានលុយកាក់ធ្វើសន្និសីទកាសែត។ ទោះបីយ៉ាងណា អ្វីដែលជាភាពត្រឹមត្រូវរបស់យើង គឺយើងនៅតែបន្តធ្វើដដែល។ ក្នុងករណីគាត់នៅតែបន្តទៀត យើងអាចនឹងប្ដឹងគាត់ពីបទបរិហារកេរ្តិ៍ ព្រោះយើងឃើញឯកសារភស្តុតាងស្អីៗច្រើនណាស់ ដែលគាត់បានលើកឡើងមកដោយគ្មានមូលដ្ឋានច្បាស់លាស់។ ឥឡូវយើងមើលទៅគោលបំណង អ៊ុំ វិសាល ហ្នឹង គាត់ចង់បង្កើតសហព័ន្ធថ្មី ព្រោះគាត់មិនអាចនៅ ស៊ីខាវឌូ បាន ព្រោះគាត់បោះឆ្នោតមិនឈ្នះ គាត់បង្ខូចកេរ្តិ៍ឈ្មោះយើង គាត់បំបែកក៏បំបែកមិនបាន គាត់យកក៏មិនបាន គាត់បង្កើតថ្មីទៅដូចគោលបំណងគាត់ហើយ។ ឥឡូវយើងដឹងថាមានអ្នកនៅក្រោយខ្នងគាត់ឲ្យជួយធ្វើការងារហ្នឹង មិនខុសពីរឿងអីផ្សេងៗដែលកើតឡើងនៅស្រុកខ្មែរទេ ព្រោះយើងកំពុងតវ៉ាប្រាក់ឈ្នួលកំពុងអីអ៊ីចឹងណាស់»។
ការប្ដឹងនេះ គឺបន្ទាប់ពីមានការប្រកាសនៅក្នុងសន្និសីទកាសែតរបស់ លោក អ៊ុំ វិសាល ជាមន្ត្រីកម្មវិធីគោលនយោបាយ និងច្បាប់ និងសហការីនៃសម្ព័ន្ធសហជីព ស៊ីខាវឌូ រួមទាំងកម្មករ និងអតីតកម្មករនៃរោងចក្រ អ៊ីហ្គាមេន ថា ថ្នាក់ដឹកនាំសហជីពនេះបានកិបលុយកម្មករជាង ៩ម៉ឺនដុល្លារ ជាប្រាក់រំលឹកដែលខាងរោងចក្រផ្ដល់ឲ្យបើកជូនកម្មករចំនួន ៦១នាក់ នៅពេលដែលថៅកែបានបញ្ឈប់ពួកគេពីការងារ ហើយសហជីពដើរតួជាអ្នកជួយអន្តរាគមន៍ កាលពីឆ្នាំ២០០៧ និងឆ្នាំ២០០៨ កន្លងមកនោះ។
យ៉ាងនេះក្ដី លោក អាត់ ធន់ ថ្លែងថា លោកបានបន្តបើកប្រាក់ជូនកម្មករគ្រប់ចំនួន និងបានបើកបន្តដល់ឆ្នាំ២០១៣ មិនបានកិបកេងលុយពីកម្មករណាម្នាក់ឡើយ។ លោកបានចេញលិខិតមួយប្រកាសឲ្យកម្មករ អ៊ីហ្គាមេន ដែលបានបើកប្រាក់រំលឹកពីសហជីពលើសចំនួន ហើយបានប្ដឹងសហជីពលោកទៀតនោះ ត្រូវយកប្រាក់ដែលបានខ្ចីសហជីព និងប្រាក់បើកលើសចំនួនមកសងសហជីពវិញ នៅថ្ងៃទី៧ ខែមេសា ជាកំហិត។
ទាក់ទងបញ្ហានេះ លោក អ៊ុំ វិសាល បានឆ្លើយតបថា កម្មករ និងអតីតកម្មករ អ៊ីហ្គាមេន ជាដើមបណ្ដឹងប្ដឹងថ្នាក់ដឹកនាំសហជីពទៅតុលាការ។ រីឯលោកផ្ទាល់ គឺជាអ្នកផ្ដល់ឯកសារអង្កេតដែលរកឃើញពីការប្រព្រឹត្តកំហុសនៃការកិបកេងប្រាក់រំលឹករបស់កម្មកររោងចក្រ អ៊ីហ្គាមេន នោះ។ លោកថា លោកបានសម្រេចធ្វើដូច្នេះ គឺដោយសារតែលោកបានព្យាយាមសុំនិយាយដោយស្ងៀមស្ងាត់ជាមួយ លោក អាត់ ធន់ ពីការបើកប្រាក់រំលឹកឲ្យកម្មកររោងចក្រ អ៊ីហ្គាមេន នេះ និងធ្វើកំណែទម្រង់ទាក់ទងតម្លាភាពនៃប្រភពហិរញ្ញវត្ថុ និងការចំណាយផ្សេងៗរបស់សម្ព័ន្ធសហជីពមួយចំនួនទៀត ប៉ុន្តែគ្មានចម្លើយ ម្ល៉ោះហើយមានតែធ្វើតាមផ្លូវច្បាប់ប៉ុណ្ណោះ។
លោក អ៊ុំ វិសាល៖ «ឯកសារភស្តុតាងអី គឺយើងដាក់រួចអស់ហើយ។ និយាយទៅ ខ្ញុំស្នើឲ្យតទល់គ្នា គាត់អត់ហ៊ានតទល់ជាមួយយើង ចង់វែកញែកក្នុងស្ថានភាពស្ងប់ស្ងាត់ ដើម្បីយើងកែទាំងអស់គ្នា នៅពេលដែលរកឃើញថា មានបញ្ហា ព្រោះយើងត្រូវការពារ ស៊ីខាវឌូ ហ្នឹង។ ប៉ុន្តែចំណាយពេលប៉ុន្មានខែមកនេះ យើងស្នើឲ្យរៀបចំការប្រជុំក៏អត់មានការប្រជុំទៀត អ៊ីចឹងអស់លទ្ធភាពដោះស្រាយ អ៊ីចឹងក្នុងនាមខ្ញុំជាគណៈកម្មការ ខ្ញុំត្រូវតែចាត់ការទៅតាមកំហុសរបស់ពួកគាត់ហើយ»។
លោក អាត់ ធន់ បានរំលឹកថា លោក អ៊ុំ វិសាល នៅឆ្នាំ២០០៤ ជាអតីតអនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហើយក្រោយមក ក៏ធ្លាក់ឆ្នោតពីអនុប្រធាន។ នៅឆ្នាំ២០១៣ លោក អ៊ុំ វិសាល ចង់បង្កើតក្រុមនៅតាមរោងចក្រ និងចង់បំបែកសហជីពនេះ។ លោកបន្តថា នៅឆ្នាំ២០១៤ លោក អ៊ុំ វិសាល មិនព្រមចុះកិច្ចសន្យាការងារ និងសេចក្ដីទុកចិត្តរបស់អង្គភាពទៀត។ ដូច្នេះ លោកក៏សម្រេចចេញលិខិតបញ្ឈប់គាត់។ ហើយនៅពេលបញ្ឈប់គាត់ ទើបមានការនិយាយបរិហារកេរ្តិ៍ថា លោក និងថ្នាក់ដឹកនាំ ២រូបទៀត បានប្រព្រឹត្តអំពើពុករលួយ ហើយក៏ចាប់ផ្ដើមប្រមូលកម្មករប្ដឹងលោកតែម្ដង។ ប៉ុន្តែ លោក អ៊ុំ វិសាល បានអះអាងថា ការលើកឡើងរបស់ លោក អាត់ ធន់ នេះ មិនមែនជាហេតុផលនៃការប្ដឹងលោកទៅតុលាការទេ។ លោកគ្រាន់តែចង់កែទម្រង់ក្នុងស្ថាប័ននេះតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។