មេធាវីការពារក្ដីសកម្មជនគណបក្សសង្គ្រោះជាតិ និងសង្គមស៊ីវិលថា មេធាវីមកពីគណៈមេធាវីព្យាយាមសួរសំណួរដាក់បន្ទុកលើកូនក្ដី ដែលធ្វើឱ្យខាតប្រយោជន៍កូនក្ដី ក្នុងពេលបើកសវនាការជំនុំជម្រះនៅថ្ងៃទី១៤ ខែមករា ពាក់ព័ន្ធបទរួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម"។
ក្រុមមេធាវីការពារក្ដីឱ្យសកម្មជនគណបក្សសង្គ្រោះជាតិឱ្យដឹងថា សវនាការនេះតុលាការទើបសួរកូនក្ដីរបស់ខ្លួនបានពីរនាក់ប៉ុណ្ណោះគឺ លោក កាក់ កុម្ភារ និងលោក ហេង ច័ន្ទសុទ្ធី។ មេធាវីការពារក្ដីឱ្យសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ លោក ឡោ ជុនធី ឱ្យដឹងថា ក្នុងពេលសួរដេញដោលនោះ មេធាវីមកពីគណៈមេធាវី ដែលស្ម័គ្រចិត្តមកការពារក្ដីឱ្យជនជាប់ចោទ បែរជាសួរសំណួរដាក់បន្ទុកលើកូនក្ដីរបស់លោកទៅវិញ។ លោកមេធាវីយល់ថា សំណួរដាក់បន្ទុកបែបនេះ ធ្វើឱ្យខាតប្រយោជន៍កូនក្ដីរបស់លោក និងផ្ទុយពីគោលការណ៍ ដែលមេធាវីជាអ្នកការពារកូនក្ដីមិនមែនជាអ្នកដាក់បន្ទុកលើកូនក្ដីនោះទេ។
អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពីក្រុមមេធាវីការពារក្ដី ដែលផ្ដល់ដោយគណបក្សមេធាវីរួមមាន មេធាវី យុង ផានិត និងមេធាវីផ្សេងទៀត ប៉ុន្តែមិនទទួលបានការឆ្លើយតបទេ ចំណែកប្រធានគណៈមេធាវីលោកមេធាវី លី ច័ន្ទតុលា ក៏អាស៊ីសេរីមិនអាចសុំការបំភ្លឺបានដែរ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ដែលបានចូលអង្កេតការណ៍ក្នុងសវនាការនេះកត់សម្គាល់ឃើញថា សវនាការនេះមានភាពតានតឹងខ្លាំង ដោយសំណួរភាគច្រើនតុលាការចោទប្រកាន់ថា ការប្រើប្រាស់បណ្ដាញសង្គមជាមធ្យោបាយទំនាក់ទំនងក្នុងការវិលចូលស្រុករបស់ថ្នាក់ដឹកគណបក្សសង្គ្រោះជាតិ។ អ្នកស្រីថា ករណីនេះធ្វើឱ្យមានការព្រួយបារម្ភថា គ្រាន់តែប្រើប្រាស់បណ្ដាញសង្គមជាចំណុចបង្កឱ្យមានបញ្ហា។ មន្ត្រីសង្គមស៊ីវិលរូបនេះ ក៏កត់សម្គាល់ឃើញដែរថា មេធាវីមកពីគណៈមេធាវីបានប្រើសំណួរដាក់បន្ទុកកូនក្ដី ហើយសំណួរខ្លះមិនពាក់ព័ន្ធនឹងសំណុំរឿងនោះទេ៖ «
អ្នកស្រី ចក់ សុភាព បានសរសេរលើហ្វេសប៊ុកអ្នកស្រីទៀតថា សំណួរជាច្រើនដេញដោលជុំវិញការមានគណនីហ្វេសប៊ុកចំនួនអ្នកគាំទ្រ ឬមិត្តលើបណ្ដាញការជជែក (ភាសាអង់គ្លេសហៅថា ឆាត Chat) ការគាំទ្រលើទំព័រថ្នាក់ដឹកនាំសំខាន់ៗ ឬគេគាំទ្រហ្វេសប៊ុរបស់ខ្លួនវិញ (ចំនួន ឬអ្នកដែលឡៃឃ៍ Like) ការចែករំលែក (ស៊ែ Share) និងក្រុមក្នុងបណ្ដាញ (messenger group)។ អ្នកស្រីបន្តថា អ្វីដែលអ្នកស្រីចាប់អារម្មណ៍ជនជាប់ចោទមានវ័យ៥០ទៅ៦០ប្លាយឆ្នាំ មិនដឹងថា គាត់យល់ពីបច្ចេកវិទ្យាកម្រិតណានោះទេ។
មេធាវីការពារក្ដីម្នាក់ទៀតលោក សំ សុគង់ ឱ្យអាស៊ីសេរីដឹងថា សំណុំរឿងនេះមានជនជាប់ចោទទាំងអស់ ៥៩នាក់ ប៉ុន្តែក្នុងចំណោមអ្នកទាំងនោះមានជនជាប់ចោទចំនួន ១១នាក់ប៉ុណ្ណោះ បានចូលបំភ្លឺនៅតុលាការ។ លោកឱ្យដឹងថា តុលាការបានសួរកូនក្ដីរបស់លោកពាក់ព័ន្ធមុនថ្ងៃនៃការវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោកមេធាវីឱ្យដឹងទៀតថា តុលាការបានព្យាយាមសួរទំនាក់ទំនងកូនក្ដីរបស់លោក និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិតាមបណ្ដាញសង្គមហ្វេសប៊ុក។ លោកមេធាវីឱ្យដឹងទៀតថា កូនក្ដីរបស់លោកមិនសូវចេះពីរបៀបប្រើប្រាស់បណ្ដាញសង្គមនេះទេ ហើយពួកគេអាចដឹង ឬឮដំណឹងរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិគឺ តាមប្រព័ន្ធផ្សព្វផ្សាយ ដូចជា វិទ្យុអាស៊ីសេរី វិទ្យុវីអូអេ និងវិទ្យុបារាំងជាដើម៖ «
មុនមួយថ្ងៃនៃសវនាការនេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានសរសេរលើហ្វេសប៊ុកថា អ្នកស្រីនៅតែមានកង្វល់អំពីការជំនុំជម្រះក្តី ដែលមានលក្ខណៈទ្រង់ទ្រាយធំនេះ។ អ្នកស្រីបន្តថា មានជនជាប់ចោទចំនួន ៦០នាក់ ត្រូវបានជំនុំជម្រះរួមគ្នាធ្វើឱ្យសិទ្ធិបុគ្គលរបស់ពួកគេក្នុងការទទួលបានការជំនុំជម្រះក្តីប្រកបដោយយុត្តិធម៌ត្រូវប្រឈមនឹងហានិភ័យ។ អ្នកស្រី រ៉ូណា ស្មីត ក៏បង្ហាញកង្វល់ផងដែរ អំពីជនជាប់ចោទមួយចំនួន ដែលត្រូវបានកាត់ទោសកំបាំងមុខ បើទោះជាពួកគេបានព្យាយាមវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីចូលរួមក្នុងការជំនុំជម្រះក្ដីនេះ។
ក្រុមមេធាវីឱ្យដឹងទៀតថា តុលាការផ្ដល់អាទិភាពក្នុងការសាកសួរលើជនជាប់ ដែលជាប់ឃុំ បន្ទាប់មកគឺ ជនជាប់ចោទផ្សេងទៀត ដែលមានវត្តមាននៅតុលាការ ចំណែកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ រួមមាន លោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង និងសមាជិកសភាផ្សេងទៀត តុលាការមិនទាន់លើកឡើងនៅឡើយទេ។ លោកមេធាវី សំ សុគង់ ឱ្យដឹងថា នឹងបន្តសាកសួរជនជាប់ចោទ ៥នាក់បន្ថែម នៅថ្ងៃទី២៨ ខែមករាខាងមុខ។
ទាក់ទងសំណុំរឿងគណបក្សប្រឆាំងនេះដែរ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមករា គ្រោងជំនុំជម្រះក្ដីពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនិងញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់។ សំណុំរឿងនេះមានជនជាប់ចោទសរុបចំនួន ២១នាក់ ក្នុងនោះរួមទាំង លោក សម រង្ស៊ី ម្នាក់ផងដែរ។
នៅថ្ងៃទី២៩ ខែមករាដដែល តុលាការគ្រោងបើកសវនាការលើសំណុំរឿង ឧបឃាដ ដែលមានក្បាលម៉ាស៊ីនគណបក្សនេះចំនួន ៩រូប ក្នុងនោះក៏មានលោក សម រង្ស៊ី ដូចគ្នា។ ចំណែក នៅដើមខែមីនាតុលាការក្រុងភ្នំពេញ គ្រោងបើកសវនាការជំនុំជម្រះរួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលសំណុំរឿងនេះភាគច្រើនជាសកម្មជនគណបក្សសង្រ្គោះជាតិសរុបទាំងអស់ ៦៧នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។