កម្មករសំណង់ម្នាក់ ដែលបានរងគ្រោះត្រូវគ្រាប់កាំភ្លើងបាញ់ធ្លាយស្មា ក្នុងព្រឹត្តិការណ៍ជម្លោះដីធ្លី នៅខេត្តព្រះសីហនុ កាលពីចុងខែមករា ឆ្នាំ២០១៩ គឺលោក ពៅ សារ័ត្ន បានជាសះរបួសខ្លះហើយ ក្រោយការព្យាបាលជាងមួយឆ្នាំមកនេះ។ ម្ដាយជនរងគ្រោះប្រាប់ថា លោក ពៅ សារ័ត្ន ពេលនេះ អាចងើបរួចពីកន្ទេល និងអាចរំកិលគូទបានខ្លះហើយ តែដើរមិនរួច ហើយទំនងពិការមួយជីវិត។
ម្ដាយរបស់លោក ពៅ សារ័ត្ន គឺលោកស្រី អន អៀន ប្រាប់ថា លោកស្រីបានយកលោក ពៅ សារ័ត្ន ពីកន្លែងព្យាបាលចាប់សរសៃបែបបុរាណមកស្នាក់នៅផ្ទះ នៅស្រុកកំរៀង ខេត្តបាត់ដំបងបានជាង ១ខែហើយ។ លោកស្រីថា ពេលនេះ មុខរបួសរបស់លោក ពៅ សារ័ត្ន បានសះជា លែងរលួយទៀតហើយ តែមិនអាចដើរបានទេ ដោយសារគ្រាប់កាំភ្លើងបានធ្វើឱ្យដាច់សរសៃឆ្អឹងខ្នង។ លោកស្រីថា គ្រួសារកំពុងខ្វះខាតថវិកាទ្រទ្រង់ជីវភាព ព្រោះលោក ពៅ សារ័ត្ន លែងអាចធ្វើការអ្វីបាន៖ «ពេទ្យថា វាប៉ះពាល់សរសៃប្រសាទឆ្អឹងខ្នងហ្នឹង។ គ្រប់តែគ្នាអ៊ីចឹង អ្នកដែលបាក់ឆ្អឹងខ្នង គ្រោះថ្នាក់ចរាចរណ៍បាក់ឆ្អឹងខ្នង ស្លាប់មួយកំណាត់ខ្លួនៗ ដូចតែគ្នា ហើយកូនខ្ញុំនេះ ដែលវាត្រូវគ្រាប់ហ្នឹងហើយ វា អាពីលើឆ្អឹងខ្នងទេ តែចុងដង្ហើមទៅក្រោមហ្នឹង វាអត់ដឹងណា។ ខ្ញុំទើបតែចេញពីពេទ្យដែរហ្នឹង។ ខ្វះខាតដែរហ្នឹងណា លោកគ្រូ មិនទាន់មានលុយទិញដែកធ្វើឱ្យឈរផង។ ដែក ដែលយើងធ្វើទៅ ដល់ពេលយើង គេឱ្យក្រោកឈរនឹងដែកហ្នឹងណា។ ដែក គេឱ្យធ្វើបួនជ្រុង មិនទាន់មានលុយទិញដែក ឱ្យបងវាផ្សាឱ្យផង»។
លោក ពៅ សារ័ត្ន គឺជាកម្មករសំណង់ នៅខេត្តព្រះសីហនុ។ លោកត្រូវរបួសដោយគ្រាប់កាំភ្លើង គេបាញ់ចំស្មា ធ្លាយមកផ្នែកខាងក្រោយ ដោយបៀមគ្រាប់ជាប់នឹងឆ្អឹងខ្នង កាលពីថ្ងៃទី២៤ ខែមករា ក្នុងព្រឹត្តិការណ៍អាជ្ញាធរដឹកនាំកងកម្លាំងចម្រុះ ប្រមាណ ៣០០នាក់ ចុះអនុវត្តសាលដីការបស់តុលាការកំពូល ដោយប្រើហិង្សាបាញ់បង្ក្រាបអ្នកតវ៉ាលើដីជម្លោះមួយកន្លែង នៅក្បែរវត្តអូរត្រេះ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។
សាក្សីក្នុងហេតុការណ៍ថា កាលនោះ លោក ពៅ សារ័ត្ន មិនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ទេ នៅពេលត្រូវគ្រាប់កាំភ្លើង ហើយត្រូវដេកស្ដូកស្ដឹងនៅលើដី ជាច្រើនម៉ោង។ នៅពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ គ្រូពេទ្យបានបញ្ជូនបន្តមកមន្ទីរពេទ្យនៅភ្នំពេញ ភ្លាមៗ។ នៅថ្ងៃទី២៥ ខែមករា ទើបលោក ពៅ សារ័ត្ន ត្រូវបានវះកាត់យកគ្រាប់កាំភ្លើងចេញ។
ក្នុងព្រឹត្តិការណ៍នោះ ក្រៅពីលោក ពៅ សារ័ត្ន សមត្ថកិច្ចចម្រុះក៏បានប្រើហិង្សា និងចាប់ចងពលរដ្ឋច្រើនផ្សេងទៀត។ ក្នុងនោះ ទាហានម្នាក់បានយកកាំភ្លើងអាកា៤៧ (AK-47) បានវាយបុរសម្នាក់នឹងស្នូកកាំភ្លើង នៅពេលពលរដ្ឋរូបនោះ ត្រូវបានចងដៃព័ន្ធទៅក្រោយ ហើយអង្គុយលត់ជង្គង់ផ្ទាល់នឹងដី។ បន្ថែមពីនេះ ពលរដ្ឋ ៦នាក់ទៀត ត្រូវបានចាប់ខ្លួនបញ្ជូនទៅស្នងការនគរបាលខេត្ត តែត្រូវឱ្យធ្វើកិច្ចសន្យាដោះលែងវិញ។
ក្រោយពេលមានប្រតិកម្មខ្លាំងពីពលរដ្ឋ និងអន្តរជាតិ រដ្ឋាភិបាលបានដាក់ទណ្ឌកម្ម នាយទាហានម្នាក់ និងមន្ត្រីកងរាជអាវុធហត្ថ ៥នាក់ ក្នុងនោះមាន ២នាក់ ត្រូវព្យួរពីការងារ ដោយហេតុផលថា បានវាយពលរដ្ឋជាប់ចំណង នឹងស្នូកកាំភ្លើងអាកា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំព្រះមហាក្សត្រដកតំណែងអភិបាលរងខេត្តពីរនាក់ និងបង្គាប់ឱ្យអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតលើអភិបាលរងខេត្តទាំងពីរនាក់នោះ។ តែ ១ឆ្នាំមកហើយ រដ្ឋាភិបាលមិនទាន់បង្ហាញរបាយការណ៍ស៊ើបអង្កេតនេះ នៅឡើយទេ។
ម្ដាយរបស់លោក ពៅ សារ័ត្ន លោកស្រី អន អៀន អះអាងថា មិនដឹងអំពីផ្លូវច្បាប់យ៉ាងណាឡើយ។ លោកស្រីថ្លែងថា ធ្លាប់ទទួលបានប្រាក់ឧបត្ថម្ភពីតំណាងរបស់ឧកញ៉ា ស៊ី គង់ទ្រីវ ភាគីមានជម្លោះដីធ្លីម្ដងគត់ ចំនួន ១ពាន់ (១.០០០) ដុល្លារ ដែលយកលុយទៅឱ្យដល់មន្ទីរពេទ្យព្រះកុសុមៈ កាលពីកំឡុងពេលវះកាត់យកគ្រាប់កាំភ្លើងចេញ។ តែថវិកាទាំងនោះ បានចំណាយលើថ្លៃព្យាបាលអស់ហើយ។ ក្រោយមកទៀត ការចំណាយលើការព្យាបាល លោក ពៅ សារ័ត្ន ទទួលបានការជួយឧបត្ថម្ភពីសប្បុរសជនតិចតួច និងការជួយបន្តិចបន្តួចបស់បងៗ លោក ពៅ សារ័ត្ន កំពុងធ្វើពលករនៅប្រទេសថៃ។ លោកស្រី មិនដែលទទួលបានការកោះហៅរបស់តុលាការខេត្តព្រះសីហនុ ដើម្បីទទួលបានសំណង និងយុត្តិធម៌ឡើយ៖ «មិនបានសួរ មិនបាននាំអ្វីទេ លោកពូអើយ។ ខ្ញុំមិនហ៊ានសួរនាំអ្វី នឹកឃើញថា បើគាត់ឱ្យគាត់ទាក់ទងតាមលេខទូរស័ព្ទហ្នឹងមកហើយណា។ ដល់នេះ ខ្ញុំមិនដែលបានចុចសុំចុចអ្វីទេ»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់សំណុំរឿងនេះ ពីអ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ លោក យឹម ប៉ុណ្ណារ៉េត បានទេ នៅថ្ងៃទី២៣ កុម្ភៈ ដោយសារទូរស័ព្ទរោទ៍គ្មានអ្នកទទួល។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ថ្លែងថា អាជ្ញាធរត្រូវរកជនដៃដល់ឱ្យឃើញ និងត្រូវចាប់បង្ខំឱ្យសងសំណងតាមផ្លូវច្បាប់ សម្រាប់ជនរងគ្រោះ។ លោកថា ទោះគ្រួសារជនរងគ្រោះ មិនបានប្ដឹងទារជំងឺចិត្ត (រដ្ឋប្បវេណី) តែតំណាងអយ្យការ មានតួនាទីប្ដឹងរកជនដៃដល់ (ព្រហ្មទណ្ឌ) ដើម្បីសងថ្លៃព្យាបាលឱ្យជនរងគ្រោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។