សាលាដំបូងរាជធានីភ្នំពេញ គ្រោងប្រកាសសាលក្រមករណីសុំនៅក្រៅឃុំរបស់យុវជន កែម ឡីនិយម លោក គង់ រៃយ៉ា នៅចុងសប្ដាហ៍នេះ បន្ទាប់ពីបញ្ចប់សវនាការនៅរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា។ ភរិយា និងមន្ត្រីសង្គមស៊ីវិល សង្ឃឹមថា តុលាការនឹងអនុញ្ញាតឲ្យលោក គង់ រ៉ៃយ៉ា នៅក្រៅឃុំបណ្ដោះអាសន្នតាមការស្នើសុំ។
ក្រោយចំណាយពេលសវនាការអស់ជិតពីរម៉ោងលើសំណើសុំនៅក្រៅជុំទីពីររបស់យុវជន គង់ រ៉ៃយ៉ា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី អ៊ុក រ៉េតគន្ធា សម្រេចលើកពេល ប្រកាសសាលក្រមរឿងនេះ ទៅថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខ។
ក្នុងបន្ទប់សវនាការ លោក គង់ រ៉ៃយ៉ា បានរៀបរាប់ប្រាប់តុលាការថា មូលហេតុដែលលោកត្រូវការ រស់នៅក្រៅឃុំបណ្ដោះអាសន្ន ព្រោះលោកឈឺឆ្អឹងខ្នង និងមានជំងឺក្រពះ ហើយជានិស្សិតត្រូវការ បន្តការសិក្សាផង និងត្រូវរកស៊ីចិញ្ចឹម និងថែរក្សាម្ដាយមេម៉ាយចាស់ជរា ព្រមទាំងភរិយា និងកូនស្រីដែលនៅតូចនៅឡើយ។
ភរិយារបស់លោក គង់ រ៉ៃយ៉ា គឺលោកស្រី សុខ ស្រីនិច សង្ឃឹមថា តុលាការ នឹងអនុញ្ញាតឲ្យប្តីរបស់ លោកស្រី នៅក្រៅឃុំបណ្ដោះអាសន្នតាមការស្នើសុំជាលើកទី២ នេះ ព្រោះប្តីលោកស្រីជាមនុស្ស ស្អាតស្អំ មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។ ម្យ៉ាងវិញទៀត លោកស្រី ថា អ្នកជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន រួចអស់ហើយ នៅសល់តែប្តីរបស់លោកស្រី និងមនុស្សតិចតូចប៉ុណ្ណោះ៖ « ខ្ញុំសង្ឃឹមថា តុលាការ នឹងមេត្តា និងដោះលែងទៅ ព្រោះអីលោកមេធាវី បានជួយឆ្លើយបំភ្លឺនៅក្នុងនេះ និងលើកអំពីហេតុផលរបស់ស្វាមីខ្ញុំច្រើនដងមែនទែន ហើយ គាត់បានសំណូមពរលោកស្រីដែលជាចៅក្រមនេះ ពិនិត្យដោះលែងឡើងវិញ។ ការសវនាការនេះ គឺក្រោយការស្នើរបស់សម្ដេច ហ៊ុន សែន ដែលបានប្រកាសកាលពីថ្ងៃទី១៤ វិច្ឆិកាថា ឲ្យតុលាការបន្ធូរបន្ថយ » ។
តុលាការគ្រប់ជាន់ថ្នាក់នៃរបបក្រុងភ្នំពេញ ធ្លាប់បដិសេធសំណើសុំនៅក្រៅឃុំរបស់យុវជន កែម ឡីនិយម រូបនេះ មួយជុំរួចមកហើយ នាពេលកន្លងមក ក្រោមហេតុផលថា គ្មានលក្ខខណ្ឌសមរម្យ ប៉ុន្តែតុលាការកំពូល ទើបតែសម្រេចដោះលែងឲ្យយុវជន កែម ឡីនិយ ម្នាក់ទៀត គឺលោក សួង នាគព័ន្ធ នៅក្រៅ ឃុំបណ្ដោះអាសន្នកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ពោលគឺមួយថ្ងៃក្រោយពីមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បញ្ជាឲ្យតុលាការដោះលែងអ្នកទោសនយោបាយទាំងអស់ និងបញ្ឈប់ការធ្វើទុក្ខ បុកម្នេញ។
អ្នកនាំពាក្យសមាគម អាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា តុលាការគួរតែដោះ លែងយុវជន គង់ រ៉ៃយ៉ា ឲ្យមានសេរីភាពវិញ ដើម្បីបញ្ចៀសការរិះគន់។ លោកថា ប្រសិនបើ តុលាការបន្តឃុំខ្លួន និងអូសបន្លាយសំណុំរឿងនេះ គឺបង្ហាញកាន់តែច្បាស់ថា តុលាការ មិនបាន អនុវត្តឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ និងគ្មានឆន្ទៈធ្វើកំណែទម្រង់ទៅលើប្រព័ន្ធយុត្តិធម៌នោះទេ៖ « ក្នុងករណីនេះតាំងពីការចាប់ខ្លួនគាត់មកម្លេះ ខាងអង្គការសង្គមស៊ីវិល បានចេញសេចក្ដីថ្លែងការណ៍អំពាវនាវឲ្យទម្លាក់ចោលការចោទប្រកាន់ និងដោះលែង គាត់វិញ ហើយយើងនៅតែមានជំហរបែបនេះ គឺចង់ឲ្យដោះលែងពួកគាត់ឲ្យមានសេរីភាពឡើងវិញ។ ការដែលចោទគាត់ និងចាប់ឃុំក្នុងបទល្មើសនេះ វាអត់មានសក្ដិសមទាល់តែសោះ គ្រានតែ គាត់បោះពុម្ពអាវយឺត និងទស្សនៈបណ្ឌិត កែម ឡី ថា វាខុសច្បាប់អ្វីព្រោះយើងពិនិត្យមើលថា វាអត់មានអីប៉ះពាល់ដល់ផ្លូវច្បាប់សោះ ព្រោះទស្សនៈបណ្ឌិត កែម ឡី បានចែកចាយរួចមកហើយ » ។
សមត្ថកិច្ចរបបក្រុងភ្នំពេញ បានចាប់ខ្លួនលោក គង់ រ៉ៃយ៉ា អាយុ ២៨ឆ្នាំ កាលពីថ្ងៃទី៩ ខែកក្កដា ក្នុងផ្ទះជួលរបស់គាត់ បន្ទាប់ពីយុវជនរូបនេះបានផ្សព្វផ្សាយលក់អាវយឺតមានរូប និងទស្សនៈបណ្ឌិត កែម ឡី នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) សម្រាប់ខួបបីឆ្នាំនៃអំពើឃាតកម្មលើបណ្ឌិត កែម ឡី។ តុលាការ ចោទប្រកាន់លោក គង់ រ៉ៃយ៉ា ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ មួយថ្ងៃបន្ទាប់មក សមត្ថកិច្ចបានចាប់ខ្លួនលោក សួង នាគព័ន្ធ ដោយ ចោទប្រកាន់ដូចលោក គង់ រ៉ៃយ៉ា ដែរ បន្ទាប់ពីលោកចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅបរិវេណស្ថានីយប្រេងឥន្ធនៈ កាល់តិច ស្តុបបូកគោ ដែលជាទីតាំងឃាតកម្មបណ្ឌិត កែម ឡី និងបានចែកខិតប័ណ្ណអំពាវនាវកុំឲ្យមានការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់។
អង្គការជាតិ និងអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយចាត់ទុក លោក គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ ជាអ្នកទោសមនសិការ និងអំពាវនាវដល់អាជ្ញាធរកម្ពុជាឲ្យដោះលែង និង ទម្លាក់ការចោទប្រកាន់លើអ្នកទាំងពីរនាក់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ អង្គការទាំងនេះ ពិនិត្យឃើញថា ការចាប់ឃុំខ្លួនយុវជន កែម ឡីនិយមទាំងពីរនេះ ដោយសារតែពួកគេអនុវត្តសិទ្ធិ បញ្ចេញមតិ និងសិទ្ធិជួបជុំដោយសន្តិវិធី ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្សជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។