តុលាការស្ទឹងត្រែងកោះហៅសកម្មជនព្រៃឡង់ លោក អ៊ុក ម៉ៅ តាមបណ្តឹងឈ្មួញរំលោភដីព្រៃ
2024.10.30
តុលាការខេត្តស្ទឹងត្រែងបានកោះហៅសកម្មជនការពារព្រៃឈើ លោក អ៊ុក ម៉ៅ ឱ្យបង្ហាញខ្លួនក្នុងសវនាការជាថ្មីទៀត ដើម្បីជំនុំជម្រះក្តី នៅថ្ងៃទី៧ ខែវិច្ឆិកា ខាងមុខនេះ តាមបណ្តឹងរបស់ឈ្មួញមានអំណាច ដែលរំលោភយកដីព្រៃសហគមន៍ជាង ៣ពាន់ហិកតារ ដើម្បីធ្វើជាកម្មសិទ្ធិបុគ្គល។
សកម្មជនការពារព្រៃឈើរស់នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោក អ៊ុក ម៉ៅ អំពាវនាវឱ្យតុលាការផ្តល់យុត្តិធម៌ក្នុងរឿងនេះ ព្រោះលោកថា មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។
លោកអះអាងប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៩ តុលា ថា ប្រសិនបើតុលាការកាត់ទោសឱ្យលោកចាញ់ក្តី នោះលោកនឹងប្តឹងទាស់ទៅសាលាឧទ្ធរណ៍ដើម្បីឱ្យតុលាការជាន់ខ្ពស់ផ្តល់យុត្តិធម៌ជូនពលរដ្ឋដែលលះបង់ការពារផលប្រយោជន៍ជាតិ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល និងព្រះបន្ទូលរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី។
លោក អ៊ុក ម៉ៅ៖ «តុលាការរកភាពយុត្តិធម៌ឱ្យខ្ញុំ ទើបសមជាតុលាការមានឧត្តមគតិការពារប្រទេសជាតិពិតប្រាកដ គឺខ្ញុំជួយអរ។ ប៉ុន្តែប្រសិនបើតុលាការគាត់មិនការពារសកម្មជនដែលការពារធនធានធម្មជាតិ និងមិនធ្វើតាមឧត្តមគតិទេ ខ្ញុំនឹងប្ដឹងទៅតុលាការកំពូលយុត្តិធម៌ទៀត»។
ការប្តឹងផ្តល់នេះធ្វើឡើងក្រោយពីសកម្មជនការពារព្រៃឈើរូបនេះ បានធ្វើដំណើរទៅថតរូបបង្ហោះតាមបណ្ដាញសង្គមបង្ហាញការមិនពេញចិត្ត ពីសកម្មភាពប្រើគ្រឿងចក្រ កាយក្រវាត់ទន្ទ្រានយកដីព្រៃសហគមន៍ភ្នំជម្រកសត្វទំហំជាង ៣ពាន់ហិកតារ (៣.០៦៤) ដើម្បីធ្វើជាកម្មសិទ្ធិឯកជន ដែលប្រព្រឹត្តឡើងដោយម្ចាស់ក្រុមហ៊ុនលីន វត្តី គឺអ្នកស្រី កែកុល សោភា កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៤។
តំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង លោក ជា សុភ័ក្ត្រ បានចេញដីកាកោះហៅលោក អ៊ុក ម៉ៅ វ័យ ៥៧ឆ្នាំ ឱ្យចូលខ្លួនជំនុំជម្រះរឿងក្តី នៅថ្ងៃទី៧ វិច្ឆិកា មុខនេះ ដោយចោទប្រកាន់ពីបទប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល និងបរិហារកេរ្តិ៍ជាសាធារណៈ ដែលប្រព្រឹត្តឡើងនៅភូមិឆ្វាំង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
មកទល់ពេលនេះ សកម្មជនការពារព្រៃឈើ លោក អ៊ុក ម៉ៅ កំពុងជាប់បណ្តឹងនៅតុលាការ ចំនួន ៤ សំណុំរឿងមកហើយ ដោយសារតែចេញមុខការពារព្រៃឈើ និងមិនពេញចិត្ត ចំពោះអាជ្ញាធរមួយចំនួនមិនអនុវត្តច្បាប់ព្រៃឈើ តាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល។
ជនជាតិដើមភាគតិចកួយ លោក អ៊ុក ម៉ៅ អះអាងថា ទង្វើរបស់អាជ្ញាធរមួយចំនួនខេត្តស្ទឹងត្រែង ផ្គើននឹងបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល គ្មានឆន្ទៈការពារព្រៃឈើឱ្យច្បាស់លាស់នោះទេ ជាច្រើនឆ្នាំមកហើយ។ លោកថា ពលរដ្ឋដែលលះបង់ការពារព្រៃ អាជ្ញាធរមិនត្រឹមតែមិនលើកទឹកចិត្តនោះទេ តែបែរជាត្រូវជាប់ពន្ធនាគារ និងជាប់បណ្តឹងនៅតុលាការ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីតំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង លោក ជា សុភ័ក្ត្រ និងអ្នកនាំពាក្យសាលាដំបូងខេត្តនេះ លោក ឈុំ ស៊ាងហាក់ បាននៅឡើយទេ នៅថ្ងៃទី២៩ តុលា ដោយទូរស័ព្ទហៅចូលតែគ្មានអ្នកលើក។
រីឯម្ចាស់ក្រុមហ៊ុនថ្មម៉ាប លីន វត្តី អ្នកស្រី កែកុល សោភា ដែលជាដើមបណ្តឹង ក៏មិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ចំណែកអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង ប្រាប់វិទ្យុអាស៊ីសេរីថា រដ្ឋបាលខេត្តបានលើកទឹកចិត្តខ្ពស់ សម្រាប់ពលរដ្ឋណាដែលលះបង់ការពារធនធានធម្មជាតិស្របតាមច្បាប់។ លោកបញ្ជាក់ថា អាជ្ញាធររដ្ឋគ្មានគោលការណ៍ កាត់ឆ្វៀលដីព្រៃអភិរក្សឱ្យក្រុមហ៊ុនឯកជននោះទេ។
លោក ម៉ែន គុង៖ «ពុំមានករណីរដ្ឋកាត់ឆ្វៀលដីទៅឱ្យក្រុមហ៊ុនឯកជនមួយណាទេ! នេះជាគោលការណ៍។ ប៉ុន្តែក្រុមហ៊ុនឯកជនដែលស្របច្បាប់ គឺមានសិទ្ធិចូលរួមក្នុងការវិនិយោគទៅតាមច្បាប់កម្ពុជា រីឯខេត្តក៏មានការគាំទ្រលើកទឹកចិត្តចំពោះសហគមន៍ដែលគាត់បានចូលរួមថែរក្សានៅធនធានធម្មជាតិ ក៏ដូចជាបរិស្ថាន តែការគាំទ្រទាំងអស់នេះ ខ្ញុំសូមឱ្យចូលរួមឱ្យស្របទៅនឹងច្បាប់»។
ជុំវិញរឿងនេះ មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់ថា សកម្មជនការពារព្រៃឈើ លោក អ៊ុក ម៉ៅ បានទៅថតរូបបង្ហាញសកម្មភាពបំផ្លាញធនធានធម្មជាតិ គឺមិនខុសច្បាប់នោះទេ។ ហេតុនេះលោកស្នើឱ្យតុលាការផ្តល់យុត្តិធម៌ក្នុងរឿងនេះ ដើម្បីលើកទឹកចិត្តពលរដ្ឋការពារភោគទ្រព្យជាតិឱ្យបានទូលំទូលាយ ៖
លោក ប៉ែន ប៊ុណ្ណារ៍៖ «ចៅក្រមជំនុំជម្រះគឺសូមឱ្យលោកពិចារណាកន្លែងនឹង! ព្រោះបើប្ដឹងគាត់អ៊ីចឹងទៅ តើថ្ងៃក្រោយទៅមានអ្នកណាការពារព្រៃឈើទៀត? ចូលទៅមានតែជនបំពារបំពានដណ្តើមកាន់កាប់ទឹកដីគ្នា។ តែបើគិតតាមផ្លូវច្បាប់ គាត់គឺគេអនុញ្ញាត មានន័យថា សហគមន៍ គឺគាត់ទទួលថតតម្រុយដើម្បីទុកប្តឹង»។
កាលពីថ្ងៃទី២៦ ខែមិថុនា តុលាការខេត្តស្ទឹងត្រែងសម្រេចបញ្ជូនប្រធានសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ លោក ម៉ឹង រដ្ឋា ទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តស្ទឹងត្រែង ពាក់ព័ន្ធនឹងសំណុំរឿងបទល្មើសព្រៃឈើ ផ្អែកតាមបណ្តឹងរបស់មន្ត្រីបរិស្ថាន។
ការឃុំខ្លួននេះធ្វើឡើងក្រោយពីប្រធានសហគមន៍រូបនេះបានតវ៉ាមិនពេញចិត្តនឹងទង្វើរបស់អាជ្ញាធរខេត្តនេះ ដែលអនុញ្ញាតឱ្យឈ្មួញមានឥទ្ធិពលម្នាក់ គឺអ្នកស្រី កែកុល សោភា ម្ចាស់ក្រុមហ៊ុន លីន វត្តី ឈូសឆាយដីព្រៃអភិរក្ស ទំហំជាង ៣ ពាន់ហិកតារ (៣០៦៤) ប៉ះចំដីព្រៃសហគមន៍ដែនជម្រកសត្វ ប៉ះពាល់ប្រភពចំណូលសហគមន៍ និងព្រៃឈើបន្សល់ចុងក្រោយទាក់ទាញភ្ញៀវទេសចរ។
ដើមបណ្តឹងក្នុងសំណុំរឿងនេះ គឺអ្នកស្រី កែកុល សោភា ជានាយិកាមជ្ឈមណ្ឌលព័ត៌មាននគរវត្ត និងត្រូវជាភរិយារបស់លោក ទូច គង្គា ជាមន្ត្រីប៉េអឹម (PM) ពាក់ផ្កាយ ១ និងជាជំនួយការរបស់លោកឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។
ពលរដ្ឋអះអាងថា មកទល់ពេលនេះ ដីព្រៃសហគមន៍ភ្នំជម្រកសត្វដែលចុះបញ្ជីជាព្រៃអភិរក្សទំហំជាង ៤ពាន់ហិកតារ ឋិតក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅតែទទួលរងការឈូសឆាយ និងហ៊ុមព័ទ្ធរំលោភយកដីព្រៃអភិរក្សខុសច្បាប់អស់មួយផ្នែកធំ ដែលអាជ្ញាធរខេត្តនេះមិនអើពើការពារឱ្យគង់វង្សនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។